ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល episode artwork

EPISODE · Nov 5, 2024

ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល

from ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ · host RFI ខេមរភាសា / Khmer

​ថ្ងៃអង្គារ ទី​៥វិច្ឆិកា​ ប្រជា​ពលរដ្ឋអាមេរិក អញ្ជើញ​ទៅបោះឆ្នោត​ដើម្បី​ជ្រើសរើសប្រធានាធិបតី​អាណត្តិ​ថ្មី​។ បេក្ខជន ២ នាក់​ ដែល​​គេ​ស្គាល់​ស្រាប់ គឺអតីត​ប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណ​បក្ស​សាធារណរដ្ឋ និង​ អនុប្រធានាធិបតី​​ផុត​អាណត្តិ ​លោកស្រី ខាម៉ាឡា ហារីស។ នេះជា​ការ​បោះឆ្នោត​ដែល​ពិភពលោក​កំពុងតែ​ទន្ទឹង​រង់ចាំ​តាម​ដាន​យ៉ាងប្រកៀក​ប្រកិត ដ្បិត​ថា នរណាម្នាក់ ​ដែល​ឡើង​ទៅកាន់​ក្តាប់​អំណាច​សេតវិមាន​អាមេរិក នឹង​ជះឥទ្ធិពល​​ទៅដល់​ដំណើរការ​របស់​ពិភពលោក នា​អំលុង​ ៤ ឆ្នាំទៅមុខ​ទៀត។​  ​ប្រព័ន្ធ​បោះ​ឆ្នោត​​ជ្រើសរើស​ប្រធានាធិបតីអាមេរិកការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតីអាមេរិក  មានភាព​ស្មុកស្មាញខ្លាំង តែប្រសិន​​​បើ​សម្រាយ​ឲ្យ​ខ្លី​ងាយ​យល់ គេត្រូវចាំជាដំបូង​សិន ថា ការ​បោះឆ្នោត​នៅអាមេរិក​ថ្ងៃ​អង្គារ ទី​៥វិច្ឆិកា ឆ្នាំ២០២៤នេះ​ ពុំ​មែន​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដោយ​ផ្ទាល់ ​នោះទេ។ ពលរដ្ឋអាមេរិក​ទៅបោះឆ្នោត​ថ្ងៃនេះដើម្បី​ជ្រើសរើសប្រតិភូ​​តំណាង ពោល​គឺ អង្គបោះឆ្នោត ។ អង្គបោះឆ្នោតនេះ​ គឺ​ជា​បុគ្គល ៥៣៨រូប ដែល​ជា​អ្នក​មាន​ភារៈ​ជ្រើសរើស​ប្រធានាធិបតី និង​អនុប្រធានាធិបតី ហើយ​គឺ ​អង្គបោះឆ្នោត​ទាំង​នោះ ត្រូវ​ជួប​ប្រជុំគ្នាដើម្បីបោះឆ្នោត​​​ជ្រើសរើស​ នៅថ្ងៃទី​ ១៧ ធ្នូ ២០២៤ ខាងមុខ​ ​​។ចំណុច​ពិសេស​ដែលត្រូវ​កត់​សម្គាល់​ខ្លាំងដែរ​ ​​ប្រសិន​បើ​ បេក្ខជន​ប្រធានាធិបតីរូប​ណា​ម្នាក់​ ទទួល​សំឡេង បាន​ត្រឹម​ ២៧០​សំឡេង ពី​​អង្គបោះឆ្នោត​នោះ បាន​សេចក្តី​ថា​ ឈ្នះឆ្នោត​គ្រប់​គ្រង​សេតវិមាន​ហើយ។​ ត្រង់ចំណុច​នេះ គេ​ត្រូវរំឭកទៅដល់​ករណី​ពិសេស​ កាលពីឆ្នាំ​២០១៦ រវាងលោក ដូណាល់ ត្រាំ និងអ្នកស្រី Hillary Clinton។ កាលណោះ អ្នកស្រី Hillary Clinton បានទទួលសំឡេងគាំទ្រច្រើនជាងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជា​ទូទៅ ទូទាំង​ប្រទេស​ ក៏ពិត​មែន​ ប៉ុន្តែ ថា លោក ដូណាល់ ត្រាំ បែរ​ជា​ ទទួលបានជ័យជម្នះទៅវិញ ព្រោះរូប​លោក​បាន​ទទួល​សំឡេងគាំទ្រ​ពីប្រតិភូតំណាង ចំនួន​ច្រើនជាង អ្នកស្រី Hillary Clinton។ ​កាល​ពីឆ្នាំ​២០០០ ក៏ដូច្នោះដែរ។ ​គ្រា​នោះ លោក Al Gore ​ ទទួល​បាន​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​អាមេរិក​ ចំនួន​ច្រើន​​ជាង​​លោក Goerge W. Bush ​រហូតដល់​ទៅ​ជាង ៥០ម៉ឺន​សំឡេង ប្រសិន​បើ​គិតជា​សន្លឹកឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស។  ​ផ្ទុយទៅវិញ​ បែរ​ជា​លោក Goerge W. Bush ​ឯណោះ​ទេ ដែល​​ជា​អ្នកឈ្នះ​​បាន​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​។ នេះក៏ព្រោះតែ​លោក​ Goerge W. Bush ​ ទទួល​បាន​អង្គបោះឆ្នោត​ច្រើន​ជាងលោក Al Gore ​។​ ករណីពិសេសៗ​​​បែបនេះ ​ធ្លាប់​​កើត​ឡើង​ ៤-៥ លើក រួចមកហើយ។ បញ្ហា​នេះក៏ពី​ព្រោះតែ​ប្រព័ន្ធអង្គបោះឆ្នោត​​​ផង និង​ព្រោះតែ​​​ប្រព័ន្ធ «Winner Takes All​​»ផង​។គួរ​បញ្ជាក់ថា អង្គបោះឆ្នោត ឬ​ប្រតិភូតំណាង​នៅ​អាមេរិក ​ត្រូវ​បែងចែក​ទៅតាម​បណ្តា​រដ្ឋ​​ និង​​រដ្ឋធានីវ៉ាស៊ីងតោន។ បណ្តា​​រដ្ឋនីមួយៗ​ ត្រូវ​មាន​សមាជិក​ក្នុង​អង្គបោះឆ្នោត ​ស្មើ​នឹង​ចំនួន​​​តំណាង​របស់​ខ្លួនក្នុង​សភា​សហព័ន្ធ (សភាជាន់ទាប Congress និងសភា​ជាន់​ខ្ពស់ ​រួម​បញ្ចូលគ្នា)។ ពោលគឺ សមាជិកព្រឹទ្ធសភា ​ ដែល​រដ្ឋនីមួយៗ​មាន​ ២រូបស្មើៗគ្នា បូកជាមួយនឹង​​​សមាជិករដ្ឋសភា។ ចំនួន​សមាជិក​រដ្ឋសភាព ទី​​នេះ វា​អាស្រ័យ​នឹងចំនួន​កំណត់​ទៅតាម​ចំនួន​ប្រជាជន​ ​ក្នុងរដ្ឋ​នីមួយៗ។ ចំណែកចំពោះ​ វ៉ាស៊ីនតោន  ​​​ជា​រដ្ឋធានី​មិនមែន​ជា​រដ្ឋ និងគ្មាន​​តំណាង​ក្នុង​សភា​សហព័ន្ធ ក៏ទេ​ដែរ តែត្រូវគេ​បាន​សម្រេច​ឲ្យ​មាន​អង្គបោះឆ្នោត​ ចំនួន ៣ នាក់​​។ការ​រាប់សន្លឹកឆ្នោត​ដើម្បីរាប់​សន្លឹក​ឆ្នោត​បាន ទាល់តែ​រង់ចាំ​បិទទ្វារការិយាល័យ​បោះឆ្នោត​សិន។ ​សហរដ្ឋ​អាមេរិក មាន​​ផ្ទៃដីលាតសន្ធឹង​​ធំទូលាយ ពេលវេលាម៉ោង​ពេល​​ដើរខុសគ្នា​ ហើយ រដ្ឋខ្លះ ត្រូវ​បិទកាល័យ​នៅ​​ម៉ោង​ ១១យប់ ឯរដ្ឋខ្លះ​ត្រូវបិទ​នៅ​ម៉ោងជិត​ភ្លឺ​​ស្អែកឡើង ក៏មាន។ម្យ៉ាងទៀត ត្រូវ​ចាំថា គេ​អាច​បោះឆ្នោត​ពីចម្ងាយ​តាមប្រអប់​​ប្រៃសណីយ៍​ បាន​ដែរ​។ ក៏ប៉ុន្តែ ​ចំពោះ​​ពលរដ្ឋអាមេរិក​រស់​នៅក្រៅបរទេស ពុំ​អាច​ទៅបោះឆ្នោត​នៅស្ថានទូត​របស់ខ្លួន​បាន​ (ដូច​ករណី​ប្រទេស​បារាំង​បានទេ) គឺ​ចាំបាច់​ត្រូវ​ផ្ញើ​សន្លឹកឆ្នោត​របស់ខ្លួន តាមរយៈ​​​​ប្រៃសណីយ៍ ផ្ញើ​ទៅ​មណ្ឌល​បោះឆ្នោត​របស់ខ្លួន នៅ​សហរដ្ឋអាមេរិក​​។ តាំងពីមុន​ថ្ងៃបោះឆ្នោត​មកម្ល៉េះ​ ដែល​ពលរដ្ឋ​អាមេរិក ប្រមាណ​ជា ៨០​លាន​នាក់ បាន​បោះឆ្នោត​រួច​ទៅហើយ តាមរយៈ​ការបោះឆ្នោត​ពីចម្ងាយយ៉ាង​​ដូច្នេះ។​​គួរឲ្យ​កត់សម្គាល់ ចំពោះការរាប់សន្លឹកឆ្នោត ក្នុង​បណ្តាញ​រដ្ឋភាគច្រើន​ មា​ន២ដំណាក់​កាល។ លើកទី១ គេរាប់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មា​នស្កែន​កូដ Code ដើម្បី​ដឹង​លទ្ធផល​បឋម​សិន ហើយ​គេ​នឹង​រាប់​ផ្ទៀង​ផ្ទាត់​ម្តងទៀត ដោយ​ដៃ​ផ្តល់​ ដើម្បីបញ្ជាក់​ឲ្យដឹងកាន់តែច្បាស់។​ រួច​ហើយ លទ្ធផល​នោះ ត្រូវ​បញ្ជាក់​ទទួល​ស្គាល់​ពី​អ្នក​ទទួល​ខុសត្រូវ​ការិយាល័យ​ មុន​នឹង​បញ្ជូន​ទៅអាជ្ញាធរ​រៀប​ចំ​ការបោះឆ្នោត, បញ្ជូន​ទៅ​រដ្ឋ​ ហើយ​និង​អ្នក​តំណាង​គណ​បក្ស​នយោបាយ​​នៅមូលដ្ឋាន។លទ្ធផល​បោះឆ្នោត​ អាច​ដឹង​ភ្លាមៗ​ដែរ​ឬទេ​?រាល់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ម្តងៗ លទ្ធផល​ត្រូវគេ​ដឹង​ច្បាស់​​នៅពេលផ្សេងៗ ​ស្ទើរតែរាល់លើក។ ​ប្រសិន​បើ​គិត​ត្រឹមតែ​​ជាង​២ទសវត្សរ៍​ចុងក្រោយ​នេះ  ​គេឃើញថា លទ្ធផល​បោះឆ្នោត​ពី១​អាណត្តិ​ទៅ១​អាណត្តិ​ គេ​​អាច​ដឹង​នៅ​ថ្ងៃ​ផ្សេងៗ ខុសៗគ្នា។ជាក់ស្តែង ​កាលពី​ជំនាន់​ឆ្នាំ​២០២០ ពេល​ដែល​លោក ចូ បៃដិន ឈ្នះ​លោកដូណាល់ ត្រាំ ប្រព័ន្ធ​ឃោសនា​អាមេរិក​ផ្សាយ​លទ្ធផល​នៅ​ពេល ​៤ ថ្ងៃ បន្ទាប់ពីការបោះឆ្នោត​រួច។ ជំនាន់​ជ័យ​ជម្នះ​របស់​​លោក ដូណាល់ ត្រាំ ដែល​ឈ្នះ​លើ​អ្នកស្រី Hillary Clinton កាលពីឆ្នាំ២០១៦ លទ្ធផល​គេ​អាច​ដឹង​នៅ​មួយ​ថ្ងៃបន្ទាប់ពី​បោះឆ្នោតរួច។ ចំណែក​លក្ខណៈ​ពិសេស​បន្តិច​ចំពោះ​ជ័យ​ជម្នះ​របស់​លោក បារ៉ាក់​ អូបាម៉ា​ កាលពីឆ្នាំ​២០០៨ គេ​អាច​ប្រារព្ធពិធី​អបអរ​ជ័យ​ជម្នះ​នៅ​យប់​ថ្ងៃ​បោះឆ្នោត​តែម្តង។​ ផ្ទុយទៅវិញ កាលពីជំនាន់​លោក Goerge W. Bush គេត្រូវ​រង់ចាំ​លទ្ធផល​ជាច្រើន​សប្តាហ៍ រហូត​ដល់​ថ្ងៃទី​១២ ខែធ្នូ​ឯណោះ។​ បានសេចក្តីថាប្រមាណជា​ ៥ សប្តាហ៍​ក្រោយ​ពីថ្ងៃ​​បោះឆ្នោត​។​ ដ្បិត​ថា ដំណើរ​ការ​រាប់​សន្លឹកឆ្នោត​យូរ​ ហើយ​និងមាន​ការ​ប្តឹងផ្តល់​នៅរដ្ឋ​ហ្វ័រីដា រហូត​ដល់​តុលាការ​កំពូល​អាមេរិក​ទៀត​ផង​៕

Episode metadata supplied by the publisher feed · Published Nov 5, 2024

Embed this episode

Ready to play

ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល

0:00 0:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

When was this ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ episode published?

This episode was published on November 5, 2024.

Can I download this ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!