EPISODE · May 10, 2026
ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?
from ទស្សនៈព្រឹត្តិការណ៍ពិភពលោក · host RFI ខេមរភាសា / Khmer
ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។ បន្ទាប់ពីទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងកាលពីចុងខែមេសា ប្រធានាធិបតីស៊ីបលោកនីកូស គ្រីស្តូឌូលីដបានប្រកាសថា នៅខែមិថុនាខាងមុខនេះ ស៊ីបនឹងចុះហត្ថលេខាជាមួយបារាំងលើកិច្ចព្រមព្រៀងយោធា ដែលនឹងអនុញ្ញាតឲ្យបារាំងបញ្ជូនកងទ័ពមកឈរជើងប្រចាំការលើប្រទេសកោះស៊ីប។ បើតាមប្រធានាធិបតីស៊ីប វត្តមានរបស់កងទ័ពបារាំងមានគោលដៅមនុស្សធម៌។ បារាំងបង្កើនការគាំទ្រយោធាចំពោះស៊ីប ដោយសន្យាបញ្ជូនទាហានរបស់ខ្លួននៅប្រចាំការនៅលើកោះស៊ីប។ ពោលគឺ នៅបន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលសំដៅមូលដ្ឋានទ័ពអង់គ្លេសនៅលើកោះស៊ីប ដើម្បីសងសឹកនឹងសង្រ្គាមវាយប្រហាររបស់អាមេរិក។ ប៉ុន្តែ នៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាលតួកគី វត្តមានកងទ័ពបារាំងនៅលើកោះស៊ីបមានគោលដៅផ្សេងក្រៅពីមនុស្សធម៌ រហូតធ្វើឲ្យតួកគីត្រូវតែទាញសញ្ញាអាសន្ន និងព្រមានពីភាពតានតឹង ការមើលមុខគ្នាមិនចំ រវាងបារាំង និងតួកគី ដែលជាសមាជិកនៅក្នុងអង្គការអូតង់ដូចគ្នា។ បើតាមការពន្យល់របស់សាស្រ្តាចារ្យSerhat Guvenc នៅសកលវិទ្យាល័យ Kadir Has ក្នុងក្រុងអ៊ីស្តង់ប៊ូល តួកគី និងបារាំងជាគូប្រជែងភូមិសាស្រ្តនយោបាយ។ ប្រទេសទាំងពីរប្រកួតប្រជែងឥទ្ធិពលគ្នាទាំងនៅទឹកដីអាហ្វ្រិក និងនៅតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណេ។ បារាំងនៅតែចាត់ទុកតួកគីថាជាប្រទេសដែលនៅតែចិញ្ចឹមចិត្តចង់បង្កើនអំណាច ពង្រីកឥទ្ធិពល តាមរយៈការប្រើនយោបាយវាតទីនិយមលើបណ្តាប្រទេសតូចៗ ដូចជាស៊ីបជាដើម។ ចំពោះសាស្តា្រចារ្យខាងលើ ការប្រមូលផ្តុំទាហានរបស់ប្រទេសមហាអំណាចច្រើនពេកនៅលើដែនដីកូនកោះដ៏តូចមួយ ដូចជាស៊ីបនឹងអាចបង្កជាហានិភ័យ ឈានទៅផ្ទុះសង្រ្គាមដាក់គ្នា ដោយគ្មានប្រយោជន៍។ អតីតអ្នកតំណាងទូតរបស់ស៊ីប ប្រចាំប្រទេសអង់គ្លេសវិញយល់ឃើញថា គឺវត្តមានទ័ពតួកគីដ៏ច្រើនសន្ធឹកនៅទឹកដីស៊ីបទៅវិញទេដែលបង្កគ្រោះថ្នាក់គំរាមកំហែងដល់សន្តិសុខជាតិរបស់ស៊ីប។ បើតាមអតីតឯកអគ្គរដ្ឋទូតរូបនេះ សព្វថ្ងៃនេះ តួកគីបានបញ្ជូនទ័ព ប្រមាណ៤ម៉ឺននាក់ឲ្យទៅប្រចាំការនៅភាគខាងជើងកោះស៊ីប។ តួកគីមានទ័ពរបស់ខ្លួនលើដែនដីកោះស៊ីប ចាប់តាំងពីតួកគីបានបញ្ជូនទ័ពទៅឈ្លានពានស៊ីបកាលពីឆ្នាំ ១៩៧៤ ដើម្បីឆ្លើយតបនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់ក្រុមទាហានស៊ីប គាំទ្រដោយប្រទេសក្រិក។ ជាង៥០ឆ្នាំមកនេះ ស៊ីប ដីកោះដ៏តូចនៅក្នុងសមុទ្រមេឌីទែរ៉ាណេភាគខាងកើតត្រូវពុះខ័ណ្ឌចែកជា២។ ភាគខាងត្បូងគ្រប់គ្រងដោយរដ្ឋាភិបាលក្រិកស៊ីបដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ចំណែកទឹកដីមួយផ្នែកតូចនៅខាងជើងគ្រប់គ្រងដោយរដ្ឋបាលតួកគីស៊ីប កាន់សាសនាអ៊ីស្លាម ដែលបានប្រកាសខ្លួនជាប្រទេសឯករាជ្យ ប៉ុន្តែ គ្មានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។ មានតែតួកគីមួយប៉ុណ្ណោះដែលទទួលស្គាល់ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់រដ្ឋបាលតួកគីស៊ីបនៅភាគខាងជើងដែលធ្លាក់ខ្លួនក្រីក្រ ព្រោះតែការដាក់ទណ្ឌកម្មពីអន្តរជាតិ។ តួកគីចាត់ទុក ការដាក់សម្ពាធពីអន្តរជាតិ និងការគាំទ្រផ្នែកកងទ័ពពីសំណាក់ប្រទេសក្រិក និងបារាំងចំពោះរដ្ឋាភិបាលស៊ីបខាងត្បូង ថា ជាយុទ្ធសាស្រ្ត ឡោមព័ទ្ធចូលក្រសោបយកផលប្រយោជន៍របស់តួកគីនៅសមុទ្រមេឌីទែរ៉ាណេ។ តួកគីមិនសប្បាយចិត្តនឹងបារាំងទាល់តែសោះ ព្រោះថា បន្ទាប់ពីស៊ីប ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានធ្វើដំណើរទៅបញ្ជាក់ជំហរគាំទ្រផ្នែកយោធាដើម្បីការពារក្រិកពីការវាយប្រហារពីប្រទេសខាងក្រៅ។ ប្រទេសខាងក្រៅនោះគ្មាននរណាក្រៅពីតួកគី ដែលបានដំឡើងសំឡេងតឹងខ្លាំងជាមួយក្រិក ព្រោះតែជម្លោះតំបន់សមុទ្រដែលមានប្រភពថាមពលធម្មជាតិ។ ក្រៅពីបារាំង ទំនាក់ទំនងរវាងតួកគី និងអ៊ីស្រាអែលក៏តានតឹងខ្លាំងណាស់ដែរ។ ប្រទេសទាំងពីរនៅតែមើលឃើញគ្នាជាគូប្រជែងដែលអាចបង្កគ្រោះថ្នាក់ដាក់គ្នាទៅវិញ ទៅមក។ អ៊ីស្រាអែលបានចូលទៅជិតស្និទ្ធនឹងរដ្ឋាភិបាលស៊ីបខាងត្បូង និងប្រទេសក្រិកដែលជាគូប្រជែងដណ្តើមធនធានក្រោមសមុទ្រជាមួយតួកគី។ តួកគីបារម្ភខា្លចថា សម្ព័ន្ធយោធានឹងជួយឲ្យស៊ីប និងក្រិកមានសមត្ថភាពចូលទៅគ្រប់គ្រងដែនដីខាងជើងស៊ីប ដែលសព្វថ្ងៃកំពុងស្ថិតក្រោមឥទ្ធិពលរបស់តួកគី។ បាត់បង់ដែនដីស៊ីបខាងជើង និងមិនអាចចូលទៅមេឌីទែរ៉ាណេខាងកើត នោះតួកគីនឹងត្រូវបាត់បង់ដែនទឹកសមុទ្រ លែងអាចប្រជែងដណ្តើមអណ្តូងប្រេង ឧស្ម័ន នៅក្នុងតំបន់ជាប់ជម្លោះជាមួយក្រិក។ នេះជាគ្រោះថ្នាក់ធំមួយចំពោះតួកគី។ តួកគីកាន់តែនៅមិនស្រណុកទៅទៀត ព្រោះថា នៅខែមិថុនាដដែល ក្រិក ស៊ីប និងអ៊ីស្រាអែល នឹងបើកជំនួបកំពូលជាមួយអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តោតលើបញ្ហាថាមពល និងយុទ្ធសាស្រ្តសន្តិសុខក្នុងតំបន់។ លោកOzgur Unluhisarcikliប្រធានការិយាល័យមូលនិធិអាល្លឺម៉ង់នៅតួកគីបានព្រមានថាគោលដៅដាក់តួកគីឲ្យនៅឯកោ នឹងអាចធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេតានតឹងសាជាថ្មី។ តួកគីអាចក្រពុលមុខ និងបញ្ជូនទាហាន ដ្រូន យន្តហោះចម្បាំងកាន់តែច្រើនទៅមូលដ្ឋានទ័ពរបស់ខ្លួន នៅភាគខាងជើងស៊ីប។ មួយវិញទៀត បើតាមជំនាញខាងលើ ក្នុងកាលៈទេសៈដែលអូតង់កំពុងប្រឈមនឹងការគំរាមកំហែងរបស់រុស្ស៊ីនៅទឹកដីអឺរ៉ុប សម្ព័ន្ធមិត្តរបស់អូតង់មិនគួរទៅបើកមុខដំបៅសង្រ្គាមមួយកន្លែងទៀតនៅសមុទ្រមេឌីទែរ៉ាណេនោះទេ។ ម្យ៉ាង ការផ្ទុះសង្រ្គាមនឹងគ្នារវាងប្រទេសសមាជិកអូតង់ដូចគ្នា ដូចជា ក្រិក តួកគី បារាំង នឹងមិនធ្វើឲ្យភាគីណាមួយចំណេញឡើយ ក្រៅពីរុស្ស៊ី ដែលជាសត្រូវធំរបស់អូតង់៕
Embed this episode
Ready to play
ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.