EPISODE · Feb 19, 2026
ឥណ្ឌូណេស៊ី៖ ទីក្រុងហ្សាការតាប្រឈមមុខនឹងវិបត្តិគំនរសំរាមពេញទីក្រុង ដោយគ្មានដំណោះស្រាយ
from ទស្សនៈព្រឹត្តិការណ៍ពិភពលោក · host RFI ខេមរភាសា / Khmer
កាកសំណល់សំរាមដ៏ច្រើនសន្ធឹក បានចោទជាបញ្ហាយូរឆ្នាំមកហើយ នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី។ តែពីមួយថ្ងៃទៅមួយថ្ងៃ គំនរសំរាមកាន់តែខ្ពស់ មិនថានៅតាមផ្លូវនិងតាមទីសាធារណៈនានា។ ក្នុងមួយថ្ងៃ អ្នករស់នៅទីក្រុងហ្សាការតា បង្កើតកាកសំណស់សំរាម ដល់ទៅ ១៤០០០ តោន ខណៈទីលានចាក់សំរាម លែងមានលទ្ធភាពស្តុកទុកបាន។ លើសពីសោភណ័ភាពទីក្រុង វិបត្តិគំនរភ្នំសំរាមនៅទីក្រុងហ្សាការតា គឺជាប្រភពនៃបញ្ហាសុខភាពសាធារណៈគួរឲ្យព្រួយបារម្ភ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានដាក់ចេញនូវគម្រោងមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ តែត្រូវអង្គការសង្គមស៊ីវីលចាត់ទុកថាគ្មានប្រសិទ្ធភាព។ ជាមួយនឹងប្រជាជនរស់នៅសរុប ដល់ទៅ៤២លាននាក់ ទីក្រុងហ្សាការតា រដ្ឋធានីឥណ្ឌូណេស៊ី គឺជាម៉េត្រូប៉ូលដ៏ធំជាងគេបំផុតក្នុងពិភពលោក។ អ្នករស់នៅក្នុងទីក្រុងហ្សាការតា បានបង្កើតកាកសំណល់សំរាម ចំនួនដល់ទៅ១៤០០០តោន ក្នុងមួយថ្ងៃ ធ្វើឲ្យទីលានចាក់សំរាមចំនួនទាំងអស់ ៨ទីតាំងជុំវិញទីក្រុងដ៏ធំនេះ ត្រូវចាល់ លែងមានសមត្ថភាពស្តុកទុក។ ប្រជាជនក្រុងហ្សាការតា ត្រូវរស់នៅជាមួយគំនរសំរាមពាសវាលពាសកាល តាមផ្លូវនិងតាមទីសាធារណៈ។ គំនរសំរាមស្អុយរលួយនៅតាមផ្លូវ ជះក្លិនគំរង់លាយឡំដោយសត្វរុយផង បង្កផលប៉ះពាល់ជាខ្លាំង ទៅដល់អ្នកប្រកបមុខរបររកស៊ីលក់ដូរតាមផ្លូវ។ យោងតាមអ្នកជំនាញ ចំនួនប្រជាជនកើនឡើងកាន់តែខ្លាំងនៅក្នុងទីក្រុងហ្សាការតា បូកបន្ថែមនូវកត្តារីកចម្រើនសេដ្ឋកិច្ចមានប្រាក់ចំណូលច្រើន បានធ្វើឲ្យមនុស្សចាយវាយទិញសម្ភារៈ និងចំណីអាហារហូបចុកកាន់តែច្រើន។ កត្តាទាំងនេះ បានចូលរួមធ្វើឲ្យបរិមាណកាកសំណល់សំរាមមានកាន់តែច្រើន។ ហើយជាងនេះទៀត អាជ្ញាធរក្រុងហ្សាការតា ពុំមានយន្តការតាមដានគ្រប់គ្រងការបែកចែកសំរាម និងបំបាត់សំរាមឲ្យមានប្រសិទ្ធភាពឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនមូលដ្ឋានអះអាងថា គំនរសំរាមមិនថានៅតាមផ្លូវ ឬនៅទីលានចាក់សំរាម គរពូនកាន់តែខ្ពស់។ ផ្អែកតាមការផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី ទីលានចាក់សំរាមដ៏ធំជាងគេមួយ ឈ្មោះ Bantar Gebang ដែលមានទំហំដល់ទៅ១១០ហិកតា អាចផ្ទុកសំរាមបានដល់ទៅ៥៥លានតោន ពេលនេះក៏ចាល់ លែងមានបរិវេណអាចទទួលសំរាមបានទៀតហើយ។ នៅសង្កាត់ Tangerang ខាងត្បូង ជាយក្រុងហ្សាការតា គេឃើញគំនរសំរាមគតាមបណ្តោយផ្លូវ អ្នកដំណើរ ត្រូវទុកដៃមួយខ្ទប់ច្រមុះ ដៃមួយទៀតបក់ដេញរុញ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP បុរសម្នាក់ឈ្មោះ Muhammad Arsil មានរបរជាអ្នករត់ម៉ូតូឌុប បានលើកឡើងថា គំនរសំរាមនៅតាមផ្លូវ បានបង្កឲ្យមានការកកស្ទះចរាចរណ៍។ លោកម្នាក់នេះបន្ថែមទៀតថា ប្រជាជនបង់ពន្ធជូនរដ្ឋ តែហេតុអ្វី បានជារដ្ឋមិនទទួលខុសត្រូវ មិនគិតគូររៀបចំចាត់ចែងគ្រប់គ្រងសំរាមឲ្យបានល្អ!។ ស្ត្រីអ្នកលក់ដូរម្នាក់ឈ្មោះ Delfa Desabriyan បានលើកឡើងថា ប្រជាជនទូទៅច្រើនណាស់ បានបោះចោលសំរាមទាំងថង់ៗនៅតាមផ្លូវសាធារណៈ ដោយហេតុនៅទីកន្លែងចោលសំរាម ពេញអស់គ្មានកន្លែងទុក។ ស្ត្រីម្នាក់នេះអះអាងទៀតថា សំរាមច្រើនពេកតាមផ្លូវ ជះក្លិនស្អុយឆួលគួរឲ្យខ្ពើមរអើម ដែលធ្វើឲ្យខ្លួនហូកចុកចំណីលែងចូល។ ក្នុងសង្កាត់ Tangerang ខាងត្បូង ក្នុងមួយថ្ងៃៗ មានសំរាម ដល់ទៅ១១០០តោន តែទីកន្លែងចាក់សំរាមផ្លូវការ អាចទទួលសំរាមបានត្រឹមតែ៤០០តោនប៉ុណ្ណោះ។ គួររំលឹកថា បញ្ហាសំរាមគរដូចភ្នំនៅតាមទីសាធារណៈ មិនមែនចោទឡើងតែនៅទីក្រុងហ្សាការតាមួយទេ។ ទីក្រុងធំៗផ្សេងទៀតរបស់ឥណ្ឌូណេស៊ី ក៏ជួបវិបត្តិដូចគ្នានេះដែរ។ លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានទាញសញ្ញាអាសន្នថា នៅរវាងឆ្នាំ២០២៨ បរិមាណកាកសំណស់សំរាម នឹងឡើងលើសសមត្ថភាពស្តុកទុក នៅគ្រប់ទីលានចាក់សំរាមសឹងទាំងអស់ទូទាំងប្រទេស។ គួរកត់សំគាល់ដែរថា នៅឥណ្ឌូណេស៊ី ដែលមានប្រជាជនប្រមាណ២៨០លាននាក់ មានទីលានចោលសំរាមហាលវាលអនាធិបតេយ្យ រាប់សិបពាន់កន្លែង។ សំរាមត្រូវគេដុតកម្ទេចចោល បញ្ចេញជាផ្សែងខ្មៅ និងល្អងកម្ទេចផេះកាកសំណល់ ធ្វើឲ្យខ្សល់ដកដង្ហើមកាន់តែក្រខ្វក់ និងដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ នេះនៅមិនទាន់រាប់ដល់ ការឆ្លងរាលដាលមេរោគឬបាក់តេរីផ្សេងៗ តាមរយៈសត្វរុយ។ នៅឆ្នាំ២០២២ ភ្នំសំរាមមួយកន្លែងកំពស់ជាង៣០ម៉ែត្រ នៅសង្កាត់ Cipayung ខាងកើតក្រុងហ្សាការតា បានបាក់រលំ បង្កឲ្យមានគ្រោះថ្នាក់បាក់ដី និងបំបាក់ស្ពានមួយ។ ហើយកាលពីឆ្នាំ២០០៥ មានករណីបាក់គំនរសំរាមដ៏ធំមហិមាមួយនៅសង្កាត់ Cimahi ខាងលិចក្រុងបានឌុង បង្កឲ្យមានមនុស្សស្លាប់ដល់ទៅ១៤៣នាក់។ គ្រោះថ្នាក់អកុសលនេះ បង្កឡើងដោយសារតែ ផ្ទុះសារធាតុឧស្ម័នម៉េតានដ៏ច្រើនសន្ធឹកនៅក្នុងគំនរសំរាម ហើយបូកបន្ថែមនឹងទឹកភ្លៀងធ្លាក់យ៉ាងគំហុក។ សូមបញ្ជាក់ដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសគំរោងបិទ ឈប់ឲ្យប្រើប្រាស់ ទីលានចាក់សំរាមច្រើនកន្លែង ដែលចាល់សំរាមខ្លាំង តួយ៉ាងដូចជា នៅសង្កាត់ Tangerang ខាងត្បូង និងនៅសង្កាត់ Cipayung ។ កាលពីដើមខែកុម្ភៈថ្មីៗនេះ លោកប្រធានាធិបតីប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអះអាងថា រដ្ឋាភិបាលមានគម្រោងបើកទីតាំងឡដុតកម្ទេចសំរាម ចំនួន៣៤គម្រោង នៅរវាង២ឆ្នាំទៀត ដោយត្រៀមកញ្ចប់ថវិកាវិនិយោគ ប្រមាណ ៣៥០០លានដុល្លារ។ តែយ៉ាងណាក៏ដោយ លោក Wahyu Eka Styawan ធ្វើការនៅអង្គការ WALHI បានលើកឡើងថា ត្រឹមបង្កើតរោងចក្រដុតកម្ទេចសំរាម គឺមិនអាចដោះស្រាយបញ្ហាសំរាមបានទាំងស្រុងទេ ជាពិសេសគឺទាក់ទិនការបែងចែកសំរាមស្ងួតសំរាមសើម ព្រមទាំងការកែច្នៃសំរាម។ លោកម្នាក់នេះ ពន្យល់ថា វិបត្តិសំរាមជន់ជោរគរពេញប្រទេស វាគឺជារឿងស្មុគស្មាញ ជាលទ្ធផលនៃភាពអសកម្មជាច្រើនឆ្នាំមកហើយ។ រដ្ឋាភិបាលគ្មានគោលនយោបាយអប់រំណែនាំប្រជាពលរដ្ឋឲ្យយល់ដឹង ហើយគោលនយោបាយគ្រប់គ្រងសំរាម និងការអនុវត្តជាក់ស្តែង ក៏មិនដើរស្របគ្នា ដោយគ្មានការតាមដានយកចិត្តទុកដាក់។ លោក Wahyu Eka Styawan អះអាងថា ការធ្វើកំណែទម្រង់លើវិស័យគ្រប់គ្រងកាកសំណល់សំរាម គឺជារឿងចាំបាច់ដែលត្រូវតែធ្វើ ព្រោះថាកន្លងមក គំរូនៃខ្សែបណ្តាញនេះ គឺមានត្រឹមតែ ការប្រមូល ការដឹកជញ្ជូន និងការកម្ទេចចោល។ ដើម្បីដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព គឺរដ្ឋត្រូវតែផ្តល់អាទិភាព គិតគូររកវិធីធ្វើយ៉ាងណាឲ្យប្រជាជនម្នាក់ៗ ត្រូវកាត់បន្ថយទំហំបរិមាណកាកសំណល់សំរាមរៀងៗខ្លួន។ ដូចគ្នាដែរ លោកស្រី Nur Azizah អ្នកជំនាញគ្រប់គ្រងកាកសំណល់ នៅសកលវិទ្យាល័យ Gadjah Mada ទីក្រុងយូហ្កហ្សាការតា បានលើកឡើងថាវិបត្តិសំរាមនៅឥណ្ឌូណេស៊ី គឺជាលទ្ធផលផ្សំគ្នា រវាងកង្វះការអប់រំយល់ដឹងរបស់ពលរដ្ឋផង និងបញ្ហាគ្មានការអនុវត្តគោរពច្បាប់ឲ្យបានត្រឹមត្រូវផង។ អ្នកជំនាញរូបនេះ បន្ថែមថា ត្រូវតែកែប្រែ ផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ របស់ប្រជាជនទាំងស្រុង ដើម្បីឈានទៅកាត់បន្ថយកាកសំណល់សំរាម៕
Embed this episode
Ready to play
ឥណ្ឌូណេស៊ី៖ ទីក្រុងហ្សាការតាប្រឈមមុខនឹងវិបត្តិគំនរសំរាមពេញទីក្រុង ដោយគ្មានដំណោះស្រាយ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.