ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast artwork

PODCAST · news

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Publisher-supplied feed metadata · PodParley refreshed Aug 29, 2026 · Source feed

  1. 24

    ហេតុអ្វី​ថ្មីៗនេះ ផ្ទុះអំពើហិង្សាផ្ទួន​ៗ នៅខេត្តភាគខាងត្បូងថៃ?

    នៅខេត្ត​ភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់​សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ​ កាលពីសប្តាហ៍​កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ​ ដើម្បីចាប់បង្ខំឲ្យ​រដ្ឋាភិបាលថៃ ត្រឡប់​មកចូលតុចរចា។ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែល​ភាគខាងត្បូងស្រុកថៃ បានធ្លាក់ក្នុងស្ថានភាពនៃការបះបោរដើម្បីបំបែកទឹកដី​​ មុននឹងស្ងប់ស្ងាត់ទៅវិញ​​។ ក៏ប៉ុន្តែ​​ កាលពីសប្តាហ៍​កន្លងទៅ ខេត្តទាំង​៤នៅចុងខាងត្បូងបង្អស់របស់ថៃ បានប្រឈមមុខនឹងភាពតានតឹងហិង្សា​ជាថ្មី ដោយមានការវាយប្រហារ សរុបប្រមាណ​៧៨ករណី ដែលភាគច្រើនជាការវាយប្រហារ ដែលជាការ​រៀបគម្រោង​ទុកជាមុន​ និងដោយសហការគ្នា។​ ផ្អែកតាមអាជ្ញាធរថៃ ការវាយប្រហារទាំងនេះ ភាគច្រើនមានទម្រង់ជាការដុតបំផ្លាញដោយចេតនា និងការវាយប្រហារដោយគ្រឿងផ្ទុះ ដូចជាគ្រាប់បែកបង្កៃជាដើម។ ជាទូទៅ ក្រុម​វាយប្រហារបានកំណត់គោលដៅទៅលើអគាររដ្ឋបាលសាធារណៈ ហាងទំនិញ យានយន្ត ព្រមទាំងបង្គោលអគ្គិសនី ឬផ្លូវដែក​។ ក្នុងករណីខ្លះ ពួកគេបានបាញ់គ្រាប់​ឡើងលើអាកាសដើម្បីបំភ័យមនុស្ស​ ឬបង្ខំឱ្យមនុស្សជម្លៀសចេញពីទីកន្លែង មុនពេលដុតបំផ្លាញទីនោះ។ រលកអំពើហិង្សាទាំងនេះ បានកើតឡើងមួយខែបន្ទាប់ពីមាន​ការវាយប្រហារដ៏សាហាវមួយ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅខេត្តណារ៉ាធីវ៉ាត ដែលជាខេត្ត​មួយក្នុងចំណោមខេត្តទាំង​៤​ ជាប់​ព្រំដែនជាមួយ​​ម៉ាឡេស៊ី។ ក្នុងករណីនេះ ក្រុមឧទ្ទាម​បះបោរ បានជិះរថយន្តចូលមកបាញ់​សម្លាប់ កងទាហានប៉ារ៉ាថៃចំនួន៥នាក់ និងបង្ករបួសជនស៊ីវីល​៦នាក់ទៀត​។​ ជម្លោះបះបោរ​២០ឆ្នាំ ស្លាប់៧៨០០នាក់​ គួរជំរាបជូនថា ជម្លោះនៅភាគខាងត្បូងថៃតាំងតែពីឆ្នាំ​២០០៤ បានផ្តាច់ជីវិតមនុស្ស​ប្រមាណ ៧៨០០នាក់ និងរបួសជិត​១៥០០០នាក់។ ការកើនឡើងនៃអំពើហិង្សាជាថ្មី ក្នុងអំឡុងពេល​នេះ មិនមែនគ្មានហេតុផលនោះទេ។ ដំណើរការចរចា​​សន្តិភាព ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៣ រវាងរដ្ឋាភិបាលក្រុងបាងកក និងក្រុមបំបែកខ្លួន Barisan Revolusi Nasional (BRN) មិនមានការរីកចម្រើនឡើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់អាចឈានទៅរកកិច្ចព្រមព្រៀងនយោបាយជាក់លាក់មួយដែរ​​។ ទោះបីក្រុមបំបែកខ្លួន Barisan Revolusi Nasional មិនបានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារថ្មីៗ​ទាំងនេះក៏ដោយ តែ​អ្នកសង្កេតការណ៍មួយចំនួនយល់ថា វាអាចជាការបង្ហាញពីកម្លាំង ដែលមានគោលបំណងដាក់សម្ពាធលើការចរចា។ មុនមានការវាយប្រហារ ភាគីទាំង២គ្រោងជួបចរចាគ្នានៅខែតុលា ហើយ​កិច្ចព្រមព្រៀងក្របខណ្ឌបឋមមួយ អាចនឹងត្រូវចុះហត្ថលេខានៅខែកញ្ញា​ខាងមុខនេះ។ លោក ថានុត​ សុវណ្ណអានន្ត​ មន្ត្រីរដ្ឋាភិបាលថៃប្រធានក្រុម​​ចរចាសន្តិភាពជាមួយ​ក្រុមបះបោរខាងត្បូង បាន​លើកឡើងថា ក្រុមឧទ្ទាមកំពុងចង់សាកល្បង​កម្លាំងរបស់សមត្ថកិច្ច​ ដើម្បីរកចំណុចខ្សោយ​ ហើយ​​អាចមានប្រៀបក្នុងពេលចរចា​។​ ដោយឡែក លោកស្រី​ រុងរ៉ាវី ឆាលើមស៊ីពីន​យ៉ារ៉ាត់ សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​នគរិន្ទ្រ​សុងក្លា បាន​លើកឡើងថា ប្រសិនបើរដ្ឋាភិបាលថៃពិតជាចង់ឃើញការផ្លាស់ប្តូរ​ជាក់ស្តែង ក្នុងដំណើរការដោះស្រាយវិបត្តិ នោះបាងកកត្រូវតែត្រៀមធ្វើចិត្ត​សម្បទាននយោបាយ​។ ក្រុម​បះបោររិះរកវិធីដាក់សំពាធ ព្រោះពួកគេលែងទុកចិត្តរដ្ឋាភិបាលបាងកក ដែលគិតតែប្រើកម្លាំងជាជាងការ​រិះរកយន្តការផ្តល់អធិបតេយ្យ​ភាព​មូលដ្ឋានខ្លះមក​ឲ្យ​ខេត្តរបស់ពួកគេ​។​ បញ្ហាសន្តិសុខ ឬបញ្ហានយោបាយ​?​ គួរកត់សម្គាល់​ថា មានទស្សនៈ២ផ្ទុយគ្នា ទាក់ទិននឹងវិបត្តិនេះ។ រដ្ឋាភិបាលថៃចាត់ទុក អំពើហិង្សានេះថាជាបញ្ហាសន្តិសុខ ដែលត្រូវដោះស្រាយដោយ​កម្លាំង​បង្ក្រាប តែក្រុមបះបោរវិញបានសង្កត់ធ្ងន់ទៅលើឫសគល់នយោបាយ ​ដែលបណ្តាល​ឲ្យ​មានជម្លោះនេះ​។​ សាររបស់ក្រុមបះបោរ​ គឺថា ការឆ្លើយតបដោយកម្លាំង​យោធាអស់រយៈពេល២០ ឆ្នាំមកហើយ មិនអាចបញ្ចប់ការបះបោរបានទេ។ ជាក់ស្តែង អាជ្ញាធរថៃក៏បានទទួលស្គាល់ដោយប្រយោលដែរ​ថា មានចំណុចខ្វះខាតផ្នែកសន្តិសុខ ទើបបណ្តោយឲ្យ​ការវាយប្រហារផ្ទួន​ៗ​ជាង​៧០ករណីថ្មីៗនេះ។ សូមបញ្ជាក់ដែរថា តំបន់មួយផ្នែកធំនៃភាគខាងត្បូងថៃ បានស្ថិតក្រោមរបបសន្តិសុខ​ពិសេសរួចទៅហើយ។ អាជ្ញាធរថៃ បានប្រកាស​​ស្ថានភាពអាសន្ន នៅក្នុងខេត្ត ប៉ាតានី យ៉ាឡា​​ និង​ណារ៉ាធីវ៉ាត។ នៅ​ខេត្តទាំងបីនេះ ប្រជាជនភាគច្រើនដែល​ជាអ្នកកាន់សាសនាអ៊ីស្លាម និងមានដើមកំណើតជា​ជនជាតិម៉ាឡេ បានត្អូញត្អែរថាពួកគេត្រូវបានគេ​​រើសអើង និងដាក់ឱ្យនៅក្រៅសង្គម​ មិន​ថា​វប្បធម៌ ភាសា និងសេដ្ឋកិច្ច។ សមត្ថកិច្ចយោធានិងតម្រួត​ថៃ បានដាក់ទីតាំងរនាំង​ការពារសន្តិសុខ​ច្រើនកន្លែង។ ការឆែកឆេរផ្ទះ និងទីតាំងផ្សេងៗ តែង​កើតមានជាញឹកញាប់ ខណៈអង្គការមិនមែនរដ្ឋាភិបាល តែងតែរិះគន់អំពីការចាប់ឃុំខ្លួនមនុស្ស​​ ដោយគ្មានមូលហេតុត្រឹមត្រូវ។ ការដាក់ពង្រាយកងកម្លាំងយោធាច្រើនស្អេកស្កះ​នៅតំបន់ភាគខាងត្បូង​ថៃ មិនត្រឹមតែមិនអាចដោះស្រាយជម្លោះជាតិសាសន៍ និងចរន្តគំនិត​​ជាតិនិយមនេះបានទេ ប៉ុន្តែថែមទាំងមិនអាចស្តារឡើងវិញ នូវទំនុកចិត្តរបស់ប្រជាជនបានថែម​ទៀត។ ផ្ទុយទៅវិញ វិធានការសន្តិសុខ​​​បែបនេះ បានបង្កើនការមិនទុកចិត្ត និងការអាក់អន់ចិត្តកាន់តែខ្លាំង ពីសំណាក់​ប្រជាជនមូលដ្ឋាន ចំពោះរដ្ឋាភិបាលថៃ៕

  2. 23

    ភាពប្រែប្រួល​របស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោបាយការទូតនឹងនរបស់ចិន

    លោក​វ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើម​ទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូង​ចាប់ពីថ្ងៃទី​១៩​សីហា​។ ទស្សនកិច្ចនេះ​ត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យ​បំផុត ដែលវាជួន​ចំពេល​ដែល​លោកដូណាល់ ត្រាំ កំពុងធ្វើ​ឲ្យ​កូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាព​កូរ៉េ​ខាងត្បូង​និង​អាមេរិក ហាក់កំពុង​ង្គោះរង្គើ ហើយ​អ្នកដែលកំពុងញញឹមដោយក្តី​រីករាយ គឺចិន​។ ៥ឆ្នាំមកហើយ ដែល​លោក​វ៉ាង យី មិនបានធ្វើដំណើរទៅទស្សនកិច្ច​នៅកូរ៉េខាងត្បូង។ ថ្ងៃទី​១៩​សីហា លោក​ប្រមុខការទូតចិនបានចាប់ផ្តើម ទស្សនកិច្ច​រយៈពេល​២ថ្ងៃ នៅសេអ៊ូល ដែលជួនចំពេលពិសេសអស្ចារ្យនិងអំណោយ​ផលបំផុតសម្រាប់ចិន ព្រោះថា​ក្នុងអំឡុងពេលនេះ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កំពុងស្ថិតក្នុងភាពស្រពិចស្រពិល​។ ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានធ្វើឲ្យ​កូរ៉េខាងត្បូង​ស្រងាកចិត្ត​ជាពន់ពេក។ កម្មវិធីសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកងទ័ពអាមេរិក​និងកងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើម ស្រាប់តែលោកដូណាល់ ត្រាំ ប្រកាសថា លោកមិនសប្បាយចិត្តទេ ព្រោះប្រតិបត្តិការនេះចំណាយ​ប្រាក់ច្រើនឥតប្រយោជន៍ ហើយវាធ្វើឲ្យ​កូរ៉េខាងជើងឯនោះខឹងស្អប់អាមេរិកថែមទៀត។ ក្រោយសម្តីដូ​ចនេះរបស់​លោកត្រាំ សមយុទ្ធត្រូវបានបិទបញ្ចប់មុនពេលកំណត់ដល់ទៅ​៦ថ្ងៃ​ ដោយលោកត្រាំអះអាងថា នឹងកាត់បន្ថយថវិកាចំណាយ​។ មិនត្រឹមប៉ុណ្ណោះទេ នៅថ្ងៃទី​​១៩​សីហា លោកដូណាល់ ត្រាំ បានអួតអះអាងថា ទំនាក់ទំនងរវាងលោកនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺល្អខ្លាំងណាស់ ហើយ​លោកមានគម្រោងជួបលោកគីម ជុងអ៊ុន​​ នៅចុងឆ្នាំនេះ​ហើយ​។​ គួរកត់សំគាល់ថា លោក​ប្រមុខការទូតចិនបានមកដល់ទីក្រុង​សេអ៊ូល ចំពេលតែម្តង គឺចំពេលដែលលោក ដូណាល់ ត្រាំ រុះរើ​ជាន់ឈ្លី​សម្ព័ន្ធភាពដែលសហរដ្ឋអាមេរិក​មានជាមួយកូរ៉េខាងត្បូងជាង​៧០ឆ្នាំមកហើយ​។ បញ្ហានេះ មិន​មែនត្រឹមតែធ្វើ​ឲ្យកូរ៉េខាងត្បូង​អស់សង្ឃឹមលែងមានទំនុកចិត្ត​លើសហរដ្ឋអាមេរិកនោះទេ តែបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក​ នៅតំបន់អាស៊ីក៏បើកភ្នែកធំៗ ដោយការ​ខកចិត្តនិងភ័យខ្លួនដែរ ជាក់ស្តែង ជប៉ុន និងតៃវ៉ាន់ជាដើម​។ សម្រាប់ចិន ឱកាសនេះពិសេសណាស់ ព្រោះ​វាបានលើកវិស័យការទូត​​ចិន​ឲ្យ​​លេចខ្លួនត្រដែត​ឡើង​។ នៅសេអ៊ូល លោកវ៉ាង យី នឹងធ្វើការងារដោយមិនបាច់ប្រឹង។ ស្របពេលដែល​​សហរដ្ឋអាមេរិក​ដឹកនាំដោយ​លោកដូណាល់ ត្រាំ ជាមហាអំណាចដែលមានចិត្តឆេវឆាវ ប្រែប្រួលបាតដៃខ្នងដៃ និងគិតតែចំណេញប្រាក់ជាធំនោះ ចិនវិញគឺជាមហាអំណាច​ ចាស់ទុំ នឹងនរ គួរជាទីទុកចិត្តសម្រាប់គេឯងគ្រប់គ្នា​។​ បន្ថែមពីនេះទៀត ចិន​នឹងឆ្លៀតឱកាសនេះប្រាប់កូរ៉េខាងត្បូងថា ការដោះស្រាយបញ្ហាជាមួយ​កូរ៉េខាងជើង គឺត្រូវតែមានចិនជាអ្នកចាត់ចែង​ ទើបអាចចេញលទ្ធផល​។ ជាការពិតណាស់ កាលពីសប្តាហ៍​កន្លងទៅ លោក លី ចែម្យ៉ុង បានប្រកាសហៅលោក គីម ជុងអ៊ុន មកចរចាបិទបញ្ចប់សង្គ្រាម​ ហើយ​កសាងសន្តិភាពជាមួយគ្នា ដោយ​គ្មានលក្ខខណ្ឌបឋមអ្វីទាំងអស់​។​ ការចរចាដែល​លោកប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមបានចិនជួយ​សម្របសម្រួល​។​ ក្នុងពេលទស្សនកិច្ចនៅកូរ៉េខាងត្បូង គេជឿថា លោកវ៉ាង យី នឹងប្រើភាសាការទូតនិយាយអំពីស្ថិរភាព សន្តិភាព ​​ក្នុងតំបន់ ផ្ទុយ​ពី​​លោកដូណាល់ ត្រាំ ដែល​​​​និយាយតែពីរឿងលុយ​! សំណួរសួរថា តើពីពេលនេះទៅ កូរ៉េខាងត្បូង និងជប៉ុន អាចសង្ឃឹម​ ថានឹងអាចជ្រកក្រោមដំបូលការពារនុយក្លេអ៊ែររបស់សហរដ្ឋបានដែរឬទេ?​ លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី​១៩​សីហា ថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ​៥៧គ្រាប់។ តែនៅព្រឹកថ្ងៃ​ទី​២០សីហា ប្រភពពីសមាជិកសភា​កូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ចន្លោះពី ៨០ ទៅ១២០គ្រាប់ឯនោះ។ ការសុខចិត្តបន្ទន់ឥរិយាបថរបស់លោកលី ចែម្យ៉ុង ហៅ កូរ៉េខាងជើងមក​​ចរចា បានស្តែងឲ្យឃើញនូវគោល​ជំហរ​ប្រាកដនិយម​របស់​ភាគីកូរ៉េខាងត្បូង ដែល​ជឿក្នុងចិត្តថា មិនអាចប្រថុយ​ទុក​សង្គ្រាមនេះ​បានតទៅទៀតទេ ព្រោះ​កូរ៉េខាងជើងបានក្លាយជាមហាអំណាចនុយក្លេអ៊ែរ​ហើយ​៕

  3. 22

    បានភ្លើងខៀវពីលោកត្រាំ តើ​អ៊ុយក្រែនអាច​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ?

    ដើម្បីបំពេញ​បំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារ​ចង់បាន​សិទ្ធិផលិត​ប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​បាន​បញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគី​នៅប្រទេស​តួកគីថា លោក​យល់ព្រម​ឲ្យ​អ៊ុយក្រែនមានសិទ្ធិ​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំ​អាមេរិក​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​មានសិទ្ធិ​ផលិត​មីស៊ីល​អាមេរិក ប៉ុន្តែ សំណួរសួរថា តើ​អ៊ុយក្រែន​មាន​សមត្ថភាព​ផលិត​ប្រព័ន្ធខែល​មីស៊ីល​ដ៏ទំនើប​ និងស្មុគស្មាញនេះដែរឬទេ?  “យើង​នឹង​ឲ្យអាជ្ញាបណ្ណដើម្បីឲ្យអ្នកមានសិទ្ធិផលិតមីស៊ីល​Patriots។ នេះជារឿងល្អណាស់ មិនថាអីចឹង។ ដល់ចឹងទៅ អ្នកមិនអាច​តវ៉ាថា អាមេរិកផ្តល់អាវុធ​មិនគ្រប់គ្រាន់​ឲ្យអ៊ុយក្រែនទៀតហើយ។ ខ្ញុំ​អាច​និយាយថា អ្នកអាច​ផលិតវា​ដោយ​ខ្លួនឯង។ ខ្ញុំ​មិនទាន់​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុននៅឡើយ ប៉ុន្តែ ខ្ញុំ​គិត​ថា នឹង​គ្មាន​បញ្ហាចោទនោះទេ។” នៅទីបំផុត ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​យល់ព្រម​ឲ្យអ៊ុយក្រែន​ផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក​ដ៏មាន​ប្រសិទ្ធភាព និងទំនើបខ្លាំង​លើលោក ហើយក៏​មាន​តម្លៃថ្លៃខ្ពស់កប់ពពក ព្រោះថា ប្រព័ន្ធខែល​មីស៊ីល​មួយគ្រឿង មាន​គ្រាប់មីស៊ីលក្នុងនោះស្រាប់ មាន​តម្លៃ​ប្រមាណ ១ពាន់លាន​ដុល្លារ។ អ៊ុយក្រែន​បានភ្លើងខៀវ​ពីលោកត្រាំ តែមិនប្រាកដថា នឹងអាច​មាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បីផលិត​បាន​ប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និង​ស្មុគស្មាញ​របស់អាមេរិក។ ទោះបីជា​ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី អះអាងថា អ៊ុយក្រែន​មាន​សមត្ថភាព​ផលិត​សព្វាវុធ​ដោយ​ខ្លួនឯង ជាពិសេស​ដ្រូន​ចម្ងាយឆ្ងាយដែលអ៊ុយក្រែន​បាន​ប្រើ​ដើម្បីវាយប្រហារ​ចូលជ្រៅ​ក្នុងទឹកដីរុស្ស៊ីមែន ប៉ុន្តែ អ៊ុយក្រែន​ត្រូវ​ជួប​​បញ្ហា​ប្រឈម ឧបសគ្គច្រើនយ៉ាង។ ដំបូងគេ អ៊ុយក្រែនមិនអាច​ផលិត​មីស៊ីលក្នុងទឹកដីអ៊ុយក្រែន។ ក្នុងកាលៈទេសៈ​បច្ចុប្បន្ននេះ អ៊ុយក្រែន​កំពុងកើតមានសង្រ្គាម ​រងការវាយប្រហារ​ស្ទើរ​មិនលោះថ្ងៃ​ពី​សំណាក់រុស្ស៊ី។ ដូច្នេះ គ្មានកន្លែងណាមួយដែលមានសុវត្ថិភាព​១០០%​ដើម្បី​ឲ្យ​អ៊ុយក្រែន​អាច​ដំឡើងរោងចក្រ​ផលិត​ប្រព័ន្ធ​មីស៊ីលអាមេរិកបានទេ។ រោងចក្រ​ផលិតមីស៊ីលPatriots ប្រាកដជា​ក្លាយជាផ្ទាំងស៊ីបវាយប្រហារ​របស់មីស៊ីលរុស្ស៊ី។ អ្នកដែលស្និទ្ធ​នឹង​សំណុំរឿងរឿងនេះ​បាន​ពន្លយថា នៅពេល​អ៊ុយក្រែន​បាន​ភ្លើងខៀវ អ៊ុយក្រែនអាចរើ​ទីតាំង​ទៅផលិត​នៅទឹកដី​អាល្លឺម៉ង់ ព្រោះថា ក្នុងលោក មានតែ​អាល្លឺម៉ង់ និងជប៉ុនប៉ុណ្ណោះដែលបាន​សិទ្ធិផលិត​មីស៊ីលPatriots ពី​អាមេរិក។ បញ្ហាប្រឈមទី២ គឺ​ទាក់ទង​នឹង​ពេលវេលា។ ទោះបីលោកត្រាំ​បាន​និយាយ​ថា នឹង​ឲ្យសិទ្ធិទៅអ៊ុយក្រែន ប៉ុន្តែ លោកបាននិយាយ​តែមាត់ មិនទាន់​មាន​លាយលក្ខអក្ស ចេញជា​ផ្លូវការនៅឡើយទេ។ ម្យ៉ាង រដ្ឋបាល​អាមេរិក​ត្រូវ​សុំ​ការអនុញ្ញាត​ពីសភាខុនហ្រ្កេសជាមុនសិន។ ខុនហ្រ្កេស ជាអ្នកពិចារណា​ថា ការផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធអាមេរិក​ទៅ​បរទេស​សមស្របតាម​ច្បាប់សហព័ន្ធដែរឬទេ។ បើតាម​កាសែត​New York Times លោកដូណាល់ត្រាំ​អាច​ប្រើសិទ្ធិ​ជាប្រធានាធិបតី​ដើម្បី​ដាក់​ឲ្យប្រើប្រាស់​យន្តការផ្ទេរបច្ចេកវិទ្យាសព្វាវុធ ដែលមាន​ទាក់ទង​នឹង​សន្តិសុខជាតិ។ មួយវិញទៀត បើទោះជា​សភាអាមេរិក​ផ្តល់ភ្លើងខៀវ​ឲ្យរដ្ឋបាល​អាមេរិក​ផ្ទេរបច្ចេកវិទ្យាផលិតសព្វាវុធទៅ​អ៊ុយក្រែនក្តី ក៏អ៊ុយក្រែន​មិនងាយ​នឹង​ផលិត​បាន​ស្រួលៗដែរ ជាពិសេស​នៅពេល​និយាយ​ពីបច្ចេកវិទ្យា និងវត្ថុធាតុផ្សំ។ សព្វថ្ងៃនេះ ក្រុមហ៊ុន​អាមេរិកធំៗ​គឺ RTX Lockheed Martin ជាអ្នកផលិត​មីស៊ីល​Patriots ប៉ុន្តែ នៅតែត្រូវការសហការទិញ​គ្រឿងផ្សំ គ្រឿងបន្លាស់ដ៏សាំញ៉ាំ​ពី​ដៃគូ ក្រុមហ៊ុន​តូចៗជាច្រើនទៀត។ នេះគេនៅមិនទាន់និយាយ​ការចំណាយ​ដើម្បី​ផលិត​ផង។ មីស៊ីល PAC-3  ដែលមាន​សមត្ថភាពស្ទាក់ ចាប់​មីស៊ីល​បាលីស្ទិកមាន​តម្លៃប្រមាណ ៥លានដុល្លារ​ក្នុងមួយដើម។ ដូច្នេះ ដើម្បី​អាចផលិត​បាន​មីស៊ីល​ដ៏ទំនើប ជាងគេ​បំផុត​ក្នុងលោក គេតោងត្រូវការពេលវេលា មិនត្រឹមរាប់ខែ ប៉ុន្តែដល់ទៅរាប់ឆ្នាំ។ ក្រុមហ៊ុនអាមេរិកផ្ទាល់​ចំណាយពេល​១ឆ្នាំ​ដើម្បីផលិត​មីស៊ីល​បាន​៦០០ដើម។ ចំណែក​អាល្លឺម៉ង់​ដែល​បាន​ប្រកាស​គម្រោង​ផលិត​មីស៊ីល​Patriots នៅ​ឆ្នាំ ២០២៤ អះអាងថា នឹងអាច​ផលិត ប្រើ​មីស៊ីល​Patriots នៅ​ឆ្នាំ២០២៧ឯណោះ។ ផ្តល់​អាជ្ញាបណ្ណឲ្យអ៊ុយក្រែន​អាចមានសិទ្ធិផលិតប្រព័ន្ធខែលការពារមីស៊ីល​ដ៏ទំនើបរបស់អាមេរិក​។ នេះជា​ដំណឹង​ដ៏ល្អណាស់​ចំពោះ​មេដឹកនាំ​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​ដែលតែងទាមទារ​ចង់បានប្រព័ន្ធខែលមីស៊ីលអាមេរិក នៅរៀងរាល់​លើកដែល​រដ្ឋធានីកៀវ​រងការវាយប្រហារ​ពីមីស៊ីល​របស់រុស្ស៊ី។ លើកចុងក្រោយដែល​ប្រធានាធិបតី​អ៊ុយក្រែន​ទទូចសុំសិទ្ធិផលិត​ប្រព័ន្ធការពារ​ដែនអាកាស​ពី​អាមេរិក គឺ​នៅសប្តាហ៍មុននេះ នៅពេល​រុស្ស៊ី​សម្រុក​បាញ់​មីស៊ីល​​អ៊ីពែសូនិកស្រោច​លើ​ទឹកដីអ៊ុយក្រែន ជាពិសេស​ទីក្រុង​កៀវ ដោយ​សម្លាប់​មនុស្ស​ជាច្រើននាក់។ មានតែ​ប្រព័ន្ធមីស៊ីល​Patriotsដែលមាន​សមត្ថភាពខ្លាំង​អាច​បាញ់​ស្ទាក់ទម្លាក់​មីស៊ីលបាលីស្ទិក​ដ៏ទំនើបចុងក្រោយ​របស់​រុស្ស៊ី។ លោកត្រាំ​សន្យា​ផ្តល់​អាជ្ញាបណ្ណឲ្យអ៊ុយក្រែនអាច​ផលិត​ខែលមីស៊ីលអាមេរិក​ជា​ដំណឹងល្អណាស់ ប៉ុន្តែ ចំពោះអ្នកជំនាញ​យុទ្ធសាស្រ្ត​យោធា​នៅអឺរ៉ុប ព្រោះតែ​ឧបសគ្គច្រើនយ៉ាងដូចរៀបរាប់ខាងលើ អ៊ុយក្រែន​នឹង​គ្មាន​ថ្ងៃ​ផលិត​មីស៊ីល​បានទាន់ពេលវេលា​ដើម្បីទប់ទល់​នឹង​មីស៊ីល​លឿនជាងសំឡេង​របស់​រុស្ស៊ីឡើយ។ អ្វីដែល​អ៊ុយក្រែនកំពុងត្រូវការបន្ទាន់ពីអាមេរិក​នៅពេលនេះ គឺ​មីស៊ីល​Patriots ដែលអ៊ុយក្រែនមានកាន់តែខើចទៅៗ លែង​អាច​ធ្វើជា​សំណាញ់​ការពារ​ផ្ទៃមេឃ​អ៊ុយក្រែនពីការវាយប្រហារ​មីស៊ីល​របស់រុស្ស៊ី។ អាមេរិក​យល់ព្រម​ឲ្យអ៊ុយក្រែន​ទទួល​អាជ្ញាបណ្ណ​ផលិត​មីស៊ីល គឺដើម្បីកុំ​ឲ្យ​អ៊ុយក្រែន​ចេះតែត្អូញថា អាមេរិកមិនជួយ​អ្វីសោះ។ ប៉ុន្តែ លោកត្រាំ​បាន​បដិសេធ​មិន​បញ្ជូន​មីស៊ីល​ទៅតាម​ការចង់បាន​របស់អ៊ុយក្រែននោះទេ។ លោក​ត្រាំ​បាននិយាយ​មិនលាក់លៀមថា អាមេរិក​ពិតជា​មីស៊ីល ប៉ុន្តែ សម្រាប់​ទុក​ប្រើប្រាស់​ការពារ​ខ្លួនឯងដែរ។ អស្ថិរភាព​ និងភាពតានតឹងនៅក្នុង​ពិភពលោក ព្រមទាំងជម្លោះប្រដាប់អាវុធ​នៅ​សឹងគ្រប់ទ្វីប ជាពិសេស​សង្រ្គាមនៅអ៊ីរ៉ង់​បានចាប់បង្ខំឲ្យអាមេរិក​ប្រើ​​មីស៊ីល​ការពារដែនអាកាសអស់​​ប្រមាណ​ពាក់កណ្តាល​ពីក្នុង​ស្តុក​យុទ្ធសាស្រ្ត​របស់ខ្លួន។ ប្រទេស​នៅ​ក្នុងតំបន់ដើមបូព៌ា​ជាទីដែលមាន​មូលដ្ឋានទ័ពអាមេរិក​ បាន​ស្រូប​យកអស់​ច្រើនជាងគេ មីស៊ីល​​Patriotsដើម្បីបាញ់ស្ទាក់ទម្លាក់​មីស៊ីល​របស់អ៊ីរ៉ង់។ នេះបើយោងតាម​មជ្ឈមណ្ឌល​ដើម្បី​យុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិ។ ចំពោះអ្នកវិភាគអ៊ុយក្រែន ភ្លើងខៀវ​របស់ប្រធានាធិបតីអាមេរិកមាន​អត្ថន័យជា​និមិត្ត​រូប ពោលគឺការគាំទ្រ​នយោបាយ ច្រើនជាង​ការអនុវត្តជាក់ស្តែង ដូចជាការផ្តល់ជំនួយ​យោធាអាមេរិក។ ដោយសារតែ​ការផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក​ត្រូវ​ការពេលវេលាវែង អ៊ុយក្រែនត្រូវរង់ចាំ​ពេល​ជាច្រើនយូរឆ្នាំទៀតទម្រាំ​បាន​ប្រើមីស៊ីល​​Patriots ពោលគឺ​មិនទាន់អាច​ឆ្លើយតបនឹង​ស្ថានការណ៍បច្ចុប្ប្នន្នបានទេ។ ប៉ុន្តែ នៅក្នុង​រយៈពេល​ខ្លី ដំណឹងនេះ​នឹង​មាន​ប្រសិទ្ធភាព​ ក្នុងរូបភាពដាក់​សម្ពាធ​លើរុស្ស៊ី ​គូសត្រូវ​របស់​អ៊ុយក្រែនឲ្យ​យល់​ព្រមចូលតុចរចា​បិទបញ្ចប់សង្រ្គាមអ៊ុយក្រែន៕

  4. 21

    អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA

    ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង​ ទាក់ទិន​នឹង​​អព្យាក្រឹតភាព​របស់​លោក​។ កាលពីថ្ងៃសុក្រទី​​​៣កក្កដា អង្គការសិទ្ធិមនុស្ស​និងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិត​ទៅកាន់FIFA ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​លើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ​ និងប៉ះពាល់​មកលើ​ភាពមិនលម្អៀងនៃវិស័យកីឡា​។​ ក្នុងអំឡុងពេលនេះ ទោះបីសំឡេងស្រែហ៊ោកញ្ជៀវ កំពុងលាន់ឮខ្លាំង​នៅតាមពិហុកីឡដ្ឋានដែលមានការប្រកួតបាល់ទាត់ពិភពលោក​យ៉ាងណាក្តី​ តែ​បើយើងផ្ទៀងត្រចៀក​ស្តាប់បន្តិច នោះយើងនឹងឮសំឡេងខ្សិប​ខ្សៀវរិះគន់ពីទ្វីបអឺរ៉ុប ទៅកាន់​លោក​ Gianni Infantino អគ្គនាយក​របស់ សហព័ន្ធ​អន្តរជាតិ​នៃសមាគមបាល់ទាត់ ហៅកាត់ថា FIFA។ ចូលកាន់មុខតំណែងនៅឆ្នាំ​២០១៦​ សកម្មភាពរបស់​លោក Gianni Infantino បានធ្វើ​ឲ្យ​មានមន្ទិលសង្ស័យ​ខ្លាំង​ឡើងៗ ស្តីពីភាពអព្យាក្រឹត្យ្យ​របស់​លោក​ ក្នុងនាមជាអ្នកតំណាង​ពិភពលោក​កីឡា ដ៏មានឥទ្ធិពល​បំផុត​។ ថ្ងៃសុក្រទី​៣កក្កដា អង្គការសិទ្ធិមនុស្ស​មួយនៅអង់គ្លេស ឈ្មោះ FairSquare បានផ្សព្វផ្សាយលិខិត​មួយសន្លឹក ចុះហត្ថលេខា​ដោយ​សមាជិក​សភាអឺរ៉ុប ចំនួន​៥០នាក់​។ លិខិតនេះ​ ត្រូវបាន​ផ្ញើទៅកាន់ FIFA ទាមទារ​ឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ស្តីពីករណី​ផ្តល់ “ពានរង្វាន់សន្តិភាព​ របស់FIFA” ទៅឲ្យ​លោកដូណាល់ ត្រាំ។ គួររំលឹកថា កាលពីខែធ្នូឆ្នាំ​២០២៥ នៅក្នុងឱកាស​ចាប់ឆ្នោត​ប្រកួតបាល់ទាត់ពិភពលោក​២០២៦ លោកអគ្គនាយក FIFA Gianni Infantino បាន​ប្រគល់ពានរង្វាន់សន្តិភាពFIFA ជូនទៅលោកដូណាល់ ត្រាំ ។ ពានរង្វាន់នេះ​ ត្រូវបានបង្កើតឡើងជាពិសេសក្នុងឱកាសនោះតែម្តង។ អ្នករិះគន់ភាគច្រើនបាន​លើកឡើងថា គឺលោក Gianni Infantino ចង់​បញ្ជោរលោក​ដូណាល់ ត្រាំ​។ ជាង​៦ខែមកហើយ FIFA បានបដិសេធមិនពន្យល់ជាសាធារណៈទេ នូវលក្ខខណ្ឌក៏ដូចជា​​នីតិវិធី ដែលអនុញ្ញាតឲ្យខ្លួន​សម្រេច​​​ប្រគល់ពានរង្វាន់ពិសេសនេះទៅនរណាម្នាក់​​។​ ភាពស្និទ្ធស្នាល​រវាងលោក​ Gianni Infantino និងលោកដូណាល់ ត្រាំ មិន​អាចលាក់នរណាបានទេ។ លោក Gianni Infantino និងលោក Dana White ប្រធាន​UFC  គឺជាអ្នកតំណាង​ពិភពកីឡាតែ​២នាក់គត់ ដែលមានវត្តមាននៅក្នុង​កម្មវិធី ចូលកាន់មុខតំណែងជាផ្លូវការរបស់​លោកដូណាល់ ត្រាំ កាលពីខែមករា​​​២០២៥។ ចាប់ពីពេលនោះមក លោកអគ្គនាយកFIFA  បាន​បន្ត​និយាយ​សរសើរលោកដូណាល់ ត្រាំ ឥតដាច់ពីមាត់ រហូតដល់ទៅហ៊ានចេញមុខ និយាយការពារ​គោលនយោបាយដឹកនាំរបស់​លោកដូណាល់ ត្រាំ ហើយ​បានប្រកាសចង់ឲ្យ​គេ​ប្រគល់ពានរង្វាន់ណូបែលសន្តិភាព​ លោកដូណាល់ ត្រាំ ថែមទៀតផង​។ ជាងនេះទៀត កាលពីខែកុម្ភៈ នៅ​ពេលលោកដូណាល់ ត្រាំ បើក​កម្មវិធីសម្ពោធ​​ ក្រុមប្រឹក្សា​សន្តិភាពដែលលោកជាអ្នកបង្កើតឡើង គេឃើញលោក​អគ្គនាយក​ FIFA ក៏​​មានវត្តមានដែរ ពាក់មួកពណ៌ក្រហម មានអក្សរពីលើថា USA និងលេខ 45-47 ដែលជាលេខរៀងអាណត្តិទាំង​២របស់​លោកដូណាល់ ត្រាំ។ ជាមួយនឹងស្នាមញញឹម​សើចក្អាកក្អាយ លោក​ Gianni Infantino បានបង្ហាញ​ឲ្យឃើញយ៉ាងច្បាស់ ថាលោកគឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់លោកដូណាល់ ត្រាំ។ សូមបញ្ជាក់ថា​ កាលពីខែធ្នូ​២០២៥ អង្គការ FairSquare ធ្លាប់​បាន​លើកឡើងថា គោលជំហររបស់លោក Gianni Infantino ដែល​​គាំទ្រពេញទំហឹងនិងដោយចំហ ចំពោះគោលនយោបាយ​លោកដូណាល់ ត្រាំ វាអាចប៉ះពាល់មកលើកអព្យាក្រឹតភាពនិង​កិត្តិយស ​របស់FIFA ក៏ដូចជា​​​វិស័យ​កីឡាបាល់ទាត់ពិភពលោកទាំងមូល​។ នៅថ្ងៃទី​១១មិថុនា អង្គការនេះអះអាងទៀត ត្រឹមតែរយៈពេល​​២សប្តាហ៍​ មាន​មនុស្សប្រមាណ​៥០០០នាក់បាន​ចុះ​ហត្ថលេខាលើ​ញត្តិមួយ​​ មានខ្លឹមសារ​បរិហារ​ភាពលម្អៀងរបស់​លោក Gianni Infantino​។ តាមធម្មតា ក្នុងនាម​ជា​អគ្គនាយក FIFA លោក Infantino មានកាតព្វកិច្ច​ធានា​ឲ្យ​បាននូវអព្យាក្រឹតភាព និងសុភវិនិច្ឆ័យ ដោយគោរពតាមមាត្រា​១៥ នៃ​ក្រម​សីលធម៌របស់FIFA។ ការប្រកាសបរិហាររបស់អង្គការ FairSquare ក៏បានទទួល​ការគាំទ្រ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ប្រទេសន័រវែសដែរ​។ លោកស្រី Lise Klaveness នាយិកាសហព័ន្ធកីឡាបាល់ទាត់ន័រវែស បាន​លើកឡើងនៅខែកុម្ភៈថា រឿងរ៉ាវប្រគល់ពានរង្វាន់សន្តិភាពFIFA ទៅ​ឲ្យលោកដូណាល់ ត្រាំ ​វាគឺជារឿងមួយ​ស្មោគគ្រោក​គួរឲ្យរអើមណាស់។ គួរកត់សំគាល់ថា គិតត្រឹមពេលនេះ ពិភពកីឡាអន្តរជាតិ​ តួយ៉ាងដូចជា គណៈកម្មកាអន្តរជាតិ​អូឡាំពិក បានស្ងាត់មាត់​មិន​ស្តីបន្ទោសលើលោក Gianni Infantino ទេ ព្រោះថាលោក​អគ្គនាយកFIFA ក៏ជាសមាជិកម្នាក់ដ៏មានឥទ្ធិពលក្នុងគណៈកម្មការនេះដែរ។ ការរិះគន់បរិហារ ភាគច្រើនគឺចេញពី​អង្គការ និងពិភពនយោបាយ។ កាលពីចុងឆ្នាំ២០២៤ សមាជិកសភាអឺរ៉ុប៣០នាក់ បាន​ផ្ញើលិខិតតវ៉ា​​មួយ​ ទៅកាន់ FIFA បន្ទាប់​ពីFIFA បានសម្រេច​ប្រគល់ឲ្យទៅអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតWorld Cup នៅឆ្នាំ​២០៣៦។ សមាជិកសភាអឺរ៉ុប អះអាងថាការសម្រេចនេះគ្មានតម្លាភាពគ្រប់គ្រាន់ ព្រោះធ្វើឡើងក្នុងនីតិវិធីបន្ទាប់ ដោយគ្មានបេក្ខភាពប្រទេសផ្សេងមកប្រជែង។ លើសពីបញ្ហាតម្លាភាព សមាជិកសភាអឺរ៉ុបទាមទារឲ្យ​មានការធានាច្បាស់លាស់ ស្តីពីការគោរពសិទ្ធិមនុស្ស​ និងបញ្ហាប៉ះពាល់អវិជ្ជមាន​​ទៅលើ​បរិស្ថាន​។​ មកទល់ពេលនេះ ​FIFA មិនបានឆ្លើយតបពន្យល់អ្វីទាំងអស់ទៅនឹងលិខិតរបស់សមាជិកសភាអឺរ៉ុប​។ ការចោទប្រកាន់របស់អង្គការ FairSquare ស្តីពី​ភាពលម្អៀង​ស៊ំគ្រលំ​គ្នា​ រវាងលោក Gianni Infantino ជាមួយ​ថ្នាក់ដឹកនាំ​​ធំៗ ដូចជាលោកដូណាល់ ត្រាំ លោកពូទីន និង​ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ជាដើម ក៏មិនត្រូវបាន ​FIFA ឆ្លើយប្រតិកម្មដែរ។​ អ្នកវិភាគពិភពកីឡាអន្តរជាតិ បាន​លើកឡើងថា លោក Gianni Infantino កំពុងតែពុលនឹងអំណាចដ៏ធំមហិមារបស់ខ្លួន​។ លោកម្នាក់នេះ នឹងឈរឈ្មោះធ្វើជា​អគ្គនាយក​FIFA មួយអាណត្តិទៀត នៅខែមីនាឆ្នាំ​២០២៧។ តែទន្ទឹមគ្នានេះ កិត្តិយសមុខមាត់របស់​ FIFA កំពុងតែប្រឈមនឹង​ការអាប់ឱន​ បន្ទាប់ពីមាន​ពាក្យ​បណ្តឹងចំនួន​២ ត្រូវបានគេដាក់ទៅកាន់​គណៈកម្មការអឺរ៉ុប កាលពីខែមីនា​ ទីមួយពាក់ព័ន្ធនឹង​កាលវិភាគប្រកួត​អន្តរជាតិ​ចាប់ពីឆ្នាំ​២០២៤មក និង​មួយទៀតទាក់ទិនអត្រាតម្លៃសំបុត្រចូលទស្សនា​។ សំណុំរឿងធំៗទាំង២នេះ សុទ្ធតែអាចដាក់បន្ទុក​មកលើយុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​របស់FIFA៕

  5. 20

    តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិន​ចង់​លើកតម្កើង​ឈ្មោះនិង វប្បធម៌​បរទេស

    នៅក្នុង​គោលដៅ​លើកតម្កើង​វប្បធម៌ជាតិ និង​បន្ទុចបង្អាក់​ឥទ្ធិពល​បរទេស ជាពិសេស​រុស្ស៊ី និង​អ៊ីស្លាម​ជ្រុលនិយម រដ្ឋាភិបាល​តាហ្ស៊ីគីស្ថាន​ពង្រឹង​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន នៅ​ត្រង់ចំណុច ចុះឈ្មោះ​របស់​ទារក។ ជាប់ឈ្មោះជា​បិតាស្ថាបនិក​​សន្តិភាព និង​បង្រួបបង្រួមជាតិ លោក​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពល​អ៊ីស្លាម និង​ការដកឃ្លា ឃ្លាតចាកឆ្ងាយ​ពីលំហរអតីតសហភាពសូវៀត។ ដើម្បីធ្វើជាគំរូគេ​ក្នុងការអនុវត្តស្មារតីស្នេហាជាតិនិយម និង​ដើរតាម​នយោបាយ​កំណត់​អត្តសញ្ញាណជាតិឡើងវិញ ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​លោក មិន​ខ្លាច​នឹង​​កាត់តម្រឹម លុបចោល​អក្ស ov ​នៅក្នុង​ឈ្មោះត្រកូល​របស់លោក ដើម្បីធ្វើ​យ៉ាងណា​ឲ្យ​ឈ្មោះរបស់លោកលែង​ជា​ឈ្មោះរុស្ស៊ីដូចមុន ប៉ុន្តែ ជា​ឈ្មោះតាហ្ស៊ីគីស្ថាន។ មាន​ប្រជាជន​រស់នៅប្រមាណ ១០លាននាក់​ ប្រទេសនៅអាស៊ីកណ្តាល​មួយនេះ​មាន​ប្រធានាធិបតី​ដែល​ផ្តោតចង់​សើរើ​ឡើងវិញនូវប្បធម៌ និង​អត្តសញ្ញាណ​ជាតិ។ ត្រូវ​គេ​ចាត់ទុកជា​បិតា​ស្ថាបនិក​សន្តិភាព និង​បង្រួបបង្រួមជាតិ និង​កាន់អំណាចដឹកនាំ​តាហ្ស៊ីគីស្ថាន​តាំង​ពី​ឆ្នាំ១៩៩២ លោក​ប្រធានាធិបតី​Emomali Rakhmon បានធ្វើកំណែទម្រង់​ច្បាប់​ស្តីពីអត្រានុកូលដ្ឋាន កាលពី​១០ឆ្នាំ​មុន​ដើម្បីពង្រឹង​ប្រជាសាស្រ្ត និង​អត្តសញ្ញាណ​ជាតិតាហ្ស៊ីគីស្ថាន។ នៅ​ឆ្នាំ​២០១៦ គណៈកម្មាធិការ​ភាសា និង​វាក្យស័ព្ទ​​បាន​បង្កើត​បញ្ជីឈ្មោះតាហ្ស៊ីគីស្ថាន ចំនួន​៣៤៦១ឈ្មោះ ដើម្បី​ឲ្យ​ឪពុកម្តាយ​ជ្រើសរើស​យកទៅ​ដាក់​ឲ្យកូន​របស់ខ្លួន។ ចំណែក​​ឈ្មោះ ដែល​ឃ្លាតចាកឆ្ងាយ​ពេក​ពី​វប្បធម៌ពែក្សអ៊ីស្លាមដែល​ជា​វប្បធម៌គោល​របស់​តាហ្ស៊ីគីស្ថាន និង​ឈ្មោះមានអក្សរ ovដែលបង្កប់ឥទ្ធិពលរុស្ស៊ី នឹងត្រូវអាជ្ញាធរ​​បដិសេធ​មិនទទួលស្គាល់។ ជាលទ្ធផល កុមារ​តាហ្ស៊ីគីស្ថាន​ដែល​កើត​ចាប់តាំង​ពីឆ្នាំ ២០១៦​នឹង​លែង​មានឈ្មោះដែលមាន​ពាក្យ ov នៅក្នុង​ចុងកន្ទុយ ឬ​លែង​មានឈ្មោះ​ឥស្លាម ដូចជាYassine Amira ឬ​ក៏ Riyad។ ​ នៅក្នុង​ពិភពលោក មាន​ប្រទេស​មួយក្តាប់តូច​ដែល​ព្យាយាមរក្សា​វប្បធម៌ អត្តសញ្ញាណជាតិ​តាមរយៈ​ការបង្កើត​បញ្ជីឈ្មោះ​ប្រចាំប្រទេសមួយ ដោយគ្មាន​ចម្លងឈ្មោះបរទេស។ ប៉ុន្តែ គេ​ត្រឹម​​ផ្តល់អនុសាសន៍ណែនាំឲ្យប្រជាជនប្រើឈ្មោះក្នុងស្រុក ពោលគឺ មិនតឹងរ៉ឹង​ខ្លាំង​ដូច​តាហ្ស៊ីគីស្ថាន​ដែល​ចាប់តម្រូវ​ឲ្យប្រជាជន​ត្រូវ​តែ​ដាក់​ឈ្មោះ​តាម​បញ្ជីកំណត់​របស់​រដ្ឋាភិបាល។​ ​នៅឆ្នាំ​២០១៩ មេដឹកនាំ​តាហ្ស៊ីគីស្ថាន លោក​ Emomali Rakhmon​ បាននិយាយ​ក្តែងៗ​ថា វា​ជា​រឿងដ៏អាម៉ាស់ ដែលគេ​ត្រូវ​លើកតម្កើង​វប្បធម៌បរទេស តាមរយៈ​ការដាក់ឈ្មោះកូនចៅដែលមិនមែនជា​ឈ្មោះ​តាហ្ស៊ីគីស្ថាន។ បើតាម​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន ការដាក់ឈ្មោះបរទេស​ឲ្យកូនចៅយ៉ាងដូច្នេះ មនុស្ស​ជំនាន់ក្រោយៗ​របស់​តាហ្ស៊ីគីស្ថាន​នឹង​កាន់តែឃ្លាតឆ្ងាយ​ពី​ប្រភព ឫសគល់​ វប្បធម៌ជា​ប្រវត្តិសាស្រ្តរបស់​តាហ្ស៊ីគីស្ថាន។​​ ដោយ​បង្កើត​នយោបាយ​កំណត់​ឈ្មោះ​ឲ្យ​ប្រជាជន​របស់ខ្លួនយ៉ាងដូច្នេះ ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​មានគោលដៅចង់​​បន្ទុចបង្អាក់​កុំឲ្យប្រជាជន​តាហ្ស៊ីគីស្ថានយកឈ្មោះតាម​ក្រុមអ៊ីស្លាមជ្រុលនិយម និងទប់ស្កាត់​​ឥទ្ធិពលរុស្ស៊ី។ ក្រៅពី​ហាម​មិនឲ្យប្រជាជន​ដាក់​ឈ្មោះអ៊ីស្លាម​ តាហ្ស៊ីគីស្ថាន​បាន​បង្កើត​ច្បាប់​ហាម​មិន​ឲ្យស្រ្តី​ទទូលកំណាត់​លើ​ក្បាលចំណែកមនុស្សប្រុស​គ្មាន​សិទ្ធិ​ទុកពុកចង្កា។ លោក​ Emomali Rakhmon បារម្ភ​ខា្លច​ថា ប្រជាជន​តាហ្ស៊ីគីស្ថាន​ត្រូវ​ក្រុមជីហាត អ៊ីស្លាម​ជ្រុលនិយម ឬ​ក្រុមតាលីបង់​នៅអាហ្វហ្កានីស្ថានអូសទាញឲ្យទៅប្រព្រឹត្ត​អំពើភេរវកម្មនៅទឹកដីបរទេស។ ករណី​បែបនេះធ្លាប់កើតមាន​កន្លងមក នៅពេល​​អាជ្ញាធរ​រុស្ស៊ី​ចាប់​បានជនជាតិតាហ្ស៊ីគីស្ថានដែល​ត្រូវសង្ស័យថា​ ជាអ្នកលួចដាក់បំផ្ទុះគ្រាប់បែកសម្លាប់​មេយោធា​រុស្ស៊ី។ ចង់ឬមិនចង់ នយោបាយ​កម្រិត​ចំនួនឈ្មោះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យប្រជាជន​មាន​តែ​ឈ្មោះតាហ្ស៊ីគីស្ថាន​អាច​ប៉ះពាល់​ដល់​ទំនៀមទម្លាប់ប្រពៃណី​របស់​ប្រទេស​អាស៊ីកណ្តាលមួយនេះ។ ត្រូវដឹងថា ផ្ទុយពីឈ្មោះ​នៅ​ប្រទេស​លោកខាងលិច ឈ្មោះនៅតាហ្ស៊ីគីស្ថានតែងមាន​ភ្ជាប់​ដោយ​និមិត្ត​រូប អត្ថន័យជាប់ជានិច្ច។ ឈ្មោះនីមួយៗ គឺ​មាន​អត្ថន័យពិសេស ខុសប្លែកៗគ្នា​ ទៅតាម​ស្ថានការណ៍ ថ្ងៃ ទីកន្លែង និង​បំណងប្រាថ្នា​របស់​ឪពុកម្តាយ។​​​​ ដោយរំលឹក អួតសរសើរ​ប្រវត្តិសាស្រ្ត​ដ៏រុងរឿង​របស់​តាហ្ស៊ីគីស្ថាន ដែល​ធ្លាប់​មាន​ប្រៀប​ទៅលើ​ក្រុម​អ៊ីស្លាម​កាលពី​អតីតកាល ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​បាននិយាយដោយមិន​លាក់លៀម​ថា មុន​ដំបូងគេបង្អស់ គឺ​លោកត្រូវ​​មាន​មោទនភាពជា​ជនជាតិ​តាហ្ស៊ីគីស្ថានសិន បន្ទាប់មកចាំនិយាយអំ​ពីសាសនា​អ៊ីស្លាម។ មិនត្រឹម​រឹតបន្តឹង​មិន​ឲ្យ​​ប្រជាជនដាក់ឈ្មោះអ៊ីស្លាម​មួយចំនួន ​ប្រធានាធិបតីនៅបានដាក់កម្រិត​មិន​ឲ្យគេ​មាន​ឈ្មោះដែល​កន្ទុយពាក្យ​​រុស្ស៊ី ov។ ​លោកប្រធានាធិបតី Emomali Rakhmon​ មាន​ក្តីប្រាថ្នា​ចង់បន្សាបឥទ្ធិពល​រុស្ស៊ី​នៅក្នុងទឹកដី​តាហ្ស៊ីគីស្ថានដែលធ្លាប់​ស្ថិតក្រោម​ចំណុះរបស់​សហភាពសូវៀត។ ប៉ុន្តែ ដោយមើលទៅលើ​ទីតាំង​ភូមិសាស្រ្ត​នយោបាយ ការពឹងផ្អែក​សេដ្ឋកិច្ច​ តាហ្ស៊ីគីស្ថាន​មិនងាយ​នឹង​ដោះខ្លួនរួច​ចេញពី​ឥទ្ធិពល​របស់រុស្ស៊ី។ ប្រជាជន​តាហ្ស៊ីគីស្ថានជាច្រើន​ម៉ឺននាក់​ចេញទៅធ្វើការ​នៅ​ទឹកដី​រុស្ស៊ី​ដើម្បី​រកប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​នៅក្នុងស្រុក។ពួកគេ​មួយចំនួននិយាយថា ពួកគេមានមោទនភាព និង​​ចង់ក្លាយជាអ្នក​ជាតិនិយម ស្នេហាជាតិ​ ប៉ុន្តែ ការលុបពាក្យ ov ដើម្បីឲ្យឈ្មោះរបស់គេ​លែងមាន​លក្ខណៈរុស្ស៊ី​នឹង​អាច​ធ្វើឲ្យពួកគេ​ងាយប្រឈម​នឹង​ការរើសអើង រហូត​ត្រូវ​បាត់បង់​ការងារ គ្មាន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​ក្នុងប្រទេស។ នៅទីបំផុត ឆ្នាំងបាយនៅតែ​ សំខាន់​ជាង​ឈ្មោះ​ និង​មោទនភាព ស្នេហាជាតិ៕

  6. 19

    រដ្ឋវៀតណាមប្រកាសគោលនយោបាយ​ ជំរុញ​លើកទឹកចិត្ត​​ប្រជាជនឲ្យយកកូន​ដល់២នាក់

    ចំនួន​ប្រជាជន​វៀតណាម មានប្រមាណ​​​១០២​លាននាក់ គិតត្រឹមថ្ងៃទី​១កក្កដា​ឆ្នាំ​២០២៦។ តែទន្ទឹមនឹងនេះ ចំនួន​ប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់តុល្យភាព​ប្រជាសាស្ត្រ​។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាម​បានលុបចោល​ការដាក់កំហិត​ហាមឃាត់ មិន​ឲ្យ​ប្រជាជនមានកូន​លើស​ពី​២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃ​ពុធទី១​​កក្កដា២០២៦​ វៀតណាម​បានចេញច្បាប់ផ្តល់​អត្ថប្រយោជន៍មួយចំនួន​ ដល់​ក្រុមគ្រួសារដែលមានកូន​២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញ​ឲ្យ​ប្រជាជន​វៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែល​តម្លៃជីវភាពប្រចាំថ្ងៃកាន់តែ​ចំណាយ​ច្រើន? បន្ទាប់ពីលែងហាមឃាត់ការយកកូន​លើសពី​២នាក់ រដ្ឋវៀតណាម​បានបោះជំហានអនុវត្តយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីជំរុញលើកទឹកចិត្ត​ឲ្យ​ប្រជាជនខ្លួន យកកូន​ឲ្យ​បាន​លើស​ពី​១នាក់​។ ថ្ងៃពុធទី​១កក្កដា ច្បាប់ថ្មីបានចូលជាធរមាន នៅវៀតណាម ដែល​មានខ្លឹមសារ​ផ្តល់អត្ថប្រយោជន៍​មួយចំនួន ដល់​គ្រួសារ​ដែលសម្រេចយកកូន​ដល់​២នាក់​។ តាមរយៈច្បាប់ថ្មីនេះ ស្ត្រី​ឆ្លងទន្លេកូន​ទី២ អាចមានសិទ្ធិ​ឈប់សម្រាកមាតុភាព​ ដល់ទៅ​៧ខែ​ ពោល​គឺ​លើស១ខែ​បើប្រៀបទៅច្បាប់ចាស់។ បន្ថែមពីនេះ រដ្ឋវៀតណាមមានវិធានការ​​ជួយចេញ​ថ្លៃ​ចំណាយ​ ទៅលើការ​តាមដានសុខភាពពរពោះ និង​សុខភាពទារកកើតថ្មី​។ ក្រុមគ្រួសារនីមួយដែលសម្រេចយកកូនទី​២ អាចទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់ទៅ២២៨ដុល្លារ ដោយយោងលើលក្ខខណ្ឌមួយចំនួន។ សូមរំលឹកថាប្រជាជនវៀតណាម​បាន​ឈានដល់ចំនួន​១០០លាននាក់ កាលពីឆ្នាំ​២០២៣។ ជាចំនួន​ដែលបានកើនឡើងយ៉ាងលឿនរហ័ស ខណៈនៅឆ្នាំ​១៩៧៦ ក្នុងពេល​បង្រួបបង្រួមវៀតណាមខាងជើងនិងខាងត្បូង ប្រជាជនសរុបមានប្រមាន​៤៦លាននាក់។​ នៅឆ្នាំ​១៩៨៨ រដ្ឋកុម្មុយនីស្តវៀតណាម បានចេញច្បាប់​ហាមឃាត់ជាផ្លូវការ​ មិន​ឲ្យ​មានកូន​លើសពី​២នាក់ នៅតាមតំបន់មួយចំនួនដែលដង់ស៊ីតេប្រជាជន​មានលក្ខណៈចង្អៀតខ្លាំង។ តែយ៉ាងណាក៏ដោយ​ គោលនយោបាយ​ដាក់កំហឹតនេះ មិនតឹងតែងខ្លាំងដូចនៅចិនទេ ពោលគឺពុំមាន​ការចាប់បង្ខំឲ្យរំលូតកូនចោល ឬក៏ការចាក់ថ្នាំ​ឲ្យស្ត្រីអាចលែងមានកូនបានជាដើម​។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ​នេះ គេសង្កេតឃើញថាកត្តាប្រជាសាស្ត្រ​នៅវៀតណាម មានទំនោរបាត់​បង់តុល្យភាព ដោយ​សារតែមនុស្សវ័យចំណាស់​កាន់តែច្រើន។ នៅក្នុងពិភពលោកនេះ វៀតណាមស្ថិតនៅក្នុងចំណោម​ប្រទេស ដែល​មាន​អត្រាមនុស្សវ័យចំណាស់ កើនឡើងច្រើនយ៉ាងលឿនគួរឲ្យបារម្ភ​។ ការរីកចម្រើនជីវភាព និងវិស័យសុខាភិបាល បានធ្វើឲ្យ​មនុស្ស​កាន់តែមានអាយុវែងនៅវៀតណាម ហើយទន្ទឹមគ្នានេះ អត្រាពរពោះមានកូនរបស់ស្ត្រីវៀតណាមវិញ បានធ្លាក់ចុះ​។ សូមបញ្ជាក់ថា អាយុកាលសង្ឃឹមរស់របស់ប្រជាជនវៀតណាម​ បច្ចុប្បន្ន គឺខ្ទង់៧៥ឆ្នាំ ចំណែក​ប្រជាជនអាយុ​លើសពី​​៦០ឆ្នាំវិញ បានកើនដល់ទៅ​១០%នៃប្រជាជនសរុប​។​ ទំនោរមនុស្សចាស់ច្រើនទៅៗ ប្រៀបធៀបទៅមនុស្សពេញវ័យធ្វើការ គឺជាបញ្ហាមួយដែល​អាចចោទទៅលើតុល្យភាពប្រជាសាស្ត្រ ទីផ្សារការងារ​និងប្រព័ន្ធសន្តិសុខសង្គម។ នៅឆ្នាំ​២០២៥ រដ្ឋវៀតណាម​បានសម្រេច​ លុបចោលបំរាម​ហាម​ប្រជាជនមិន​ឲ្យ​មានកូន​លើសពី​២នាក់​។ តែត្រឹមតែលែ​​ងហាមឃាត់ មិនប្រាកដ​ថាប្រជាជន​វៀតណាម​នឹងសម្រេចចិត្តយកកូនថែមនោះទេ។ នៅឆ្នាំ​២០២៥ អត្រាកម្រិតពរពោះរបស់ស្ត្រីវៀតណាម មានចំនួន​១,៩៣។ អត្រានេះ វាមិនទាបពេកទេ បើប្រៀបធៀបទៅ​ប្រទេសអាស៊ីផ្សេងទៀត ដូចជាជប៉ុន ដែលមានត្រឹម ១,១៤ និងឬកូរ៉េខាងត្បូង ដែលមានត្រឹមតែ​០,៨។ ក៏ប៉ុន្តែ​ផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការធ្លាក់ចុះ​នៃអត្រាពរពោះរបស់ស្ត្រីវៀតណាម ​បានកើតឡើងលឿនជ្រុល​ ប្រើប្រៀបធៀបទៅនឹងការរីកចម្រើនសេដ្ឋកិច្ច​។ វៀតណាម​ជាប្រទេសមានសន្ទុះសេដ្ឋកិច្ចល្អពិតមែន តែ​ចំណូលដុលរបស់ប្រជាជនវៀតណាម មានជាមធ្យមត្រឹមតែប្រមាណ ​៥០០០ដុល្លារ ពោលគឺបានត្រឹមតែពាក់កណ្តាល​ចំណូលដុលរបស់ប្រជាជនជប៉ុន កាលពីឆ្នាំ១៩៨០នៅពេលជប៉ុន​មាន​អត្រាពរពោះប្រហាក់ប្រហែលគ្នានឹងវៀតណាមពេលនេះ​។ មានន័យថា វៀតណាម​ មានពេល​តិចណាស់​ណាស់ ដើម្បី​​ធ្វើការសម្របខ្លួនទៅនឹងសង្គម​ដែលសំបូរមនុស្ស​​វ័យចំណាស់ បើប្រៀបធៀបទៅ​ប្រទេសដែលមានសេដ្ឋកិច្ចឈានមុខ​ផ្សេង​ទៀត។ នេះបើផ្អែកតាមរបាយការ​ណ៍​វិភាគ របស់ធនាគារពិភពលោកនៅឆ្នាំ​២០២១។ សំណួរសួរថា តើវិធានការលើកទឹកចិត្ត បន្ថែមពេលវេលាឈប់សម្រាក និង​ប្រាក់រង្វាន់បន្តិចបន្តួច អាច​​ជំរុញឲ្យ​ប្រជាជនវៀតណាមយកកូន​លើសពី​១នាក់ដែរឬទេ?លោកស្រី Pham Thi Lan អ្នកទទួលបន្ទុក​ម្នាក់​នៅមូលនិធិសហប្រជាជាតិដើម្បីប្រជាជន​ ​បាន​លើកឡើងថា  វាជាដំណឹងល្អ ដែលរដ្ឋ​​វៀតណាម​ ផ្លាល់ប្តូរគោលនយោបាយ ប្តូរពីគោលនយោបាយ​គ្រប់គ្រង​​ផែនការគ្រួសារ​ មកជាការជំរុញ​អភិវឌ្ឍន៍​ប្រជាសាស្ត្រ​។ តែយ៉ាងណា វិធានការលើកទឹកចិត្តដ៏ស្តួចស្តើងនេះ​ មិនទាន់គ្រប់គ្រាន់ទេ​។ រដ្ឋវៀតណាម ត្រូវគិតគូរផែនការ​ជំនួន​ឲ្យ​បានទូលំទូលាយ ដោយរាប់ទាំងការជួយចំណាយលើ​តម្លៃផ្ទះស្នាក់នៅ និង​ការឧបត្ថម្ភថ្លៃមើលថែកូនជាដើម​។​ ជាការពិតណាស់ ប្រជាជនវៀតណាមជាពិសេសអ្នករស់នៅទីក្រុង​ប្រជុំជនធំៗ បាន​ត្អូញត្អែរអំពីជីវភាព​កាន់តែលំបាក ចំណាយច្រើន​ ខណៈប្រាក់ចំណូល​មិនកើនឡើង។ ការចំណាយ​ លើកូនម្នាក់​​ គឺជាចំណែកថវិកាដ៏ធំចំបងសម្រាប់​គ្រួសារនីមួយៗ។ ផ្អែកតាម​ការ​ស្ទាបស្ទង់ស្ថិតិ​មួយធ្វើឡើងដោយរដ្ឋវៀតណាម កាលពីពេលថ្មីៗនេះ ៧៣%នៃប្រជាជនវៀតណាមដែលមានប្តីប្រពន្ធ​​ ទទួលស្គាល់ថាកត្តាប្រាក់ចំណូលប្រចាំខែ គឺជាលក្ខខណ្ឌមួយ​ដ៏សំខាន់ដែលជះឥទ្ធិពល​លើការសម្រេចចិត្តថាយកកូនឬយក​៕

  7. 18

    កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់

    កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាង​​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់នេះហើយ ដែលជា​រៀបចំ​បណ្តាញ កូនចៅអ៊ីរ៉ង់​​​ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅ​ហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាច​សន្តិសុខ​នៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់កាន់កាប់​ចរន្តសេដ្ឋកិច្ច​សឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារ​ដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅ​ក្រុមឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​។ គេអាចនិយាយបានថា នៅអ៊ីរ៉ង់​មានរដ្ឋអំណាច​២ទន្ទឹមគ្នា​​ គឺរដ្ឋាភិបាលអ៊ីរ៉ង់ និង​កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រុមប្រដាប់អាវុធមនោគមន៍វិជ្ជាអ៊ីស្លាមផ្តាច់ការនេះ មានឥទ្ធិពលអំណាចខ្លាំងណាស់ ទៅលើសង្គម សន្តិសុខ និង​សេដ្ឋកិច្ចអ៊ីរ៉ង់​។ ជាច្រើនឆ្នាំកន្លងមកនេះ ​សមាជិក​នៃ​​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ បាន​រីកចម្រើន​ធូរធាមានបានជាខ្លាំង បើទោះបីជាប្រទេសអ៊ីរ៉ង់ បានរង​ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងណា។ មុខជំនួញធំៗជាច្រើននៅអ៊ីរ៉ង់ ដោយរាប់ទាំងការនាំចេញនាំចូលទំនិញគ្រប់មុខ ឧស្សាហកម្មប្រេងកាត ឧស្ម័ន ក្រុមហ៊ុនទូរគមនាគមន៍សេវាទូរស័ព្ទ អ៊ីនធ័រណិត និងសេវកម្មកំពង់ផែជាដើម​ សុទ្ធតែស្ថិតនៅក្នុងដៃមេធំៗរបស់​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​។ ក្នុងពេល​ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងចរចាគ្នា ឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និង​ដកទណ្ឌកម្ម​សេដ្ឋកិច្ចពីអ៊ីរ៉ង់ គឺកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចក្លាយជាអ្នកទទួលផលចម្បង ពីការបើកសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ។ ប្រភពពីមន្ត្រីជាន់ខ្ពស់​​អ៊ីរ៉ង់​ ចំនួន​៤នាក់​ផ្សេងគ្នា បានពន្យល់ថា កងឆ្មាំបដិវត្តន៍​​អ៊ីស្លាមអ៊ីរ៉ង់ ស្ថិតនៅចំចំណុចពិសេស​ ដែលអាចទទួលបានចំណែកដ៏ធំមហិមា នៃអត្ថប្រយោជន៍ហិរញ្ញវត្ថុ ដែលនឹងកើតមានពីការដកទណ្ឌកម្ម ការស្ដារឡើងវិញនៃការនាំចេញប្រេង និងការវិនិយោគពីបរទេស។ តែទន្ទឹមគ្នានេះ កងឆ្មាំបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់ ក៏អាចក្លាយជាឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើន រំខាន​ដល់​ការឈានទៅ​សម្រេច​​កិច្ចព្រមព្រៀងដែរ។ កងកម្លាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពិភពអាជីវកម្មជំនួញរបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែប្រទេសជាច្រើនលើពិភពលោក ចាត់ទុក​ក្រុម​ឆ្មាំបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់ ជាអង្គការភេរវកម្ម ។ ប្រកាសនេះ អាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការរំដោះសេដ្ឋកិច្ចពីទណ្ឌកម្ម កាន់តែស្មុគស្មាញបន្ថែមទៀ​ត។ ប្រភពមួយទៀត បានលើកឡើងថា​កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ គឺ​ជាអ្នកឈ្នះធំបំផុតនៃសង្គ្រាម ដែល​អាមេរិក​បានបំផ្ទុះនៅអ៊ីរ៉ង់​។ សង្គ្រាមប្រមាណ​ជាតិ​៤ខែមកនេះ គឺកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលជាអ្នកពើងទ្រូងប្រយុទ្ធជាមួយ​អាមេរិកនឹងអ៊ីស្រាអែល ដើម្បីការពារ​របបអ៊ីស្លាម​ផ្តាច់ការអ៊ីរ៉ង់​។ ដូច្នេះ ពេល​ចប់សង្គ្រាម លែងមានទណ្ឌកម្មសេដ្ឋកិច្ច គឺក្រុមនេះជាអ្នកទទួលបានអត្ថប្រយោជន៍ជាទិភាព​។ សូមរំលឹកថា កិច្ចព្រមព្រៀងបឋម ឬ អនុស្សរណៈនៃការយោគយល់គ្នាដែលសហរដ្ឋអាមេរិក បានចុះហត្ថលេខាជាមួយ​​អ៊ីរ៉ង់ បាន​កំណត់​​អនុញ្ញាតឱ្យអ៊ីរ៉ង់​អាចនាំចេញប្រេងនិងផលិត​ផលកែច្នៃធ្វើពីប្រេងកាត​។ មិនត្រឹមប៉ុណ្ណោះទេ រដ្ឋាភិបាល​លោកដូណាល់ ត្រាំ បានសន្យា​ផ្តល់ប្រាក់ចំនួន​២៤ពាន់​លានដុល្លារ ដែលអាមេរិក​បានបង្កកទុក​​ ឲ្យ​មកអ៊ីរ៉ង់​វិញ​។ ហើយ​នៅពេលមានកិច្ចព្រមព្រៀងជាស្ថាពរ សហរដ្ឋអាមេរិកសន្យា​ដកទណ្ឌកម្មសេដ្ឋកិច្ច​​ទាំងអស់ និងសន្យាវិនិយោគ​សាងសង់អ៊ីរ៉ង់​ឡើងវិញ ក្នុងទឹកប្រាក់ ៣០០ ពាន់លានដុល្លារថែមទៀតផង។ ធ្វើសម្បទានឲ្យរបបផ្តាច់ការអ៊ីរ៉ង់​ច្រើនចំណុចដូចនេះហើយ តែលោកដូណាល់ នៅតែបន្តអួតថា លោកជាអ្នកឈ្នះសង្គ្រាម​។ គួរបញ្ជាក់ដែរថា នៅអ៊ីរ៉ង់ ច្បាប់គ្រប់គ្រងការវិនិយោគ បានតម្រូវឲ្យ​ក្រុមហ៊ុនបរទេស ត្រូវតែមានដៃគូ​សហការក្នុងស្រុក ទើបអាចប្រតិបត្តិការរកស៊ីបាន​។ ក្រុមហ៊ុន​ក្នុងស្រុកទាំងនោះ ភាគច្រើនលើសលុប គឺស្ថិតនៅក្នុងដៃរបស់​សមាជិក​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​នេះឯង។ ក្រុមហ៊ុនអ៊ីរ៉ង់​ទាំងនេះនឹងក្លាយជាច្រកចូលមិនអាចចៀសបាន សម្រាប់វិនិយោគិនបរទេស ដែលចង់ចូលទៅរកស៊ីចំណេញប្រាក់នៅអ៊ីរ៉ង់​។ តែល្គឹកណា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ នៅតែត្រូវគេចាត់ទុកថាជាបណ្តាញភេរវកម្ម នោះក្រុមហ៊ុនបរទេស ក៏ត្រូវប្រឈមនឹងទណ្ឌកម្ម​ដែរ។​ ប្រភពមន្ត្រីអ៊ីរ៉ង់អះអាងទៀតថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងទូលំទូលាយណាមួយទៅថ្ងៃអនាគត រវាងសហរដ្ឋអាមេរិក​និង​របបអ៊ីរ៉ង់  ហើយទណ្ឌកម្មនៅតែបន្តមានសុពលភាព នោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក៏នៅតែ​បន្តទទួលបានអត្ថប្រយោជន៍ពីការលើកលែងបណ្តោះអាសន្នលើការនាំចេញប្រេង។ ជាមួយគ្នានេះ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អាចរក្សាឥទ្ធិពលរបស់ខ្លួនលើសេដ្ឋកិច្ចអ៊ីរ៉ង់បាន តាមរយៈជំនាញ​​បទពិសោធន៍របស់ខ្លួន ក្នុងយុទ្ធសាស្ត្រ​​​គេចវេសពីទណ្ឌកម្មអន្តរជាតិ​។ ស្ថានភាពបែបនេះ គ្មានអ្វី​ជាវិជ្ជមានឡើយ សម្រាប់ជីវភាពប្រជាជនអ៊ីរ៉ង់ទូទៅ​៕

  8. 17

    រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន

    នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង​។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុខសញ្ញាឲ្យបានទាន់ពេលវេលា នូវអ្នកដែលអាចគិតខ្លី​ចង់​សម្លាប់ខ្លួន។ ជំងឺបាក់ទឹកចិត្ត ឈានទៅដល់ការសម្លាប់ខ្លួន គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយនៃសង្គមកូរ៉េខាងត្បូង។ ក្នុងចំណោម​ប្រទេសសមាជិកអង្គការOCDE កូរ៉េខាងត្បូងជាប្រទេស​ដែលសំបូរ មនុស្សអាយុ​ក្រោម​៣០ឆ្នាំធ្វើអត្តឃាតច្រើនជាងគេបង្អស់។ ចន្លោះពីឆ្នាំ២០១៦ ដល់២០២៥ ចំនួនអ្នកធ្វើអត្ថឃាត អាយុក្រោម៣០ឆ្នាំ បានកើនឡើងពី២៧៣នាក់ ដល់ ៣៩៦នាក់។ ពោលគឺកើនឡើង៤៥% ក្នុងរយៈពេលមិនដល់១០ឆ្នាំ។ នេះបើផ្អែកតាមតួលេខផ្លូវការរបស់ក្រសួងស្ថិតិកូរ៉េខាងត្បូង។ ចំណែកចំនួនក្មេងៗអនីតិជន ដែលទទួលបានការព្យាបាលនៅសេវាសុខភាពជំងឺផ្លូវចិត្តវិញ ក៏បានកើនឡើងខ្លាំងដែរ ពី២៧៤០០០នាក់នៅឆ្នាំ២០២១ ដល់៤៣១០០០នៅឆ្នាំ២០២៥។ តួលេខទាំងនេះ បានសបង្ហាញឲ្យឃើញ នូវទំហំនៃវិបត្តិទាក់ទិននឹងសុខភាពផ្លូវចិត្តរបស់ប្រជាជនកូរ៉េខាងត្បូង។ លោក Benjamin Joinau នរវិទូជំនាញសិក្សាសង្គមកូរ៉េ បានលើកឡើងថា សុខភាពផ្លូវចិត្តគឺជាភាពអាម៉ាសមួយដែលប្រជាជនកូរ៉េខាងត្បូងលាក់បាំងបំផុត។ ឫសគល់មួយនៃបញ្ហាផ្លូវចិត្តរបស់យុវជនកូរ៉េខាងត្បូង គឺមកពីប្រព័ន្ធអប់រំដ៏តឹងតែង និងធ្ងន់ធ្ងរបំផុតសង្កត់ទៅលើកុមារភាពរបស់ពួកគេ។ អ្នកជំនាញខាងលើបានលើកឧទាហរណ៍មួយថា នៅកូរ៉េខាងត្បូងមានកម្មវិធីប្រឡងថ្នាក់ជាតិមួយ ឈ្មោះ Suneung ដែល​សិស្សានុសិស្ស ត្រូវប្រកួតប្រជែងដ៏ស្វិតស្វាញរយៈពេល១ថ្ងៃ ដើម្បីអាចជាប់ពិន្ទុល្អ ទើបអាចមានឈ្មោះជាប់ចូលរៀននៅតាមសកលវិទ្យាល័យល្បីៗ។ ការចូលរៀននៅតាមសាលាល្បីៗទាំងនេះ នឹងអាចកំណត់ជោគវាសនាអនាគតការងារ និងការឡើងជណ្តើរសង្គមរបស់ពួកគេ។ ពេលខ្លះសិស្សកូរ៉េត្រូវរៀនត្រៀមសម្រាប់ការប្រឡងនេះ នៅសាលាឯកជន តាំងតែពីនៅថ្នាក់អនុវិទ្យាល័យ។ ក្រុមគ្រួសារនីមួយ ហ៊ានចំណាយប្រាក់ច្រើនសន្ធឹក ដាក់ក្តីសង្ឃឹមទាំងស្រុងលើកូនម្នាក់ៗ ដែលនេះគឺជាបន្ទុកផ្លូវចិត្តមួយដ៏សែនធ្ងន់។ អនាគតនិងមុខមាត់ក្រុមគ្រួសារទាំងមូល ស្ថិតនៅលើតារាងពិន្ទុរបស់កូនម្នាក់ៗ។ ជាលទ្ធផល គេសង្កេតឃើញថា យុវជនកូរ៉េខាងត្បូងពេលចូលរៀនថ្នាក់ឧត្តមសិក្សា ចាប់ផ្តើមបាត់មាត់បាត់ក ដើរដូចមនុស្សយន្ត លែងចេះសប្បាយ។ នៅសកលវិទ្យាល័យ ការប្រកួតប្រជែងត្រូវបន្ត ត្រូវស្វែងរកកន្លែងចុះកម្មសិក្សា ហើយបន្ទាប់់មកទៀត ត្រូវរកការងារធ្វើនៅក្នុងទីផ្សារដែលកាន់តែតូចចង្អៀតពី១ឆ្នាំទៅ១ឆ្នាំ។ អ្វីដែលអ្នកជំនាញបានកត់សម្គាល់ គឺយុវជនកូរ៉េវ័យខ្ទង់២០ឆ្នាំ បានបាត់បង់ភាពត្រេកត្រអាលសប្បាយរីករាយ ពោលគឺពួកគេដូចជាបានដើររំលងយុវភាព ឈានចូលដំណាក់កាលក្លាយជាមនុស្សដែលមានតែបន្ទុកពេញសតិអារម្មណ៍ និងងាយខឹងច្រលោត។ គួរបញ្ជាក់ថា បន្ទាប់ពីឃើញវិបត្តិដ៏ធ្ងន់ធ្ងរនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងទើបតែបានប្រកាសអាសន្នជាតិ ក្នុងកម្មវត្ថុឈានទៅកាត់បន្ថយឲ្យបានយ៉ាងហោចពាក់កណ្តាល នៃករណីធ្វើអត្តឃាតក្នុងចំណោមយុវជនក្មេងៗ ក្នុងរវាង១០ឆ្នាំទៅមុខ។ ក្រសួងពាក់ព័ន្ធចំនួន១៥ត្រូវចូលរួមនៅក្នុងយុទ្ធនាការនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញវិធានការ ដែលមានគ្រោងឆ្អឹង៥ចំនុចធំៗ ក្នុងនោះមានដូចជា ការតាមដានសង្កេតឲ្យបានទាន់ពេលវេលានូវអ្នកមានជំងឺបាក់ទឹកចិត្ត ការពង្រឹងតួនាទីរបស់ស្ថាប័នរដ្ឋដើម្បីជួយ។ រដ្ឋ​នឹង​ធ្វើកំណែទម្រង់ប្រព័ន្ធគរុកោសល្យ ដើម្បីសម្រាលបន្ទុកការងាររបស់សិស្ស ហើយ​កាត់បន្ថយ​ការ​ប្រកួតប្រជែងជ្រុលហួសហេតុ។ បន្ថែមពីនេះ នៅតាមសាលារៀនទូទាំងប្រទេស គេគ្រោងដាក់អ្នកជំនាញចិត្តសាស្ត្រ ដែលអាចអន្តរាគមន៍ ជួបជាមួយសិស្សដែលមានបញ្ហា ហើយស្នើសុំឲ្យមានការតាមដានព្យាបាល ដោយមិនចាំបាច់មានការយល់ព្រមជាបឋមពីអាណាព្យាបាល។ នៅកូរ៉េខាងត្បូង ឪពុកម្តាយខ្លះមិនអាចទទួលយកបានទេ នូវភាពអាម៉ាសដែលកូនខ្លួនមានបញ្ហាផ្លូវចិត្ត។ ដោយសារតែទំងន់នៃភាពអាម៉ាសនេះ ក្មេងដែលមានវិបត្តិផ្លូវចិត្ត ក៏មិនហ៊ានចេញស្តី កាត់ផ្តាច់ទំនាក់ទំនងពីក្រុមគ្រួសារមិត្តភក្តិជាដើម។ គួរកត់សំគាល់ដែរថា វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង ប្រើប្រាស់ជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីឈានទៅទប់ស្កាត់ករណីសម្លាប់ខ្លួន។ អាជ្ញាធរកូរ៉េខាងត្បូងនឹងប្រើ បច្ចេកវិទ្យា AI ដើម្បីតាមដានការបង្ហោះសារតាមបណ្តាញសង្គម ដែលមានលក្ខណៈញុះញង់ ឬជំរុញឲ្យមនុស្សឈានទៅសម្លាប់ខ្លួន។ បច្ចេកវិទ្យា AI អាចកំណត់មុខសញ្ញាស្គាល់ពាក្យឬភាសា ដែលរុញមនុស្សឲ្យធ្វើអត្តឃាត។ បច្ចេកវិទ្យា AI ក៏អាចតាមដានដឹងដែរ អំពីសញ្ញានានាបញ្ជាក់ពីទំនោរវិបត្តិផ្លូវចិត្តរបស់មនុស្សម្នាក់​ ហើយប្រាប់ដំណឹងនេះទៅកាន់អ្នកជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។ គួររំលឹកដែរថា ការប្រើប្រាស់បច្ចេកវិទ្យា AI ជាមធ្យោបាយទប់ស្កាត់ការធ្វើអត្តឃាតនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យជាតិបច្ចេកវិទ្យាក្រុងស៊េអ៊ូល ចាប់ផ្តើមសាកល្បងតាំងតែពីឆ្នាំ២០២០។ ពួកគេបានប្រើបច្ចេកវិទ្យាAI ធ្វើការវិភាគលើរូបភាពវីដេអូថតដោយកាម៉េរ៉ាសុវត្ថិភាព នៅលើស្ពានជាច្រើនដែលឆ្លងកាត់ទន្លេ​ Han ។ ស្ពានទាំងនេះ គឺជាទីកន្លែងលោតទឹកសម្លាប់ខ្លួន ដ៏ពេញនិយមបំផុតនៅកូរ៉េខាងត្បូង។ បច្ចេកវិទ្យា AI អាចសិក្សាស៊ីជម្រៅ មើលកាយវិការ ការធ្វើដំណើរ របស់មនុស្សដែលអាចជាមុខសញ្ញាធ្វើអត្តឃាតនៅលើស្ពាន ហើយជូនដំណឹងនេះទៅកាន់ក្រុមសង្គ្រោះឲ្យបានទាន់ពេលវេលា។ លោក Philippe Lenca សាស្ត្រាចារ្យនៅសាលា IMT Atlantique ទីក្រុងBrest ប្រទេសបារាំង បានលើកឡើងថា បច្ចេកវិទ្យា AI មិនអាចទាយស្មានដឹងមុនអំពីអាកប្បកិរិយាឈានទៅសម្លាប់ខ្លួនឡើយ។ តែ បច្ចេកវិទ្យា AI អាចចង្អុរបង្ហាញនូវកត្តាប្រឈមនានា ជួយឲ្យ​អ្នកជំនាញអាចដឹងមុន ហើយប្រញាប់រកវិធីជួយទប់ស្កាត់ការសម្លាប់ខ្លួន។ បច្ចេកវិទ្យា AI មានប្រភពទិន្នន័យច្រើន អាចខ្វែងផ្គូរផ្គងគ្នា ដោយរាប់ទាំងទម្លាប់នៃការប្រើប្រាស់បណ្តាញសង្គមរបស់អ្នកជំងឺ គុណភាពដំណេក សាវតាសុខភាពជាដើម។ សញ្ញាប្រឈមខ្លះ ភ្នែករបស់គ្រូពេទ្យចិត្តសាស្ត្រក៏អាចភ្លាត់មើលមិនបានអស់ដែរ។ ដូច្នេះ បច្ចេកវិទ្យា AI អាចជាជំនួយបន្ថែមមួយដ៏សំខាន់សម្រាប់គ្រូពេទ្យ ដើម្បីចាប់ចំណុចខ្សោយផ្នែកផ្លូវចិត្តរបស់អ្នកជំងឺ។ តែទន្ទឹមគ្នា គ្រូពេទ្យត្រូវតែមានបញ្ញាឆ្វេង​​យល់បាន នូវខ្លឹមសាររោគវិភាគសរសេរដោយបច្ចេកវិទ្យា AI។ ពោលគឺបញ្ញាមនុស្ស ត្រូវគួបផ្សំវេញចូលគ្នាជាមួយបញ្ញាសិប្បនិម្មិត។ តែយ៉ាងណាក៏ដោយ លោក Benjamin Joinau អ្នកជំនាញនរវិទ្យាជនជាតិ​បារាំង ដែលរស់នៅទីក្រុងសេអ៊ូលប្រមាណ៣០ឆ្នាំមកហើយ បានលើកឡើងថា វិបត្តិផ្លូវចិត្តរបស់ប្រជាជនកូរ៉េខាងត្បូង​​ គឺជាបញ្ហាចាក់ឫសយ៉ាងជ្រៅ​​ក្នុងសង្គមកូរ៉េខាងត្បូង។ ដូច្នេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតតែមួយមុខ មិនអាចដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ការ​ធ្វើ​​អត្តឃាតរបស់ប្រជាជនកូរ៉េខាងត្បូងបាននោះទេ៕

  9. 16

    ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ

    បន្ទាប់ពីធ្វើដំណើរ​ទៅឥណ្ឌា ប្រទេស​មហាយក្ស​ប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋាន​ពី​យោធា​មក​ស៊ីវិល លោក​មីន អ៊ុងឡាំង​ងាក​មក​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិនវិញម្តង។ យោង​តាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋ​ភូមា ប្រមុខរដ្ឋាភិបាល​ស៊ីវិល​ភូមា​ធ្វើដំណើរទៅចិន​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​ចិនដែលជា​ប្រទេស​ជិតខាងមានព្រំដែនរួមគ្នា​ជាង​២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំ​យោធាភូមា​ដែលជា​អ្នកដឹកនាំ​ការធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលរបស់​លោកស្រី​អ៊ុងសាន ស៊ូជី​ ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​លើកនេះ ដើម្បីស្វែងរក​ការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល​ស៊ីវិល​ ដែលមាន​លោក​ជា​ប្រធានាធិបតី​កើត​ចេញមកពី​ការបោះឆ្នោត​​នៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី​១៦មិថុនា ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​បាន​ប្រកាស​ចាប់ដៃ​សហការជាមួយ បុរសខ្លាំង​របស់​ភូមា មីន អ៊ុងឡាំង ដែលទើប​​ក្រឡាស់ខ្លួន ពី​មេដឹកនាំរបបសឹក មកជា​ប្រធានាធិបតី​ស៊ីវិល។ ចិនមិន​ចង់​របូត​ភូមា​ចេញពីដៃ ក៏ព្រោះតែ​មិនចង់​បាត់ប្រយោជន៍​។ ខុសពីទស្សនកិច្ច​លើកមុនៗ ប្រធានាធិបតីចិន លោកស៊ី ជីនពីង​ក្រាលព្រំក្រហម​ទទួល​អតីត​មេដឹកនាំយោធាភូមា លោកមីន អ៊ុងឡាំង ក្នុងនាមលោក​ជាប្រធានាធិបតី​​ដែលកើតចេញពីការបោះឆ្នោតនៅសភា កាលពីខែ​មេសា​កន្លងទៅ។ ដោយ​ទទួលស្វាគមន៍ ​លោកមីន អ៊ុងឡាំង ក្នុងនាមជា​ប្រមុខរដ្ឋ​ភូមា នៅក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ចិន ចំនួន​៥ថ្ងៃ ចិនរបស់​លោក​ស៊ី ជីនពីង​ចង់​បញ្ជាក់សាជាថ្មីថា ចិនជា​ដៃគូ​ដ៏សំខាន់ និងយុទ្ធសាស្រ្តរបស់ភូមា នៅគ្រប់កាលៈទេសៈ មិនថា អំឡុង​សុខសន្តិភាព ឬ​សង្រ្គាមស៊ីវិល​ដូច​សព្វថ្ងៃ។ នៅកិច្ចពិភាក្សា​ជាមួយ​លោកមីន អ៊ុងឡាំង​នៅទីក្រុង​ប៉េកាំងកាលពីថ្ងៃអង្គារ លោកស៊ី ជីនពីង​បាន​សង្កត់ធ្ងន់ថា ប៉េកាំង​គាំទ្រ​ជំហរការពារ​ដែនអធិបតេយ្យ​ភាព​របស់ភូមា និង​គាំទ្រ​រដ្ឋាភិបាល​ថ្មី​របស់​ភូមា នៅក្នុងការប្រឹងប្រែង​ស្វែងរក​តុល្យភាព​រវាង​ការអភិវឌ្ឍ​និង​សន្តិសុខ។ ឯកោ និងជាប់ទណ្ឌកម្ម​ពីសហគមន៍អន្តរជាតិ ​ព្រោះតែ​រដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី របបសឹកភូមា​នៅតែ​អាច​ឈរជើង ទប់ទល់​នឹង​ចលនា​ប្រឆាំង​ប្រដាប់អាវុធនៅទូទាំងប្រទេស ក៏ដោយមកពីបានទទួលជំនួយ​​ ទាំង​សេដ្ឋកិច្ច និងយោធា​ពី​ប៉េកាំង។ នៅ ភូមា រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ ជួយ​​គ្រប់ភាគីជម្លោះ មិនថា កងទ័ពភូមា ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​ ឬចលនា​អ្នកប្រឆាំង​នឹង​របបសឹក ដើម្បីធានា​ថា ប្រយោជន៍​សេដ្ឋកិច្ចចិន​នៅ​ភូមា​មិនរងផលប៉ះពាល់ រំខាន ទោះក្នុងកាលៈទេសៈដែលភូមា​កំពុង​ធ្លាក់ក្នុងសង្រ្គាមស៊ីវិលក្តី។ រាល់លើក ចិន​ទន្ទេញជាប់មាត់ ចង់ឃើញ​ស្ថិរភាព​សន្តិសុខ​ និងនយោបាយនៅភូមា ព្រោះថា កត្តាទាំងពីរនេះ​ដើរតួនាទីសំខាន់ ​ជួយ​ឲ្យ​ចិន​អាច​សម្រេច​ផែនការយុទ្ធសាស្រ្ត​ ក្នុងនាមជាមហាអំណាច​ក្នុងតំបន់។ ចិន​ត្រូវ​ការទឹកដីភូមាដើម្បីធ្វើជា​កន្លែងឆ្លងកាត់​​ដឹកទំនិញរបស់ចិន​ចេញពី​ខេត្ត​គុនមីង ទៅ​កាន់កំពង់ផែទឹកជ្រៅ​របស់​ចិន​នៅ​ទីក្រុងឆ្នេរសមុទ្រ​ភូមា Kyaukpyu នៅ​សមុទ្រ​បង់ហ្កាល់។ ​​ ចិនមាន​ផែនការ​ យក​ភូមា​ជា​កន្លែង​ឆ្លងកាត់សំដៅ​ទៅមហាសមុទ្រ​ឥណ្ឌា​ផ្ទាល់ ដោយ​មិនចាំបាច់ត្រូវ​​ប្រើសមុទ្រ​ចិន​ខាងត្បូង នៅក្នុងករណី​ដែលមានផ្ទុះសង្រ្គាមជាមួយតៃវ៉ាន់ រហូត​ធ្វើឲ្យ​ប៉ះពាល់ដល់​ចរាចរណ៍​ដឹកទំនិញ​របស់​ចិន។ សព្វថ្ងៃ​នេះចិន​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងទឹកដី​របស់ខ្លួន​ជិត​សព្វគ្រប់ដើម្បី​តភ្ជាប់​ទៅក្នុងដែនដី​ភូមា​ នៅ​ក្នុង​រដ្ឋ​ស្ហាន។ ដើម្បីធានា​សុវត្ថិភាព​ដល់អនាគត​គម្រោងសាងសង់​ផ្លូវដែក​សម្រាប់ដឹកនាំ​យកទំនិញចិន​ ចេញទៅ​មហាសមុទ្រ​ឥណ្ឌា និងដើម្បីការពារ​បំពង់បង្ហូរឧស្ម័ន​ដែល​ចិន​បាន​សាងសង់ភ្ជាប់ពី​ទឹកដីចិន​ទៅកំពង់ផែទឹកជ្រៅនៅ​ឈូងសមុទ្រ​បង់ហ្កាល់ ចិន​បាន​លូកដៃចូល​​​ដោយលួចលាក់ ក្នុង​សង្រ្គាម​ស៊ីវិល​នៅភូមា។ ជាក់ស្តែង នៅរដ្ឋ ស្ហាន ​ភាគខាងជើង​ភូមា ជាប់ព្រំដែន​ចិន បំពង់បង្ហូរឧស្ម័ន​របស់ចិនដែលឆ្លងកាត់ផ្ទៃប្រទេស​ភូមា​ទៅកាន់សមុទ្រ​បង់ហ្កាល់បានទទួល​សុខសុវត្ថិភាព គ្មានរងការខូចខាត បើទោះបីរដ្ឋនេះមានសមរភូមិប្រយុទ្ធរវាង​កងទ័ពភូមា និង​ក្រុមឧទ្ទាម​។ ហេតុផលគឺ ​ក្រុមឧទ្ទាមជនជាតិភាគតិច​ចំនួន​៣​ដែលបាន​រួម​កម្លាំង​គ្នា វាយដណ្តើម​យកតំបន់​ស្វ័យត​Kokangពីទាហាន​រដ្ឋាភិបាល​ភូមា បានទទួល​ជំនួយ​គាំទ្រទាំងហិរញ្ញវត្ថុ និង​យោធា​ពីប៉េកាំង​។ ​ចិនគាំទ្រ​ជ័យជំនះ​របស់​ក្រុមឧទ្ទាមជនជាតិភាគតិចទៅលើ​កងទ័ពភូមា ក៏ព្រោះតែចិន​មិនសប្បាយចិត្ត​នឹង​របបសឹក​ភូមាដែល​បាន​បណ្តោយ​ឲ្យ​ឧក្រិដ្ឋជនឆ​​បោកអនឡាញ នៅ​ក្នុង​តំបន់Kokangធ្វើសកម្មភាពបោកប្រាស់​ជំរិតទារលុយពីប្រជាជនចិន។ ដឹងថា ចិន​ថ្នាំងថ្នាក់ចិត្ត​នឹងខ្លួន​ មេដឹកនាំ​របបសឹកភូមា​បាន​បញ្ចេញថ្វីដៃ តាមរយៈ​ការបំផ្លាញ​ទីតាំង​អគារឆបោកអនឡាញ និង​ចាប់បញ្ជូន​មេឧក្រិដ្ឋជនទៅ​ឲ្យ​អាជ្ញាធរចិន​កាត់ទោស​ប្រហារជីវិតជាបន្តបន្ទាប់។ ចំណាត់ការរបស់​របបសឹកភូមា បានធ្វើឲ្យចិន​​សម្រេចចិត្តបញ្ចុះបញ្ចូល​​ភាគីជម្លោះទាំងពីរ ទាំងកងទ័ពភូមា​ និង​ក្រុមឧទ្ទាម​នៅ​រដ្ឋ​ស្ហានឲ្យអនុវត្តបទបាញ់​ នៅឆ្នាំ​២០២៤ ព្រោះទាំងពីរក្រុមសុទ្ធតែ​បាន​ជំនួយគាំទ្រ​ពីចិនដូចគ្នា។ ដំបូងឡើយ នៅពេលកើតមាន​រដ្ឋប្រហារ​ គេអាច​យល់ថា ចិន​ដកឃ្លា​ដោះដៃ​ពី​ក្រុមយោធាភូមា ដោយ​ផ្តោត​សំខាន់​ជួយ​​ក្រុមឧទ្ទាមដែលធ្លាប់ចេញមុខ​ធានា​ការពារ​ផលប្រយោជន៍​របស់​ចិន​នៅ​រដ្ឋស្ហាន។ ប៉ុន្តែ នៅចំពោះមុខ​ការក្រាញអំណាច បន្ត​ប្រយុទ្ធរបស់របបសឹកដើម្បី​ដណ្តើម​ទឹកដី​ពី​ដៃ​របស់​ក្រុមឧទ្ទាម និង​ក្រុមប្រឆាំង ប៉េកាំង​យល់​ថា ខ្លួន​មិនអាច​បោះបង់​ចោល​ក្រុមយោធា ដែល​បាន​បុកគ្រឹះអំណាច​រឹងមាំ ​​មិនងាយដួលរលំ​នៅភូមា​។ បូកផ្សំ​ជាមួយ​ឆន្ទៈ​របស់ក្រុមយោធា​ភូមាដែលសន្យា​​​ធានា​ពង្រឹង​ភាពជាដៃគូ​ជាមួយចិន ប៉េកាំង​បាន​សម្រេចចិត្ត​ឈរ​នៅខាងអ្នកខ្លាំង ដោយចេញមុខ​គាំទ្រ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់​លោកមីនអ៊ុងឡាំង ​​អតីត​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារកាលពី​៥ឆ្នាំមុន។ ជាផ្លូវការ ចិន​​ប្រកាស​ប្រកាន់ខ្ជាប់​ជំហរ​មិន​លូកដៃ​ចូល​កិច្ចការផ្ទៃក្នុង​របស់​ប្រទេសដទៃ។ ប៉ុន្តែ ការពិតជាក់ស្តែង ចិន​ប្រើ​ឥទ្ធិពល​របស់ខ្លួន ក្រោមស្លាកឈ្មោះសន្តិភាពចិន ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច និងចាត់ចែង​ជម្លោះ​ដណ្តើមទឹកដី​នៅភូមា ជាពិសេស​នៅរដ្ឋស្ហាន ជាទី​ដែល​ចិន​មាន​ឥទ្ធិពល​ទាំងទៅ លើ​កងទ័ព និង​​ក្រុមឧទ្ទាម។ បើសិន កងទ័ពភូមា និង​ក្រុមឧទ្ទាម​នៅរដ្ឋស្ហាន​យល់ព្រមបញ្ចប់​ការប្រយុទ្ធគ្នា ទៅតាម​សំណើ​របស់ចិន នោះ​ចិន​សង្ឃឹមអនុវត្ត សន្តិភាពបែបចិន ​នៅក្នុង​រដ្ឋ​ដទៃទៀត ជាទី​ដែលកំពុងមានជម្លោះប្រដាប់អាវុធ​ រវាង​កងទ័ពភូមា និង​ក្រុមឧទ្ទាមប្រឆាំង។ ​​ ​ឧទាហរណ៍​នៅ​រដ្ឋកាឈីន​ដែលជាប់ព្រំដែនជាមួយ​ចិនដែរ ប៉េកាំង​កំពុង​រិះរកមធ្យោបាយ​ដើម្បី​បញ្ចុះបញ្ចូល​ក្រុមឧទ្ទាមកាឈីន​ឲ្យឈប់​ធ្វើសង្រ្គាម បន្ទាប់ពី​ចិន​សំឡឹង​ឃើញ​រ៉ែកម្រមានច្រើន​នៅក្នុង​រដ្ឋនេះ។ នៅ​កាឈីន ចិន​ចង់​ចូលទៅ​គ្រប់គ្រង​ ធ្វើអាជីវកម្ម​លើ​រ៉ែកម្រ​ដែល​ជា​វត្ថុធាតុចាំបាច់​សម្រាប់បច្ចេកវិទ្យា ថាមពល​បៃតងរបស់​ចិន។ ចំណែក​នៅ​រដ្ឋរ៉ាឃីន​ជាប់មាត់សមុទ្រ​បង់ហ្កាល់ ចិន​ប្រាថ្នា​ចង់​ចាប់ដៃ​ជាមួយ​ក្រុមឧទ្ទាម​អារ៉ាខាន​ដើម្បី​ធានា​សុវត្ថិភាព​ឲ្យ​អនាគត​​តំបន់​សេដ្ឋកិច្ច​ពិសេសចិននិងភូមានៅទីនោះ។ តើសន្តិភាព​ចិន​នឹងជួយ​ស្រោចស្រង់​ភូមា​ចេញពីវិបត្តិធ្វើរដ្ឋប្រហារ និង​សង្រ្គាមស៊ីវិល​ដ៏រ៉ាំរ៉ៃដែលភូមាបានជួបនៅ​អំឡុង​៨០ឆ្នាំមកនេះ ឬ​ផ្ទុយទៅវិញ នឹងរុញច្រានភូមា​ឲ្យ​ធ្លាក់ទៅក្នុង​របបដឹកនាំ​ផ្តាច់ការដែលគ្មាន​សមត្ថភាព សាហាវព្រៃផ្សៃ គិតតែ​ប្រយោជន៍ផ្ទាល់ខ្លួន ភ្លេច​ប្រជាជន? ដោយអនុវត្តយុទ្ធសាស្រ្ត សន្តិភាពចិន ប៉េកាំង​គ្មាន​គោលដៅ​អ្វីផ្សេង​ក្រៅតែចង់​បាន​រ៉ែកម្ររបស់ភូមា និង​ចង់​បាន​ភូមាមកធ្វើ​ជា​ឈ្នាន់ដើម្បីផលប្រយោជន៍​យុទ្ធសាស្រ្ត​ធ្វើជំនួញ វិនិយោគ​របស់ចិន នៅក្នុងគម្រោង​ផ្លូវសូត្រ​៕

  10. 15

    មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យ​នុយក្លេអ៊ែរកាន់​តែខ្លាំង

    មហាអំណាចនុយក្លេអ៊ែរទាំង​៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បី​​ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែល​បានចេញផ្សាយ​កាលពីថ្ងៃទី​៨មិថុនា​។ ពិភពលោកយើង​កំពុងតែឈានជើងចូល​ក្នុងកាលៈទេសៈ​ប្រកួតប្រជែងគ្នា​ ដែល​ប្រការនេះ វានឹង​បង្កើនកម្រិត​នៃហានិភ័យ​ដែល​អាចធ្វើ​ឲ្យ​​ផ្ទុះសង្គ្រាម​នុយក្លែអ៊ែរ​។ យោងតាមរបាយការណ៍របស់យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ការចំណាយលើសព្វាវុធនុយក្លេអែរ បានកើនឡើងជាសរុប ដល់ជិត១១៩ ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំ​២០២៥ ពោលគឺកើន​ ១៩% ប្រើប្រៀបធៀបទៅឆ្នាំមុន។​ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង​៩ ដែលមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ហាក់កំពុងតែផ្តល់អាទិភាព​លើ​វិស័យសព្វាវុធមហាប្រល័យនេះ​​។​ គួរកត់​សំគាល់​ថា ការបន្ថែមការចំណាយនេះ​​ ស្ថិត​ក្នុងបរិបទមួយ​​ដែលបញ្ហាភូមិសាស្ត្រនយោបាយ​កាន់តែតានតឹង ហើយ​​​​ប្រទេសមហាអំណាច ខំពន្លឿនការធ្វើទំនើបកម្មស្តុក​សព្វាវុធ​តែរៀងៗខ្លួន​។ មិនខុសពី​​របាយការណ៍​យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង​ស្តុកខូលម៍​ ហៅកាត់ថា​ Sipri ក៏បាន​ថ្លែងការព្រួយ​បារម្ភដែរ​ ថាទំនោរ​នេះអាចនាំឱ្យមានការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរ សា​ជាថ្មីនៅលើពិភពលោក។​ ហានិភ័យ​ដ៏ធំមួយទៀតនោះ គឺការប្រើប្រើប្រាស់កាន់តែខ្លាំងឡើងនូវ ច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រព័ន្ធសព្វាវុធទំនើប​ ដែល​​អាចមានឥទ្ធិពលលើការសម្រេចចិត្ត ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ យោងតាម​វិទ្យាស្ថាន Sipri ពិភពលោកបច្ចុប្បន្ន​ មានក្បាលគ្រាប់នុយក្លេអ៊ែរ សរុបទាំងអស់​​ប្រមាណ ១២១៨៧ គ្រាប់ ក្នុងនោះ​៩៧៤៥គ្រាប់ គឺកំពុងស្ថិតនៅក្នុងស្តុកអាវុធ​ដែលគេត្រៀមទុកប្រើភ្លាម​ៗ។ ទោះបីជាចំនួនសរុប​នៃ​​សព្វាវុធ​នុយក្លេអ៊ែរ បន្តធ្លាក់ចុះក៏ដោយ តែក្រុមអ្នកជំនាញ បានបញ្ជាក់ថា ហានិភ័យនុយក្លេអ៊ែរវិញកំពុងកើនឡើង។ មូលហេតុ គឺប្រទេសដែលមានអាវុធនុយក្លេអ៊ែរកំពុងដកក្បាលគ្រាប់ចេញពីឃ្លាំងស្តុក និងដាក់បំពាក់លើប្រព័ន្ធបាញ់បង្ហោះ ឬហៅថា វិកទឺរ ដើម្បីត្រៀម​​ប្រើប្រាស់បាន​ភ្លាម​ៗ​។ តាមការលើកឡើងរបស់លោក Karim Haggag នាយកវិទ្យាស្ថាន​ Sipri ការថយចុះនៃចំនួនក្បាល​គ្រាប់នុយក្លេអ៊ែរ មិនមានន័យថាហានិភ័យថយចុះនោះទេ​​។ ផ្ទុយទៅវិញ ការពន្យារពេលរុះរើអាវុធចាស់ និងការបង្កើនល្បឿនដាក់ពង្រាយអាវុធថ្មី អាចធ្វើឱ្យចំនួនអាវុធកើនឡើងវិញនាពេលអនាគត។ គួរបញ្ជាក់ថា ​៨៣%នៃ​​ក្បាល​គ្រាប់​នុយក្លេអ៊ែរទាំងអស់ ស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិក​និងរុស្ស៊ី។ មហាអំណាចទាំង២នេះ ម្នាក់ៗមាន​​ជាង​៥០០០គ្រាប់​។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលចាយប្រាក់ច្រើនជាងគេលើអាវុធនុយក្លេអ៊ែរ។ ក្នុងឆ្នាំ២០២៥ អាមេរិក​​បានចំណាយ ជិត​៧ម៉ឺនលានដុល្លារ​ ពោលគឺច្រើនជាងការចំណាយរបស់ប្រទេសនុយក្លេអ៊ែរផ្សេងៗទៀត បូកបញ្ចូលគ្នាទាំង​អស់។​ ចិនឈរនៅលំដាប់ទីពីរ ដោយចំណាយប្រមាណ ១៣៥០០ លានដុល្លារ បន្ទាប់មកគឺ អង់គ្លេស (១២,៦ ពាន់លានដុល្លារ) និងរុស្ស៊ី (៩,៥ ពាន់លានដុល្លារ)។ ក្នុងពេលជាមួយគ្នានេះ ចិនកំពុងពង្រីកឃ្លាំងស្តុក​​អាវុធនុយក្លេអ៊ែររបស់ខ្លួន យ៉ាង​លឿនរហ័សជាងគេ។ បច្ចុប្បន្នចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៦២០គ្រាប់។ វិទ្យាស្ថាន Sipri រំពឹងថា នៅរវាង​​ឆ្នាំ២០៣០ ចិនអាចមានចំនួន​មីស៊ីលបាលីស្ទីក​​ឆ្លងទ្វីប ប្រហាក់ប្រហែលនឹងសហរដ្ឋអាមេរិក ឬរុស្ស៊ី។ ជាសរុប ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ ចំណាយ​លើវិស័យសព្វាវុធនេះ​ សរុបទាំងអស់ ​៤៧ម៉ឺនលានដុល្លារ​ ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ​។ ប្រទេសទាំងនេះ នឹងបន្តវិនិយោគលើវិស័យ​សព្វាវុធនុយក្លេអ៊ែរ ច្រើន​​ទសវត្សរ៍ទៅមុខទៀត​​។ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានត្រៀមប្រាក់​ច្រើនសិបពាន់លានដុល្លារ ដើម្បី​​រៀបចំផែនការធ្វើទំនើបកម្ម អភិវឌ្ឍន៍ និងថែទាំជួសជុល​​ប្រព័ន្ធសព្វាវុធនុយក្លេអ៊ែរ ពីពេលនេះ​​រហូតដល់ដំណាច់សតវត្សរ៍ទី​២១។​ មីស៊ីលឆ្លងទ្វីប Sentinel របស់អាមេរិក អាចនៅតែប្រើប្រាស់បាននៅក្រោយ​​ឆ្នាំ ២១០០ រីឯ​ក្បាលគ្រាប់នុយក្លេអ៊ែរមួយចំនួនវិញ គេនៅតែអាចប្រើការ​បាន​ រហូតដល់ឆ្នាំ២១២០។ យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ថា ICAN បានព្យាករណ៍​ថា សហរដ្ឋអាមេរិក នឹងចំណាយជិត ១០០ម៉ឺនលានដុល្លារ លើឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងរវាងពី​ឆ្នាំ ២០២៥-២០៣៤។ ICAN បានរិះគន់ដោយ​សោកស្តាយ​ថា ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គួរណាតែត្រូវបាន​គេយក​ទៅប្រើប្រាស់ក្នុង​​វិស័យសំខា ​ ដូចជាវិស័យ​សុខាភិបាល និងសេវាសាធារណៈផ្សេងៗទៀតវិញល្អជាង​​​។ ទោះបីជាចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅលើពិភពលោក មានទំនោរថយចុះក៏ដោយ ការកើនឡើងនៃការចំណាយ ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងការប្រកួតប្រជែងរវាងមហាអំណាចកំពុងធ្វើឱ្យអ្នកជំនាញព្រួយបារម្ភ ថាហានិភ័យនុយក្លេអ៊ែរនៅលើពិភពលោក កំពុងកើនឡើងកាន់តែខ្លាំង៕

  11. 14

    ឆ្នាំ២០២៥កន្លងទៅ ពិភពលោកវឹកវរខ្លាំងដោយអំពើហិង្សា សង្គ្រាមកាប់សម្លាប់

    អំពើហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់ជីវិត បាន​កើតមាន​ឡើងខ្លាំងនៅទូទាំងពិភពលោក ក្នុងឆ្នាំ​២០២៥។ នេះបើផ្អែកតាមរបាយការណ៍​ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុង​អូស្លូ ដែលបានចេញផ្សាយនៅថ្ងៃទី​៩មិថុនា​។ គិតចាប់ពី​ចប់សង្រ្គាម​លោក​លើកទី​២មក ឆ្នាំ​២០២៥ជាឆ្នាំ​ដែល​មានជម្លោះព្រំដែន ជម្លោះ​រវាង​ប្រទេសនិងប្រទេស​ ក្នុងចំនួនច្រើនបំផុត។ ពិភពលោក​បាននិងកំពុងតែវក់វី ជាមួយភាពហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់​។​ យោងតាម​របាយការណ៍ប្រចាំឆ្នាំ របស់​វិទ្យាស្ថានស្រាវជ្រាវសន្តិភាព​ នៅទីក្រុងអូស្លូ តួលេខបានបង្ហាញថា​ ឆ្នាំ​២០២៥ គឺជាឆ្នាំដ៏ហិង្សាបំផុត ទាំងចំនួន​ជម្លោះ សង្គ្រាម ទាំងចំនួន​មនុស្ស​ស្លាប់​។ លោកស្រី Siri  Aas Rustad អ្នកស្រាវជ្រាវ​ម្នាក់​នៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងអូស្លូ ហៅកាត់ថា​ PRIO បាន​លើកឡើងថា ឆ្នាំមុន​ៗលោកស្រី​អាចច្បិចបាន​ចំណុចវិជ្ជមាន​ខ្លះ​នៅក្នុងសន្និដ្ឋានបូកសរុប តែឆ្នាំ​២០២៥គឺរកចំណុចវិជ្ជមាន​មិនបានសោះ មាន​តែ​វិបត្តិហិង្សាពាស​​ពេញពិភពលោក​។ នៅឆ្នាំ​២០២៥ មាន​ជម្លោះ​បាន​ផ្ទុះ​ឡើងចំនួន​៦៥ករណី ដែល​មានពាក់ព័ន្ធយ៉ាងហោច​ជាមួយ​ប្រទេសមួយ​។ ចំនួន​នេះ​ គឺច្រើនបំផុត​មិន​ធ្លាប់​មាន​ បើរាប់ចាប់ពីឆ្នាំ​១៩៤៦មក។ ជម្លោះរវាងប្រទេសមួយ​និងប្រទេសមួយវិញ គឺមាន​ដល់ទៅ​៨​ជម្លោះ ពោលគឺបាន​កើនឡើងទ្វេដង​ បើប្រៀបធៀបទៅ​ឆ្នាំ​២០២៤។ ក្នុងជម្លោះ​រវាងប្រទេស​និងប្រទេស​ គឺមាន​ជាអាទិ៍ ជម្លោះទឹកដី​បញ្ហា​​ព្រំដែន ដូចជា​រវាងប៉ាគីស្ថាននិងឥណ្ឌា រវាង​កម្ពុជនិងថៃ ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រតិបត្តិការកងទ័ពអ៊ីស្រាអែលនៅស៊ីរី និង​ជម្លោះផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា​។ ផ្អែកតាមរបាយការណ៍ខាងលើ ឆ្នាំ​២០២៥ គឺជាឆ្នាំ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុ​តកម្រិតទី​៣ បើគិតចាប់ពីក្រោយសម័យ​​​សង្គ្រាមត្រជាក់​។​ ជីវិតមនុស្ស​ប្រមាណ​២៤៥០០០នាក់ បាន​ស្លាប់​ដោយ​ការប្រយុទ្ធ និងអំពើហិង្សានយោបាយ​ ក្នុងនោះ ៧៦៥០០នាក់ គឺស្លាប់ដោយ​ការវាយប្រហារ​សំដៅដោយចំពោះទៅលើ​ជនស៊ីវីល។ កាលពី​ឆ្នាំ​២០២៤ ចំនួន​ជន​ស៊ីវីល​ស្លាប់​មាន​ចំនួន​ ១៤២០០នាក់ ពោលគឺតិចជាងឆ្នាំ​២០២៥ ដល់ទៅ​​៥ដង​។ ចំនួន​តួលេខជនស៊ីវីល​ស្លាប់ កើនឡើងខ្លាំងក្នុងឆ្នាំ​២០២៥ គឺ​មួយផ្នែកធំ ដោយហេតុតែវិបត្តិនៅស៊ូដង់ខាងត្បូង។ គ្រាន់តែ​​ជម្លោះវាយប្រហារគ្នា នៅទីក្រុ​ង​ El-Facher តំបន់ដាកហ្វួរស៊ូដង់ខាងត្បូង បានផ្តាច់ជីវិតជនស៊ីវីល ដល់ទៅ​​៦០០០០​នាក់​។​ ​បើរាប់ពីចប់សង្គ្រាមត្រជាក់មក មានតែ​សង្គ្រាមនៅទីហ្ក្រេ ឆ្នាំ​២០២១ និង​និងសង្គ្រាមស៊ីវីល​នៅរ៉ូវ៉ាន់ដា ទេ ដែល​មានចំនួន​ជនស៊ីវីលស្លាប់ច្រើនជាង​ឆ្នាំ​២០២៥​។ អ្វីដែល​អ្នកស្រាវជ្រាវ​បានសង្កេតឃើញ គឺ៥-៦ឆ្នាំចុងក្រោយនេះ ជម្លោះហិង្សា សង្គ្រាម​ច្រើន​កន្លែង​បាន​កើតឡើងក្នុងពេលព្រមៗគ្នា​ ហើយ​ក៏មានទំនាក់ទំនង​រវាង​គ្នាដែរ​។ លោកស្រី Siri  Aas Rustad លើកឡើងថា ពិភពលោក​ដូចជាមិន​បានស្រាកស្រាន​សោះ​ អស់ពីសង្គ្រាម​មួយចូល​សង្គ្រាម​មួយទៀត​។ ចន្លោះពីឆ្នាំ​២០០០ ដល់ឆ្នាំ​២០១០ ពិភពលោក​បានស្ងប់ស្ងាត់​ច្រើនឆ្នាំជាប់គ្នា​​ ពុំមាន​ជម្លោះរវាងប្រទេសនិងប្រទេស​ទេ។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គ្រាមកាន់តែហិង្សា ក្តៅគគុក និង​បន្តឥតដាច់នៅទូទាំងពិភពលោក​។ សូមបញ្ជាក់ថា របាយការណ៍សិក្សា​​​របស់វិទ្យាស្ថាន​ស្រាវជ្រាវសន្តិភាព ត្រូវបាន​ធ្វើឡើងដោយ​ផ្អែក​លើ​តួលេខ​ប្រមូ​លដោយ​ Conflict Date Program នៃសកលវិទ្យា​ Uppsala  ប្រទេសស៊ុយអែត។​ អ្នកជំនាញ បានបែងចែក​ អំពើហិង្សា​ជា​៣ប្រភេទធំៗ ៖ អំពើហិង្សា​ដែល​មានពាក់ព័ន្ធ​ជាមួយ​រដ្ឋយ៉ាងហោច១ អំពើហិង្សា​មិនមែនជាលក្ខណៈរដ្ឋ និង​អំពើហិង្សាដោយអត្តនោម័តធ្វើទៅ​លើ​ជនស៊ីវីល​។ លោក​ស្រី Siri  Aas Rustad បាន​គូសបញ្ជាក់ថា អំឡុងពេលនេះ អ៊ីស្រាអែល​ត្រូវបាន​គេមើលឃើញថា​គឺជារដ្ឋដែលហិង្សាជាងគេបង្អស់។ អ៊ីស្រាអែលបានចូលរួម​ដោយ​ផ្ទាល់ នៅក្នុងសកម្មភាព​ជម្លោះហិង្សា នៅ​ហ្កាហ្សា នៅលីបង់ នៅស៊ីរី នៅយេម៉ែន និង​នៅអ៊ីរ៉ង់​ជាដើម​។ ដោយឡែក អំពើហិង្សាមួយចំនួនទៀត មិន​សូវត្រូវបាន​គេ​ចាប់អារម្មណ៍ ឧទាហរណ៍ អំពើហិង្សា​បង្កឡើងដោយបណ្តាញឧក្រិដ្ឋកម្ម​អន្ធពាលនៅប្រទេសហៃទី និងអំពើហិង្សាក្រោយ​ការបោះឆ្នោត​នៅប្រទេសតង់ហ្សានី​ជាដើម​។ យោងតាមរបាយការណ៍ សហរដ្ឋអាមេរិក​ដែលពីមុនជាមហាអំណាចរក្សាសន្តិភាពពិភពលោក ពេលនេះក៏បានចូលរួមយ៉ាងសកម្មដែរ នៅក្នុងការបង្កើនជម្លោះហិង្សា​។ សំពាធតានតឹងរបស់ពិភពលោក មួយ​ផ្នែក​បានកើតចេញពីសង្គ្រាមអត្រាពន្ធដែល​លោកដូណាល់ ត្រាំ បានដាក់សម្លុត ទៅលើ​សឹងគ្រប់ប្រទេស​។ ជារួម ពិភពលោកយើងបច្ចុប្បន្នរួម​រឹតវឹកវរដោយ​ជម្លោះ​ហិង្សា ដោយសង្គ្រាម​ ស្របពេលដែលក្រុមប្រឹក្សា​សន្តិសុខនៃអង្គការសហប្រជាជាតិ កាន់តែបាត់មុខ និង​គ្មាន​ដំណើរការទៅមុខ​។ ពិភពលោកយើង កំពុងតែដើរឆ្ពោះទៅរក​ភាពបាក់បែក ចែកបក្សពួក ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង​។ អាហ្វ្រិកទ្វីបដែល​ក្រីក្របំផុត គឺជាទីកន្លែងដែល​រងគ្រោះដោយជម្លោះសង្គ្រាមច្រើនជាងគេ ខណៈតំបន់អាស៊ី និង​នៅមជ្ឈិមបូព៌ា ស្ថិតនៅ​លេខរៀងទី​២និង​ទី​៣៕​

  12. 13

    ហេតុអ្វីការប៉ុនប៉ង​របស់​លោកត្រាំ ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​Abraham អាច​បរាជ័យធ្លាក់ទឹក?

    ជំហរ​របស់​លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅ​មួយថ្ងៃ ប្រធានាធិបតីទី​៤៧​របស់​អាមេរិក​ប្រកាសដំណឹង​ជាមួយ​ការប្តូរជំហរ​ក្រឡាប់ចាក់ ធ្វើ​ឲ្យពិភពលោក​តាមសឹង​មិនទាន់។ ទាក់ទង​នឹង​ការចរចា​ដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំ​អាមេរិក​បង្ហោះសារ​ម្តងថា ជិត​ឈាន​សម្រេច​បាន​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោក​មិន​ប្រញាប់​ចង់​បាន​កិច្ចព្រមព្រៀង​ភ្លាមៗ​ជាមួយ​អ៊ីរ៉ង់។ ជាក់ស្តែង  នៅក្នុងសារ​បង្ហោះផ្សាយ​លើ​បណ្តាញសង្គម​Truth Social របស់​លោក​កាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយ​ថា លោក​បាន​ប្រាប់​ក្រុមចរចាអាមេរិក​កុំ​ឲ្យ​ប្រញាប់ នៅក្នុង​រឿង​រកកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់។ លោកត្រាំ​និយាយ​យ៉ាងដូច្នេះ នៅពីរថ្ងៃ​ក្រោយ លោក​ជួបពិភាក្សា​តាមទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អារ៉ាប់ ដើម្បី​និយាយ​ពី​កិច្ចព្រមព្រៀង​Abraham ឬ​កិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព​រវាងអ៊ីស្រាអែល និង​ក្រុមប្រទេស​អារ៉ាប់។ នៅប៉ុន្មាន​ថ្ងៃមកនេះ អារ៉ាប៊ី សាអូឌីត កាតា និង​ប៉ាគីស្ថាន ប្រទេស​កាន់សាសនា​អ៊ីស្លាម​ទាំងបី​បាន​ដុតដៃ ដុតជើង​ច្រើន​ដើម្បីរកច្រកចេញ ឲ្យវិបត្តិ​សង្រ្គាម​រវាង​អាមេរិក និងអ៊ីរ៉ង់ នោះបើទោះបីជា ទាំង​អារ៉ាប៊ី សាអូឌីត និងកាតា​បាន​រងគ្រោះ ព្រោះតែអ៊ីរ៉ង់​បាញ់ដ្រូន និងមីស៊ីល​សងសឹកមូលដ្ឋានទ័ព​អាមេរិក​នៅ​ប្រទេស​ជិតខាងទាំងពីរ​នេះ។ នៅថ្ងៃចន្ទ កាតា​បានទទួល​រាក់ទាក់​ក្រុមចរចា​របស់អ៊ីរ៉ង់​ដែល​ប្រាថ្នា​ចង់​ឲ្យ​កាតា​ជួយ​សម្រាល​ទណ្ឌកម្ម តាមរយៈ​ការឈប់​ផ្អឹបខ្ទប់​ទ្រព្យសម្បត្តិ​ជាង​២៤​ពាន់លាន​ដុល្លារ នៅពេល​អ៊ីរ៉ង់​ឈាន​ទៅ​ចុះកិច្ចព្រមព្រៀង​ជាមួយ​អាមេរិក។ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ស្ថិរភាព​នៅក្នុង​តំបន់ កាតា អារ៉ាប៊ី សាអូឌីត និងប្រទេស​អារ៉ាប់​មួយចំនួនទៀត នៅឈូង​សមុទ្រ​ពែក្ស ចង់​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​បិទបញ្ចប់​សង្គ្រាម​កាន់តែ​ឆាប់​នៅដើមបូព៌ា។ នៅក្នុង​ក្រសែភ្នែក​របស់​ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ នេះជា​ឱកាស​មួយ​ដែល​លោក​អាច​ដាស់​ឲ្យ​រស់ឡើងវិញ កិច្ចព្រមព្រៀង Abraham ដែលលោក​ជា​អ្នកផ្ចុងផ្តើម​កាលពីអាណត្តិទី​១ នៅក្នុង​គោលដៅ ផ្សាភ្ជាប់ទំនាក់ទំនង​រវាង​អ៊ីស្រាអែល ប្រទេស​ជ្វីហ្វ ជាមួយ ក្រុមប្រទេស​កាន់សាសនា​អ៊ីស្លាម។ តើ​លោកត្រាំ​ជាអ្នកនឹកភ្នក​គំនិត​នេះ ដោយ​ខ្លួនឯង ឬ​មានគេ​ផ្លុំ​ត្រចៀក? គេ​មិនអាច​ទាញសេចក្តីសន្និដ្ឋាន​ណាមួយ​បាន​ទេ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លើក​យក​រឿង​កិច្ចព្រមព្រៀង​Abraham មក​ចងភ្ជាប់​ជាមួយកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ នៅបន្ទាប់ពី​លោក​បាន​និយាយ​ទូរស័ព្ទ ជាលើកទី​២ជាមួយ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ទី ២៣​ឧសភា។ នៅថ្ងៃ​សៅរ៍ដដែល លោកត្រាំ​បាន​កោះហៅ និយាយ​តាមទូរស័ព្ទជាមួយ​មេដឹកនាំ​បណ្តាប្រទេស​អ៊ីស្លាម ដូចជា ប៉ាគីស្ថាន អារ៉ាប៊ី សាអូឌីត កាតា អេហ្ស៊ីប តួកគី ហ្សកដានី អេមីរ៉ាត អារ៉ាប់រួម និង​បារ៉ែនជាដើម។ នៅ​ក្នុង​សារ​បង្ហោះផ្សាយ​នៅ​មួយថ្ងៃក្រោយ លោកត្រាំ​បាន​និយាយ​បែបដាក់​សម្ពាធ ដាក់លក្ខខណ្ឌ ឲ្យ​ក្រុមប្រទេស​អារ៉ាប់ ប្រទេស​កាន់សាសនា​អ៊ីស្លាម ត្រូវ​តែ​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​Abraham ដើម្បី​ចង​មេត្រីភាពជាមួយ​អ៊ីស្រាអែល បើសិនជា​គេ​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ អាមេរិក។ អារ៉ាប៊ីសាអូឌីត និងកាតា​ជាអ្នកចាប់ផ្តើម​មុនគេ។ នេះបើតាម​លោកត្រាំ។ ក្រៅពី​អេមីរ៉ាត អារ៉ាប់រួម ស៊ូដង់ ម៉ារ៉ុក និង​បារ៉ែន​ដែលបាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​យល់​ព្រម​ចងមិត្តភាព​ជាមួយអ៊ីស្រាអែល ក្រោមគំនិត​ផ្តួចផើ្តម​របស់​លោកត្រាំ កាលពី​ឆ្នាំ ២០២០ អារ៉ាប៊ី សាអូឌីត​បាន​យល់ព្រម​សិក្សា​ដើម្បីជំរុញ​ទៅ​ចងសម្ព័ន្ធភាព​ជាមួយអ៊ីស្រាអែល។ ប៉ុន្តែ សង្រ្គាម​វាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់ហ្កាហ្សា និងការរំលោភចូលកាន់កាប់ទឹកដីប៉ាឡេស្ទីន​នៅ​ស៊ីហ្សកដានី ពីសំណាក់​រដ្ឋាភិបាល និង​និគមជន​អ៊ីស្រាអែល បាន​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត ដកឃ្លា និង​ត្រលប់​មក​ដាក់​លក្ខខណ្ឌ​ឲ្យ​អ៊ីស្រាអែល​ត្រូវតែ​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន បើសិន​ចង់​បាន​សម្ព័ន្ធភាពពី​អារ៉ាប៊ី សាអូឌីត។ បើតាម​អ្នកវិភាគ​មួយចំនួន ដោយ​ប្រកាស​ទាញ​ភ្ជាប់​កិច្ចព្រមព្រៀង​Abraham ជាលក្ខខណ្ឌ​មួយ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​បិទបញ្ចប់សង្រ្គាម​នៅដើមបូព៌ា លោក​ដូណាល់ ត្រាំ​ទំនង​ចង់​បំពេញចិត្ត​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​មិនប្រាថ្នា​ចង់​ឃើញ​អាមេរិក​ចុះកិច្ចព្រមព្រៀង បញ្ឈប់​សង្រ្គាម​វាយប្រហារ​អ៊ីរ៉ង់។ លោកត្រាំអាច​គិតថា អ៊ីស្រាអែលក្រោមការដឹកនាំ​របស់​រដ្ឋាភិបាល​ស្តាំនិយមជ្រុល​អាច​នឹង​យកជើងរាទឹក រារាំង​មិន​ឲ្យកើតមាន​កិច្ចព្រមព្រៀង តាមរយៈ​ការវាយប្រហារ​តែម្នាក់ឯង រហូត​ធ្វើ​ឲ្យ​ផ្ទុះសង្រ្គាម​សាជាថ្មីជាមួយ​អ៊ីរ៉ង់។ ហេតុផលមួយទៀត​ដែលធ្វើ​ឲ្យ​លោក​ត្រាំ​ស្រាប់តែ​នឹកភ្នក​មក​ដាក់​លក្ខខណ្ឌ​ឲ្យ​ក្រុមប្រទេស​អារ៉ាប់ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​Abraham នៅពេលនេះ គឺ​អាច​មក​លោកត្រាំ ចង់​បញ្ចុះបញ្ចូល​មតិសាធារណជន​អាមេរិក​ឲ្យឃើញថា ការធ្វើ​សង្រ្គាម​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់​លើកនេះ មិន​អត់ប្រយោជន៍ទាំងស្រុងទេ។ ទោះបីជា​មិនអាច​ទៅ​ផ្លាស់ប្តូរ​របបដឹកនាំ​ផ្តាច់ការនៅអ៊ីរ៉ង់ និងទោះជា​មិនអាច​បំផ្លាញ​កម្មវិធី​មីស៊ីល និងនុយក្លេអ៊ែរ​ទាំងស្រុង​របស់អ៊ីរ៉ង់ ប៉ុន្តែ យ៉ាងហោច ផែនការវាយប្រហារ​របស់​លោកទៅលើ​អ៊ីរ៉ង់​បាន​អនុញ្ញាត​បើកផ្លូវ​ឲ្យ​អ៊ីស្រាអែល​មានទំនាក់ទំនងល្អប្រក្រតីជាប្រវត្តិសាស្រ្ត​ជាមួយ​បណ្តាប្រទេស​អារ៉ាប់។ ចំពោះអ្នកតាមដាន​នយោបាយ​នៅ​ដើមបូព៌ា ក្តីប្រាថ្នា​ចង់បាន​របស់​លោកដូណាល់ ត្រាំ គ្រាន់តែ​ជារឿងស្រមើស្រមៃ មិនអាច​សម្រេច លេច​ចេញជា​រូបរាង​បានឡើយ ជាពិសេស នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដែល​អ៊ីស្រាអែល​បន្ត​បាញ់ប្លោង​លីបង់ កាន់កាប់​ទឹកដីហ្កាហ្សា រំលោភ​យក​ដែនដី​ស៊ីហ្សកដានី​របស់​ប្រជាជន​ប៉ាឡេស្ទីន និង​តំបន់​Golan របស់​ស៊ីរី។ ចំពោះប្រទេស​អារ៉ាប់ ដូចជា អារ៉ាប៊ី សាអូឌីត កាតា ស៊ីរី ជាដើម ការផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជ្វីហ្វ ដូចជា​អ៊ីស្រាអែល មិនមែនជាអាទិភាពឡើយ។ គេពេញចិត្ត​នឹង​ជម្រើស​ប្រទេសអ៊ីរ៉ង់ ដែលមាន​សាសនា ដូចគ្នា បើសិនជាអាច​ទៅរួច ព្រោះថា បើសិន​មាន​សង្រ្គាម​ផ្ទុះឡើង​រវាង​អ៊ីរ៉ង់ និង​បណ្តាប្រទេស​អារ៉ាប់ ព្រោះតែ អ៊ីស្រាអែល​ជាអ្នកបញ្ឆេះពីក្រោយ នោះ បណ្តា​ប្រទេស​នៅអារ៉ាប់ ​ទាំងមូល​នឹង​ត្រូវ​ឆេះ បំផ្លាញខ្ទេចខ្ទីរព្រោះតែ​សង្រ្គាម និងអស្ថិរភាព​នៅក្នុង​តំបន់។ ម្យ៉ាង សង្រ្គាមរបស់​អាមេរិក និងអ៊ីស្រាអែល​វាយប្រហារទៅលើ​អ៊ីរ៉ង់​លើកនេះ​បាន​សបញ្ជាក់​ឲ្យ​ក្រុមប្រទេស​អារ៉ាប់​ឃើញថា អាមេរិកមិនអាច​ជួយ​បាំងការពារ​ពួកគេ​ពី​ការវាយប្រហារ​ដ្រូន និង​មីស៊ីល​របស់​អ៊ីរ៉ង់​បានឡើយ។ ដូច្នេះ ជាជាង​តាំង​ខ្លួន​ជាសត្រូវរបស់អ៊ីរ៉ង់ តាមរយៈ​ការចុះកិច្ចព្រមព្រៀង​បង្កើត​ចំណង​មេត្រីភាពជាមួយ​អ៊ីស្រាអែល ក្រុម​ប្រទេស​អារ៉ាប់ ដូចជា អារ៉ាប៊ី សាអូឌីត​ឬ​កាតាជាដើម អាច​បោះដៃ​ទៅ​ចុះ​កិច្ចព្រមព្រៀង​យោគយល់ណាមួយ​ជាមួយអ៊ីរ៉ង់ ដើម្បី​លែង​ជាផ្ទាំងស៊ីប​វាយប្រហារ​របស់​មីស៊ីល និងដ្រូន​របស់អ៊ីរ៉ង់ ទៅថ្ងៃអនាគត៕

  13. 12

    លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំ​​និងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នា​​ដោយ​​រូបភាព​ និង​​ការឃោសនា

    សង្គ្រាម​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា​ ក៏ជាមធ្យោបាយ​មួយដែរ ដែលភាគីទាំង២បា​នប្រើ ដើម្បី​គំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក​។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ​បានបង្ហោះរូបថត និងវីដេអូ​​ បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​​ បង្ហាញ​ឲ្យ​ឃើញ​លោក ​ត្រៀមចុចប៊ូតុងក្រហម​ បញ្ជាគ្រាប់បែក​បរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍​រដ្ឋ របបអ៊ីរ៉ង់​បានផ្សព្វផ្សាយឃោសនា​ ​នូវជ័យជំនះ​របស់អ៊ីរ៉ង់ ក៏ដូចជា​ការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ​។ រូបភាពនិងការផ្សព្វផ្សាយឃោនា​ តែងតែជាផ្នែកមួយនៃ​​អាវុធ នៅក្នុង​ការធ្វើសង្គ្រាម។ ក៏ប៉ុន្តែ​ ជាមួយនឹងការភាពរីកចម្រើន​នៃបច្ចេកវិទ្យាទំនើប និង​​​បណ្តាញសង្គមសំបូរបែប​ រូបភាពច្នៃប្រឌិតបង្កើតឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានវត្តមានកាន់តែខ្លាំងឡើង ដែលគេប្រើវា​​ដើម្បីវាយប្រហារ គំរាមសំឡុត​ និងមាក់​ងាយទៅលើគូសត្រូវ​។ នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គេសង្កេតឃើញថា លោកដូណាល់ ត្រាំ បានប្រើបណ្តាញសង្គម Truth Social របស់លោក ជាសមរភូមិមួយដើម្បីវាយប្រហារ គំរាមសំឡុតអ៊ីរ៉ង់​ និងអួតពីភាពអស្ចារ្យរបស់​លោក​។ អមជាមួយនឹង​សារ​ គំរាមថាអាមេរិកនឹងវាយកម្ទេចអ៊ីរ៉ង់ឲ្យឆេះអស់ក្លាយជាផេះ ប្រសិនបើមិនព្រមចុះ​​កិច្ចព្រមព្រៀងទេ​ លោកដូណាល់ ត្រាំ​បាន​បង្ហោះរូបភាព​​ច្រើនសន្លឹកថែមទៀត ដែលរូបភាព​​ទាំងនោះ សុទ្ធតែត្រូវបានបង្កើតឡើងដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។ ក្នុងរូបភាពប្រឌិតទាំងនោះ គេឃើញរូប​​លោកដូណាល់ ត្រាំ ក្នុងទឹកមុខយ៉ាងអង់អាចក្លាហាន ចាត់ចែងបញ្ជា​ការធ្វើសង្គ្រាម​ផ្លូវអាកាស។ រូបភាពទាំងនេះ​​ គឺមានលក្ខណៈដូចទៅ​នឹង​​រូបភាព ស្រង់ចេញ​​ពីខ្សែភាពយន្តហូលីវូដ រឿងសង្គ្រាមអវកាសឬសង្គ្រាមពិភពផ្កាយជាដើម​។ រូបខ្លះទៀត លោក​ដូណាល់ ត្រាំ អង្គុយត្រៀមចុងប៊ូតុងក្រហម ដើម្បីបញ្ជា​បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ​​។ បន្ថែមពីនេះ លោក​ដូណាល់ ត្រាំ ក៏បានបង្ហោះរូបភាពវីដេអូបង្កើតឡើងដោយ​បញ្ញាសិប្បនិម្មិតដែរ ដែល​បង្ហាញ​ឲ្យ​ឃើញ​លោក​បញ្ជា​ពីចម្ងាយ​ឲ្យនាវាចម្បាំងអាមេរិក បាញ់កម្ទេច​មីស៊ីល​របស់អ៊ីរ៉ង់។ នៅមានរូបភាព​បញ្ញាសិប្បនិម្មិតជាច្រើនទៀត ដែ​លលោកដូណាល់ ត្រាំ បានបង្ហោះជាបន្តបន្ទាប់ ដើម្បីសើចចំអកឲ្យអ៊ីរ៉ង់ ដែលលោកអះអាងថាកំពុងតែចាញ់សង្គ្រាម​។ រូបភាពបញ្ញាសិប្បនិម្មិតទាំងអស់នេះ ត្រូវបានធ្វើឡើងកម្មវត្ថុគំរាមសំឡុត។ តែមតិមហាជនខ្លះ ឃើញ​ហើយ​ក៏ហួសចិត្ត អស់សំណើច លាយឡំដោយ​ក្តីព្រួយបារម្ភ ដោយឃើញ​លោក​ប្រធានាធិបតី​មហាអំណាច​ដ៏ធំបំផុត​ យករឿងសង្គ្រាមដែលកំពុងធ្វើបាបពិភពលោកទាំងមូល ​មកជាការលេងសើច​លើបណ្តាញសង្គមដូច្នេះទៅ​វិញ​។ ពីខាងអ៊ីរ៉ង់វិញ គេក៏មិនបានបង្អង់ដៃឡើយ នៅក្នុងការប្រើប្រាស់រូបភាព​ដើម្បីសើចចំអកមាក់ងាយ មកលើលោកដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក​។ នៅកណ្តាលទីក្រុងតេហេរ៉ង់ ផ្ទាំងបដាដ៏ធំមួយ បង្ហាញ​ឲ្យ​ឃើញផ្ទៃមុខមួយចំណែករបស់លោក​ដូណាល់ ត្រាំ មាត់ត្រូវគេដេរនិងគ្របពីលើដោយ​ក្រណាត់ពណ៌ខៀវទឹកសមុទ្រ តំណាង​ឲ្យ​ច្រកសមុទ្រអក​មូហ្ស​។ បដារូបភាពខ្លះទៀត បង្ហាញ​ឲ្យឃើញ​កងទ័ពអ៊ីរ៉ង់បង់សំណាញ់​ស្រង់បានពីសមុទ្រ សុទ្ធយន្តហោះនិងនាវាចម្បាំងរបស់អាមេរិក​ ដែលត្រូវអ៊ីរ៉ង់​វាយកម្ទេច​។ រូបភាពទាំងអស់នេះ គឺសុទ្ធតែជាមធ្យោបាយ​ឃោសនានៃរបប​ផ្តាច់ការអ៊ីរ៉ង់ ដើម្បី​អះអាងប្រាប់ប្រជាជនខ្លួន ថាអ៊ីរ៉ង់​រឹងមាំ​និងកំពុងមានជ័យជំនះលើសហរដ្ឋអាមេរិក​។ ​ជាងនេះទៀត មួយរយៈចុងក្រោយនេះ របបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានរៀបចំនូវកម្មវិធី​ជួបជុំសាធារណៈជាច្រើនដង​ ដើម្បី​ផ្តល់សន្ទុះ ពន្យុះស្មារតី​​ស្នេហាជាតិ ឲ្យ​ប្រជាជន​​រួមសាមគ្គីជាធ្លុងមួយ នៅពីក្រោយ​មេដឹកនាំ​អ៊ីរ៉ង់​។​ របបអ៊ីរ៉ង់បានរៀបចំកម្មវិធី​ ឲ្យ​ប្រជាជនទាំងប្រុសទាំងស្រី និងកុមារផង សាកល្បងកាន់កាំភ្លើង បាញ់កាំភ្លើង ដើម្បីត្រៀមកម្លាំង និងផ្ញើសារទៅកាន់សត្រូវ។ បណ្តាញ​​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់វិញ ក៏បានផលិត​កម្មវិធីស្រដៀងនេះដែរ។ លើកញ្ចក់ទូរទស្សន៍ ​គេឃើញបុរសម្នាក់កាន់កាំភ្លើង អារម៉េ និង​​បាញ់​សំដៅទៅលើ​ទង់ជាតិ​អេមីរ៉ាតអារ៉ាប់រួម និងទីក្រុងឌូបៃ។ កម្មវិធីទូរទស្សន៍អ៊ីរ៉ង់​នេះ បានផ្ញើសារដោយចំពោះ គំរាម​ទៅលើបណ្តាប្រទេសអារ៉ាប់​តំបន់ឈូងសមុទ្រពែក្ស​។​ នៅថ្ងៃទី១៩ឧសភា  របបអ៊ីរ៉ង់​បានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជាក្រុម មានប្តីប្រពន្ធច្រើនគូ ក្នុងបរិយាកាសរីករាយ​ កណ្តាលរដ្ឋធានីតេហេរ៉ង់​។ ក្បួនរថយន្តដឹកប្តីប្រពន្ធថ្មីៗច្រើនគូ អមដោយ​រថយន្តទាហាន មានអាវុធមានកាំភ្លើង​​ច្រូងច្រាង ព្រមទាំងមានដាក់តាំងនូវគ្រឿងសព្វាវុធ ដ្រូន​ គ្រាប់មីស៊ីល​ ជាគ្រឿងលំអក្នុងពិធីថែមទៀតផង​។ គួរបញ្ជាក់ថា ការចំណាយកម្លាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយរូបភាពទាំងនេះ គឺសុទ្ធតែជាបច្ចេកទេសឃោសនានៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់។ វាគឺជាការឃោសនា​ពង្វក់ស្មារតីប្រជាជន ឲ្យលូនក្រាប​ការពាររបស់ដឹកនាំនេះ ហើយ​វាក៏ជាសារប្រាប់ទៅកាន់ពិភពលោក ថាប្រជាជនអ៊ីរ៉ង់​រួមសាមគ្គីគ្នាការពាររបបដឹកនាំ មិន​ឲ្យសត្រូវវាយបំបាក់បាន​។ ក៏ប៉ុន្តែ រូបភាព​​សប្បាយរីករាយកទាំងនេះ វាគ្រាន់តែជាល្បែងបោកបញ្ឆោតភ្នែក​តែប៉ុណ្ណោះ។ ការពិតជាក់ស្តែង​ ប្រជាជនអ៊ីរ៉ង់​មួយចំនួនធំ​ រស់នៅក្នុងក្តីភ័យខ្លាចដោយការកៀបសង្កត់សិទ្ធិសេរីភាព និង​ទុក្ខលំបាកសេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ​។ កម្មវិធីសប្បាយរីករាយ ដែលរបបអ៊ីរ៉ង់ខំប្រឹង​កុហកពិភពលោកនេះ គឺ​​វា​​ផ្ទុយស្រឡះពីទង្វើរបស់របបនេះ ដែល​បានសម្លាប់ប្រជាជនខ្លួនឯង​ អស់ប្រមាណ​៣ម៉ឺននាក់ កាលពីពាក់កណ្តាល​ខែមករាដើមឆ្នាំនេះ​៕​

  14. 11

    តើក្រោយពេល​ចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?

    លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់​នៃឆាកនយោបាយថៃ ដែល​ត្រូវតុលាការផ្តន្ទាទោស​ជាប់ពន្ធនាគារ​១ឆ្នាំនោះ ទើបតែត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ​។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល​៤ខែ ដើម្បីអនុវត្តទោស​ឲ្យ​បានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបាន​ការ​អភ័យ​ឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោល​របស់​​​លោក​ថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពល​លើនយោបាយ​ថៃទៀត ឬយ៉ាងណា? ថ្ងៃចន្ទ​ទី​១១​ឧសភា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានដើរចេញពី​ទ្វាររបងមន្ទីរឃុំឃាំង​ក្លងព្រែម ក្នុងទឹកមុខញញឹមរីករាយ។ លោកត្រូវបាន​សមាជិកក្រុមគ្រួសារ កូនៗចៅៗមកទទួលស្វាគមន៍  មុននឹងដើរទៅ​ធ្វើគារវកិច្ច​គោរពភ្លេងជាតិ​និងទង់ជាតិថៃ។ បន្ទាប់មកទៀត លោក​ទទួលផ្កានិងចាប់ដៃជាមួយ​មនុស្សម្នាច្រើននាក់ អ្នកខ្លះពាក់អាវក្រហម ដែល​ពណ៌នយោបាយ​នៃគណបក្សភឿថៃ​របស់ក្រុមគ្រួសារស៊ីណាវ៉ាត្រ​។ គួររំលឹកថា លោក​ថាក់ស៊ីន ត្រូវបានតុលាការកំពូល​ថៃ​សម្រេចសេចក្តី​​កាលពីខែ​កញ្ញា​ឆ្នាំ២០២៥ ឲ្យជាប់ពន្ធនាគារ​១ឆ្នាំ​ បន្ទាប់ពីបានរកឃើញថាលោក​មិនបានអនុវត្តទោស​ឲ្យ​បានត្រឹមត្រូវ​។ ជាប់បាន​តែ​៨ខែ នៅពេលនេះ លោកថាក់ស៊ីនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែត្រូវពាក់ខ្សែ​អេឡិចត្រូនិក​នៅនឹងកជើង ហើយត្រូវ​ឃុំខ្លួនក្នុងផ្ទះ​រយៈពេល​៤ខែ​។ គួរកត់សំគាល់ដែរថា នេះមិនមែនជាលើកទី១ទេ ដែល​លោកថាក់ស៊ីន ទទួលបានការអនុគ្រោះជាពិសេសពីប្រព័ន្ធតុលាការថៃ។ ក្រោយ​និរទេសខ្លួន​រយៈពេល​១៥ឆ្នាំ លោកថាក់ស៊ីនបានត្រឡប់​ចូលស្រុកវិញ កាលពីខែសីហា ឆ្នាំ​២០២៣ ហើយត្រូវប្រឈមមុខនឹងសវនាការតុលាការ​ជាបន្តបន្ទាប់ រហូតមានការសម្រេចទោស​ឲ្យ​លោកជាប់ពន្ធនាគារ​រយៈពេល​១០ឆ្នាំ។ ក៏ប៉ុន្តែ ក្រោយ​ការចរចា​ជាមួយ​ក្រុមនយោបាយ​អភិររក្ស​និយម ដែលស្និទ្ធនឹងយោធាថៃ ព្រមទាំងស្ថាប័នព្រះមហាក្សត្រ ទោសរបស់​លោកថាក់ស៊ីន ត្រូវបាន​ព្រះរាជា​ថៃសម្រាល​ពី១០ឆ្នាំ​ មកនៅត្រឹមតែ​១ឆ្នាំ​វិញ​។ ជាងនេះទៀត លោកថាក់ស៊ីន ត្រូវ​បានគេយកទៅដាក់នៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យ​នគរបាលថៃ ដោយ​អះអាងថាលោក​មានវ័យចំណាស់ សុខភាពមិន​មាំទាំ​។ តែទីបំផុត នៅដើមខែកញ្ញា ឆ្នាំទៅម៉ិញ តុលាការកំពូលថ្ងៃ​ ក៏បានលុបចោលវិធានការនេះវិញ ដោយ​តម្រូវ​ឲ្យ​គេយក​លោកមកដាក់ឃុំ ក្នុងមន្ទីរឃុំឃាំង​ដូចទណ្ឌិតដ៏ទៃ​ទៀត​។ សូមបញ្ជាក់ថា បច្ចុប្បន្នមាន​​អាយុ៧៦ឆ្នាំ លោកថាក់ស៊ីន​នៅតែបន្តមាន​ប្រជាប្រិយភាព​ និង​​ឥទ្ធិពល​នៅលើ​ឆាក​នយោបាយថៃ។ ការដោះលែង​ឲ្យ​លោក​ ឃុំខ្លួននៅផ្ទះបែប​នេះ កំពុងតែធ្វើឲ្យ​មានចម្ងល់ចោទសួរ ថាតើលោក​មហាសេដ្ឋី​រូបនេះ បានទទួលការអនុគ្រោះពិសេសអ្វីទៀតហើយ ហើយ​តាមរយៈការចរចាននយោបាយ​បែបណា។ សំណួរមួយទៀតនោះ គឺថាតើលោកថាក់ស៊ីន នឹងប្រលូក​ក្នុងនយោបាយវិញដែរឬទេ? ឆ្លើយទៅកាន់អ្នកកាសែតកាលពីថ្ងៃចន្ទទី​១១ឧសភា លោកថាក់ស៊ីន បានបង្ហើសំដី​ថាលោកចាស់ហើយ ភ្លេចភ្លាំងច្រើនណាស់ លោកលែងចងចាំអ្វីទៀតហើយ ព្រោះលោក​មានជម្ងឺអាល់ហ្សៃម៉ឺ (Alzheimer)។ លោកស្រីភែថងថាន បុត្រីសំណព្វ​របស់លោកថាក់ស៊ីនវិញ ដែលបានចូលទៅ​ជួបឪពុក​ក្នុងមន្ទីរឃុំឃាំង​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ បាន​ថ្លែងប្រាប់អ្នកកាសែតថា​ក្នុងពេលជួបគ្នា លោកស្រី​និយាយតែពីរឿងក្រុមគ្រួសារផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនបាននិយាយអំពីបញ្ហានយោបាយ​ឡើយ​។ គួររំលឹកដែរថា លោក​អានុធិន ឆានវីរៈគូន នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ក៏ធ្លាប់ជាមនុស្សម្នាក់​ស្និទ្ធស្នាល​នឹងលោកថាក់ស៊ីនដែរ។ ជាមហាសេដ្ឋីដូចគ្នា លោកអានុធិន ឆានវីរៈគូន បានរៀនសូត្រពីរបៀបធ្វើនយោបាយ​របស់លោកថាក់ស៊ីន។ តែទន្ទឹមនឹងនេះ លោកអានុធិនបាន​បន្តរក្សាចំណងសម្ព័ន្ធភាពជាមួយ​ក្រុមអភិរក្សនិយម ក្រុមយោធាថៃដែលស្និទ្ធនឹងព្រះបរមរាជវាំង​។ នេះគឺជាយុទ្ធ​សាស្ត្រ​ បែបសំយោគ​ ដែល​បានអនុញ្ញាតឲ្យ​លោកអនុធិនឈរជើងរាំងមាំ​។ កាលពីថ្ងៃទី​៩ឧសភា លោកអានុធិន បានប្រាប់អ្នកកាសែតថា លោកនៅតែគោរពលោកថាក់ស៊ីន ព្រោះលោកធ្លាប់ធ្វើការ​ក្រោមបង្គាប់​អស់រយៈពេល​ជាង​២០ឆ្នាំ​។ លោកអានុធិនអះអាងថា ទំនាក់ទំនងរវាងលោកនិងលោកថាក់ស៊ីន គឺបន្តស្និទ្ធស្នាល​ដូចសមាជិកគ្រួសារតែមួយ។ យ៉ាងណាក៏ដោយ គេមិន​ជឿថា នៅពីក្រោយភាពស្និទ្ធស្នាល​លក្ខណ​ៈបុគ្គលរវាងលោក​អានុធិន ជាមួយ​ក្រុមគ្រួសារលោកថាក់ស៊ីននេះ គឺវាមិនពាក់​ព័ន្ធដល់រឿងនយោបាយនោះ​។ បក្សភឿថៃ និងបក្ស​ភូមិចៃថៃ​ ធ្លាប់ចាប់ដៃគ្នា​ច្រើនដងរួចមកហើយ ដើម្បី​រារាំងបក្សកាវក្លៃ (Move Forward)បក្សប្រឆាំងវ័យក្មេងដ៏មានប្រជាប្រិយភាព​ មិន​ឲ្យដឹកនាំរដ្ឋាភិបាល​បាន​។ ក្រោយត្រូវគេរំលាយចោល បក្សកាវក្លៃ បានកែប្រែឈ្មោះថ្មី ឈ្មោះថា បក្សប្រាឆាឈុន។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ជីវិតរបស់​បក្សប្រាឆាឈុន ក៏កំពុងតែប្រឈមគ្រោះថ្នាក់សាជាថ្មី បន្ទាប់ពីមាន​ពាក្យបណ្តឹងកាលពី​ចុងខែមេសា ទាមទារ​ផ្តន្ទាទោស​សមាជិកសភារបស់បក្សនេះចំនួន​៤៤រូប ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ក្នុងចំណោមអ្នកដែលអាចត្រូវ​គេ​ដកហូតសិទ្ធិធ្វើ​នយោបាយ​អស់មួយជីវិត គឺមាន​លោក ណាតថៈភុង រឿងបញ្ញាវុធ និងលោកស្រី ស្រីកាន់យ៉ាង តានសាគុណ​ ដែលអ្នកទាំង​២នេះ គឺជាក្បាលម៉ាស៊ីនសំខាន់បំផុត​របស់បក្សប្រាឆាឈុន​។ អ្នកវិភាគខ្លះ លើកឡើងថា បក្សភឿថៃមិនអាចក្លាយត្រឡប់​មកជា​បក្សដ៏សំខាន់ក្នុងឆាកនយោបាយ​ថៃបានទេ ប្រសិនបើនៅតែមានបក្ស​ប្រាឆាឈុន។ ដូច្នេះអ្នកដែលទទួល​បានអត្ថប្រយោជន៍ច្រើន នៅពេលបក្សប្រាឆាឈុនដួលរលំ ឬត្រូវគេរំលាយចោល គឺបក្សភឿថៃរបស់គ្រួសារលោកថាក់ស៊ីននេះឯង។ តែយ៉ាងណាក៏ដោយ លោក​ វ៉ាន់វិចិត្រ ប៊ុនព្រង សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​នៅសកលវិទ្យាល័យ Rainsit បាន​លើកឡើងថា លោក​ថាក់ស៊ីន មិនព្រមចូលនិវត្តន៍ ហើយ​នៅ​លូកដៃ​ចេញមុខចាត់ចែងបក្សភឿថៃ នោះវាមិនមែនជារឿងល្អទេសម្រាប់បក្សនេះ​ទៅថ្ងៃអនាគត​៕

  15. 10

    ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប?

    ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។   បន្ទាប់ពីទទួល​ស្វាគមន៍​ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​កាលពី​ចុងខែ​មេសា ប្រធានាធិបតី​ស៊ីបលោក​នីកូស គ្រីស្តូឌូលីដ​បាន​ប្រកាស​ថា នៅ​ខែ​មិថុនាខាងមុខនេះ ស៊ីប​នឹង​ចុះហត្ថលេខា​ជាមួយ​បារាំង​លើ​កិច្ចព្រមព្រៀងយោធា​ ដែលនឹង​អនុញ្ញាត​ឲ្យ​បារាំង​បញ្ជូន​កងទ័ព​មក​ឈរជើង​ប្រចាំ​ការ​លើ​ប្រទេសកោះស៊ីប។ បើតាម​ប្រធានាធិបតី​ស៊ីប​ វត្តមាន​របស់​កងទ័ពបារាំង​មានគោលដៅ​មនុស្សធម៌។ បារាំងបង្កើន​ការគាំទ្រ​យោធា​ចំពោះ​ស៊ីប ដោយ​សន្យា​​បញ្ជូនទាហាន​របស់ខ្លួន​នៅប្រចាំការ​នៅលើ​កោះស៊ីប។ ពោលគឺ នៅបន្ទាប់ពី​អ៊ីរ៉ង់​បាញ់មីស៊ីល​សំដៅ​មូលដ្ឋានទ័ពអង់គ្លេសនៅលើ​កោះស៊ីប ដើម្បីសងសឹក​នឹងសង្រ្គាមវាយប្រហារ​របស់អាមេរិក។ ប៉ុន្តែ នៅក្នុង​ក្រសែភ្នែក​របស់​រដ្ឋាភិបាល​តួកគី វត្តមានកងទ័ពបារាំង​នៅលើ​កោះស៊ីប​មានគោលដៅផ្សេងក្រៅពីមនុស្សធម៌ រហូតធ្វើ​ឲ្យ​តួកគីត្រូវតែទាញសញ្ញាអាសន្ន និង​ព្រមាន​ពីភាពតានតឹង ការមើលមុខគ្នាមិនចំ ​រវាង​បារាំង និងតួកគី ដែលជា​សមាជិកនៅក្នុងអង្គការ​អូតង់ដូចគ្នា។ បើតាម​ការពន្យល់​របស់​សាស្រ្តាចារ្យ​Serhat Guvenc នៅ​សកលវិទ្យាល័យ Kadir Has ​ក្នុងក្រុង​អ៊ីស្តង់ប៊ូល តួកគី និង​បារាំង​ជាគូប្រជែងភូមិសាស្រ្តនយោបាយ។ ប្រទេស​ទាំងពីរ​ប្រកួតប្រជែងឥទ្ធិពលគ្នា​ទាំងនៅទឹកដីអាហ្វ្រិក និង​នៅ​តំបន់ខាងកើតសមុទ្រ​មេឌីទែរ៉ាណេ។ បារាំង​នៅតែចាត់​ទុកតួកគីថាជា​ប្រទេសដែល​នៅតែចិញ្ចឹមចិត្តចង់​បង្កើនអំណាច ពង្រីក​​ឥទ្ធិពល តាម​រយៈការប្រើនយោបាយ​វាតទី​និយម​លើ​បណ្តាប្រទេស​​​តូចៗ ដូចជា​ស៊ីបជាដើម។ ចំពោះ​សាស្តា្រចារ្យ​ខាងលើ ការប្រមូលផ្តុំ​ទាហាន​របស់​ប្រទេស​មហាអំណាចច្រើនពេក​នៅលើ​ដែនដីកូនកោះដ៏តូចមួយ ដូចជា​ស៊ីប​នឹង​អាច​បង្ក​ជា​ហានិភ័យ ឈានទៅ​ផ្ទុះសង្រ្គាមដាក់គ្នា ដោយគ្មានប្រយោជន៍។ អតីត​អ្នកតំណាងទូត​របស់ស៊ីប ប្រចាំប្រទេស​អង់គ្លេស​វិញយល់ឃើញថា គឺ​វត្តមានទ័ពតួកគី​ដ៏ច្រើន​សន្ធឹកនៅទឹកដីស៊ីប​ទៅវិញទេ​ដែល​បង្កគ្រោះថ្នាក់គំរាមកំហែងដល់​សន្តិសុខជាតិ​របស់ស៊ីប។ បើតាម​អតីត​ឯកអគ្គរដ្ឋទូតរូបនេះ សព្វថ្ងៃ​នេះ តួកគី​បាន​បញ្ជូន​ទ័ព ប្រមាណ​​៤ម៉ឺននាក់ឲ្យ​ទៅ​ប្រចាំការនៅភាគខាងជើង​កោះស៊ីប។ តួកគីមាន​ទ័ពរបស់ខ្លួន​លើដែនដីកោះស៊ីប ចាប់តាំង​ពី​តួកគី​បាន​បញ្ជូន​ទ័ព​ទៅឈ្លានពាន​ស៊ីប​កាលពីឆ្នាំ ១៩៧៤ ដើម្បី​ឆ្លើយតប​នឹង​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ពីសំណាក់​ក្រុមទាហាន​ស៊ីប គាំទ្រ​ដោយប្រទេស​ក្រិក។ ជាង​៥០ឆ្នាំមកនេះ ស៊ីប ដីកោះដ៏តូចនៅក្នុងសមុទ្រ​មេឌីទែរ៉ាណេ​ភាគខាងកើតត្រូវ​ពុះខ័ណ្ឌចែកជា​២។ ភាគខាងត្បូងគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រិកស៊ីបដែលទទួលស្គាល់​ដោយ​សហគមន៍អន្តរជាតិ ចំណែកទឹកដីមួយផ្នែកតូច​នៅខាងជើង​គ្រប់គ្រង​ដោយ​រដ្ឋបាល​តួកគីស៊ីប កាន់សាសនា​អ៊ីស្លាម ​​ដែលបាន​ប្រកាស​ខ្លួន​ជា​ប្រទេស​ឯករាជ្យ ប៉ុន្តែ គ្មានការទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ។ មានតែ​តួកគីមួយប៉ុណ្ណោះដែលទទួលស្គាល់​ និង​ផ្តល់ជំនួយហិរញ្ញវត្ថុដល់​រដ្ឋបាល​តួកគីស៊ីបនៅភាគខាងជើងដែល​ធ្លាក់ខ្លួនក្រីក្រ ព្រោះតែ​ការដាក់ទណ្ឌកម្ម​ពីអន្តរជាតិ។ តួកគីចាត់ទុក ការដាក់សម្ពាធពីអន្តរជាតិ និង​ការគាំទ្រ​ផ្នែកកងទ័ព​ពីសំណាក់​ប្រទេស​ក្រិក និងបារាំងចំពោះរដ្ឋាភិបាល​ស៊ីបខាងត្បូង ថា ជា​យុទ្ធសាស្រ្ត​ ឡោមព័ទ្ធ​ចូលក្រសោបយក​ផលប្រយោជន៍​របស់​តួកគី​នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ តួកគីមិនសប្បាយចិត្ត​នឹង​បារាំងទាល់តែសោះ ព្រោះថា បន្ទាប់ពីស៊ីប ប្រធានាធិបតី​បារាំង លោកម៉ាក្រុង​បានធ្វើដំណើរ​ទៅបញ្ជាក់ជំហរ​គាំទ្រផ្នែកយោធាដើម្បីការពារ​ក្រិក​ពីការវាយប្រហារ​ពីប្រទេសខាងក្រៅ។ ប្រទេស​ខាងក្រៅនោះគ្មាននរណា​ក្រៅពីតួកគី ដែល​បានដំឡើង​សំឡេង​តឹងខ្លាំង​ជាមួយក្រិក ព្រោះតែ​ជម្លោះតំបន់​សមុទ្រដែល​មានប្រភពថាមពល​ធម្មជាតិ។ ក្រៅពីបារាំង ទំនាក់ទំនងរវាង​តួកគី និងអ៊ីស្រាអែល​ក៏តានតឹងខ្លាំងណាស់ដែរ។ ប្រទេស​ទាំងពីរ​នៅតែមើលឃើញគ្នា​ជា​គូប្រជែងដែលអាច​បង្កគ្រោះថ្នាក់​ដាក់គ្នា​ទៅវិញ ទៅមក។ អ៊ីស្រាអែល​បាន​ចូលទៅជិតស្និទ្ធ​នឹង​រដ្ឋាភិបាលស៊ីប​ខាងត្បូង និង​ប្រទេស​ក្រិកដែលជា​គូប្រជែង​ដណ្តើម​ធនធានក្រោមសមុទ្រ​ជាមួយ​តួកគី។ តួកគីបារម្ភខា្លចថា សម្ព័ន្ធ​យោធា​នឹងជួយ​ឲ្យ​ស៊ីប និងក្រិក​មាន​សមត្ថភាព​ចូលទៅគ្រប់គ្រង​ដែនដី​ខាងជើង​ស៊ីប ដែលសព្វថ្ងៃ​កំពុងស្ថិតក្រោម​ឥទ្ធិពលរបស់តួកគី។ បាត់​បង់​ដែនដី​ស៊ីបខាងជើង និងមិនអាច​ចូល​ទៅ​មេឌីទែរ៉ាណេខាងកើត នោះតួកគី​នឹងត្រូវ​បាត់​បង់​ដែនទឹកសមុទ្រ លែង​អាច​ប្រជែងដណ្តើម​អណ្តូងប្រេង ឧស្ម័ន នៅក្នុង​តំបន់ជាប់ជម្លោះជាមួយក្រិក។ នេះជាគ្រោះថ្នាក់ធំមួយចំពោះតួកគី។ តួកគី​កាន់តែនៅមិនស្រណុកទៅទៀត ព្រោះថា នៅ​ខែ​មិថុនា​ដដែល ក្រិក ស៊ីប និងអ៊ីស្រាអែល នឹង​បើកជំនួបកំពូលជាមួយអាមេរិក នៅទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ផ្តោត​លើ​បញ្ហា​ថាមពល និង​យុទ្ធសាស្រ្ត​សន្តិសុខ​ក្នុងតំបន់។ លោក​Ozgur Unluhisarcikliប្រធាន​ការិយាល័យមូលនិធិអាល្លឺម៉ង់​នៅ​តួកគី​បាន​ព្រមានថាគោលដៅ​ដាក់​តួកគី​ឲ្យនៅ​ឯកោ នឹងអាច​ធ្វើ​ឲ្យស្ថានការណ៍​នៅក្នុង​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ​តានតឹងសាជាថ្មី។ តួកគីអាច​ក្រពុលមុខ និង​បញ្ជូន​ទាហាន​ ដ្រូន យន្តហោះចម្បាំង​កាន់តែ​ច្រើនទៅមូលដ្ឋានទ័ពរបស់ខ្លួន នៅភាគខាងជើង​ស៊ីប។ មួយវិញទៀត បើតាម​ជំនាញខាងលើ ក្នុងកាលៈទេសៈដែល​អូតង់​កំពុង​ប្រឈមនឹង​ការគំរាមកំហែង​របស់​រុស្ស៊ីនៅទឹកដីអឺរ៉ុប សម្ព័ន្ធមិត្ត​របស់​អូតង់​មិនគួរ​ទៅបើក​មុខ​ដំបៅសង្រ្គាម​មួយកន្លែងទៀត​នៅ​សមុទ្រ​មេឌីទែរ៉ាណេនោះទេ។ ម្យ៉ាង ការផ្ទុះសង្រ្គាម​នឹងគ្នា​រវាង​ប្រទេស​សមាជិក​អូតង់ដូចគ្នា ដូចជា ក្រិក តួកគី បារាំង នឹង​មិនធ្វើ​ឲ្យភាគីណាមួយចំណេញឡើយ ក្រៅពីរុស្ស៊ី ដែលជា​សត្រូវ​ធំរបស់​អូតង់៕

  16. 9

    ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP-OPEC?

    កាលពីសប្តាហ៍​កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិត​ប្រេងមួយ​ដ៏សំខាន់ បាន​បង្ក​ឲ្យ​មានការផ្ញាក់​ផ្អើល តាម​រយៈការប្រកាស​ចាកចេញពី​អង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី​ នៅពីក្រោយ​ការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅ​​ថ្ងៃចន្ទ​ទី​៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្ត​ដើម្បី​ប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិក​ផ្សេងទៀតណាមួយឡើយ​។ នៅក្នុងបរិបទនៃវិបត្តិប្រេងឥន្ធនៈពិភពលោក បង្កឡើងដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិម​បូព៌ា ស្រាប់តែអេមីរ៉ាតអារ៉ាប់រួម បានធ្វើរឿងគួរ​ឲ្យ​ភ្ញាក់ផ្អើលមួយ ដោយ​បានប្រកាសចាកចេញពី អង្គការ​ក្រុមប្រទេសផលិត​ប្រេង ហៅកាតថា OPEP ឬ OPEC។ ចាប់ពីថ្ងៃទី​១ឧសភា អេមីរ៉ាតអារ៉ាប់រួម លែងជាសមាជិក​របស់OPEP ទៀតហើយ។ ការចាកចេញនេះ​ បានបង្ក​ឲ្យ​មានការចោទសួរជាច្រើន ទាក់ទិននឹងមូលហេតុ។ គួរកត់សំគាល់ថា ជាច្រើនខែមកហើយ ដែល​​គេដឹងថា អេមីរ៉ាតអារ៉ាប់រួម មានបញ្ហាថ្នាំងថ្នាក់ចិត្តជាមួយអារ៉ាប៊ីសាអូឌីត ប្រទេសផលិត​ប្រេងដ៏ធំបំផុតនៅតំបន់នេះ​។ ផ្អែកតាមការសង្ស័យខ្លះ​ បញ្ហារកាំរកូសរវាងប្រទេសអារ៉ាប់ផលិត​ប្រេងទាំង២នេះ​ គឺ​​អាច​មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងសង្គ្រាមនៅ​​យេម៉ែន និងសង្គ្រាមនៅ​ស៊ូដង់​ផង។ យ៉ាងណាក៏ដោយ ថ្ងៃចន្ទទី​៤ឧសភា លោករដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និងជាអគ្គនាយកក្រុមហ៊ុនជាតិ​ប្រេងកាតអេមីរ៉ាតអារ៉ាប់រួម បានចេញមុខអះអាងថា ការចាកចេញពី​OPEP របស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្ត​ដោយ​ផ្អែក​លើ​ផលប្រយោជន៍ជាតិទាំងស្រុង។ ពោលគឺវាមិនមែនជា​ការចាកចេញ ដើម្បីបញ្ជាក់ការជំទាស់ ​ឬប្រឆាំងទៅនឹងប្រទេសណាមួយឡើយ​។ មន្ត្រីអេមីរ៉ាតរូបនេះ បានគូសបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម មានបំណង​ពង្រឹងយុទ្ធសាស្ត្រ កម្មវត្ថុយូរអង្វែង ​ដើម្បី​ពង្រីកសក្តានុពល​សេដ្ឋកិច្ច​និងឧស្សាហកម្ម​ ធ្វើឲ្យ​ខ្លួនអាចមានភាពធន់រឹងមាំល្អ។ ដូច្នេះ ការចាកចេញពីOPEP នឹងបើក​ផ្លូវ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម លែងជាប់ចំណងកាតព្វកិច្ច ហើយ​មានសមត្ថភាពអភិវឌ្ឍន៍ ​ទៅតាមអ្វីដែលខ្លួនចង់បាន​ដោយ​ឯករាជ្យ​​។ សូមរំលឹកថា អង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP ដែលបច្ចុប្បន្ននៅសល់សមាជិកត្រឹម​១២ប្រទេសត្រូវបាន​បង្កើតឡើងនៅឆ្នាំ​១៩៦០។ នៅឆ្នាំ​២០១៦ OPEP បាន​សហការ​បង្កើតសម្ព័ន្ធភាពជាមួយ​ប្រទេសផលិត​ប្រេង១០ទៀត ​មានឈ្មោះថា OPEP+។ កម្មវត្ថុរបស់ OPEP និង OPEP+ គឺដើម្បីស្វែងរកការស្រុះស្រួលគ្នា កំណត់​បរិមាណផលិតប្រេងឆៅ ដើម្បីទប់ស្តុកកុំឲ្យចាល់ ហើយអាចទប់តម្លៃប្រេងកុំ​ឲ្យ​ធ្លាក់ចុះថោក​​​។ ចូលជាសមាជិក OPEP នៅឆ្នាំ​១៩៦៧ អេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេស​ផលិត​ប្រេងបរិមាណច្រើន​ជាងគេលំដាប់ទី​៤។ ជាងនេះទៀត ប្រទេសនេះនៅមានសល់​សក្តានុពល​ផលិតច្រើនទៀត​​​។ ការចាកចេញពី ​OPEP របស់អេមីរ៉ាតអារ៉ាប់រួម ត្រូវបាន​អ្នកជំនាញសំឡឹងឃើញថា វាបង្កឲ្យ​មាន​ការរំជើបរំជួលយ៉ាង​​ខ្លាំងដល់អង្គការនេះ ខ្លាំងលើស​កាលពីពេលដែល​​ប្រទេសកាតា និង​អង់ហ្គោឡា​បាន​​ចាកចេញ។ គួរបញ្ជាក់ដែរថា ពេល​សង្គ្រាម​នៅអ៊ីរ៉ង់​បាន​ផ្ទុះឡើងនៅចុងខែកុម្ភៈ​ អេមីរ៉ាតអារ៉ាប់រួម ជាប្រទេសដែល​បានរងគ្រោះច្រើនជាងគេ​ ដោយ​គ្រាប់មីស៊ីល​និង​ដ្រូនរបស់អ៊ីរ៉ង់​។ អ្នកជំនាញ​បានលើកឡើងថា​ អេមីរ៉ាត់អារ៉ាប់រួម ចង់​បំរាស់ខ្លួនចេញពីកាតព្វកិច្ចគោរពកូតា របស់OPEP នៅពេលចប់សង្គ្រាមនេះ​ ដើម្បីអាចផលិតប្រេង​​ឲ្យ​បានច្រើនបំផុត។ កូតាបច្ចុប្បន្ន​តម្រូវឲ្យ​ប្រទេសនេះ​ផលិត​ប្រេងមួយ​ថ្ងៃ មិន​ឲ្យ​លើស​​៣,៥លានធុងបារីល។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនជាតិ​ប្រេងកាតអេមីរ៉ាត ហៅកាត់ថា Adnoc បានចំណាយ​ប្រាក់វិនិយោគយ៉ាងច្រើនសន្ធឹក ដើម្បី​​សម្រេច​​​កម្មវត្ថុផលិត​​ឲ្យ​បានដល់ ៥លានធុងបារីល​ក្នុងមួយថ្ងៃ​ នៅរវាងឆ្នាំ​២០២៧​​។ ទំហំផលិត​ច្រើនសន្ធឹកនេះ នឹងផ្តល់ចំណូល​ជាតិ​ឲ្យ​បានកាន់តៃច្រើន​ ។ ប្រាក់ចំណូលនេះ អេមីរ៉ាតអារ៉ាប់រួមនឹងយកទៅចំណាយ​វិនិយោគ ពង្រីក​សក្តានុពលសេដ្ឋកិច្ច​លើវិស័យផ្សេងទៀតក្រៅពីប្រេងកាត ហើយជាពិសេសនោះ គឺយកទៅចំណាយ​លើវិស័យ​ឧស្សាហកម្មគ្រឿងសព្វាវុធ​ការពារសន្តិសុខ​។ យ៉ាងណាមិញ លោក Fayçal al-Bannaï អគ្គនាយកក្រុមហ៊ុនឧស្សាហកម្មសព្វាវុធ EDGE Group បានលើកឡើងថា បរិបទសង្គ្រាម​នៅអ៊ីរ៉ង់បានជំរុញ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម ត្រូវតែអាច​ការពារផ្លូវអាកាសដោយខ្លួនឯង​ តាមរយៈការផលិត​ប្រព័ន្ធរ៉ាដាប្រឆាំង​ដ្រូន ​ដ៏មានប្រសិទ្ធភាព​។ លោក​ម្នាក់នេះ អះអាងថា បច្ចុប្បន្ននេះ​អេមីរ៉ាតអារ៉ាប់រួម មានស្វ័យភាពហើយក្នុងវិស័យនេះ ព្រោះថា​​៨៥%នៃដ្រូនដែលអ៊ីរ៉ង់​បញ្ជូនមក ត្រូវបាន​ប្រព័ន្ធរ៉ាដាផលិត​ក្នុងស្រុក​របស់​អាមីរ៉ាតអារ៉ាប់រួម ចាប់ស្ទាក់កម្ទេចបាន​ដោយ​ជោគជ័យ។​ អគ្គនាយក EDGE Group អះអាងទៀតថា ប៉ុន្មានឆ្នាំទៅមុខទៀត អេមីរ៉ាតអារ៉ាប់រួម មានមហិច្ឆតា​ចង់ផលិត​ប្រព័ន្ធបច្ចេកវិទ្យា និងសព្វាវុធ​​ការពារផ្លូវអាកាស​ទាំងស្រុង​ ក្នុងស្រុកខ្លួនឯង៕

  17. 8

    សង្រ្គាមនៅដើមបូព៌ា​ជា​មេរៀន​សម្រាប់​ប្រទេស​នៅឈូងសមុទ្រ​ដឹងថា គេ​មិនអាច​ពឹងផ្អែកតែលើ​មហាអំណាច​តែមួយ

    រងគ្រោះ​ជិត​២ខែ ព្រោះតែ​សង្រ្គាមបាចសាច​របស់​អ៊ីរ៉ង់​ ប្រទេស​មហាសេដ្ឋីប្រេង​នៅ​ឈូង​សមុទ្រ​ពែក្ស​ហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភ​កាន់តែខ្លាំងថា សន្តិសុខ​របស់​ពួកគេ​នឹង​ត្រូវ​ផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយ​រវាង​អាមេរិក និង​អ៊ីរ៉ង់។ ទោះមិនបាន​ប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះ​ណាមួយក្តី ប៉ុន្តែ ប្រទេស​នៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បាន​រងការខូចខាត​ធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារ​សងសឹក​របស់អ៊ីរ៉ង់​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក ដែលមាននៅក្នុង​ទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ប្រទេស​នៅឈូងសមុទ្រ​ពែក្ស កំពុង​ប្រឈមនឹង​ការខាតបង់​សេដ្ឋកិច្ច ព្រោះថា កប៉ាល់​ដឹកប្រេង និងទំនិញជាច្រើនគ្រឿង​ត្រូវជាប់គាំង​ព្រោះតែ​អ៊ីរ៉ង់ និងអាមេរិក​បិទខ្ទប់​ច្រកសមុទ្រ​អកមូហ្ស។ ជាមហាសេដ្ឋីប្រេង ប៉ុន្តែ គ្មានអំណាច​ គ្មានកម្លាំងយោធា ​ដើម្បីការពារខ្លួន​ពីគ្រាប់មីស៊ីល និងដ្រូន​របស់​អ៊ីរ៉ង់។ រឹតតែអាក្រក់ និង​សោកសង្រេងជាងនោះទៀត គឺ​ប្រទេស​អ្នកមាន​នៅ​ឈូងសមុទ្រ​ពែក្ស ទាំងនោះ​គ្មានសិទ្ធិ គ្មាន​សំឡេង គ្មានគេ​អញ្ជើញ​ឲ្យចូលរួម​នៅក្នុង​ការចរចា​ដើម្បីបិទបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ នោះ​បើទោះបីជា​ពួកគេ​រងគ្រោះ បាត់បង់ប្រយោជន៍សេដ្ឋកិច្ច ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ព្រោះតែ​គ្រាប់មីស៊ីល និង​ដ្រូន នៅក្នុងការវាយប្រហារ​សងសឹក​របស់អ៊ីរ៉ង់​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក។ គ្មានសិទ្ធិលើកដៃនិយាយ ប្រទេស​មហាសេដ្ឋីប្រេង​បារម្ភខ្លាចខ្លាំងបំផុត គឺ​រាល់​ការសម្រេចចិត្ត​នានានៅក្នុងការចរចាអ៊ីរ៉ង់ សហរដ្ឋអាមេរិកធ្វើឡើង​ដោយ​គ្មាន​សួរសុំយោបល់ ឬ​គិតគូរ​ដល់​ផលប្រយោជន៍​របស់​ប្រទេសនៅឈូង​សមុទ្រ ដែលកំពុង​ជាប់គាំងទាំងសេដ្ឋកិច្ច និង​សន្តិសុខ ព្រោះតែ​សង្រ្គាម​អាមេរិក​វាយប្រហារ​លើអ៊ីរ៉ង់។ មាន​រឿងពីរ​ដែល​ធ្វើ​ឲ្យ​ក្រុមប្រទេស​នៅឈូង​សមុទ្រ​ពែក្ស​នៅមិនស្រណុក នៅពេល​ឃើញលោកត្រាំ​ចង់​ចរចា​បិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។ ទី១ គេ​បារម្ភខ្លាចថា ការចរចា​របស់​អាមេរិក​ផ្តោតច្រើនតែទៅលើ​កម្មវិធីនុយក្លេអ៊ែរ​យោធា​របស់អ៊ីរ៉ង់ ហើយ​ភ្លេចមិនដាក់សម្ពាធលើអ៊ីរ៉ង់ ក្នុង​សំណុំរឿងសព្វាវុធ​មីស៊ីល​ដ្រូន។ រអិលខ្លួន​ក្នុង​សង្រ្គាម​វាយប្រហារសងសឹករបស់អ៊ីរ៉ង់ ព្រោះតែ​បាន​ផ្តល់ទីតាំងជាមូលដ្ឋានទ័ព​របស់អាមេរិក ក្រុមប្រទេស​ឈូងសមុទ្រ​ពែក្ស​បាន​រងការវាយប្រហារ​មីស៊ីល​របស់អ៊ីរ៉ង់ នៅក្នុង​សង្រ្គាម​ជាង​៦សប្តាហ៍។ ដូច្នេះ ពួកគេចាប់អារម្មណ៍ចង់​បានជាងគេ គឺ​ការដោះស្រាយ​បញ្ហា​ក្រុមប្រដាប់អាវុធនៅក្នុងតំបន់ដែល​គាំទ្រ​អ៊ីរ៉ង់ និងបញ្ហាមីស៊ីល ដូចជា ការដាក់ទណ្ឌកម្ម ឬ​រឹតបន្តឹង​កម្មវិធី​មីស៊ីល​របស់អ៊ីរ៉ង់ជាដើម។ ទី២ គេ​ខ្លាចថា អាមេរិក​របស់​លោកដូណាល់ ត្រាំ​នឹង​ចរចា សុខចិត្ត​យល់ព្រម​ឲ្យ​អ៊ីរ៉ង់​មានសិទ្ធិ​ចូល​ទៅ​គ្រប់គ្រង​ច្រកសមុទ្រ​អកមូហ្ស ដើម្បីបញ្ចប់​សង្រ្គាម និងឈានទៅស្តារ​ឡើងវិញ ស្ថិរភាព​សេដ្ឋកិច្ច​សកល។ នៅត្រង់ចំណុចនេះ ប្រទេស​មហាសេដ្ឋីប្រេង ដូចជា​អារ៉ាប៊ី សាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អូម៉ង់​បារម្ភខ្លាច​ថា បើសិន​អ៊ីរ៉ង់បានសិទ្ធិគ្រប់គ្រង​ច្រកសមុទ្រ​អកមូហ្ស​ផ្តាច់មុខ នោះអ៊ីរ៉ង់​នឹង​រឹតតែបានដៃ ធ្វើផ្គរធ្វើភ្លៀង ដើម្បី​កម្រិត​បរិមាណ​ផលិតប្រេង​របស់​ប្រទេសដទៃ​ដែល​ជាគូប្រជែងរបស់អ៊ីរ៉ង់។ ប្រទេស​នៅក្នុង​ឈូងសមុទ្រ​ពែក្ស​រឹតតែ​បារម្ភខ្លាំងទៅទៀត នៅពេល​លឺលោកត្រាំ ពន្លយថា អាមេរិកនិងអ៊ីរ៉ង់​អាច​ចាប់ដៃ​សហការគ្នា​គ្រប់គ្រងច្រកសមុទ្រអកមូហ្ស ដើម្បី​ត្រួតពិនិត្យ​ ទារថ្លៃពីកប៉ាល់​ដែលចេញចូល​ទៅក្នុង​ឈូងសមុទ្រពែក្ស។ បើសិន​សំដី​របស់​លោកត្រាំ​ក្លាយជារឿងពិត នោះ​វាមានន័យទៅ​ច្របាច់ក ដាក់សម្ពាធ​មួយជាន់ទៀតលើ​ក្រុមប្រទេស​មហាសេដ្ឋីប្រេង ដែល​ខាតបង់ ខូចខាត​ក្រាសក្រែលរួចទៅហើយ ព្រោះតែ​សង្រ្គាមអ៊ីរ៉ង់​រាលដាល​ឆាបឆេះទៅជា​សង្រ្គាមនៅដើមបូព៌ា។ សង្រ្គាមអ៊ីរ៉ង់​បញ្ឆេះ​ដោយអាមេរិក និងអ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ក្រុមប្រទេស​អារ៉ាប់​នៅឈូងសមុទ្រ​ពែក្ស​ភ្លឺភ្នែក ស្គាល់ច្បាស់​អាមេរិក និងអ៊ីរ៉ង់។ ទី១ គេមិនអាច​មើលស្រាលអ៊ីរ៉ង់។ ទី២ អាមេរិក​ដែលជាសម្ព័ន្ធមិត្ត ធ្លាប់ចុះ​កិច្ចព្រមព្រៀងយោធា និងសន្យា​ការធានា​ការពារ​សន្តិសុខ​ឲ្យ​សម្ព័ន្ធមិត្ត​អារ៉ាប់ បែរជាសម្រេចចិត្ត​ធ្វើសង្រ្គាមច្បាំងនឹងអ៊ីរ៉ង់ ដោយ​គ្មាន​សាកសួរយោបល់ ឬ​បញ្ចូលសម្ព័ន្ធមិត្ត​ក្នុងតំបន់ ទៅក្នុង​ផែនការយុទ្ធសាស្រ្ត​របស់ខ្លួន។ លោក​Mohammed Baharron អគ្គនាយក​មជ្ឈមណ្ឌលស្រាវជ្រាវ​នយោបាយសាធារណៈ​នៅទីក្រុង​ឌូបៃ និយាយថា សង្រ្គាម​អ៊ីរ៉ង់​ជាមេរៀនសំខាន់​មួយដែលធ្វើឲ្យ​​ក្រុមប្រទេស​អារ៉ាប់​នៅឈូងសមុទ្រ​ពែក្សដឹងថា ជាការពិត អាមេរិក​មាន​សមត្ថភាពយោធាខ្លាំងជាងគេឯង ដោយ​អាច​ជួយការពារ​ផ្ទៃមេឃ​របស់ប្រទេស​នៅក្នុងតំបន់​ពីការគ្រាប់មីស៊ីល និងដ្រូន​របស់អ៊ីរ៉ង់។ ប៉ុន្តែ ភាពទ័លច្រក​របស់​អាមេរិក ដោយ​មិនអាច​វាយបំបែក​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់​នៅ​ច្រកសមុទ្រ ក៏ឆ្លុះបញ្ចាំង​ឲ្យឃើញដែរថា យោធា​អាមេរិក​នៅមានចំណុច​ខ្សោយ​ខ្លះដែរ។ ដូច្នេះ ចង់ ឬមិនចង់ មេរៀន​ដែលគេ​ត្រូវចងចាំ​ពីសង្រ្គាម​នៅអ៊ីរ៉ង់លើកនេះ គឺ គេ​ត្រូវ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​មហាអំណាចតែមួយ។ អំណើះតទៅ ត្រូវ​មាន​ប្រទេស​មហាអំណាច​ច្រើន ជាខ្នងបង្អែក ទើបធានាថា សន្តិសុខ ផលប្រយោជន៍​របស់​ក្រុមប្រទេស នៅ​ឈូង​សមុទ្រ​ពែក្ស ត្រូវ​គេគិតគូរ យកចិត្តទុកដាក់និងឲ្យតម្លៃ។ ចំណុចនេះ សំខាន់ណាស់ ព្រោះថា សន្តិសុខ និង​ស្ថិរភាព​ក្នុងតំបន់ ជាអ្វីដែល​ប្រទេស​មហាសេដ្ឋីប្រេង ត្រូវការចាំបាច់បំផុត​ដើម្បីជំរុញសេដ្ឋកិច្ច វឌ្ឍនភាពជាតិ៕

  18. 7

    សង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច?

    នៅថ្ងៃសុក្រទី ១៧​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​អះអាង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-​អ៊ីរង់ ដែល​មាន​បូក​​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិត​កើត​ចេញ​ជា​រូប​រាង​ហើយ។ បើ​តាម​លោក​ត្រាំ ​អ៊ីរ៉ង់ បាន​យល់​ព្រម​ផ្ទេរ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម ​ឱ្យ​អាមេរិកទៀត​ផង។​ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ទាំង​ស្រុង។ ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ពោលគឺ​ការ​អភិវឌ្ឍ​កម្ម​វិធី​នុយក្លេអ៊ែរ មាន​តម្លៃ​ដូច​ជា​បូរណភាពដែនដី​​មួយដែរ​សម្រាប់​អ៊ីរ៉ង់ និង​ជា​ប្រធានបទដែល​ធ្លាប់​ខ្ទាស់​កិច្ចចរចា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​តើ​គេ​​អាច​មាន​ជម្រើស​អ្វី​ខ្លះ​ ក្នុង​​ដោះស្រាយ​បញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បី​ឱ្យ​អ៊ីរ៉ង់អាច​ទទួល​យក​បាន​​? នៅ​ថ្ងៃ​សុក្រ​ទី ១៧​មេសា ប្រធានាធិបតី​អាមេរិក បានចេញ​សេចក្តី​ប្រកាស​ច្រើន​ណាស់ ថា​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​​ជាមួយ​អ៊ីរ៉ង់​ហើយ។ ចំណុច​ខ្ទាស់​សំខាន់ៗ​ត្រូវ​បាន​ដោះស្រាយ​រួច ជាពិសេស​ចំណុច​ទាក់ទង​នឹង​នុយក្លេអ៊ែរ ដែល​ជា​ស្នូល​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​តាំង​ពី​យូរ​យារ​មក។ បើ​តាម​លោក​ត្រាំ អ៊ីរ៉ង់​​ព្រម​ផ្ទេរ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រាញ់​រួច​ឱ្យ​សហរដ្ឋ​អាមេរិក​ទៀត​ផង។ អាមេរិក​នឹង​យក​ចបជីក​យក្ស​ទៅ​ឆ្កឹះ​យក​លម្អង​អ៊ុយរ៉ានីញ៉ូម​ទាំងអស់​ពី​អ៊ីរ៉ង់ ដោយ​គ្មាន​បង់​ប្រាក់​មួយ​រៀល​ទេ។ ពាក្យ​ថា​លម្អង​អ៊ុយរ៉ានីញ៉ូម សម្រាប់​លោក​ត្រាំ ​គឺ​ចង់សំដៅ​លើសារធាតុ​​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​​រួច ដែល​ទុក​នៅ​ក្នុងឃ្លាំង​ស្តុក​។ ប៉ុន្តែ​ដោយ​ជាក់​ស្តែង​ គេ​មិន​អាច​យក​ចប​ទៅ​ជីក​ដឹក​​សារធាតុ​អ៊ុយរ៉ានីញ៉ូម​​ពី​អ៊ីរ៉ង់​ដោយ​ស្រួលៗ​ ដូច​សំដី​ថា​លោក​ត្រាំ​ឡើយ។ ហើយ​អ៊ីរ៉ង់​ក៏​បាន​បដិសេធ​ទៀត​ថា​គ្មាន​ការ​យល់​ព្រម​បែប​នេះ​ទេ។ សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​រួច​ មិន​អាច​ផ្ទេរ​ចេញ​ពី​ទឹក​ដី​អ៊ីរ៉ង់​ជា​ដាច់ខាត​។ អ៊ុយរ៉ានីញ៉ូម​និង​ទឹក​ដី​អ៊ីរ៉ង់​​ជា​វត្ថុ​សក្តិសិទ្ធ។ ជា​បញ្ហា​ដ៏​សំខាន់​បំផុត​សម្រាប់​អ៊ីរ៉ង់។ នេះ​បើ​តាម​ពាក្យ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេសអ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​។ នៅ​ថ្ងៃ​អាទិត្យ​ទី​១៩​មេសា​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​បាន​បញ្ជាក់​ថែម​ទៀត​លោក​ត្រាំមិនអាច​កំណត់​សិទ្ធិ​អ៊ីរ៉ង់​​មាន​កម្មវិធី​នុយក្លេអ៊ែរ​បានទេ។ អ៊ីរ៉ង់​គ្មាន​មហិច្ឆតា​ផលិត​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ តែ​អ៊ីរ៉ង់​ចាំបាច់​ត្រូវ​ការពារ​សិទ្ធិ​មាន​នុយក្លេអ៊ែរ​ស៊ីវិល។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកប្រធានាធិបតី​អ៊ីរ៉ង់​ដដែល។ កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់​រងការ​ខូច​ខាត​ជា​ដំណំ​ដោយ​សង្គ្រាម​១២​ថ្ងៃ​ កាលពី​ខែ​មិថុនា​២០២៥ និង​ដោយ​ការ​ប្រតិបត្តិការ​អាមេរិកអ៊ីស្រាអែល​កាលពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ។ ប៉ុន្តែ​បើ​តាម​ទី​ភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ អ៊ីរ៉ង់នៅ​មាន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រើន​បាន​ ​៦០% (បើ​ដល់​៩០%​នឹង​អាច​ផលិត​គ្រាប់​បែក​បរមាណូបាន) ​ចំនួន​​ជាង​៤៤០​គីឡូក្រាម គិត​ត្រឹម​ខែ​មិថុនា​២០២៥ ​ស្តុក​ទុក​នៅបីកន្លែង​គឺ​ Fordo, Natanz et Ispahan ព្រមទាំង​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រាញ់​បាន​២០% ចំនួន​១៨០​គីឡូក្រាម និង​ជាង​៦តោន អ៊ុយរ៉ានីញ៉ូម​ចម្រើន​បាន​៥%។ តែពេល​នេះ​គេមិន​ដឹង​អំពី​បរិមាណ​ពិត​ប្រាកដ​នៃ​អ៊ុយរ៉ានីញ៉ូម​ក្នុង​ស្តុក​ទេ។ ទន្ទេញ​ពី​​សិទ្ធិ​នៃ​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូមជា​ប្រយោជន៍​ស៊ីវិល អ៊ីរ៉ង់​​មិន​អនុញ្ញាត​ឱ្យ​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ចូល​ទៅ​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​រង​ការ​ខូច​ខាត​នោះ​ទេ។ គ្រាន់​តែថា​នៅ​ក្នុង​ការ​ចរចា​លើក​នេះ ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​​ស្វែង​រក​សន្តិភាព។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​ត្រូវ​ក្តោប​ប្រធានបទ​ច្រើន​ ក្តោប​ទាំង​បញ្ហា​អ៊ុយរ៉ានីញូម​នេះផង។ ប្រសិន​បើ​ភាគី​ទាំងពីរ​រក​ឃើញ​កិច្ចព្រមព្រៀង​មែន នោះ​គេ​អាច​នឹង​មាន​សំណើ​ច្រើន​ទាក់ទង​ការ​ផ្ទេរ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​អ៊ីរ៉ង់។ ទីមួយ គឺ​កា​រផ្ទេរ​ស្តុក​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​ហើយ​ទៅ​កាន់​ប្រទេស​ទីបី​ ដូច​ជា​​រុស្ស៊ី អាមេរិក ឬ​ប៉ាគីស្ថាន។ ប្រទេស​នុយក្លេអ៊ែរ​ទាំង​បី មាន​រចនា​សម្ព័ន្ធ​ និង​​សមត្ថភាពបច្ចេកទេស​​ទទួលស្តុក​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​ហើយ​ដោយ​សុវត្ថិភាព​បាន។ ​​អ៊ីរ៉ង់​ ​ធ្លាប់​ផ្ទេរអ៊ុយរ៉ានីញ៉ូមចម្រើន​ធាតុ​ហើយ​មួយ​ភាគទៅ​​រុស្ស៊ី ស្រប​តាម​​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់កាលពី​​ឆ្នាំ​២០១៥ ដែល​លោក​ត្រាំ​រិះគន់​និង​បាន​ដក​ខ្លួន​ចេញ​ជា​ឯកតោភាគី​​នៅឆ្នាំ​២០១៨។ ដូច្នេះ​ជម្រើសផ្ទេរទៅរុស្ស៊ី​​ប្រហែល​មិន​ត្រូវ​បាន​យក​មក​ប្រើ​ទៀត​ទេ ព្រោះ​បរិមាណ​​អ៊ុយរ៉ានីញ៉ូមចម្រើនហើយ​​ពេល​នេះ​ខ្ពស់​ខ្លាំង​ជាង​មុន​ច្រើនផង ទំនាក់ទំនង​អាមេរិក​រុស្ស៊ី​ក៏​មិន​ល្អ​ដូច​ពេល​មុនផង។ នេះ​បើ​តាម​ទស្សនៈ​របស់​អ្នក​ស្រាវជ្រាវ​បារាំង​ Héloïse Fayet។ នៅ​តែ​អាមេរិក​និង​ប៉ាគីស្ថាន ឬ​នៅ​​អ៊ីរ៉ង់​ខ្លួនឯងដែល​ជាជម្រើស​ទីពីរ។ ជម្រើស​នេះ​ គឺ​ការ​រំលាយ​ស្តុក​អ៊ុយរ៉ានីញ៉ូម នៅក្នុង​ផ្ទៃ​ប្រទេស​អ៊ីរ៉ង់​ផ្ទាល់​តែ​ម្តង។ បារាំង​យល់​ថាដំណើរ​​ការ​រំលាយ​ស្តុក​អ៊ុយរ៉ានីញ៉ូម​ត្រូវ​ស្ថិត​នៅក្រោមការ​ត្រួត​ពិនិត្យ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ AIEA ដោយ​បញ្ជូន​អធិការកិច្ច​ជា​ច្រើន​រូប​ទៅ​អ៊ីរ៉ង់ផង និង​ដើម្បី​​តម្លាភាព​ផង។ ការ​រំលាយ​ស្តុក​ធ្វើ​ជា​សំខាន់​លើ​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​៦០% និង​២០% ដោយ​អាច​ជា​ការ​លាយល្បាយ​​អ៊ុយរ៉ានីញ៉ូម​ធម្មជាតិ ដើម្បី​បញ្ចុះ​ការ​ចម្រើន​ធាតុ​មក​ក្រោម​​៥%។ ត្រឹម​៥%​ជា​កំរិត​គ្មាន​គ្រោះ​ថ្នាក់​​តាម​ផ្លូវ​យោធា តែ​អាច​ជា​ប្រយោជន៍​សម្រាប់​ទាញ​​ថាមពល​ដើរដោយ​​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ។ ​ប៉ុន្តែ​តើ​អាមេរិក​ព្រម​ឱ្យ​អ៊ីរ៉ង់​រំលាយ​ស្តុក​​បែប​នេះ​​ ឬទេ? នេះ​ជា​បន្ទាត់​ក្រហម​ដែល​អាមេរិក​ក៏​ដូច​ជា​អ៊ីរ៉ង់​បាន​ដាក់​ជា​លក្ខខណ្ឌ​មិន​ឱ្យ​រំលង​ដូច​គ្នា ៖ អាមេរិក​ត្រូវការ​ឱ្យ​គ្មាន​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​សោះ នៅ​លើ​ទឹក​ដី​អ៊ីរ៉ង់។ ឯ​អ៊ីរ៉ង់ ដាច់​ខាត​មិន​បញ្ឈប់​កម្មវត្ថុ​នុយក្លេអ៊ែរស៊ីវិល​​​នេះ​ទេ។ ដូច្នេះ​ការ​ចរចា​អាច​​នៅ​វែង​ឆ្ងាយទៀត​ណាស់​៕

  19. 6

    តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា?

    បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​សម្របសម្រួល​ឲ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​ស្តារសេដ្ឋកិច្ច​ពិភពលោក ដែល​រងគ្រោះ ព្រោះតែ​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​នៅក្នុង​សំណុំរឿងមួយដ៏ស្មុគស្មាញ ដែល​អ្នកការទូតខ្លះវាយតម្លៃថា ជា​បេសកកម្ម​ដែល​មិនអាច​ទៅរួច ដោយ​មើលទៅជំហរ​របស់អាមេរិក និងអ៊ីរ៉ង់​ដែលជា​សត្រូវ​សួពូជនឹងគ្នា។ តើ​ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បី​អាច​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អាមេរិក និងអ៊ីរ៉ង់? ដោយ​បញ្ចុះបញ្ចូល​ឲ្យ​ភាគីជម្លោះ អាមេរិក និងអ៊ីរ៉ង់​យល់ព្រម​ឈប់​ប្រយុទ្ធគ្នា រយៈពេល​២សប្តាហ៍ និង​ចូលខ្លួនជាម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ដើម្បីចរចា​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​នៅដើមបូព៌ា ប៉ាគីស្ថាន​បាន​បង្ហាញ​ឲ្យ​គេឃើញ​ពី​តួនាទី​ដ៏​សំខាន់ និង​សមត្ថភាព​មិនប្រកែកបាន​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយនេះ។ តាំងពីដំបូងទី​នៃ​សង្រ្គាមប្រយុទ្ធគ្នា​រវាង​អាមេរិក អ៊ីរ៉ង់ ប៉ាគីស្ថាន​បាន​សុំខ្លួនធ្វើជា​អន្តរការី ជួយសម្របសម្រួល​ឲ្យ​ភាគីជម្លោះបញ្ចប់​សង្រ្គាមនៅដើមបូព៌ា។ សូម្បី​តែ​នៅថ្ងៃអង្គារ​ទី ៧មេសា ថ្ងៃចប់​ឱសានវាទ​របស់​លោកត្រាំ ដែល​សន្យាវាយកម្ទេច​អរិយធម៌​របស់អ៊ីរ៉ង់​ឲ្យ​រលាយសាបសូន្យ បើសិន​អ៊ីរ៉ង់​មិនព្រម​បើកច្រកសមុទ្រ​អកមូហ្ស ប៉ាគីស្ថាន​បានធ្វើយុទ្ធនាការ​ការទូត ដើម្បីបញ្ចុះបញ្ចូល​គ្រប់ភាគី រហូត​ដល់​នាទី​ចុងក្រោយ។ ជាក់ស្តែង នៅតែ ៩០នាទី​មុន​ចប់​ឱសានវាទ​របស់​លោកត្រាំ ប៉ាគីស្ថាន​បាន​សម្រេច​ជោគជ័យ តាំង​ប្រផិតប្រផើយ ដោយ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់​យល់ព្រមធ្វើ​បទឈប់បាញ់​បណ្តោះអាសន្ន បាន​ខ្នះខ្នែង ប្រឹងប្រែង​រហូត​ដល់​ទីបញ្ចប់។ ទោះបទឈប់បាញ់​អាមេរិក និងអ៊ីរ៉ង់​ផុយស្រួយ និងអាច​ដួលរលំគ្រប់ពេល​វេលា ព្រោះ​ភាគី​ជម្លោះ​ទាំងពីរ​នៅតែ​បន្ត​ឆ្លើយឆ្លង​សំដី​គំរាមគ្នា​ទៅវិញទៅមក តែវត្តមានរបស់​គណៈប្រតិភូអាមេរិក និង​អ្នកតំណាង​អ៊ីរ៉ង់នៅរដ្ឋធានី អ៊ីស្លាម៉ាបាដ​ជាជោគជ័យ​គួរ​ឲ្យ​កត់សំគាល់​មួយ​របស់​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​អាច​សម្រេច​បាននូវ​បេសកកម្មមួយ​ដ៏ស្មុគស្មាញ ដែល​គេគិត​ថា ប៉ាគីស្ថាន​មិនងាយ​នឹង​ធ្វើបាន។ ដូច្នេះ មាន​កត្តា​អ្វីខ្លះដែលធ្វើឲ្យប៉ាគីស្ថានអាច​សម្រេច​ការងារ​ដ៏លំបាកមួយនេះ? ប្រៀបធៀប​នឹង​តួកគី អូម៉ង់ ដែលធ្លាប់​ស្នើសុំចូលខ្លួន​ជា​អន្តរការី ប៉ាគីស្ថាន​មាន​លក្ខណៈសម្បត្តិល្អជាងគេ ព្រោះតែ​ជំហរអព្យាក្រឹត្យរបស់ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ចុះសម្រុងជាមួយ​គ្រប់ភាគីជម្លោះ ទាំងអាមេរិក និងអ៊ីរ៉ង់។ ចំពោះ​អ៊ីរ៉ង់ ប៉ាគីស្ថាន​ជា​ប្រទេសជិតខាង​ដែលមាន​ព្រំដែន​ជាប់គ្នាប្រវែង​ជាង​៩០០​គីឡូម៉ែត្រ។ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនងនឹង​គ្នា​យ៉ាងស៊ីជម្រៅ ទាំងផ្នែក​ប្រវត្តិសាស្រ្ត វប្បធម៌ និង​សាសនា។ អ៊ីរ៉ង់​ជា​ប្រទេស​ដំបូងគេ​ដែលបាន​ប្រកាស​ទទួលស្គាល់​ប៉ាគីស្ថាននៅក្រោយ​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៧។ ដូចគ្នា​ដែរ ប៉ាគីស្ថាន​បាន​ចេញមុខ​ទទួលស្គាល់​របបអ៊ីស្លាមអ៊ីរ៉ង់ នៅក្រោយបដិវត្តន៍​ផ្តួលរំលំ​រាជានិយម​នៅ​អ៊ីរ៉ង់​នៅឆ្នាំ ១៩៧៩។ ក្រៅតែពីជា​អតិថិជនទិញប្រេង​សំខាន់​មួយ​របស់អ៊ីរ៉ង់ ប៉ាគីស្ថាន​ជា​ប្រទេស​ទី២​បន្ទាប់ពី​អ៊ីរ៉ង់ ដែលមាន​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយស៊្ហីអ៊ីត រស់នៅច្រើន​ជាងគេ។ ម្យ៉ាង ស្ថានទូត​ប៉ាគីស្ថាន​នៅវ៉ាស៊ីនតោន​ក៏​ដើរ​តួជាអ្នកតំណាង​ប្រយោជន៍​ឲ្យ​អ៊ីរ៉ង់​ដែរ ព្រោះថា ទាំងអាមេរិក និងអ៊ីរ៉ង់​គ្មាន​ស្ថានទូត​រវាងគ្នា ចាប់តាំង​ពី​ឆ្នាំ​១៩៧៩មកម្ល៉េះ។ ចំណុចចុងក្រោយ​ដែលធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់តែ​ជឿទុកចិត្ត​លើ​ទំនាក់ទំនង ជិតស្និទ្ធរបស់​ប៉ាគីស្ថាន គឺ ការផ្ទុះបាតុកម្ម​របស់​ប្រជាជន​ប៉ាគីស្ថាន​ប្រឆាំង​នឹង​អាមេរិក នៅបន្ទាប់ពី​អាមេរិក និងអ៊ីស្រាអែលបាញ់សម្លាប់​ប្រមុខសាសនាអ៊ីរ៉ង់ លោក​អាលី ខាមេណី កាលពី​ចុងខែ កុម្ភៈ។ បន្ថែមពីលើ​ទំនាក់ទំនង​ជិតស្និទ្ធផ្ទាល់ខ្លួន​ជាមួយ​អ៊ីរ៉ង់ ប៉ាគីស្ថាន​អាច​បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង់​​ទទួល​បទឈប់បាញ់ និង​យល់ព្រម​ចូលតុចរចា​ជាមួយ​អាមេរិក ក៏​មកពី​មាន​ជំនួយ អន្តរាគមន៍​របស់​ចិន​ដែល​ជា​អតិថិជន​ទិញប្រេង​ធំជាងគេ​របស់​អ៊ីរ៉ង់ ហើយក៏ជា​មិត្ត​លក់អាវុធឲ្យប៉ាគីស្ថាន។ នៅ​ខែ​មីនា​កន្លង​ទៅ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​ធ្វើដំណើរ​ទៅ​ប៉េកាំង​ដើម្បី​ស្វែងរក​ការគាំទ្រ និងការធានា​ពី​ចិន ទៅតាម​ការទាមទារចង់បាន​របស់អ៊ីរ៉ង់។ ចិន​ក៏​បាន​ចេញមុខ​ប្រកាស​គាំទ្រ​តួនាទី​ប៉ាគីស្ថាន ក្នុង​នាមជា​អ្នកសម្របសម្រួល​ក្នុងជម្លោះ​រវាង​អ៊ីរ៉ង់ និងអាមេរិក។ ក្រៅពី​ចិន ប៉ាគីស្ថាន​បាន​ស្វែងរកការគាំទ្រ​ពីអារ៉ាប៊ី សាអូឌីត​មួយទៀត ដែលជា​សម្ព័ន្ធមិត្ត​សំខាន់​មួយ​របស់អាមេរិក។ ធ្លាក់ខ្លួន​រងគ្រោះ​ព្រោះតែ​ការវាយប្រហារ​របស់មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់ ទៅ​លើ​មូលដ្ឋានទ័ពអាមេរិកនៅក្នុងទឹកដី​របស់ខ្លួន អារ៉ាប៊ី សាអូឌីត បាន​ចូលរួម​ជាមួយ ចិន តួកគី អេហ្ស៊ីប និងកាតា​ដែលជាមិត្ត​របស់​អ៊ីរ៉ង់ ដើម្បី​លើកស្ទួយ​ប៉ាគីស្ថាន​ឲ្យធ្វើ​ជា​អន្តរការី ជួយសម្របសម្រួល​ឲ្យអាមេរិក និង​អ៊ីរ៉ង់​ចូល​តុចរចា។ ក្រៅពីមានទំនាក់ទំនងល្អជាមួយ​អ៊ីរ៉ង់ រហូត​ដល់​អ៊ីរ៉ង់​ទុកចិត្ត ជឿតាម​ការបញ្ចុះបញ្ចូល​ឲ្យ​សុខចិត្ត​ទទួលយក​បទឈប់បាញ់​ជាមួយ​អាមេរិក ប៉ាគីស្ថាន​ក៏​ជា​មិត្ត និងមានទំនាក់ទំនង​យោធា​ជិតស្និទ្ធជាមួយ​សហរដ្ឋអាមេរិក។ ទោះទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ធ្លាប់​ឡើងចុះ កាលពីអតីតកាល ជាពិសេស​នៅពេល​អាមេរិក​ចោទប្រកាន់​អ៊ីស្លាម៉ាបាដ​លាក់​មេភេរវនិយម អាល់កៃដា ប៉ាគីស្ថាន​ក្រោមអាណត្តិដឹកនាំ​របស់​លោកនាយករដ្ឋមន្រ្តី Shehbah Sharif បាន​ខិតចូលទៅ​ជិតស្និទ្ធនឹង​អាមេរិកសាជាថ្មី។ កាលពីពេលថ្មីៗ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន​បាន​ធ្វើដំណើរទៅ​វ៉ាស៊ីនតោន​ដើម្បីចូលរួម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​ក្រុមប្រឹក្សា​សន្តិភាព​ផ្តួចផ្តើម​ដោយលោកត្រាំ។ អ្វីដែលសំខាន់ គឺ គេ​សង្កេតឃើញ លោកត្រាំ​ចូលចិត្ត​សេនាប្រមុខ​ប៉ាគីស្ថាន​លោកAsim Munir ជាងគេ។ មេទ័ពប៉ាគីស្ថាន​រូបនេះ ធ្លាប់បាន​លើកសរសើរថា ជាមេដឹកនាំមានទស្សនៈវិស័យ​វែងឆ្ងាយ និងចង់​ឲ្យគេ​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ដល់​លោកត្រាំទៀតផង ព្រោះថា លោកត្រាំជាអ្នកជួយអន្តរាគមន៍បិទបញ្ចប់​សង្រ្គាម​ដែល​ប៉ាគីស្ថាន​និងឥណ្ឌា​បាន​ផ្ទុះដាក់គ្នា​កាលពី​ខែ​ឧសភា ឆ្នាំ២០២៥។ ទំនាក់ទំនង​ផ្ទាល់ខ្លួន​បានធ្វើ​ឲ្យ​លោក​ត្រាំ​វាយតម្លៃថា ប៉ាគីស្ថាន​ជា​ប្រទេស​ដែលស្គាល់​អ៊ីរ៉ង់​ច្បាស់ជាងអ្នកណាៗទាំងអស់។ ដោយ​ចូលខ្លួន​មក​ចង់​ដោះស្រាយ​ជម្លោះ​រវាង​គូបដិបក្ខ​ដែលមាន​ចរឹតរឹងរូស រៀងៗខ្លួន ដូចជា​អាមេរិក និងអ៊ីរ៉ង់ ក្តីសង្ឃឹម​របស់​ប៉ាគីស្ថាន​អាច​មាន​ស្តួចស្តើង។ ទោះ​អនាគត​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើមបូព៌ា​នៅមិនទាន់​ច្បាស់ ប៉ុន្តែ ប៉ាគីស្ថានបាន​សម្រេចចិត្ត​ហក់ចូលមកសម្របសម្រួល ព្រោះថា បើជោគជ័យ នោះ​ប៉ាគីស្ថាន​មិនត្រឹម ​ទទួល​បាន​មុខមាត់ កិត្តិយស ប៉ុន្តែ ប៉ាគីស្ថាន​បានជួយ​បិទបញ្ចប់សង្រ្គាម​ដើម្បី​ស្តារ​សេដ្ឋកិច្ចពិភពលោកឡើង​វិញ។ ប៉ាគីស្ថានផ្ទាល់​នឹង​ទទួលបាន​ប្រយោជន៍ ព្រោះត្រូវ​លែង​ត្រដរខ្យល់ ដោយសារវិបត្តិសេដ្ឋកិច្ច វិបត្តិប្រេង​ឥន្ធនៈឡើងថ្លៃតទៅទៀត៕

  20. 5

    ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែង​រដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន

    ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី​១៩មីនា បានធ្វើកំណែទម្រង់ ដោយ​ដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវ​ប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក?  ចាប់តាំងពី​អាមេរិកប្រើ​កម្លាំងយោធាចូលទៅចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ វ៉េណេស៊ុយអេឡាគ្មានជម្រើសអ្វីក្រៅតែពីដើរតាម​ខ្សែបន្ទាត់ ខ្សែញាក់របស់អាមេរិក។ បន្ទាប់ពី​កែប្រែប្រព័ន្ធគតិយុត្តិដើម្បី​បើកផ្លូវ​ឲ្យក្រុមហ៊ុនអាមេរិកចូលទៅវិនិយោគលើ​ថាមពលប្រេង​វ៉េណេស៊ុយអេឡា កែទម្រង់ប្រព័ន្ធតុលាការ និង​ដោះលែងអ្នកទោស​នយោបាយ​តាម​ការចង់បាន​របស់​វ៉ាស៊ីនតោន ប្រធានាធិបតីស្តីទីរបស់​វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាន​ធ្វើកំណែទម្រង់ដ៏សំខាន់មួយទៀត នោះគឺ​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីនកងទ័ព មេដឹកនាំយោធាដ៏មានឥទ្ធិពល​ និង​មាន​អំណាច​ខ្លាំង​នៅវ៉េណេស៊ុយអេឡា។ ក្រៅផ្លាស់ប្តូរមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំយោធា​នៅគ្រប់តំបន់ ​ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez​ បាន​ដកលោកVladimir Padrino ពីតំណែង​រដ្ឋមន្រ្តីការពារជាតិ។ លោក​Vladimir Padrino កាន់តំណែងជា​ប្រមុខការពារជាតិវ៉េណេស៊ុយអេឡា នៅ​១២ឆ្នាំមកនេះ និងជាមនុស្ស​​ស្មោះស្ម័គ្រ​នឹង​ប្រធានាធិបតីម៉ាឌូរ៉ូ (កំពុងជាប់ជាចំណាប់ខ្មាំងរបស់វ៉ាស៊ីនតោន)។ តើ​លោកស្រី Delcy Rodriguezអាច​រុះរើដកតំណែង​មេទ័ពដ៏មានអំណាចនៅវ៉េណេស៊ុយអេឡា ដោយជៀសផុតពី​រដ្ឋប្រហារយោធា​បានយ៉ាងដូចម្តេច? ពីអនុប្រធានាធិបតីមកជា​ប្រធានាធិបតី​ស្តីទីរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីលោកដូណាល់ត្រាំ បញ្ជូនយោធា​មក​ចាប់ជំរិត​យកប្រធានាធិបតីទៅឃុំទុកនៅទីក្រុង​ញូវយ៉ក​ លោកស្រី Delcy Rodriguez បាន​ធ្វើកំណែទម្រង់ រុះរើ​រដ្ឋាភិបាល ​ផ្លាស់ប្តូរ​អ្នកទទួលខុសត្រូវ​តាមតំបន់ និង​លុបចោល​ទីភ្នាក់ងារ ឬ​កម្មវិធីនយោបាយ​កន្លងមករបស់​លោក​នីកូឡាស ម៉ាឌូរ៉ូ។ រដ្ឋមន្រ្តី១៤រូបត្រូវ​បានដកចេញពីតំណែង។ ក្រសួងការពារជាតិ​ជា​ស្ថាប័ន​ចុងក្រោយ​គេនៅក្នុង​យុទ្ធនាការបោសសម្អាត​មន្រ្តី​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី​នីកូឡាស ម៉ាឌូរ៉ូ។ លោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez អាចដកតំណែងរដ្ឋមន្រ្តីការពារពីលោកVladimir Patdrino ដោយ​គ្មាន​ការងើបបះបោរ និង​ការធ្វើរដ្ឋប្រហារ​ពីក្រុមយោធា ព្រោះថា លោកស្រី​បាន​ដក​លោក​ Vladimir Patdrino មេទ័ពដ៏មានអំណាច ប៉ុន្តែ ជំនួស​មកវិញ ដោយ​មន្រ្តីយោធា​ដ៏មាន​ឥទ្ធិពលម្នាក់។ លោក​Gustavo Gonzalez Lopez ចូលមក​កាន់តំណែង​រដ្ឋមន្រ្តីការពារជាតិជំនួស​លោក​ Vladimir Patdrino។ នៅមុនក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិ លោក​ Gustavo Gonzalez Lopez ធ្វើជា​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជា​ប្រធាន​កងអង្គរក្ស​ប្រធានាធិបតី ប្រធានទីភ្នាក់ងារ​ប្រឆាំង​ចារកម្ម​ ដែលជា​ស្ថាប័ន​ល្បីឈ្មោះខាង ចាប់ចង និងធ្វើទារុណកម្ម​អ្នកនយោបាយ​ប្រឆាំងនៅវ៉េណេស៊ុយអេឡា។ ធ្លាប់ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រេងរបស់​រដ្ឋាភិបាល​ លោក​ Gustavo Gonzalez Lopez​ មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រី Delcy Rodriguez នៅពេលកាន់តំណែងជា​រដ្ឋមន្រ្តីថាមពល​ប្រេងរបស់​រដ្ឋាភិបាល​លោក​នីកូឡា ម៉ាឌូរ៉ូ។ មួយវិញទៀត លោកស្រីប្រធានាធិបតីស្តីទី​របស់វ៉េណេស៊ុយអេឡា​អាច​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្នុងជួរកងទ័ព ដោយ​គ្មានការប៉ះទង្គិច ប្រទូស្តរ៉ាយជាមួយ​មេដឹកនាំយោធា ព្រោះថា មន្រ្តីយោធា​ភាគច្រើននៅវ៉េណេស៊ុយអេឡា​សុទ្ធតែមាន​ចំណែក ទទួលបាន​​ផលប្រយោជន៍កន្លងមក​។ តាំងពី​សម័យដឹកនាំ​របស់​លោក​Hugo Chavezម៉្លេះ ប្រធានាធិបតី​វ៉េណេស៊ុយអេឡាដូចជា​លោក​ម៉ាឌូរ៉ូជាដើម ​តែងយកចិត្ត មេដឹកនាំយោធា​ និងប៉ូលិស តាមរយៈការផ្តល់​មុខតំណែងនៅតាម​ក្រសួងសំខាន់ និង​អំណាចគ្រប់គ្រង ​ក្រុមហ៊ុន​ឯកជន ពន្ធដារ និងជាពិសេស​ក្រុមហ៊ុនប្រេងរបស់រដ្ឋ។ ការណ៍នេះបានបង្ក​ឲ្យ​ការចោទប្រកាន់​ក្រុមអ្នកកាន់អំណាច​ថា បាន​ប្រព្រឹត្តអំពើពុករលួយ និង​រំលោភអំណាច។ អ្នកជំនាញខាងយោធា​វ៉េណេស៊ុយអេឡា ដែលសុំ​មិន​បញ្ចេញឈ្មោះបាន​ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង​AFPថា ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីនកងទ័ពនៅ​វ៉េណេស៊ុយអេឡា មិនអាច​ប្រព្រឹត្តទៅបានទេ បើសិន​គ្មាន​ ភ្លើងខៀវ ការយល់ព្រមព្រៀង​ពីវ៉ាស៊ីនតោន។ លោកស្រី Sebastiana Barraez ជំនាញខាងវិស័យយោធានៅអាមេរិកឡាទីន បាននិយាយ​ថា លោក​Gustavo Gonzalez Lopez សក្តិសមជា​មនុស្ស​របស់អាមេរិក​នៅក្នុងជួរកងទ័ពវ៉េណេស៊ុយអេឡា​។ លោកជាមនុស្ស​ដែល​យល់ពីស្ថានការណ៍ មិន​ដើរជ្រុលតាមមនោគមន៍វិជ្ជា មិន​ងាកទៅក្រុមឆ្វេងនិយម ដូច​មន្រ្តីវ៉េណេស៊ុយអេឡាមួយចំនួនទៀត។ នៅក្រោយ​យោធា​អាមេរិក​ចូល​ចាប់​ខ្លួន​លោក​ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ Gustavo Gonzalez Lopez​ធ្លាប់​បាន​ចេញមុខ​ទទួល​ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​CIAនៅក្រុង​ការ៉ាកាសទៀតផង។ វា​ដូចជា​ការចំអក​នៃព្រហ្មលិខិត។ វ៉ាស៊ីនតោន​ពេញចិត្ត​នឹង​ឲ្យ​លោក​ Gustavo Gonzalez Lopez កាន់ស្ថាប័ន​កងទ័ពវ៉េណេស៊ុយអេឡា បើទោះបីជា លោក​ Gustavo Gonzalez Lopezធ្លាប់​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​របស់អាមេរិក ក្នុងរឿងរំលោភសិទ្ធិមនុស្សនៅវ៉េណេស៊ុយអេឡា។ គេអាចនិយាយបានថា ដើម្បី​ស្តារ​មនោគមវិជ្ជាងាកទៅរកអាមេរិក វ៉ាស៊ីនតោនសុខចិត្ត​ទុក​បញ្ជីទណ្ឌកម្ម​នៅដាច់ដោយឡែក ដោយ​ផ្តោតសំខាន់តែទៅលើ​ប្រយោជន៍របស់​អាមេរិកមុនដំបូងគេ។ គោលដៅរបស់វ៉ាស៊ីនតោន គឺ​ចង់​ឲ្យវ៉េណេស៊ុយអេឡាត្រឡប់មក​ចូល​ក្រោម​គន្លងអំណាច​របស់​អាមេរិក​ឡើងវិញ បន្ទាប់ពីបាត់របូតឲ្យទៅនៅក្រោមឥទ្ធិពល​របស់ម៉ូស្គ ជិត​៣០ឆ្នាំ នៅក្នុង​អាណត្តិដឹកនាំ​របស់​លោក​Hugo Chavez។ នៅមុន លោកChavez​ចូលកាន់អំណាច​នៅឆ្នាំ​១៩៩៩ វ៉េណេស៊ុយអេឡា​ធ្លាប់មានទំនាក់ទំនង​ជិតស្និទ្ធិជាមួយអាមេរិក ដោយ​ធ្លាប់​បានទិញសព្វាវុធ និងបញ្ជូនមន្រ្តីយោធា​ឲ្យទៅហាត់រៀន​នៅអាមេរិកខាងជើង។ ដោយ​ស្អប់ ប្រឆាំង​នឹង​អាមេរិក​ចក្រពត្តិនិយម លោក​Chavez​បានងាកបែរទៅចាប់ដៃ​ជាមួយរុស្ស៊ី និងគុយបា។ នៅក្នុងអាណត្តិដឹកនាំរបស់លោក វ៉េណេស៊ុយអេឡា​បាន​ចំណាយលុយរាប់លាន​ដុល្លារ​ដើម្បីទិញសព្វាវុធរុស្ស៊ី​មក​បំពាក់ឲ្យកងទ័ព។។ ជិត​៣០ឆ្នាំក្រោយ វ៉េណេស៊ុយអេឡា​នៅតែមិនអាច​ជៀសផុតពីក្រញ៉ាំដៃ​របស់អាមេរិក។ ដោយ​បញ្ជូន​កម្លាំងទ័ពទៅចូលចាប់​ប្រធានាធិបតីវ៉េណេស៊ុយអេឡា​ដល់​ក្នុង​គេហដ្ឋាន​ក្នុងទីក្រុង​ការ៉ាកាស មហាអំណាច​អាមេរិក​ក្នុងអាណត្តិដឹកនាំ​របស់​លោកត្រាំ​ត្រលប់​មក​ក្រសោបយក​វ៉េណេស៊ុយអេឡា ដោយមិនភ្លេច​សំឡឹងផ្តោតលើ​ប្រយោជន៍អណ្តូងប្រេង មាស និង ប្រភពធនជាតិរ៉ែធម្មជាតិ រ៉ែកម្រ​ដែល​អាមេរិកកំពុងត្រូវការចាំបាច់ នៅចំពោះមុខការរឹតត្បិត​របស់ចិន ទៅការនាំចេញ​រ៉ែកម្រ ដែលដើរតួនាទីសំខាន់​នៅក្នុង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ មន្រ្តីយោធា​ជាន់ខ្ពស់​ម្នាក់​របស់​វ៉េណេស៊ុយអេឡា​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​AFPថា នៅក្នុង​អំឡុង​អន្តរកាល នៃការផ្លាស់ប្តូរ​អំណាច​ នៅការ៉ាកាស អាមេរិកអាច​នឹង​បង្កើត​មូលដ្ឋានយោធា​បណ្តោះអាសន្ន​មួយនៅវ៉េណេស៊ុយអេឡា៕

  21. 4

    តើនឹងមាន​ផលវិបាក​អ្វីខ្លះ ក្រោយ​ការវាយប្រហារ​ទៅលើទីតាំង​ផលិត​​ប្រេងនិងឧស្ម័ន​នៅតំបន់ឈូងសមុទ្រពែក្ស​?

    សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និង​បង្កផលវិបាក​កាន់តែធ្ងន់ធ្ងរ​មកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុក​ប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ​។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបាន​សំដៅទៅលើទីតាំងស្តុក​ប្រេងនិង​ឧស្ម័ន​ប៉ុណ្ណោះទេ តែវាបាន​វាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ​​ផលិតកម្ម​​​តែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើ​បណ្តាញផលិត​និង​​ផ្គត់ផ្គង់ នៃ​​វត្ថុធាតុដើមថាមពល។ ថ្ងៃពុធទី​១៨មីនា សង្គ្រាមនៅមជ្ឈិមបូព៌ា បាន​ឆេះ​រាល ឈានចូលចំណុចថ្មីមួយទៀតដ៏គ្រោះថ្នាក់។ អ៊ីស្រាអែល​បាន​បើកការវាយប្រហារ​ ទៅលើអណ្តូងឧស្ម័ន​ដ៏ធំបំផុត​របស់អ៊ីរ៉ង់ ឲ្យឆេះសន្ធោសន្ធៅ​។ ជាការសងសឹកវិញ អ៊ីរ៉ង់​បាន​បាញ់មីស៊ីលច្រើនគ្រាប់ ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធ​ចម្រាញ់​ឧស្ម័ន​របស់កាតា។ គួរកត់សំគាល់ថា​ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមកនៅថ្ងៃទី​២៨​កុម្ភៈ ការវាយប្រហាររបស់អ៊ីស្រាអែល និង​អាមេរិក បានសំដៅភាគច្រើនលើសលុប ទៅលើ​សមត្ថភាពការពារខ្លួនរបស់អ៊ីរ៉ង់ ដែលមានដូចជាទីតាំងឃ្លាំងគ្រាប់មីស៊ីល ប្រព័ន្ធបាញ់បង្ហោះ​មីស៊ីល នាវាចម្បាំង និងនាវាមុជទឹកជាដើម​។​ អ៊ីស្រាអែលបានវាយប្រហារផងដែរ ទៅលើទីតាំងស្តុកប្រេងរបស់អ៊ីរ៉ង់​។ ចំណែកអ៊ីរ៉ង់វិញ បានវាយប្រហារភាគច្រើនលើសលុប ទៅលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសំដៅទៅលើ​ទីតាំង​ឃ្លាំងស្តុកផលិត​ផល​ប្រេងនិងឧស្ម័ន​។ តែនៅ​យប់ថ្ងៃពុធទី​១៨មីនា អ៊ីរ៉ង់​បានសម្រេចវាយប្រហារ លើ​ទីតាំង​ចម្រាញ់ឧស្ម័នដ៏ធំបំផុតរបស់កាតា ឈ្មោះ​ Ras Laffan​។ ក្រុមហ៊ុន Qatar Energy បាន​ឲ្យដឹងថា ស្ថានីយ៍ឧស្ម័ន Ras Laffan បានរងការ​ខូចខាតធ្ងន់ធ្ងរ។ ថ្ងៃដដែលនេះដែរ នៅកូវ៉េតវិញ រោងចក្រចម្រាញ់ប្រេងចំនួន​២កន្លែង របស់ Kuwait National Petroleum Company ក៏បានរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់​ដែរ​។ នៅអារ៉ាប៊ីសាអូឌីត រោងចក្រចម្រាញ់​ប្រេង​និងឧស្ម័ន របស់ក្រុមហ៊ុន ​Aramco-ExxonMobil ក៏បាន​ក្លាយ​ជាងផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីរ៉ង់ដែរ តែត្រូវប្រព័ន្ធខែលមីស៊ីលទប់ជាប់​។ សូមបញ្ជាក់ថា ស្ថានីយឧស្ម័ន Ras Laffan របស់កាតា​​ ដែលរងការខូចខាតធ្ងន់ធ្ងរ គឺជា​មជ្ឈមណ្ឌលបំលែងឧស្ម័នធម្មជាតិ ឲ្យទៅជា​ឧស្ម័នធម្មជាតិ​រាវ ដែលពាក្យ​កាត់ហៅថា GNL/ LNG ដ៏ធំជាងគេបង្អស់នៃពិភពលោក​។ កាតាគឺជាប្រទេសធំជាងគេ​ទី​២បន្ទាប់ពីសហរដ្ឋអាមេរិក ដែល​ផលិត​ឧស្ម័នធម្មជាតិរាវច្រើនជាងគេ​។ បញ្ហានេះ​ កំពុង​បង្ក​ឲ្យ​មានការភ័យ​បារម្ភថា សង្គ្រាមឧស្ម័នអាចនឹងផ្ទុះឡើង។ អ្នកវិភាគ​ទីផ្សារ​ផ្គត់ផ្គង់វត្ថុធាតុដើមថាមពល កំពុងតែបារម្ភថា សង្គ្រាមនេះ​កំពុងតែឈានជើងចូល​ក្នុង​សង្គ្រាម​វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំង​តំបន់​មជ្ឈិមបូព៌ា​។ នៅឆ្នាំ​២០២៥ Qatar Energy បាននាំចេញឧស្ម័នធម្មជាតិរាវ ​ចំនួន​ជាង​៨០លានតោន ដោយដឹកចេញតាមច្រកសមុទ្រអកមូហ្សទាំងអស់។ ទំហំនាំចេញរបស់កាតានេះ គឺស្មើនឹង​២០​% នៃតម្រូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវទូទាំងពិភពលោក។ ឧស្ម័នធម្មជាតិរាវរបស់កាតា មួយចំណែកគឺនាំចេញទៅ​អឺរ៉ុប និងមួយចំណែកធំទៀត ប្រមាណ​៨០%​ នាំចេញទៅកាន់​ប្រទេស​អាស៊ីធំៗ ដូចជា​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និង​ប៉ាគីស្ថានជាដើម​។​ ច្រកសមុទ្រ​អកមូហ្ស បិទខ្ទប់ជិត​៣សប្តាហ៍មកនេះ គឺជាបញ្ហាធំមួយដែលរាំងខ្ទប់ការដឹកជញ្ជូន​ប្រេង​និងឧស្ម័នរួចទៅហើយ។ តែបញ្ហា​នេះ គេ​​អាចដោះស្រាយ​បានឆាប់ៗ ប្រសិនបើស្ថានការណ៍​សន្តិសុខនៅតំបន់​នេះ​​ ត្រលប់មករកភាពប្រក្រតីវិញ​។ ក៏ប៉ុន្តែ ការវាយប្រហារ​ធ្វើ​ឲ្យខូចខាត​ហេដ្ឋរចនាសម្ព័ន្ធផលិតកម្ម អណ្តូងប្រេងអណ្តូង​ឧស្ម័ន ព្រមទាំងរោងចក្រ​ចម្រាញ់​ គឺវាជារឿងធ្ងន់ធ្ងរមួយកម្រិត​ទៀត។ មានន័យថា ទោះសង្គ្រាមចប់ ច្រកសមុទ្រអកមូហ្សបើកឡើងវិញ ក៏ការផលិត​ប្រេងនិងឧស្ម័ន មិនអាចដំណើរការដូចដើមវិញបានភ្លាមៗ​ដែរ ព្រោះ​បណ្តាញផលិត​កម្ម​ត្រូវ​ខូចខាត​។ ពោលគឺគេត្រូវការពេលវេលាយូរខែ​ ឬអាចដល់ឆ្នាំ ដើម្បី​រៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ ឲ្យល្អឡើងវិញ។ ដូច្នេះ ទំហំ​លទ្ធភាព​ផ្គត់ផ្គង់វត្ថុធាតុដើមថាមពល ប្រេង ឧស្ម័ន និងសារធាតុគីមីធ្វើពីប្រេងកាត​ផ្សេង នឹងត្រូវតែ​​ធ្លាក់ចុះ ធ្វើឲ្យទីផ្សារបន្តរងសំពាធ។ យ៉ាងណាមិញ គ្រាន់តែ​ស្ថានីយ៍​ឧស្ម័ន​ដ៏ធំបំផុត​របស់កាតា ត្រូវភ្លើងឆាបឆេះ​ភ្លាម ព្រឹកថ្ងៃទី​១៩មីនា តម្លៃ​ឧស្ម័នបានស្ទុះហក់ឡើង ដល់​ទៅ​៣៥% មុននឹងធ្លាក់ចុះមកវិញបន្តិច ត្រឹម​២៨%។ ផ្អែកតាម​ទីផ្សារ TTF ស្តង់ដារអឺរ៉ុប ព្រឹកថ្ងៃទី​១៩មីនា ហាងឆេងឧស្ម័នមានតម្លៃ ៧០អឺរ៉ូ ក្នុងមួយម៉េហ្កាវ៉ាតទឺ។ ប្រសិនបើបញ្ហានេះកាន់តែធ្ងន់ នោះវានឹងរុញអត្រាតម្លៃចរន្តអគ្គិសនីនៅអឺរ៉ុប ឲ្យឡើងកាន់តែថ្លៃ​។ ទំនោរនេះ ក៏មិនខុសគ្នាដែរ បើនិយាយពីតំម្លៃប្រេងកាត។ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី​១៩មីនា ប្រេងឆៅ​បានឡើង​ថ្លៃ​៦% ខ្ទង់ ​១១៤ដុល្លារក្នុងមួយធុងបារីល។​ អ្នកជំនាញ​របស់ EnergyScan បាន​លើកឡើងថា វិបត្តិតម្លៃថាមពល​ថ្លៃខ្លាំង ហាក់កំពុងតែ​ចាក់គ្រឹះ​នៅជាប់ បន្តយូរខែទៅមុខ​។​ ជាងនេះទៀត អ៊ីរ៉ង់បានគំរាម​វាយ​កម្ទេច​ ទីតាំងផលិត​ប្រេងនិង​ឧស្ម័នធំៗចំនួន​៥ទីតាំងទៀត នៅ​អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម​។ នេះ​បើផ្អែកតាម​​​ មជ្ឈមណ្ឌលប្រឹក្សា​យោបល់ Rystad Energy។ ក្នុងករណី​មាន​ការវាយប្រហារថ្មីទៀតលើទីតាំងទាំងនេះ តម្លៃប្រេង​អាចនឹងឡើងថែម​១០ដុល្លារទៀត។ គិតត្រឹមពេលនេះ បណ្តាប្រទេសផលិត​ប្រេងនិងឧស្ម័ននៅ​​តំបន់ឈូងសមុទ្រពែក្ស​​ បានកាត់​បន្ថយ​សង្វាក់ផលិតកម្ម ឬខ្លះបាន​​បិទទាំងស្រុងតែម្តង ដោយសារតែគ្មានទីតាំងស្តុង​ និងគ្មានលទ្ធភាពដឹកបញ្ជូនចេញ​៕​

  22. 3

    តើកូរ៉េខាងត្បូងត្រូវបារម្ភឬទេ នៅពេលឃើញអាមេរិក​ដក យក​ខែលមីស៊ីលពីខ្លួន​​ទៅដាក់ពង្រាយ​នៅដើមបូព៌ា?

    អាមេរិកកាន់តែលង់ជាប់ក្នុង​សង្រ្គាម​វាយប្រហារលើអ៊ីរ៉ង់។ ដើម្បី​ផលប្រយោជន៍របស់ខ្លួន​ ដូចជា​មូលដ្ឋានទ័ព នៅ​តំបន់ដើមបូព៌ា អាមេរិក​បាន​រើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំង​និង​ប្រព័ន្ធ​ខែលមីស៊ីល​ចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក​ និងកាសែតក្នុងស្រុកកូរ៉េខាងត្បូង​បានចុះផ្សាយ​ពី​ការដឹកជញ្ជូន​ប្រព័ន្ធខែលមីស៊ីល​អាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បី​យកទៅពង្រាយ​នៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី​១០មីនា ដើមសប្តាហ៍ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ឆ្លើយបញ្ជាក់ទៅនឹង​ពាក្យចចាមអារ៉ាម​ ដោយថា កូរ៉េខាងត្បូងបាន​ប្រឆាំងដែរ ប៉ុន្តែ មិនអាចហាមឲ្យអាមេរិក​ឈប់ដកយកប្រព័ន្ធខែលមីស៊ីលពីកូរ៉េខាងត្បូង ទៅដាក់​នៅ​តំបន់ដើមបូព៌ាបាននោះទេ។ គ្មានប្រព័ន្ធខែលមីស៊ីល​របស់អាមេរិក តើ​កូរ៉េខាងត្បូងត្រូវបារម្ភពីសុវត្ថិភាពការពារដែនអាកាសរបស់ខ្លួន នៅចំពោះមុខ​ការគំរាមកំហែង​របស់​កូរ៉េខាងជើងដែរឬទេ?  នៅចំពោះមុខការវាយបកដោយ​មិនដកដៃ​របស់អ៊ីរ៉ង់ ដែលបាន​ប្រើដ្រូន និងមីស៊ីល​សំដៅស្ថានទូត ទីតាំងប្រេង និង​មូលដ្ឋានយោធា​របស់អាមេរិកនៅតាម​បណ្តាប្រទេសអារ៉ាប់ អាមេរិក​បាន​រុះរើ ដកយកសព្វាវុធ និង​ប្រព័ន្ធខែលមីស៊ីល​របស់ខ្លួនចេញពី​សម្ព័ន្ធមិត្ត​នៅអាស៊ី ទៅដាក់​ពង្រាយ​នៅ​ដើមបូព៌ា។ បើតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង​យុនហាប់ និង​កាសែត​អាមេរិកដូចជា​Washington Post ប្រព័ន្ធខែលមីស៊ីល​ Thaad ដែលមាន​សមត្ថភាព​បាញ់​ស្ទាក់​ទម្លាក់​មីស៊ីល​បាលីស្ទិក​ ត្រូវ​បានគេឃើញ​ដឹកជញ្ជូន​ចេញពីមូលដ្ឋានទ័ពអាមេរិក​នៅ Seongju សំដៅ​មូលដ្ឋានទ័ពអាកាសអាមេរិក Osan ជាទីដែល​ប្រព័ន្ធខែលមីស៊ីលអាមេរិក​ត្រូវ​ដឹកជញ្ជូន​បន្ត​ទៅ​ដើមបូព៌ា។ ទោះគ្មានការបញ្ជាក់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង ហើយនិងពី​ទីបញ្ជាការដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូង ប៉ុន្តែ គេ​ជឿថា អាមេរិកដកយក​ប្រព័ន្ធខែលមីស៊ីល Thaadចេញពីកូរ៉េខាងត្បូង​ ទៅដាក់​នៅតំបន់ដើមបូព៌ា ដើម្បី​ទប់ទល់​នឹង​ការបាញ់ស្រោចគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។ អាមេរិក​សម្រេចដក រើ​ប្រព័ន្ធខែលមីស៊ីលចេញពីកូរ៉េខាងត្បូង ដោយ​គ្មាន​ពិភាក្សា​ជាមួយ​ភាគីកូរ៉េខាងត្បូង ដែល​ត្រូវការចាំបាច់​ខែលការពារមីស៊ីល​របស់​​អាមេរិកនៅចំពោះមុខ​ការគំរាមកំហែង​របស់កូរ៉េខាងជើង។ នៅ​ក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃអង្គារទី​១០​មីនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក​លី ចែម្យុងផ្ទាល់​បាននិយាយ​ពីចម្រូងចម្រាសទាក់ទង​នឹង​ការដកសព្វាវុធ និង​ប្រព័ន្ធការពារ​ដែនអាកាសអាមេរិក​ចេញពីកូរ៉េខាងត្បូង។ បើតាម​លោក​លី រដ្ឋាភិបាលសេអ៊ូល​បានជំទាស់ដែរ ដោយ​មិន​ឲ្យអាមេរិក​ដកប្រព័ន្ធខែលមីស៊ីល ដែលជាផ្នែកមួយនៃ​​យុទ្ធសាស្រ្ត​ការពារជាតិកូរ៉េខាងត្បូង។ ប៉ុន្តែ បើតាម​មេដឹកនាំកូរ៉េខាងត្បូង កូរ៉េខាងត្បូង​បាន​ត្រឹមតែប្រឆាំង ប៉ុន្តែ មិនអាចហាមឃាត់​អាមេរិក មិន​ឲ្យ​រើ ដកយក​ប្រព័ន្ធការពារ​ដែនអាកាសចេញពីទឹកដីកូរ៉េខាងត្បូងឡើយ។​ នៅមុន​ប្រព័ន្ធខែល​មីស៊ីល​Thaad នេះទៅទៀត អាមេរិក​ធ្លាប់​បាន​ដកយកខែល​Patriots ដែលមាន​សមត្ថភាពការពារ​ពីការវាយប្រហារ​គ្រាប់មីស៊ីលចម្ងាយខ្លី រួមទាំង​គ្រាប់មាន​ម៉ាស៊ីនបញ្ជា​ជាង​១០០០គ្រាប់ចេញពីស្តុក​នៅកូរ៉េខាងត្បូង ទៅដាក់​នៅមូលដ្ឋានទ័ពរបស់ខ្លួននៅដើមបូព៌ា។ ការបង្វែរ ដកយកប្រព័ន្ធខែលមីស៊ីល និងសព្វាវុធ​ជាបន្តបន្ទាប់ចេញពីអាស៊ី ជាពិសេស​កូរ៉េខាងត្បូង ធ្វើឲ្យកើតមានក្តីបារម្ភថា អាមេរិក​កំពុងបង្វែរ​យុទ្ធសាស្រ្ត​យោធា​របស់ខ្លួនចេញពីអាស៊ី ទៅនៅ​ដើមបូព៌ាវិញ។ សង្រ្គាម​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់​លើកនេះនឹងធ្វើឲ្យអាមេរិក​ត្រូវ​ចំណាយ​យោធាច្រើនសម្បើម ព្រមទាំងត្រូវប្រមែប្រមូល​ បញ្ចេញគ្រប់សព្វាវុធ​ពីក្នុង​ឃ្លាំង និងពី​មូលដ្ឋានទ័ពនៅអាស៊ី អឺរ៉ុប។ ខណៈពេល​ដែលអ៊ុយក្រែន​កំពុង​ហេលហាលនៅចំពោះមុខការវាយប្រហាររបស់រុស្ស៊ីក្នុងសមរភូមិ ព្រោះអាមេរិក​លែង​យកចិត្តទុកដាក់ផ្តល់ជំនួយយោធា ជាពិសេស​ប្រព័ន្ធការពារដែនអាកាស នៅអាស៊ីឯណោះវិញ ជប៉ុន ជាពិសេស​កូរ៉េខាងត្បូងកាន់តែរងា ពេលគ្មាន​ប្រព័ន្ធការពារ​ដែនអាកាសរបស់​អាមេរិកនៅប្រចាំការ។ ពិតណាស់ថា កូរ៉េខាងត្បូង​គ្មាន​សង្រ្គាម រងការវាយប្រហារ​ពីកូរ៉េខាងជើងដែលជា​បងប្អូនសត្រូវនៅពេលនេះមែន ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា នៅពេល​អាមេរិកដកប្រព័ន្ធខែលមីស៊ីលចេញពីកូរ៉េខាងត្បូងយ៉ាងដូច្នេះ របបព្យុងយ៉ាងដែល​សាកល្បងជាញឹកញយ មីស៊ីល​បាលីស្ទិក​របស់ខ្លួន អាច​ជន្ល បាញ់​សាកល្បងមីស៊ីលបាលីស្ទិកនេះដើម្បីតេស្ត​សមត្ថភាព​ការពារដែនអាកាសរបស់កូរ៉េខាងត្បូង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ចែម្យុង​​បាននិយាយ​ធានាថា ទោះគ្មាន​ប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក ប៉ុន្តែ កូរ៉េខាងត្បូង នៅតែមានសមត្ថភាព​ មាន​យុទ្ធសាស្រ្តយោធា​ដើម្បី​ទប់ទល់​នឹង​ទង្វើញុះញង់ណាមួយ​របស់កូរ៉េខាងជើង។ ប្រឈម​មុខ​នឹង​ការគំរាមកំហែងពីកូរ៉េខាងជើង និងតម្រូវការសព្វាវុធ​នៅក្នុង​ពិភពលោកមួយដែល​អស្ថិរភាព ព្រមទាំងជំហរ​មិន​ច្បាស់លាស់ លែងគួរឲ្យជឿជាក់របស់អាមេរិក កូរ៉េខាងត្បូង​បានប្រឹងប្រែង​ប្រើបច្ចេកវិទ្យាទំនើបរបស់ខ្លួនដើម្បី​អភិវឌ្ឍ​​សព្វាវុធ​ មិន​ឲ្យ​ចាញ់អាមេរិកនិងអឺរ៉ុប។ នៅចំពោះមុខ ​យុទ្ធសាស្រ្ត​យោធា​ដ៏បត់បែនរបស់អាមេរិក ប្រធានាធិបតីកូរ៉េខាងត្បូង លោក​លី ចែម្យុងធ្លាប់​បាន​និយាយ​ថា គេ​មិន​គួរ​ព្រួយបារម្ភ​ពី​សមត្ថភាព​ការពារ​ខ្លួន​របស់កូរ៉េខាងត្បូង។ កូរ៉េខាងត្បូង​ នៅ​ឆ្នាំ ២០២៦បាន​ដំឡើង​ថវិកាយោធាដល់ទៅ​៣៨,៥ពាន់លាន​ដុល្លារ​ដើម្បីធ្វើទំនើបកម្ម​កងទ័ព។ នៅឆ្នាំ​២០២៧ខាងមុខ ប្រព័ន្ធ​ខែលមីស៊ីល​របស់កូរ៉េខាងត្បូងឈ្មោះL-SAM​ ដែលយក​គំរូតាម​ប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកThaad នឹង​លេចចេញរូបរាងដើម្បី​យកទៅប្រើជំនួស​ខែលមីស៊ីលអាមេរិក ចំណែក​ជើងទ្រ​ប្រព័ន្ធ​Patriots ចំនួន​ពាក់កណ្តាល​នឹងត្រូវ​ជំនួស​ដោយ​ប្រព័ន្ធខែលមីស៊ីលផលិតក្នុងស្រុក Cheongung-I៕ អ្នកជំនាញវិញចាត់ទុក​ការរើ ដកសព្វាវុធអាមេរិកចេញពីកូរ៉េខាងត្បូង ទៅដាក់​នៅ​ដើមបូព៌ាវិញ ថា ​ជាឱកាស​ដើម្បី​កូរ៉េខាងត្បូង​ពង្រឹង​សមត្ថភាពទ័ព និង​​ដើម្បី​មាន​ហេតុផល​ទាមទារចូលទៅគ្រប់គ្រង​ប្រតិបត្តិការយោធានៅកូរ៉េខាងត្បូង នៅក្នុងករណីផ្ទុះសង្រ្គាម។ គួរដឹងថា រហូត​មកដល់ពេលនេះ គឺ​អាមេរិកដែលជាអ្នកគ្រប់គ្រងបញ្ជា និងជាអ្នកសម្រេចចិត្ត​ចុងក្រោយ​ទាក់ទងនឹងការបើកប្រតិបត្តិការយោធា​ នៅ​កូរ៉េខាងត្បូង។ ដើម្បីដកខ្លួន​ កុំ​ឲ្យពឹងផ្អែកទៅលើអាមេរិកខ្លាំងពេក ប្រធានាធិបតីកូរ៉េខាងត្បូង លោក​លី ចែម្យុងធ្លាប់បាន​បង្ហាញមហិច្ឆតា​ចង់ឲ្យអាមេរិក​ផ្ទេរសមត្ថភាព និងការគ្រប់គ្រងទ័ពមក​ឲ្យ​កូរ៉េខាងត្បូងកាន់កាប់វិញ​យ៉ាងយូរបំផុត​នៅ​ឆ្នាំ ២០៣០។ វ៉ាស៊ីនតោន​មានអរិភាព មិនសូវគាំទ្រ​គំនិត​មោទនភាពជាតិនិយម​របស់​មេដឹកនាំកូរ៉េខាងត្បូងប៉ុន្មានទេ ប៉ុន្តែ អំណះអំណាង​របស់​លោក​លី ចែម្យុង​ក្នុងការ​សម្រាលបន្ទុក​យោធា​របស់​អាមេរិក បាន​ទាក់ចិត្ត​លោក​ត្រាំ​ ដែលធ្លាប់ទាមទារឲ្យ​កូរ៉េខាងត្បូងត្រូវតែ​ពង្រឹងសមត្ថភាព ដើម្បីការពារខ្លួនឯងខ្លះ ដោយ​មិនទន្ទឹងជំនួយ​របស់អាមេរិក​ទាំងស្រុង​នោះទេ៕

  23. 2

    អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់?

    សង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់​បាន​ឈានចូលដល់​ថ្ងៃទី១១​ គិត​ត្រឹម​ថ្ងៃអង្គារ​ទី​១០​មីនា។ រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ចំណែក​ចិន​ជាអតិថិជនទិញប្រេង​របស់អ៊ីរ៉ង់​បាន​បន្លឺសំឡេង​បរិហារិះគន់​ជាបន្តបន្ទាប់គ្នា ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយ រុស្ស៊ី ឬ​ចិន​ដែលចូលជួយ​អ៊ីរ៉ង់នោះទេ។ គ្មាន​ប្រព័ន្ធការពារដែនអាកាស អ៊ីរ៉ង់​កំពុងចុះទ្រោមដោយការវាយប្រហារផ្លូវអាកាស​យ៉ាងចាស់​ដៃ​ពី​សំណាក់​អាមេរិក និង​អ៊ីស្រាអែល។ ហេតុអ្វីបានជា​ចិន និង​រុស្ស៊ីមិនព្រមជួយ ហើយផ្ទុយទៅវិញ បណ្តែតបណ្តោយទុក​ឲ្យអ៊ីរ៉ង់ ដែល​ជាសម្ព័ន្ធមិត្ត និងជា​ប្រទេស​ផ្គត់ផ្គង់ប្រេង​នៅ​ឯកោ រងការវាយប្រហារពី​អាមេរិក និងអ៊ីស្រាអែល តែម្នាក់ឯងយ៉ាងដូច្នេះ? នៅក្នុង​វីដេអូ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​រដ្ឋអ៊ីរ៉ង់ IRNA នៅក្នុង​សមយុទ្ធ កាលពីថ្ងៃទី​១២កុម្ភៈ គេឃើញកងទ័ពជើងទឹករបស់​​​រុស្ស៊ីបាន​ចូលរួម​ធ្វើសមយុទ្ធរួមគ្នា​ជាមួយ​កងទ័ពអ៊ីរ៉ង់ នៅ​ច្រកសមុទ្រ​អកម៉ូហ្ស។ ដោយ​បញ្ជូន​នាវាចម្បាំង និង​ទាហាន​ជើងទឹក​ជាច្រើននាក់ រុស្ស៊ីបានធ្វើសមយុទ្ធជាមួយកងទ័ពអ៊ីរ៉ង់ នៅក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ​ និងការដោះដូរ​បទពិសោធន៍​យោធា​រវាង​ប្រទេស​ទាំងពីរ។ បើតាម​ទីភ្នាក់ងារព័ត៌មានរដ្ឋ​អ៊ីរ៉ង់ នៅក្នុង​សមយុទ្ធ កងទ័ពអ៊ីរ៉ង់​បានហាត់សម​បាញ់ដោយ​ប្រើ​គ្រាប់កាំភ្លើងពិត ទៅលើ​គោលដៅ ដែល​អាច​នាវាចម្បាំង​របស់​ខ្មាំងសត្រូវ។ វត្តមាន​របស់​កងទ័ពរុស្ស៊ីជាមួយ​កងទ័ព​អ៊ីរ៉ង់​មាន​តែ​នៅ​ក្នុងរូបភាព​សមយុទ្ធ កាលពី​បី​សប្តាហ៍មុនប៉ុណ្ណោះ ព្រោះថា នៅពេល​អ៊ីរ៉ង់​ចាប់ផ្តើម​រងការវាយប្រហារ​ពីអាមេរិក និងអ៊ីស្រាអែល តាំងពី​ថ្ងៃទី​២៨​កុម្ភៈមក គ្មានទេ វត្តមាន​របស់​ទ័ព​រុស្ស៊ី​ដើម្បីនៅចាំជួយអ៊ីរ៉ង់។ អ៊ីរ៉ង់ជា​ដៃគូយុទ្ធសាស្រ្ត ប៉ុន្តែ មិនមែនជា​សម្ព័ន្ធមិត្តយោធា​ដែល​រុស្ស៊ី​បានចុះ​កិច្ចព្រមព្រៀង​ដើម្បី​ជួយការពារ រងជាប់ទណ្ឌកម្មអន្តរជាតិ​ព្រោះតែ​កម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់​មាន​ប្រទេសមិត្ត​តិចតួច ក្នុងនោះ​មួយចំនួន​ធំ​ជា​ប្រទេស​ដែល​សំឡឹង​ឃើញ​ប្រយោជន៍ ទិញប្រេងពីអ៊ីរ៉ង់ ដូចជា​ចិន​ជាដើម។ នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២៥ រុស្ស៊ី និងអ៊ីរ៉ង់​បាន​ចុះ​កិច្ចព្រមព្រៀងជាដៃគូ​យុទ្ធសាស្រ្តដែល​ផ្តោតតាំងពីវិស័យថាមពល អប់រំ វិទ្យាសាស្រ្ត​រហូត​ដល់​កិច្ចសហការយោធារវាង​ប្រទេស​ទាំងពីរ។ អ៊ីរ៉ង់ និង​រុស្ស៊ី​និយាយ​កាន់តែ​ចុះសម្រុងគ្នា ព្រោះប្រទេស​ទាំងពីរ​រងការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអាមេរិក និងអន្តរជាតិ​ដូចគ្នា។ នៅដើមដំបូងដៃ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អ៊ីរ៉ង់​ធ្លាប់​បាន​ជួយរុស្ស៊ី តាមរយៈ​ការផ្តល់​ដ្រូន​ពេជ្ឈឃាត​ទៅ​ឲ្យកងទ័ពរុស្ស៊ី​ដើម្បី​វាយប្រហារ​ទៅលើ​កងទ័ព​អ៊ុយក្រែន​នៅក្នុង​សមរភូមិ។​ រុស្ស៊ី​ជាសម្ព័ន្ធមិត្ត​ដ៏កម្រដែលអ៊ីរ៉ង់​ទុកចិត្ត​ និង​សង្ឃឹម​ទទួល​បាន​ការជួយ​ជ្រោមជ្រែង ការពារ​ច្រើនជាងគេ ជាពិសេស​នៅក្នុង​ស្ថានភាព​ដ៏លំបាក កំពុង​រងការវាយប្រហារផ្លូវអាកាស​យ៉ាង​សន្ធប់ពីអាមេរិក និងអ៊ីស្រាអែល។​ អ៊ីរ៉ង់​ដើរតួសំខាន់​នៅក្នុង​ផលប្រយោជន៍ភូមិសាស្រ្ត​នយោបាយរបស់រុស្ស៊ី។ ការដួលរលំរបបដឹកនាំ​អ៊ីរ៉ង់​ដែល​រុស្ស៊ីធ្លាប់​តែជិតស្និទ្ធ និង​​សហការចាប់ដៃ​រួមគ្នា​ដើម្បីទប់ទល់​នឹង​ឥទ្ធិពល​របស់​លោកខាងលិច នឹង​​ធ្វើឲ្យប៉ះពាល់ដល់​ប្រយោជន៍​របស់​រុស្ស៊ី។ ប៉ុន្តែ ហេតុអ្វីបានជា​ម៉ូស្គូ​មិន​ព្រម​ជួយ​ការពារ​របបអ៊ីស្លាមអ៊ីរ៉ង់​ដែល​កំពុងចុះទ្រោម​នៅក្នុងការភ្លើងសង្រ្គាម​បញ្ឆេះដោយ​អាមេរិក និងអ៊ីស្រាអែល? ជាការពិតដែលថា អ៊ីរ៉ង់ និង​រុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្ត ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ គ្មានទម្ងន់​ដូច​កិច្ចព្រមព្រៀង​យោធាដែល​រុស្ស៊ី​និង​កូរ៉េខាងជើង​បាន​ចុះជាមួយគ្នា​កាលពី​ឆ្នាំ ២០២៤នោះទេ។ កិច្ចព្រមព្រៀង​យោធារវាង​កូរ៉េខាងជើង និង​រុស្ស៊ី​បានចែងពីការជួយការពារគ្នាទៅវិញទៅមក ពោលគឺរុស្ស៊ី​នឹង​លូកដៃអន្តរាគមន៍ជួយ ក្នុងករណី​កូរ៉េខាងជើង​រងការវាយប្រហារ​ពីខាងក្រៅ។ ចំណែក កិច្ចព្រមព្រៀង​អ៊ីរ៉ង់ និងរុស្ស៊ី​បានចែងត្រឹម​ថា ប្រទេស​ទាំងពីរនឹងមិន​តានតឹង​ផ្នែកយោធាដាក់គ្នា ពោលគឺ​មិនបាន​បញ្ជាក់ថា រុស្ស៊ី​នឹង​ចូលខ្លួន​មក​ការពារ​អ៊ីរ៉ង់​នៅចំពោះមុខ​ការវាយប្រហារ​ពីខាងក្រៅនោះទេ។ អ៊ីរ៉ង់​គ្រាន់តែ​ជា​ដៃគូ​យុទ្ធសាស្រ្តដែល​រុស្ស៊ី​ត្រូវ​ការដើម្បីប្រយោជន៍ភូមិសាស្រ្ត​នយោបាយ និង​សេដ្ឋកិច្ច ប៉ុន្តែ មិនមែនជា​សម្ព័ន្ធមិត្តដ៏មានអំណាច​នុយក្លេអ៊ែរ​ដូចជា​កូរ៉េខាងជើងដែល​រុស្ស៊ី​បាន​ចុះកិច្ចព្រមព្រៀងចូលជួយការពារឡើយ។​​ ​​​ ​ ​នៅ​ក្រោយ​រងការវាយប្រហារ​របស់អាមេរិក និងអ៊ីស្រាអែល អស់​១២​ថ្ងៃ ទៅលើ​ទីតាំ​ងនុយក្លេអ៊ែរ កាលពីខែ មិថុនា ឆ្នាំមុន លោក​​ប្រធានាធិបតី ម៉ាសូត ប៉េហ្សក្យន់​ផ្ទាល់​ធ្លាប់​និយាយ​ថា ប្រទេស​ដែលអ៊ីរ៉ង់ធ្លាប់គិតថា ជាមិត្តនោះ មិនបាន​ជួយ​អ៊ីរ៉ង់​នៅក្នុង​សង្រ្គាម​សូម្បីតែបន្តិច។ ថ្នាក់ដឹកនាំអ៊ីរ៉ង់​ ​មិនលាក់ពីអារម្មណ៍ខកចិត្ត ព្រោះថាតាំងពីដើមទី រុស្ស៊ី​គ្មានបង្ហាញ​ចេតនា​ផ្តល់​សំណាញ់មេឃ ឬ​ប្រព័ន្ធការពារដែនអាកាស​ដើម្បីជួយការពារ​អ៊ីរ៉ង់ពី​ការវាយប្រហារ​ផ្លូវអាកាសទាល់តែសោះ។ គ្មាន​ប្រព័ន្ធខែលមីស៊ីល​ គ្មាន​យន្តហោះចម្បាំង​រុស្ស៊ី ដែល​អ៊ីរ៉ង់​ធ្លាប់​បាន​បញ្ជាទិញដើម្បីទុកការពារ​ដែនអាកាស របបអ៊ីស្លាម​អ៊ីរ៉ង់ត្រូវ​ហេងហាង រងគ្រាប់មីស៊ីល​ និងការវាយប្រហារ​របស់​អាមេរិក និងអ៊ីស្រាអែល ស្ទើរតែ​សុះសព្វសាច់។​​​ អ៊ីរ៉ង់​យល់ខុស​ដែលថា រុស្ស៊ី និងចិនអាចជួយ ក្នុងករណីផ្ទុះសង្រ្គាម​ជាមួយអាមេរិក និងអ៊ីស្រាអែល​ ចាប់តាំងពី​អាមេរិក និងអ៊ីស្រាអែល​បើកការវាយប្រហារ​ផ្លូវអាកាស បាញ់សម្លាប់​មេដឹកនាំ​សាសនា​កំពូល និង​មេទ័ពធំៗ ព្រមទាំងដៅបំផ្លាញទីតាំង​យោធា និង​ទីតាំង​ស្តុកប្រេង​ថាមពល ចិននិង​រុស្ស៊ី​បានត្រឹម​បញ្ចេញ​ប្រតិកម្ម​ ជាសំដីការទូត ច្រើនជាង​ទង្វើ​ សកម្មភាពជាក់ស្តែងដើម្បីជួយអ៊ីរ៉ង់​ពីការវាយប្រហារ​របស់​អាមេរិក និងអ៊ីស្រាអែល។ អ៊ីរ៉ង់​យល់ច្បាស់ពីជំហរ​របស់ចិន ដែល​ជាទូទៅ​ ប្រកាន់ជំហរ​នៅក្រៅសៃង្វៀន ទៅតាម​គោលការណ៍មិនលូកដៃ​ចូលកិច្ចការផ្ទៃក្នុង​របស់ប្រទេស​ដទៃ។ ប៉ុន្តែ នៅចំពោះមុខនៃភាពស្ងៀមស្ងាត់របស់​រុស្ស៊ីដែលអ៊ីរ៉ង់ធ្លាប់តែជួយ​ ផ្តល់ដ្រូន​ដើម្បី​វាយអ៊ុយក្រែន អ៊ីរ៉ង់​មានតែ​ការខកចិត្ត។ អ្នកវិភាគនយោបាយ និងជាអ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ លោកMojtaba Hashemi និយាយ​ថា អ៊ីរ៉ង់សង្ឃឹម​ទទួល​បាន​ជំនួយពីរុស្ស៊ីដូចជា ការចែករំលែកកិច្ចការសម្ងាត់យោធា ឬ​សារដាច់ណាត់​ទៅ​កាន់សត្រូវ​របស់អ៊ីរ៉ង់​ឲ្យឈប់​វាយប្រហារ​លើអ៊ីរ៉ង់។ ចំណែក ពាក្យសំដី​ និយាយ​គាំទ្រ​អ៊ីរ៉ង់​ ឬទាមទារ​ឲ្យបញ្ចប់ជម្លោះតែមួយមុខ គឺ​មិនគ្រប់គ្រាន់នោះទេ។ ពីចំណែកខ្លួន រុស្ស៊ី​បាន​គិតគូរយ៉ាងច្បាស់លាស់ថា នឹងមិន​ចូលប្រឡូក​ក្នុង​សង្រ្គាម​នៅដើមបូព៌ាឡើយ។​មូលហេតុទី​១ គឺ​រុស្ស៊ី​របស់​លោក​ពូទីនមិនចង់​ឲ្យរកាំរកូស​ជាមួយអាមេរិក​របស់​លោកដូណាល់ ត្រាំ ដែល​លោកពូទីន​ចាត់ទុកជាដៃគូ​ដ៏សមប្រកប​ក្នុងដំណើរការ​ចរចា​ស្តីពីសង្រ្គាមអ៊ុយក្រែន។ មួយវិញទៀត ដោយ​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​រងការវាយប្រហារ​របស់​អាមេរិក រុស្ស៊ី​មាន​ឱកាស​ដកខ្យល់​ខ្លះ ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយ និង​ការដាក់សម្ពាធពីអន្តរជាតិ។ ត្រូវ​ដឹងថា នៅពេល​គ្រប់ក្រសែភ្នែក​បែរផ្តោតតែ​ទៅលើ​សង្រ្គាមនៅដើមបូព៌ា ការវាយប្រហារ​របស់អាមេរិកលើអ៊ីរ៉ង់ ការវាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន​នឹង​លែង​ជាសំណុំរឿងធំដែល​គេ​ចាប់អារម្មណ៍​ តទៅទៀត។ រុស្ស៊ី​នឹង​មានឱកាស​វាយសម្រុកលើ​អ៊ុយក្រែន ដោយគ្មាន​ការចាប់ថ្នាក់​ពី​អន្តរជាតិ​។ មួយវិញទៀត ការណ៍ដែល​រុស្ស៊ី​មិនលូកដៃជួយអ៊ីរ៉ង់ ក៏ព្រោះតែ​ហេតុផល​ប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន។ កាលពីថ្ងៃសុក្រទី ៦មីនា អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង លោក​ឌ្មីទ្រី ប៉េស្កូវ​បាន​និយាយ​ដោយ​មិនលាក់ថា ចាប់តាំង​ពីផ្ទុះសង្រ្គាម​នៅ​ដើមបូព៌ា ទីតាំង​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ និងបណ្តាប្រទេស​អារ៉ាប់ក្លាយជាផ្ទាំងស៊ីបវាយប្រហារ ​ហើយ​ច្រកសមុទ្រ​អកម៉ូហ្ស​ដឹកប្រេងទៅអាស៊ី ត្រូវឆ្មាំបដិវត្តអ៊ីរ៉ង់​​បិទខ្ទប់មក តម្រូវការប្រេង​ និងឧស្ម័នរុស្ស៊ី​បាន​កើនឡើងជាបន្តបន្ទាប់។ អ្នកជំនាញ​វាយតម្លៃថា ការកើនឡើង​តម្លៃប្រេង​នៅទីផ្សារអន្តរជាតិព្រោះតែ​សង្រ្គាម​នៅ​ដើមបូព៌ា​នឹង​ហុចឱកាស​ឲ្យ​រុស្ស៊ី​លក់ប្រេងបានកាន់តែច្រើន ក្នុងតម្លៃខ្ពស់។ រុស្ស៊ី​អាច​បាក់មុខ ព្រោះមិន​ជួយ​ការពារ​រដ្ឋអ៊ីរ៉ង់ដែលធ្លាប់​ចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការយោធាជាមួយគ្នា។ ប៉ុន្តែ ការឈរឱបដៃ មិនជួយ​អ៊ីរ៉ង់​កំពុង​ផ្តល់​ផលចំណេញ​បណ្តើរៗ​ដល់​រុស្ស៊ី ជាពិសេស​លុយបានមកពីការលក់ប្រេង ក្នុងតម្លៃខ្ពស់ ដែលនឹងអនុញ្ញាតិឲ្យ​រុស្ស៊ី​មាន​លុយយកទៅបន្តចិញ្ចឹមសង្រ្គាម​ឈ្លានពានអ៊ុយក្រែន។   ជំហររបស់រុស្ស៊ី​ និង​ចិនចំពោះអ៊ីរ៉ង់ ធ្លាប់​កើតមាន​រួចហើយជាមួយ​​ស៊ីរី ឬ​វ៉េណេស៊ុយអេឡា។ ជាជាង​លូកដៃអន្តរាគមន៍ ចូលក្នុងក្រុមដែលតាំងខ្លួន​ជាសត្រូវរបស់អាមេរិក រុស្ស៊ី​និង​ចិនមិនលូកដៃជួយអ្វីទាំងអស់ ដើម្បីកុំ​ឲ្យខាតបង់ប្រយោជន៍ធំ។ ក្នុងករណីមានការផ្លាស់ប្តូរ​របបនៅអ៊ីរ៉ង់ នោះ ប៉េកាំង និង​ម៉ូស្គូ​នឹងត្រលប់មក​ចរចាជាមួយ​ថ្នាក់ដឹកនាំ​របបថ្មី ដើម្បី​ចាប់ដៃធ្វើជំនួញសាជាថ្មី។ រុស្ស៊ី និងចិន​មិន​ខ្លាចនឹង​បើកទំព័រថ្មី​ បើសិនជា​វា​ផ្តល់ប្រយោជន៍ធំដល់ខ្លួន៕​

  24. 1

    ឥណ្ឌូណេស៊ី៖ ទីក្រុង​ហ្សាការតា​ប្រឈមមុខ​នឹងវិបត្តិ​គំនរសំរាមពេញទីក្រុង ដោយ​គ្មានដំណោះស្រាយ

    កាកសំណល់​សំរាមដ៏ច្រើនសន្ធឹក បានចោទជាបញ្ហា​យូរឆ្នាំមកហើយ នៅ​​រដ្ឋធានីហ្សាការតា​របស់ឥណ្ឌូណេស៊ី។ តែពីមួយថ្ងៃទៅ​មួយថ្ងៃ គំនរសំរាមកាន់តែខ្ពស់ មិនថានៅតាមផ្លូវនិងតាមទីសាធារណៈនានា។ ក្នុងមួយ​ថ្ងៃ អ្នករស់នៅទីក្រុង​ហ្សាការតា​​ បង្កើតកាកសំណស់​សំរាម ដល់ទៅ ១៤០០០ តោន ខណៈ​ទីលានចាក់សំរាម​ លែងមានលទ្ធភាពស្តុកទុកបាន​។ លើសពីសោភណ័ភាព​ទីក្រុង វិបត្តិ​គំនរភ្នំសំរាម​នៅទីក្រុងហ្សាការតា គឺជា​ប្រភពនៃ​បញ្ហាសុខភាពសាធារណៈគួរឲ្យព្រួយបារម្ភ។​​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានដាក់ចេញនូវគម្រោងមួយចំនួន ដើម្បីដោះស្រាយ​បញ្ហានេះ តែត្រូវអង្គការសង្គមស៊ីវីល​​ចាត់ទុកថាគ្មានប្រសិទ្ធភាព​។​ ជាមួយនឹងប្រជាជនរស់នៅសរុប ដល់ទៅ​​​៤២លាននាក់ ទីក្រុង​ហ្សាការតា រដ្ឋធានីឥណ្ឌូណេស៊ី​ គឺជាម៉េត្រូប៉ូលដ៏ធំជាងគេបំផុត​ក្នុងពិភពលោក​។ អ្នករស់នៅ​ក្នុងទីក្រុងហ្សាការតា បាន​បង្កើតកាកសំណល់សំរាម ចំនួន​ដល់ទៅ​១៤០០០តោន​ ក្នុងមួយថ្ងៃ ធ្វើ​ឲ្យ​ទីលានចាក់សំរាម​ចំនួន​ទាំងអស់ ៨ទីតាំងជុំវិញទីក្រុងដ៏ធំនេះ ត្រូវចាល់ លែងមាន​សមត្ថភាពស្តុកទុក​។ ប្រជាជន​ក្រុងហ្សាការតា ត្រូវ​រស់នៅជាមួយ​គំនរសំរាម​ពាសវាលពាសកាល តាមផ្លូវនិងតាមទីសាធារណៈ។ គំនរ​សំរាមស្អុយរលួយ​នៅតាមផ្លូវ ជះ​ក្លិនគំរង់លាយ​ឡំដោយ​សត្វរុយផង បង្កផលប៉ះពាល់ជាខ្លាំង ទៅដល់​អ្នក​ប្រកបមុខរបររកស៊ី​លក់ដូរតាមផ្លូវ​។ យោងតាមអ្នកជំនាញ​​ ចំនួន​ប្រជាជនកើនឡើងកាន់តែខ្លាំង​នៅក្នុងទីក្រុង​ហ្សាការតា បូកបន្ថែម​នូវ​កត្តារីកចម្រើនសេដ្ឋកិច្ច​មានប្រាក់ចំណូលច្រើន បាន​ធ្វើ​ឲ្យ​មនុស្ស​ចាយវាយទិញសម្ភារៈ និងចំណីអាហារហូបចុក​កាន់តែច្រើន។ កត្តាទាំងនេះ​ បានចូល​រួមធ្វើឲ្យ​បរិមាណកាកសំណល់សំរាម​មានកាន់តែច្រើន។ ហើយ​ជាងនេះទៀត អាជ្ញាធរក្រុង​ហ្សាការតា ពុំមានយន្តការតាមដានគ្រប់គ្រង​ការ​បែកចែកសំរាម និង​បំបាត់សំរាម​ឲ្យ​មាន​ប្រសិទ្ធភាពឡើយ​។​ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន​មូលដ្ឋាន​អះអាងថា គំនរសំរាម​មិនថានៅតាមផ្លូវ ឬនៅ​ទីលានចាក់សំរាម​ គរពូនកាន់តែខ្ពស់។ ផ្អែកតាម​ការផ្សាយ​របស់​​បណ្តាញ​ព័ត៌មាន​ក្នុងស្រុកឥណ្ឌូណេស៊ី ​ទីលានចាក់សំរាម​ដ៏ធំជាងគេមួយ ឈ្មោះ Bantar Gebang ដែលមានទំហំដល់ទៅ​១១០ហិកតា អាចផ្ទុកសំរាមបានដល់ទៅ​៥៥លានតោន ពេលនេះ​ក៏ចាល់ លែងមាន​បរិវេណ​អាចទទួលសំរាម​បានទៀតហើយ​។ នៅសង្កាត់ Tangerang ខាងត្បូង​ ជាយក្រុងហ្សាការតា គេឃើញគំនរសំរាម​គតាមបណ្តោយ​ផ្លូវ អ្នកដំណើរ​ ត្រូវ​ទុកដៃ​មួយខ្ទប់ច្រមុះ ដៃមួយទៀត​បក់ដេញរុញ​។​ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP បុរសម្នាក់ឈ្មោះ Muhammad Arsil មានរបរជាអ្នករត់ម៉ូតូឌុប បាន​លើកឡើងថា គំនរសំរាមនៅតាមផ្លូវ​ បានបង្កឲ្យមានការកកស្ទះចរាចរណ៍​។​ លោក​ម្នាក់នេះបន្ថែមទៀតថា ប្រជាជនបង់ពន្ធជូនរដ្ឋ តែហេតុអ្វី បានជារដ្ឋមិនទទួលខុសត្រូវ មិនគិតគូររៀបចំចាត់ចែង​គ្រប់គ្រងសំរាម​ឲ្យ​បាន​ល្អ​!។ ស្ត្រីអ្នកលក់ដូរម្នាក់ឈ្មោះ Delfa Desabriyan បានលើកឡើងថា ប្រជាជន​ទូទៅច្រើនណាស់ បាន​បោះចោលសំរាមទាំងថង់ៗ​​នៅតាមផ្លូវសាធារណៈ ដោយហេតុនៅទីកន្លែងចោលសំរាម​ ពេញអស់គ្មានកន្លែងទុក​។ ស្ត្រីម្នាក់នេះអះអាងទៀតថា សំរាមច្រើនពេកតាមផ្លូវ ជះក្លិនស្អុយឆួល​គួរឲ្យខ្ពើម​រអើម ដែលធ្វើ​ឲ្យខ្លួន​ហូកចុក​ចំណីលែងចូល​។​ ក្នុងសង្កាត់ Tangerang ខាងត្បូង ​ក្នុងមួយថ្ងៃៗ មាន​​​សំរាម​ ដល់ទៅ​​១១០០​តោន តែ​ទីកន្លែងចាក់សំរាម​ផ្លូវការ​ អាចទទួលសំរាមបានត្រឹមតែ​៤០០តោនប៉ុណ្ណោះ​។​ គួររំលឹកថា បញ្ហាសំរាម​គរដូចភ្នំ​នៅតាមទីសាធារណៈ មិនមែនចោទឡើងតែនៅទីក្រុង​ហ្សាការតាមួយទេ។ ទីក្រុងធំៗ​ផ្សេងទៀតរបស់ឥណ្ឌូណេស៊ី ក៏ជួបវិបត្តិដូចគ្នានេះ​ដែរ​។ លោក​ប្រធានាធិបតី​ ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានទាញសញ្ញាអាសន្ន​ថា នៅរវាងឆ្នាំ​២០២៨ បរិមាណ​កាកសំណស់សំរាម នឹងឡើងលើស​សមត្ថភាពស្តុក​ទុក នៅ​​គ្រប់ទីលានចាក់សំរាមសឹង​ទាំងអស់ទូទាំងប្រទេស។ គួរកត់សំគាល់ដែរថា នៅ​​ឥណ្ឌូណេស៊ី ដែល​មានប្រជាជន​ប្រមាណ​​២៨០លាននាក់ មានទីលាន​ចោល​សំរាម​ហាលវាល​អនាធិបតេយ្យ​​ រាប់សិប​ពាន់កន្លែង​។ សំរាមត្រូវគេដុតកម្ទេច​ចោល​ បញ្ចេញ​ជាផ្សែងខ្មៅ​​ និង​​ល្អង​កម្ទេច​ផេះកាកសំណល់ ធ្វើឲ្យ​ខ្សល់​ដកដង្ហើម​កាន់តែក្រខ្វក់ និង​​ដែល​អាចបង្កគ្រោះថ្នាក់​ដល់សុខភាពមនុស្ស​។ នេះនៅមិនទាន់រាប់ដល់​ ការឆ្លងរាលដាលមេរោគឬបាក់តេរី​ផ្សេងៗ តាមរយៈសត្វរុយ​។ នៅឆ្នាំ​២០២២ ភ្នំសំរាម​មួយ​កន្លែងកំពស់​ជាង​៣០ម៉ែត្រ នៅសង្កាត់ Cipayung ខាងកើតក្រុងហ្សាការតា បានបាក់រលំ បង្ក​ឲ្យ​មានគ្រោះថ្នាក់​បាក់ដី និ​ងបំបាក់ស្ពានមួយ​។ ហើយ​កាលពីឆ្នាំ​២០០៥ មានករណី​បាក់គំនរសំរាមដ៏ធំមហិមាមួយ​នៅសង្កាត់ Cimahi ខាងលិច​ក្រុងបានឌុង បង្កឲ្យ​មាន​មនុស្សស្លាប់ដល់ទៅ​​​១៤៣នាក់​។ គ្រោះថ្នាក់​អកុសលនេះ ​បង្ក​ឡើងដោយ​សារតែ ផ្ទុះ​​​សារធាតុឧស្ម័នម៉េតានដ៏ច្រើនសន្ធឹក​នៅក្នុងគំនរសំរាម​ ហើយបូកបន្ថែម​នឹងទឹកភ្លៀងធ្លាក់​យ៉ាងគំហុក​។​ សូមបញ្ជាក់ដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាស​គំរោង​បិទ ឈប់​ឲ្យ​ប្រើប្រាស់ ទីលាន​ចាក់សំរាមច្រើនកន្លែង ដែល​ចាល់សំរាមខ្លាំង តួយ៉ាងដូចជា នៅ​សង្កាត់ Tangerang ខាងត្បូង និង​នៅ​​សង្កាត់ Cipayung ។ ​កាលពី​ដើមខែកុម្ភៈថ្មីៗនេះ លោក​ប្រធានាធិបតីប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអះអាងថា រដ្ឋាភិបាល​មានគម្រោងបើកទីតាំងឡដុត​​កម្ទេច​សំរាម​ ចំនួន​​៣៤គម្រោង​ នៅរវាង​២ឆ្នាំទៀត ដោយ​​​ត្រៀមកញ្ចប់ថវិកាវិនិយោគ ប្រមាណ ៣៥០០លានដុល្លារ។​ តែយ៉ាងណាក៏ដោយ លោក Wahyu Eka Styawan ធ្វើការនៅអង្គការ​ WALHI បានលើកឡើងថា ត្រឹមបង្កើតរោងចក្រដុតកម្ទេចសំរាម គឺមិនអាចដោះស្រាយ​បញ្ហា​សំរាមបានទាំងស្រុង​ទេ ជាពិសេសគឺទាក់ទិនការ​បែងចែក​សំរាមស្ងួតសំរាមសើម ព្រមទាំង​ការ​កែច្នៃសំរាម​។ លោក​ម្នាក់នេះ​ ពន្យល់ថា វិបត្តិសំរាម​ជន់ជោរគរពេញប្រទេស វាគឺជារឿងស្មុគស្មាញ​ ជាលទ្ធផលនៃភាពអសកម្ម​ជាច្រើនឆ្នាំមកហើយ​។ រដ្ឋាភិបាល​គ្មាន​គោលនយោបាយ​អប់រំណែនាំប្រជាពលរដ្ឋឲ្យ​យល់ដឹង ហើយ​គោលនយោបាយគ្រប់គ្រងសំរាម និង​ការអនុវត្តជាក់ស្តែង ក៏​មិនដើរស្របគ្នា ដោយ​គ្មានការតាមដានយកចិត្តទុកដាក់​។ លោក Wahyu Eka Styawan អះអាងថា ការធ្វើកំណែទម្រង់លើវិស័យ​គ្រប់គ្រងកាកសំណល់សំរាម គឺជារឿងចាំបាច់ដែលត្រូវតែធ្វើ ព្រោះថាកន្លងមក គំរូនៃខ្សែបណ្តាញនេះ គឺមានត្រឹមតែ​ ការប្រមូល ការដឹកជញ្ជូន និងការកម្ទេច​ចោល​។ ដើម្បីដោះស្រាយបញ្ហា​ឲ្យ​មានប្រសិទ្ធភាព​​ គឺ​​រដ្ឋត្រូវតែផ្តល់អាទិភាព គិតគូររកវិធីធ្វើយ៉ាងណាឲ្យ​ប្រជាជនម្នាក់ៗ​​ ត្រូវកាត់បន្ថយ​ទំហំបរិមាណ​​កាកសំណល់សំរាម​រៀងៗខ្លួន​។ ដូចគ្នាដែរ លោកស្រី Nur Azizah អ្នកជំនាញ​គ្រប់គ្រងកាកសំណល់ នៅ​សកលវិទ្យាល័យ Gadjah Mada ទីក្រុងយូហ្កហ្សាការតា បាន​លើកឡើងថា​វិបត្តិសំរាម​នៅឥណ្ឌូណេស៊ី គឺជាលទ្ធផល​ផ្សំគ្នា រវាង​កង្វះការអប់រំយល់ដឹងរបស់ពលរដ្ឋផង និង​បញ្ហា​គ្មានការអនុវត្តគោរពច្បាប់​ឲ្យ​បានត្រឹមត្រូវផង​។ អ្នកជំនាញ​រូបនេះ បន្ថែមថា ត្រូវតែ​កែប្រែ ផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ របស់ប្រជាជនទាំងស្រុង​ ដើម្បី​ឈានទៅ​កាត់បន្ថយ​កាកសំណល់សំរាម​៕

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

HOSTED BY

RFI ខេមរភាសា / Khmer

Produced by France Médias Monde

CATEGORIES

Frequently Asked Questions

How many episodes does ទស្សនៈព្រឹត្តិការណ៍ពិភពលោក have?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក currently has 24 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is ទស្សនៈព្រឹត្តិការណ៍ពិភពលោក about?

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

How often does ទស្សនៈព្រឹត្តិការណ៍ពិភពលោក release new episodes?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក has 24 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to ទស្សនៈព្រឹត្តិការណ៍ពិភពលោក?

You can listen to ទស្សនៈព្រឹត្តិការណ៍ពិភពលោក on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts ទស្សនៈព្រឹត្តិការណ៍ពិភពលោក?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក is created and hosted by RFI ខេមរភាសា / Khmer.
URL copied to clipboard!