Skip to content
តើមនុស្សអាចទៅរស់នៅលើភពអង្គារបានដែរឬទេ? episode artwork

Jun 28, 2022

តើមនុស្សអាចទៅរស់នៅលើភពអង្គារបានដែរឬទេ?

from ប្រវត្តិសាស្រ្តពិភពលោក Hosted by RFI ខេមរភាសា / Khmer

មានអ្នកខ្លះ​គិត​ថា មនុស្សយើង​គួរ​ស្វែងរក​ភពថ្មី​ ដើម្បីធ្វើ​ជាជម្រក​​បន្ថែម​ពីលើ​ផែនដី ចៀសវាង​រស់នៅ​កន្លែងតែមួយ នាំ​ឲ្យ​ពូជមនុស្ស​ត្រូវ​ប្រឈម​នឹង​ការ​ស្លាប់ផុតពូជ ដោយ​ហេតុការណ៍​ដែល​យើង​មិន​អាច​ទប់ទល់បាន ដូចជា ការបុកទង្គិច​ជាមួយ​អាចម៍ផ្កាយ​ជាដើម។ នៅក្នុង​បច្ចេកវិទ្យា​ដែល​យើងមានបច្ចុប្បន្ន គេ​សំឡឹង​ឃើញ​មានតែ​ភពអង្គារ​មួយ​ប៉ុណ្ណោះ ដែល​អាច​មាន​អំណោយផលជាងគេ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​មាន​គម្រោង​បញ្ជូន​មនុស្ស​ទៅរស់​នៅលើ​នោះថែមទៀត។ ក៏ប៉ុន្តែ សួរថា តើ​ភពអង្គារ​នេះ​ពិតជា​មាន​លក្ខខណ្ឌ​អំណោយផល ដែល​អាច​ឲ្យ​មនុស្ស​យើង​ទៅរស់​នៅ​បាន​មែន​ឬ​ក៏​យ៉ាងណា? នៅក្នុង​បច្ចេកវិទ្យា​ដែល​មនុស្ស​យើង​មាន​សព្វថ្ងៃនេះ បើ​ចង់​ធ្វើ​ដំណើរ​ចេញ​ពី​ប្រព័ន្ធព្រះអាទិត្យ​​ទៅ​ប្រព័ន្ធផ្កាយផ្សេង វា​គឺ​ជា​រឿង​ស្មុគស្មាញ​ខ្លាំង ដែល​ពិបាក​នឹង​អាច​ទៅ​រួច។ ដូច្នេះ លទ្ធភាព​បច្ចុប្បន្ន គឺ​មាន​ត្រឹមតែ​នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​​នេះ​ប៉ុណ្ណោះ។ ​បើ​គិតតែ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​នេះ យើង​ឃើញ​ថា ភពអង្គារ​ គឺ​អាច​រាប់​ថា​ជា​ភព​ដែល​មាន​លក្ខខណ្ឌ​អំណោយផល​ជាងគេ សម្រាប់​​ធ្វើ​ជា​ទីជម្រក​ទីពីរ​របស់​មនុស្ស​យើង។ ក៏ប៉ុន្តែ សួរថា តើ​មនុស្ស​យើង​ពិតជា​អាច​រស់​នៅ​លើ​ភពអង្គារ​បានមែន​ឬ​ក៏​យ៉ាងណា? លក្ខខណ្ឌ​អាច​មាន​អំណោយផល បើធៀបនឹង​ភពផ្សេងទៀត ក៏ប៉ុន្តែ បើ​ធៀបនឹងលក្ខខណ្ឌ​នៃ​ជីវិត ដែល​យើង​មាន​លើ​​ភពផែនដី​របស់​យើងនេះវិញ វា​គឺ​ជា​រឿង​ផ្សេង។ ភពអង្គារ​គឺ​ជា​ភព​ហួតហែង គ្មានទឹក​រាវ​នៅលើដី ដែល​អាច​ឲ្យ​មនុស្ស​យកមកប្រើ​ប្រាស់​បាន​នោះទេ ចំណែក​ស្រទាប់​​បរិយាកាសវិញ​​មាន​យ៉ាងស្តើង​បំផុត គឺមានត្រឹមតែ​ប្រមាណ​ជា​ ១%​ ប៉ុណ្ណោះ​នៃ​ស្រទាប់​បរិយាកាស​ផែនដី។ ស្រទាប់​បរិយាកាស​ស្តើង បូករួម​ជាមួយ​នឹង​កម្លាំង​ទំនាញ​ក៏ខ្សោយ (ត្រឹមប្រហែល​ ៤០% នៃ​កម្លាំងទំនាញផែនដី) ​សម្ពាធ​បរិយាកាស​នៅលើដីភពអង្គារ​​ក៏​មានកម្រិត​យ៉ាង​សែន​ទាប​ផងដែរ គឺ​ទាបជាង​សម្ពាធ​នៅលើ​ភពផែនដី​រហូតដល់​ទៅ ១០០ដងឯណោះ។ លើសពីនេះ​ទៅទៀត ​បរិយាកាស​នៅលើ​ភពអង្គារ​នេះ​ទៀត​សោត មិនមាន​អុកស៊ីសែន​ឲ្យ​យើង​ដក​ដង្ហើម​បាននោះដែរ ដោយ​​នៅ​ក្នុង​ខ្យល់​លើ​ភពអង្គារ មាន​រហូតដល់​ទៅ ៩៥% គឺ​ជា​​​ឧស្ម័ន​កាបូនិក។ និយាយ​ពី​សីតុណ្ហភាព​វិញ ភពអង្គារ​មាន​សីតុណ្ហភាព​ត្រជាក់ខ្លាំង បើ​ធៀប​នឹង​ភពផែនដី​របស់​យើង ដោយ​សីតុណ្ហភាព​ខ្ពស់​បំផុត​អាច​មាន​ត្រឹម ២០​អង្សា ចំណែក​ត្រជាក់​បំផុត អាច​ចុះ​រហូតដល់​ទៅ -១២០អង្សា​ឯណោះ ហើយ​បើ​គិត​ជា​សីតុណ្ហភាព​មធ្យម​ គឺ​ក្នុងរង្វង់ -៦០អង្សា (​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​របស់​យើង គឺ ១៥អង្សា)។ ម្យ៉ាងទៀត ការប្រែប្រួល​នៃ​សីតុណ្ហភាព រវាង​ពេល​ថ្ងៃ​ និង​ពេល​យប់ នៅលើ​ភពអង្គារ ក៏​មាន​គម្លាត​គ្នា​យ៉ាង​ដាច់ឆ្ងាយ​ផងដែរ ដោយ​នៅ​ក្នុង​អំឡុង​រដូវក្តៅ នៅ​តំបន់​អេក្វាទ័រលើភពងអង្គារ សីតុណ្ហភាព​ពេលថ្ងៃ​អាច​ឡើង​ដល់ ២០អង្សា ចំណែក​ពេល​យប់​អាច​ចុះត្រជាក់​​រហូតដល់​ទៅ -៧០អង្សា។ ការគំរាមកំហែង​ដ៏ធំមួយ​ទៀត នៅលើ​ភពអង្គារ គឺ​វិទ្យុសកម្ម​មក​ពី​ព្រះអាទិត្យ ពីព្រោះ​ថា ភពអង្គារ ក្រៅពីមាន​ស្រទាប់​បរិយាកាស​ស្តើង គឺ​គ្មាន​ខែលម៉ាញេទិក​ជាខែលការពារ ដូចជា​នៅលើ​ភពផែនដី​របស់​យើង​នោះទេ។ វិទ្យុសកម្ម​ពីព្រះអាទិត្យ​នេះ អាច​បង្កនូវ​ផលប៉ពាល់​ទាំង​ចំពោះ​ឧបករណ៍ប្រើប្រាស់ ជាពិសេស ប្រព័ន្ធអេឡិចត្រូនិច ហើយ​ជាពិសេស គឺ​បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​ជីវិត ទាំង​អាយុជីវិត​របស់​មនុស្ស និង​ទាំង​ជីវិត​សត្វ រុក្ខជាតិ ដែល​ជា​ធនធាន​ចាំបាច់ សម្រាប់​ការ​រស់នៅ​របស់​មនុស្ស​យើង។ ដូច្នេះ ជារួមមកវិញ មនុស្ស​មិន​អាច​រស់លើ​ភពអង្គារ​បាន ដូចជា​នៅលើភពផែនដី​របស់​យើង​នោះទេ។ ​អាច​រស់នៅ​បាន​​ទាល់តែ​មាន​ការរៀបចំ​រចនាសម្ព័ន្ធ​ពិសេស៖ មានទីជម្រក ដែល​អាច​ការពារ​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ​ពី​ខាង​ក្រៅ ចំណែក​នៅ​ខាងក្នុង​ត្រូវមាន​ប្រព័ន្ធផ្គត់ផ្គង់​អុកស៊ីសែន និង​​ប្រព័ន្ធ​រក្សា​សម្ពាធ​ឲ្យ​ស្មើ​នឹង​កម្រិតសម្ពាធ​ធម្មតា​លើ​ផែនដី៕

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

តើមនុស្សអាចទៅរស់នៅលើភពអង្គារបានដែរឬទេ?

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

When was this ប្រវត្តិសាស្រ្តពិភពលោក episode published?

This episode was published on June 28, 2022.

Can I download this ប្រវត្តិសាស្រ្តពិភពលោក episode?

Yes. Use the download control on the episode player to save the publisher-provided media file.