ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast artwork

PODCAST · news

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

Publisher-supplied feed metadata · PodParley refreshed Sep 3, 2026 · Source feed

  1. 24

    តើការ​ធ្លាក់ចុះចំនួន​សិស្ស​ប្រឡងបាក់ឌុបនិទ្ទេស A ​​ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងយ៉ាងណា​ពីវិស័យ​អប់រំកម្ពុជា?

    បេក្ខជន​ប្រឡង​​ប្រមាណ ១២​ម៉ឺន​នាក់ ឬ៨៤% ក្នុង​ចំណោម​ ១៥ម៉ឺននាក់​បាន​ប្រ​ឡង​ជាប់សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ ឬ​បាក់​ឌុប​ឆ្នាំ ២០២៦​។​ នេះបើ​តាម​ការប្រកាស​របស់​ក្រសួង​អប់​រំ កាលពីថ្ងៃ​ទី២កញ្ញា​។​ ជាការ​កត់​សម្គាល់​ ចំនួន​បេក្ខ​ជន​និទ្ទេស​ A នៅឆ្នាំនេះបាន​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន​ដល់​ទៅជិត​ ១ ០០០នាក់​។​ ចំពោះសិស្សនិទ្ទេស B C និង D ក៏មានការប្រែប្រួលខណៈសិស្សនិទ្ទេស E បាន​កើនឡើង​ជាង ១ម៉ឺននាក់ បើ​ធៀប​នឹង​ឆ្នាំ ២០២៥​។ អ្នក​ស្រាវ​ជ្រាវ​ និងអ្នក​វិភាគសង្គមមួយ​ចំនួន​ចង់​ឃើញក្រសួង​អប់រំ​ និង​អ្នកពាក់​ព័ន្ធពង្រឹង​គុណភាព​រៀន និង​បង្រៀន​បន្ថែម​ទៀត​ ដើម្បីជៀសផល​លំបាក​ដល់​សិស្សពេល​ឡើងដល់​ថ្នាក់​ឧត្តមសិក្សា​​។ តើការ​ធ្លាក់ចុះចំនួន​សិស្ស​ប្រឡងបាក់ឌុបនិទ្ទេស A ​​ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងបែបណា​ពីវិស័យ​អប់រំកម្ពុជា?

  2. 23

    លោក​ដូណាល់ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅចិន ក្នុង​ជំហរ​ចាញ់​​ប្រៀប​​លោក​ស៊ីជីនពីង?

    បន្ទាប់​ពី​លើក​ពេល​ម្តង​កាលពី​ខែមីនា​ លោកប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅ​ដល់ប្រទេស​ចិន​នៅរសៀល​​​​ថ្ងៃពុធ​ទី ១៣​ឧសភា​នេះ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ រហូត​ដល់​ថ្ងៃ​ទី​១៥​ឧសភា ២០២៦។ ជា​ទស្សនកិច្ច​ដែល​គ្រប់​គ្នា​ទន្ទឹងតាម​ដាន​​បំផុត ព្រោះមហាអំណាច​​ទាំងពីរ ត្រូវ​ប្រឹងស្វះស្វែងស្ថាបនា​​​​​ទំនាក់ទំនងប្រាកដ​ប្រជា​មួយ​ ​​ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្មផង ​បញ្ហា​តៃវ៉ាន់​ផង និង​សង្គ្រាមនៅ​អ៊ីរ៉ង់ទៀត។ នេះជា​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ដែល​ប្រធានាធិបតី​អាមេរិក​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​ចិន លោក​ស៊ីជីនពីង។ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ត្រាំ​នៅ​ចិន នៅ​លើក​នេះ ខុស​ពី​ទស្សនកិច្ច​របស់​លោក​ត្រាំ កាលពី​១០​ឆ្នាំមុន ព្រោះ ភាព​ជឿជាក់​លើ​​អាមេរិក​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ​ ហាក់​កំពុង​ប្រលាក់​ប្រលូសនៅលើ​ឆាក​អន្តរជាតិ។ ​​ស្ថានភាព​​ពិភពលោក​មាន​សភាព​តាន​តឹង និងអ័ព្ទអួរ​​ខ្លាំង ដោយ​ហេតុ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ផង និង​សង្គ្រាម​ប្រដាប់​​អាវុធ​ អម​ដោយ​ការ​បិទ​ខ្ទប់​ប្រភព​ថាមពល​ប្រេង​និង​ឧស្ម័ន​នៅ​អ៊ីរ៉ង់ផង។ តាម​ការ​ពិត​ ទស្សនកិច្ច​របស់លោកប្រធានាធិបតី​អាមេរិក​ គ្រោង​ប្រព្រឹត្ត​ទៅនៅ​​ខែ​មីនា តែ​ត្រូវ​លោក​ត្រាំ​ប្រកាស​លើក​ពេល​ទៅវិញ​ ជា​ហេតុ​ធ្វើ​ឱ្យ​ភាគី​ចិនភ្ញាក់ផ្អើល​ខ្លាំង។ ចិន​មិន​ចូល​ចិត្ត​ប្តូរ​ផ្លាស់​កម្មវិធី​ដែល​រំខាន​​​ពិធីការ​ផ្លូវការ​ទេ តែ​ព្រម​សម្រប​ខ្លួន​តាម ​ព្រោះ​មិន​ចង់​ទទួល​ប្រធានាធិបតី​អាមេរិក ក្នុង​​ពេល​សង្គ្រាម​ដែល​ចិន​​បរិហារ កំពុង​ផ្ទុះយ៉ាង​ពេញ​ទំហឹង។ លោក​ត្រាំទៅ​បបួល​ចិនឱ្យ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​បើក​ច្រក​អកមូហ្ស? ១០​សប្តាហ៍​ក្រោយ សង្គ្រាម​បាន​ស្ងប់​ស្ងាត់​មែន ប៉ុន្តែ​មិន​ទាន់ចប់​ទេ។ លោក​ដូណាល់​ត្រាំ​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន ចំពេល​​អាមេរិក​​កំពុង​រិះ​រក​ច្រកដើរ​​ចេញ​ពីវិបត្តិ នៅ​ច្រក​សមុទ្ទអកមូហ្ស។ វ៉ាស៊ីនតោន​បាន​ចាត់​ទុក​ទស្សនកិច្ច​នេះ​ ថា​ជា​ឱកាស​ លើក​យក​សម្ពាធ​ទៅ​ដាក់​លើ​ប៉េកាំង​ ដោយ​ចង់​ទាញ​ចំណេញ​ពី​ឥទ្ធិ​ពល​ដែល​ចិន​មាន​​លើ​អ៊ីរ៉ង់។ យុទ្ធសាស្ត្រ​របស់​លោក​ត្រាំ​មាន​តែ​មួយ​​គឺ​ប្រើ​អាវុធ​ពាណិជ្ជកម្ម។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ នៅថ្ងៃ​ទី​៨​ឧសភា ដាក់ទណ្ឌកម្ម​លើ៩​ក្រុមហ៊ុនចិនព្រម​ទាំង​ពលរដ្ឋ​​​ចិន​​ (នៅ​លើ​ដីគោក​ចិន និង​នៅ​​​ហុងកុង) មួយ​ចំនួន ក្រោម​បទ​ចោទ​ប្រកាន់​ ថា​បាន​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ជាសមាស​ធាតុ​ផ្សំ​​សម្រាប់​ឱ្យ​ធ្វើមីស៊ីល និង​បាន​ផ្តល់​រូបភាព​ផ្កាយ​រណប​ដល់​អ៊ីរ៉ង់។ នៅពេល​ជួប​ជាមួយសមភាគី​ចិន លោក​ស៊ីជីនពីង ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ នឹងជជែក​អំពី​សង្គ្រាម​នៅអ៊ីរ៉ង់​នេះ ដោយ​ខាន​មិន​បាន និង​ដោយ​ចង់​សុំ​ចិន​ជួយ​ដោះស្រាយ​វិបត្តិ​ដែល​លោក​ត្រាំ​ខ្លួន​ឯង​ជាអ្នក​បង្កើត​ឡើង។ សំណើសុំ​របស់​អាមេរិក​នោះ គឺ​ ចង់​ជំរុញ​ចិន​ឱ្យ​ចូល​​រួម​ក្នុង​ប្រតិបត្តិការ​អន្តរជាតិ ដើម្បី​រំដោះ ឬ​បើក​ច្រក​សមុទ្ទ​អកមូហ្ស​ឱ្យ​នាវា​ពាណិជ្ជកម្ម​អាច​ធ្វើ​ចរាចរណ៍​ឡើងវិញ​បាន។ នេះ​បើតាម​សំដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​Scott Bessent។ ប៉ុន្តែ​ក្នុង​ក្រសែ​ភ្នែក​ប៉េកាំង ការ​បិទបញ្ចប់​សង្គ្រាម​នៅអ៊ីរ៉ង់​ជា​ទំនួល​ខុស​ត្រូវ​របស់​អាមេរិក។ ថ្វីបើ​ចិន​​បា​ន​លួច​បញ្ចុះ​បញ្ចូល​​អ៊ីរ៉ង់​ដោយ​ស្ងាត់ៗ ឱ្យព្រម​ចរចាសន្តិភាព​​ជាមួយ​អាមេរិក​ កាលពី​ខែ​មុន​មែន តែ​អ្នក​វិភាគ​​គិត​ថា​រដ្ឋាភិបាល​ចិន​​មិន​ចង់​ក្លាយ​ជា​អ្នក​បោស​សម្អាត​បញ្ហា​​បង្ក​ឡើង​ដោយ​លោក​ត្រាំ​ឡើយ។ ប៉េកាំង​នឹង​បញ្ជាក់ជំហរ​ស្មើភាព​ប្រកប​ដោយ​តុល្យភាព​របស់​ចិន ដោយ​ចង្អុល​មុខ​ដោយ​ផ្ទាល់​​ថា​អាមេរិក​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា។ សុន្ទរកថា​របស់​​​ចិន នឹង​ផ្តោត​ទៅ​លើ​ភាព​សំខាន់​នៃ​ការ​បើក​​ច្រក​អកមូហ្ស​ឱ្យ​បាន​ឆាប់​រហ័ស​ ពោល​គឺ​ជាទម្រង់​ដដែល​ដែល​ចិន​បាន​ប្រើ​តាំងពី​ពីរ​ខែមក។ ធ្វើ​ដូច្នេះ ចិន​នឹង​អាច​រក្សា​ទំនាក់ទំនង​​ល្អ​ជាមួយភាគី​ជម្លោះ​ទាំង​សង​ខាង​។ ការ​​ទទួល​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់នៅប៉េកាំង​​​កាលពី​ថ្ងៃ ទី​៦​ឧសភា​ ជា​សារ​បញ្ជាក់​ឱ្យ​ឃើញ​​ថា​ចិន​ចង់​​ធានា​ក្រុងតេហេរ៉ង់​ មុន​នឹង​ទទួល​ប្រធានាធិបតី​អាមេរិក និង​ជា​សារ​រំឭក​ប្រាប់​វ៉ាស៊ីនតោន​អំពី​តួនាទី​សំខាន់​របស់​ចិន​ចំពោះ​អាជ្ញាធរ​អ៊ីរ៉ង់។ ចិន​ ជា​មហាអំណាច​ដែល​មិន​អាច​ខ្វះ​បាន តែមិន​ងាយ​លូក​ដៃ​ចូល​ជួយជួយ​នរណា​ឡើយ​។ អាមេរិក​មិន​អាច​មក​ចាប់​​បង្ខំ​ចិន​បាន​ឡើយ។ ចិន​បាន​បង្ហាញ​ពី​ភាពស៊ូ​​​របស់​ខ្លួន​នៅចំពោះ​មុខ​វិបត្តិ​បង្ក​ឡើងដោយ​ការ​បិទ​ខ្ទប់​ច្រក​សមុទ្ទអកមូហ្ស តាម​រយៈ​ការ​ត្រៀម​លក្ខណៈ​បាន​ល្អ និង​តាម​រយៈ​ការ​ពឹង​ផ្អែក​លើ​ថាមពល​ធ្យូងថ្ម។ ធ្យូង​ថ្ម ថាមពល​ចម្បង​របស់​ចិន  និង​ការ​វិនិយោគ​ក្នុង​ថាមពល​ស្អាត និងការ​នាំចូល​ប្រេង​ឧស្ម័ន​ស្តុក​ទុក សុទ្ធ​សឹង​ជា​ផែនការ​​ត្រៀម​ប្រឈម​នឹង​ហានិភ័យ​នៃការ​សង្គ្រាម​បិទខ្ទប់​ច្រក​អកមូហ្ស​នេះ​ឯង។ បច្ចេកវិទ្យា​ជា​ថ្នូរ​នឹង​រ៉ែកម្រ ? ក្នុង​ពេល​ដែល​ ចិន​កំពុង​បញ្ជាក់​អំពី​ជំហរ​នឹងធឹង​ ជា​អ្នក​ចាត់​ចែងពិភពលោក​ប្រកប​ដោយ​ភាព​ជឿជាក់ ពោល​គឺ​ការ​រំលេច​ឱ្យឃើញ​ពី​ភាព​ខុស​គ្នា​​ ដោយ​មិន​បាច់​ពន្យល់​ដោយ​ត្រង់ៗ​លោក​ត្រាំ​នៅ​តែ​ប្រកាន់​ជំហរ​​អួតអាង ​បង្ហាញ​ពី​លទ្ធផល​ភ្លាមៗ។ លទ្ធផល​វិជ្ជមាន​ដែល​អាច​កើត​មាន​ នោះ​គឺអាច​ជា​ការ​ប្រកាស​​ចុះ​កិច្ចសន្យា និង​ការ​​វិនិយោគ​​នៅចិន ឬ​ជា​ការ​ប្រកាស​បន្ត​​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ដែល​ធ្លាប់​បាន​ព្រមព្រៀង​គ្នា​កាលពី​ឆ្នាំ​ទៅ​។ បើ​តាម​ប្រភព​អ្នក​ជំនួញ​ ​ចិន​និង​អាមេរិក​អាច​នឹង​មាន​ការ​ព្រមព្រៀង ​ក្នុងការ​បញ្ជា​ទិញ​យន្ត​ហោះ​ប៊ូអ៊ីង​ប្រមាណ​៥០០​គ្រឿង ឬ​ក៏​មាន​ការ​ព្រម​ផ្តោះប្តូរ​បច្ចេកវិទ្យាទំនើប​​ជា​ថ្នូរ​នឹង​ការ​បើក​ទូលាយ​ការនាំ​ចេញ​រ៉ែកម្រ​ចិន ជា​ដើម។ សូម​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ត្រាំ​បាន​នាំ​អ្នក​វិនិយោគ​អាមេរិក​គ្រាក់ៗ ទៅ​ជាមួយ​ប្រមាណ​១៧​​រូប​ មានជាអាទិ៍​​ថៅកែ​តេស្លា​SpaceX លោក Elen Musk ថៅកែ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​អេឡិចត្រូនិក​Nvida លោក​Jensen Huang  ប្រធានក្រុមហ៊ុន​Apple Tim Cook និង​ប្រធាន​ក្រុមហ៊ុន​ផលិតយន្តហោះ​ប៊ូអ៊ីង​ Kelly Ortberg។ តៃវ៉ាន់​ជា​បញ្ហា​ស្នូល​នៃទំនាក់ទំនង​អាមេរិក-ចិន ទាក់ទង​នឹង​​តៃវ៉ាន់​វិញ ប៉េកាំង​ចង់​យក​សំណុំ​រឿង​តៃវ៉ាន់​មក​ធ្វើ​ជា​ស្នូល​នៃ​ទំនាក់ទំនង​ជាមួយ​អាមេរិក។ បើ​តាមអ្នក​ជំនាញ​ខ្លះ ចិន​ចង់​ឱ្យ​អាមេរិក​ប្រើ​ពាក្យ​ថា “ប្រឆាំង​នឹង​” ឯករាជ្យ​កោះ​តៃវ៉ាន់ ជា​ជាង​ពាក្យ​ថា​មិន​គាំទ្រ​ឱ្យ​មានឯករាជ្យ​តៃវ៉ាន់។  អត្ថន័យ​ខុស​គ្នា​តែ​បន្តិច​ទេ ប៉ុន្តែ​វា​សំខាន់​ខ្លាំង​ណាស់​ ប្រសិនបើ​រដ្ឋ​បាល​អាមេរិក​ព្រម​ប្តូរ​។ ម្យ៉ាង​ទៀត​ ទស្សនកិច្ច​នេះ​ជា​ឱកាសដែល​ចិន​ត្រូវ​បញ្ចេញ​ជំហរ​ប្រឆាំង​នឹង​ការ​លក់​អាវុធ​អាមេរិក​ទៅ​ឱ្យ​តៃវ៉ាន់។ ចិន​បាន​ព្រមាន​រួច​ជា​ស្រេច​ឱ្យ​អាមេរិក​​គោរព​ពាក្យ​សន្យា​របស់​រដ្ឋាភិបាល​អាមេរិក​មុនៗ ថា​ជា​ការ​គោរព​កាតព្វកិច្ច​អន្តរជាតិ។ កាលពី​ឆ្នាំ​២០២៥ អាមេរិក​បាន​ប្រកាសព្រម​លក់ មីស៊ីល​ រថពាសដែក និង​ដ្រូន ​ឱ្យ​តៃប៉ិ​​ ក្នុង​តម្លៃ​ដ៏​មហាសាល ១១,១ពាន់​លាន​ដុល្លារ។ តែ​អាមេរិក​បាន​បង្កក​វគ្គ​ទីពីរ​នៃ​កិច្ច​សន្យា​លក់​អាវុធ​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ជំនួប​រវាង​លោក​ដូណាល់ត្រាំ​និង​ស៊ីជីនពីង​ ថ្ងៃនេះ។ កាលពី​ខែ​កុម្ភៈ លោក​ស៊ីជីនពីង​បានប្រាប់​​លោក​ត្រាំ​ ​ឱ្យ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​និយាយ​ពី​បញ្ហា​តៃវ៉ាន់​៕

  3. 22

    សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់

    សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ប្រកាស​សម្រេច​បាន “​បទ​ឈប់​បាញ់​​” រយៈ​ពេល​ពីរ​សប្តាហ៍ ជា​ថ្នូរ​នឹង​ការ​បើក​​ច្រក​សមុទ្ទ​អកមូហ្ស​ឡើង​វិញនៅ​​ថ្ងៃ​ពុធ​ទី​៨មេសា​ ​​​មុន​ផុត​ឱសានវាទរបស់​លោក​ត្រាំដែល​គំរាម​កម្ទេច​អ៊ីរ៉ង់​និង​អរិយធម៌​ពែក្សឱ្យ​ខ្ទេចបន្តិច។ ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ក៏​បាន​បញ្ជាក់​អំពី​ការព្រមព្រៀង​ឈប់​បាញ់ និង​ការ​​ធានា​សុវត្ថិភាព​ចរាចរណ៍​នៅ​ច្រក​អកមូហ្ស​ ដែល​ជា​ប្រភព​ឆ្លង​កាត់​ប្រេង​ឆៅ​២០%​​នៃ​សេចក្តី​ត្រូវ​ការ​ពិភពលោក កាលពី​ពេល​មុន​សង្គ្រាម។ តើ​បទ​ឈប់​បាញ់​​នេះ​ជា​ជោគជ័យ​របស់​នរណា? ជាង​៥​សប្តាហ៍​នៃ​ការ​វាយប្រហារ​ឥត​ស្រាកស្រាន្ត​លើ​អ៊ីរ៉ង់ និង​នៅ​៩០​នាទី មុន​ផុត​ឱសានវាទ ដែលគំរាម​កម្ទេច​អ៊ីរ៉ង់ឱ្យ​ខ្ទេចខ្ទី​នោះ​​ លោក​ត្រាំ​​បាន​ប្រកាស​រក​ឃើញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ សម្រាប់​រយៈ​ពេល​ពី​រ​សប្តាហ៍។ បើតាម​សំដី​លោក​ត្រាំ អ៊ីស្រាអែលក៏​​ទទួល​យក​បទ​ឈប់​បាញ់​ជាមួយ​អ៊ីរ៉ង់​ដែរ ​តែ​​មិនព្រម​​បញ្ឈប់​សកម្មភាព​វាយប្រហារ​លើ​​ចលនា​ហេសបូឡា​លីបង់ ​​នៅលីបង់​ទេ។ ជា​ថ្នូរ​មក​វិញ អ៊ីរ៉ង់សុខ​ចិត្ត​​​បើក​ច្រកសមុទ្ទ​អកមូហ្ស​ទាំង​ស្រុង​​ឡើង​វិញ និង​ភ្លាមតែ​ម្តង​ ​ហើយ​ការពារ​សុវត្ថិភាព​ចរាចរណ៍​កាត់​តាម​ច្រកយុទ្ធសាស្ត្រ​នេះ​ទៀត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ដូណាល់​ត្រាំ​ដដែល ដោយ​បញ្ជាក់​ថា​ បទ​ឈប់​បាញ់​ប្រសូត​ចេញ​បាន ក្រោយ​មាន​ជំនួប​សន្ទនាជាមួយ​ប្រមុខ​ដឹកនាំ​ប៉ាគីស្ថាន។ ​ ប៉ាគីស្ថាន​ជាប្រទេស​​អន្តរការី​ បាន​បញ្ជាក់​អំពី​ដំណើរ​ការ​​ចរចា​ ​អាមេរិក-អ៊ីរ៉ង់​​​ ដែល​នឹង​ចាប់ផ្តើម នៅ​​ថ្ងៃ​សុក្រ​ទី​១០​មេសា នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ។ ការ​ចរចា​ត្រូវ​ធ្វើ​ដោយ​​ផ្អែក​លើ​សំណើ​​១០​ចំណុច​របស់​អ៊ីរ៉ង់ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សង្គ្រាម​។ ​សំណើ​១០​ចំណុច​របស់​អ៊ីរ៉ង់ បើ​តាម​​សារព័ត៌មាន​ផ្លូវការ​និង​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់ ឧត្តម​​ក្រុម​ប្រឹក្សា​សន្តិសុខ​​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ បាន​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​នូវ​ផែនការ​១០​ចំណុច ដោយ​តម្រូវ​ឱ្យ​៖ -សហរដ្ឋ​អាមេរិក​ ​ព្រម​ទទួល​យក និង​ធានាគោរព​ គោលការណ៍​​មិន​ឈ្លានពាន​អ៊ីរ៉ង់ -អ៊ីរ៉ង់​​បន្ត​គ្រប់គ្រង​ច្រក​សមុទ្ទ​អកមូហ្ស -អាមេរិក​ត្រូវ​ព្រម​​ឱ្យ​អ៊ីរ៉ង់​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម -លើកទណ្ឌកម្ម​ទាំងអស់​ចេញ​ពីអ៊ីរ៉ង់ ទណ្ឌកម្ម​ដំបូង និង​ទណ្ឌកម្ម​បន្ទាប់​បន្សំ -រំសាយ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ -រំលាយ​គ្រប់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អភិបាល -សង​ថ្លៃ​ខូចខាតឱ្យ​​ប្រទេស​អ៊ីរ៉ង់ - ដក​កងទ័ព​ប្រយុទ្ធ​របស់អាមេរិក​ទាំង​អស់​ចេញ​ពី​តំបន់​ -បញ្ឈប់​សង្គ្រាម​ប្រឆាំង​នឹងអ៊ីរ៉ង់​លើ​គ្រប់​សមរភូមិ​រាប់​ទាំងសង្គ្រាម​ប្រឆាំង​នឹង​ចលនា​តស៊ូ​អ៊ីស្លាម​នៅ​លីបង់។ សំណើ​១០ចំណុច​របស់​​អ៊ីរ៉ង់នេះដែល​ធ្លាប់​ខ្ទាស់​នៃ​ការចរចា​លើក​មុន ត្រូវ​បាន​លោក​ត្រាំ​ ​ចាត់​ទុកនៅថ្ងៃនេះ​ថា​​ជា​ផែនការគ្រឹះ​នៃ​កិច្ច​ចរចា​ដែល​​អាច​សម្រេច​បាន នៅ​​​ពីរ​សប្តាហ៍នៃ​ការ​ចរចា​នៅ​ប៉ាគីស្ថាន។ លោក​ដូណាល់ត្រាំ​ និងអ៊ីរ៉ង់​​ ​​ប្រកាស​ ជោគជ័យ រៀង​ៗ​ខ្លួន ក្រោយ​ប្រកាសបទ​​ឈប់​បាញ់ ភាគី​ទាំងពីរបានលើក​ឡើង​អំពី​​ជោគជ័យ​ ​រៀង​ៗខ្លួន។ លោក​ត្រាំ​បានស្រែក​ថានៅក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់ លោកបាន​ទទួល​​ “ជោគជ័យ​ទាំង​ស្រុង និង​យ៉ាង​ពេញ​លេញ” ដោយ​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​​​ភាគី​អ៊ីរ៉ង់​ព្រម​ទទួល​យក​។ សម្រាប់​លោក​ត្រាំ ដែល​បាន​ប្តូរ​សំឡេង​ពីការ​គំរាម​កម្ទេច​អរិយធម៌​អ៊ីរ៉ង់ឱ្យ​ខ្ទេច​នៅ​ថ្ងៃ​ម្សិលមិញ មក​ជា​ការ​ប្រកាស​បទ​ឈប់​បាញ់​និង​ការ​ចរចា​ គឺ​ជា​ជោគជ័យ ​ព្រោះ​ លោក​មិន​បាន​បញ្ចប់​ឱសានវាទ​ដោយ​ដៃ​ទទេ​ ហើយ​ក៏​មិន​បាន​បន្ត​ជម្លោះ​តាម​ទំនើង​ដោយ​គ្មានយុទ្ធសាស្ត្រ​ ​ទៀត​ដែរ។ តែ​លោកប្រធានាធិបតី​អាមេរិក​​បាន​រក​ឃើញ​ច្រក​ចេញ​ និង​អាច​ដើរ​ចេញ​ពី​សង្គ្រាមនៅ​អ៊ីរ៉ង់​​បាន។ តាមរយៈ​​បទ​ឈប់​បាញ់ លោក​ត្រាំ​អាច​បន្ត​អួត​អាង​បាន​ថា យុទ្ធសាស្ត្រ​ប្រើ​ឱសានវាទ គំរាម បាន​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ខ្លាច​ ព្រម​ចុះ​ចាញ់ ព្រម​ចូល​ចរចា ព្រម​បើក​ច្រក​សមុទ្ទ​អកមូហ្ស។ ប៉ុន្តែ​ពាក្យ​គំរាម​កម្ទេច​អ៊ីរ៉ង់​ឱ្យ​រលត់​រលាយ​មិន​បាន​សម្រេច​ទេ។ ទោះ​បី​បាញ់​ប្លោង​លើ​អ៊ីរ៉ង់​អស់​ដល់​ទៅម៉ឺន​គ្រាប់​ក៏​ដោយ ក៏​អ៊ីរ៉ង់​ហាក់​មិន​បាន​បាត់​បង់​សមត្ថភាព​ប្រយុទ្ធ​តតាំង​វិញទេ។ របប​ផ្តាច់​ការ​អ៊ីរ៉ង់បាន​រងរបួស បាត់​បង់​មេ​​ដឹកនាំចាស់ៗ​​ ចុះ​ខ្សោយ​​ តែ​​ក្រុមឆ្មាំ​បដិវត្ត​ជំនាន់​ថ្មីកាន់​តែ​ផ្តាច់ការ​ បង្ក្រាប​រាល់​គ្រប់​ទម្រង់​នៃ​ការ​បះបោរប្រជាជន​​ ទាំង​កំពុង​រង​ការ​វាយប្រហារ​​ពី​សំណាក់​អាមេរិក​និង​អ៊ីស្រាអែល។ អ៊ីរ៉ង់​បាន​ត្រៀម​លក្ខណៈ​ធ្វើ​សង្គ្រាម​តាំង​ពី​រាប់​ទសវត្សរ៍​មក​ហើយ។ ដូច្នេះ​បើ​ទោះ​បី​ជាសង្គ្រាមនៅ​​ពេល​​នេះ បាន​ធ្វើ​ឱ្យ​អ៊ីរ៉ង់ហិនហោច​ស្ទើ​រខ្ទេច​ខ្ទី​​​ក៏​ដោយ​ ក៏​​រដ្ឋាភិបាល​អ៊ីរ៉ង់​នៅ​អាច​ត្រដរ​រស់​បាន​ ហើយ​អាចកំណត់​​សំណើនៃ​ការ​​ចរចា​ជាមួយ​ភាគី​បង្ក​ជម្លោះ​បាន​ទៀត។​ នេះ​ហើយ​ជាអ្វី​​ដែល​អ៊ីរ៉ង់​ចាត់​ទុក​​ថា​ជោគជ័យ។ តែ​ដោយ​ជាក់ស្តែង​ទៅ​នោះ​​ គេ​នៅ​ពុំ​ទាន់​អាច​និយាយ​អំពី​ជោគជ័យ និង​ការ​សម្រេច​បាន​សន្តិភាព​ជា​និរន្តរ៍​​បាន​នៅឡើយ​ទេ ព្រោះ​បទ​ឈប់​បាញ់​នៅ​មាន​លក្ខណៈ​ផុយ​ស្រួយ​ណាស់ ឯការ​ចរចា​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ពីរ​ថ្ងៃ​ទៀត។ ​​គ្រប់​ភាគី​ អាមេរិក អ៊ីរ៉ង់ ឬ​អារ៉ាប៊ីសាអូឌីត អាច​​ស្រែក​អបអរ​ជោគជ័យ ឬ​ប្រកាស​ថា​ជាអ្នក​ឈ្នះក៏​បាន​ តែ​សំខាន់​ អ្នក​ចាញ់​ និង​អ្នក​ខាត​បង់​ពិត​ប្រាកដ​ គឺ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ ដែល​ត្រូវ​រស់​ក្នុង​ភាព​ហិនហោច​ដូច​ធ្លាក់​នរក​ហើយ មិន​​បានទទួល​​សេរីភាព​ទៀត៕

  4. 21

    តើគួរមានទណ្ឌកម្មបែបណាប្រសិនបើគេរកឃើញថានៅមានបទល្មើសឆបោកតាមអនឡាញក្រោយខែមេសា?

    លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានព្រមានថា ក្រោយខែមេសា ឆ្នាំ២០២៦ ប្រសិនបើរកឃើញថា ទីតាំងណាមួយនៅបន្តអនុញ្ញាតឲ្យមានបទល្មើសឆបោកតាមអនឡាញ នោះអាជ្ញាធរដែលជាអ្នកទទួលខុសត្រូវទីតាំងនោះ អាចប្រឈមនឹងការដកតំណែង។ អ្នកតាមដានសង្គម បានគាំទ្រការលើកឡើងនេះ តែពួកគេចង់ឃើញមានការអនុវត្តន៍វិធានការម៉ឺងម៉ាត់ជាក់ស្តែងចំពោះទីតាំងណា ដែលនៅបន្តមានបទល្មើសឆបោកអនឡាញ៕

  5. 20

    អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី

    ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ្រាម​ដែលបានធ្វើ​ឲ្យ​ប្រែប្រួល​ទាំងស្រុង ដល់​កត្តាសន្តិសុខ និង​នយោបាយ​ការបរទេស​​​អឺរ៉ុប ក៏ដូចជា​ក្នុងពិភពលោក​ទាំងមូល​។ ខុសពី​ការមាក់ងាយ​របស់​លោកពូទីន ដែល​ថារុស្ស៊ីនឹង​​វាយផ្តួលរំលំ​អ៊ុយក្រែន​ក្នុងរយៈពេល​តែ​៣ថ្ងៃ​ តែ​៤ឆ្នាំមកនេះ ​អ៊ុយក្រែន​បាន​តស៊ូ​យ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដី​និងអធិបតេយ្យភាពរបស់ខ្លួន​។​ តែទន្ទឹមនឹងនេះ នៅក្នុង​សង្គ្រាម​៤ឆ្នាំមកនេះ ប្រជាជន​អ៊ុយក្រែន​បានរស់រងទុក្ខវេទនា​ ស្លាប់ និងរបួសច្រើនម៉ឺននាក់​។ ដូចឆ្នាំមុនៗ ថ្នាក់ដឹកនាំ​ស្ថាប័នសហភាពអឺរ៉ុប និង​ថ្នាក់ដឹកនាំប្រទេសសមាជិក​អឺរ៉ុបច្រើននាក់ បានធ្វើដំណើរទៅទីក្រុង​កៀ​វ ដោយជិះរថភ្លើងចេញពីប្រទេសប៉ូឡូញ ដើម្បីចូលរួម​ពិធីបុណ្យ​ខួប​គម្រប់​៤ឆ្នាំ​ នៃ​សង្គ្រាមឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន​។ វាគឺជាឱកាស ដែល​អឺរ៉ុបចង់បញ្ជាក់ប្រាប់អ៊ុយក្រែនថាអឺរ៉ុបនៅតែបន្តគាំទ្រ ជួយអ៊ុយក្រែន​ជានិច្ច​ មិនថាសង្គ្រាមនេះ​អូសបន្លាយយូរប៉ុណ្ណា។ អឺរ៉ុបប្តេជ្ញាបន្ត​ជួយអ៊ុយក្រែន​ ចាប់តាំងពីលោកដូណាល់ ត្រាំ បានត្រឡប់ចូលមក​កាន់អំណាច គឺសហរដ្ឋអាមេរិក​លែងជួយ​អ៊ុយក្រែនទៀតហើយ។ អ្វីដែលលោកដូណាល់ ត្រាំ ជួយគឺបានត្រឹមតែ​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារជាតិអាមេរិក លក់គ្រឿងសព្វាវុធនិងសម្ភារៈយោធាខ្លះ ដែល​អឺរ៉ុបគឺជាអ្នកចេញប្រាក់ទិញ​។ បច្ចុប្បន្ននេះ គឺអឺរ៉ុប​ដែលជាអ្នកផ្តល់ជំនួយថវិកាសឹងតែទាំងស្រុង​​ ទៅ​ឲ្យអ៊ុយក្រែន​​ ដើម្បីប្រយុទ្ធ​តតាំងនឹង​ការឈ្លានពាន​របស់រុស្ស៊ី​។ អឺរ៉ុបជួយ​អ៊ុយក្រែនដោយ​ក្តីអាណិតអាសូរពិតមែនហើយ តែអឺរ៉ុប​ក៏ចង់អរគុណអ៊ុយក្រែនដែរ ព្រោះ​អ៊ុយក្រែនជាអ្នកច្បាំង​ទប់រុស្ស៊ី​ មិន​ឲ្យរុលចូល​មកឈ្លានពាន​ទ្វីបអឺរ៉ុបទាំងមូល​។ សូមបញ្ជាក់ថា ផ្អែកតាម​តួលេខរបស់វិទ្យាស្ថាន Kiel នៅអាល្លឺម៉ង់ ៤ឆ្នាំមកនេះ អឺរ៉ុប​បានចំណាយ​​ប្រាក់ជួយអ៊ុយក្រែន តាមរយៈការទិញគ្រឿងសព្វាវុធនិងចំណាយ​ផ្សេងៗ ប្រមាណ​ ២០១ពាន់​លានអឺរ៉ូ​រួចហើយ។ ហើយ បច្ចុប្បន្ននេះ អឺរ៉ុបបានសន្យាជួយផ្តល់ប្រាក់ ចំនួន​១៧៨​ពាន់លានអឺរ៉ូថែមទៀត។​ លោក​ហ្សេឡេនស្គី៖ "ពូទីន​មិនបានឈ្នះសង្គ្រាមទេ!"  ព្រឹកថ្ងៃទី​២៤កុម្ភៈ នៅទីក្រុងកៀវ លោក​ប្រធានាធិបតី​អ៊ុយក្រែន បានទទួលស្វាគមន៍​ថ្នាក់ដឹកនាំអឺរ៉ុប នៅ​ក្នុងពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ​ទាហានពលី និង​ជនស៊ីវីលអ៊ុយក្រែន ដែលបាន​ស្លាប់ដោយសារ​តែ​សង្គ្រាម​​ឈ្លានពាន​​របស់រុស្ស៊ី​។ កាលពីល្ងាចថ្ងៃទី​២៣កុម្ភៈ​ លោក​ប្រធានាធិបតី​ហ្សេឡេនស្គី បានបង្ហោះសារជាវីដេអូមួយ​ ដែល​លោក​បានថ្លែងកោតសរសើរ និងអរគុណចំពោះវីរភាពរបស់យុទ្ធជនអ៊ុយក្រែន ក៏ដូចជាទឹកចិត្តតស៊ូរបស់ប្រជាជនអ៊ុយក្រែនគ្រប់ៗរូប​។ ជាការតស៊ូដ៏អង់អាចក្លាហាន ពុះពារ​ជំនះគ្រប់ការលំបាក ទោះសត្រូវខំប្រឹងវាយបំបាក់យ៉ាងណា​។ កាលពី​៤ឆ្នាំមុន ពូទីន​បាន​ប្រកាស​អះអាងថា នឹងផ្តួលរំលំ​​រដ្ឋធានី​​កៀវក្នុងរយៈពេល តែ​​៣ថ្ងៃ​។ ដូច្នេះ​យើងឃើញហើយ ថា​ការតស៊ូរបស់យើងរឹងមាំកម្រិតណា ​​ព្រោះ៤ឆ្នាំមកនេះ​យើងនៅតែឈរដដែល​​ ​។ នៅពីក្រោយ​ពាក្យ​ពេចន៍ទាំងនេះ គឺមានជនរួមជាតិ​យើងរាប់​លាននាក់ ​ដែល​មានសេចក្តីប្តេជ្ញា​​ក្លាហានដ៏ធំធេង និង​ការពុះពារ​ជំនះ​តស៊ូ មិនថាលំបាកវេទនាកម្រិតណា​។ យើង​បាន​ការពារឯករាជ្យរបស់ជាតិយើង យើងមិនបានបាត់បង់អធិបតេយ្យភាពរបស់យើងទេ។ ចំណែក​ពូទីនវិញ ក៏មិនបាន​សម្រេច​កម្មវត្ថុ​របស់ខ្លួនដែរ។ រុស្ស៊ី​មិនអាចបំបាក់​កម្លាំង​សាមគ្គីតស៊ូរបស់ប្រជាជាតិអ៊ុយក្រែនបានឡើយ​។​ រុស្ស៊ី​មិនបានឈ្នះសង្គ្រាមទេ ព្រោះយើងបាន​រក្សាការពារ​អ៊ុយក្រែន​រហូតមក​​។ យើងនឹងបន្តតស៊ូដល់ដង្ហើមចុងក្រោយ ដើម្បី​កសាងសន្តិភាព​ឡើងវិញ ហើយ​ស្វែងរកយុត្តិធម៌ជូនជាតិយើង​។ អ៊ុយក្រែនស្លាប់ជនស៊ីវីល​​ ​១៥០០០នាក់ និងទាហានយ៉ាងហោច​ ៥៥០០០នាក់​ ផ្អែកតាមតួលេខចុងក្រោយ​ ប្រមូលដោយ​អង្គការសហប្រជាជាតិ សង្គ្រាម៤ឆ្នាំមកនេះ បានផ្តាច់ជីវិតប្រជាជនស៊ីវីល​អ៊ុយក្រែន ចំនួន​​១៥០០០នាក់ និង​របួស​ពិការ​ ចំនួនប្រមាណ​​ ៤០៦០០នាក់។  តែតួលេខជាក់ស្តែង ត្រូវគេជឿថាអាចមានច្រើនលើសនេះ ព្រោះថា​មានតំបន់ច្រើនទៀតដែលនៅក្នុងសមរភូមិ ឬស្ថិតក្នុងដៃគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី ដែលគេមិនអាចទៅស្រង់ស្ថិតិបាន​។ ប្រជាជនអ៊ុយក្រែន ប្រមាណ​៦លាននាក់ បានភៀសខ្លួនទៅជ្រកនៅប្រទេសផ្សេងៗ។ ចំណែក​ខាងទាហានអ៊ុយក្រែនវិញ លោក​ហ្សេឡេនស្គី បាន​បញ្ជាក់កាលពីដើមខែកុម្ភៈ​នេះ ថាមានស្លាប់ចំនួន​ ៥៥០០០នាក់ គិតចាប់ពី​ខែកុម្ភៈឆ្នាំ​២០២២មក​។ តែចំនួននេះ គឺមិនទាន់រាប់ទាហានបាត់ខ្លួន​ច្រើនពាន់នាក់ទៀត។ ដោយឡែក ខាងរុស្ស៊ីវិញ កងទ័ពរុស្ស៊ី​បន្ត​រក្សាការសម្ងាត់ មិនដែលបញ្ចេញតួលេខ​ផ្លូវការទេ​។ វាគឺជាទម្លាប់នៃរបបផ្តាច់ការ ដែលតែងតែលាក់ព័ត៌មាន។ ក៏ប៉ុន្តែ បើផ្អែកតាម​បណ្តាញព័ត៌មាន​BBC ជាភាសារុស្ស៊ី និងបណ្តាញព័ត៌មានរុស្ស៊ី Mediazona គឺយ៉ាងហោចមានទាហានរុស្ស៊ីស្លាប់ ​១៧៧០០០នាក់​។ មានសាក្សីទាហាន​រុស្ស៊ីច្រើននាក់ ដែលបានអះអាងថា មេទាហាន​រុស្ស៊ី​បាញ់គ្រាប់បណ្តេញ​ឲ្យ​កូនទាហានតូចៗរត់ចូលសមរភូមិ​ នរណាដែលមិន​ទៅគេបាញ់ចោលតែម្តង។ ផ្អែកតាម តួលេខ​ប៉ាន់ស្មាន របស់​ ​Center for Strategic and International Studies មានទាហានរុស្ស៊ីស្លាប់ ​មិនក្រោម​ ៣២៥០០០នាក់ទេ។ រីឯ​ទាហានអ៊ុយក្រែនវិញ​​ អាចស្លាប់​ចន្លោះពី ១សែន ទៅ​១សែន​៤ម៉ឺននាក់ គិតពីឆ្នាំ​២០២២មក។ វាគឺជាទំហំស្លាប់បាត់បង់ជីវិតមនុស្ស​ដ៏ច្រើនសន្ធឹក ដើម្បីតែមហិច្ឆតារបស់​លោកពូទីន​ ដែលអះអាងថា​នឹងផ្តួលរំលំអ៊ុយក្រែនត្រឹមតែប៉ុន្មានថ្ងៃ​។ តែមកទល់ពេលនេះ​ ៤ឆ្នាំហើយ កងទ័ពរុស្ស៊ីដែលល្បីថាធំជាងគេសឹងមួយពិភពលោក រុលទៅមុខយ៉ាងលំបាក ហើយ​ត្រូវយកទាហានស៊ីឈ្នួល ​មកពីប្រទេសផ្សេងមកជួយថែម​ទៀត​។​ ការចរចាសន្តិភាព​គ្មានលទ្ធផល គួរបញ្ជាក់ថា ប្រមាណ​១ឆ្នាំកន្លងមកនេះ រដ្ឋបាលរបស់​លោកដូណាល់ ត្រាំ បាន​ដើរតួនាទី​អះអាងថាចង់សម្របសម្រួល​ឲ្យ​មានកិច្ចព្រមព្រៀងសន្តិភាព​ ឲ្យ​បានឆាប់បំផុត​។ ការចរចា​គ្នារវាងអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមធ្វើច្រើន​ដងមកហើយ តែគិតមកទល់ពេលនេះ គឺ​គ្មានលទ្ធផលទេ ក្រៅតែពីការ​ដោះដូរអ្នកទោសគ្នា​។ ការចរចានៅតួកគី នៅអាប៊ូដាប៊ី ហើយថ្មីៗនេះ នៅហ្សឺណែវទៀត គឺសុទ្ធតែគ្មានលទ្ធផល​ ព្រោះថា​អ្វី​ដែល​រុស្ស៊ីទាមទារ​ គឺអ៊ុយក្រែន​មិនអាចទទួលយកបាន​។ រុស្ស៊ីទាមទារ​ឲ្យ​អ៊ុយក្រែន ប្រគល់ទឹកដី​តំបន់ដុនបាសទាំងស្រុងទៅ​ឲ្យខ្លួន ទាំងដែលការពិតជាក់ស្តែង គឺ​បច្ចុប្បន្ននេះ កងទ័ពរុស្ស៊ីមិនគ្រប់គ្រងតំបន់នេះទាំងស្រុង​ទេ។ ជារួម បច្ចុប្បន្ននេះ កងទ័ពរុស្ស៊ី​គ្រប់គ្រងទឹកដីអ៊ុយក្រែន ប្រមាណ​២០% ដែលក្នុងនោះគឺ​១ភាគ៣ គឺរុស្ស៊ីចូល​មកដណ្តើមយកតាំងតែពី​មុនឆ្នាំ​២០២២ម៉្លេះ​។ បញ្ហាកាត់ទឹកដីហុចទៅឲ្យរុស្ស៊ី ដើម្បីបានសន្តិភាព វាគឺជារឿងឈឺចាប់ ដែលអ៊ុយក្រែនមិនអាចធ្វើទៅបានដោយងាយ​។ ហើយជាងនេះទៀត អ៊ុយក្រែននៅតែបារម្ភថា បើប្រគល់ឲ្យ​ទៅរុស្ស៊ីថ្ងៃនេះ តើច្បាស់ទេ ថាថ្ងៃស្អែករុស្ស៊ីនឹងមិន​មកវាយឈ្លានពាន​បន្តទៀត? ត្រង់ចំណុចនេះហើយ ដែល​អ៊ុយក្រែន​បន្តទាមទារ ឲ្យមានយន្តការ​ការពារសន្តិសុខអ៊ុយក្រែន​ឲ្យ​បានរឹងមាំបំផុតទៅថ្ងៃអនាគត ដើម្បី​ទប់កុំ​ឲ្យ​រុស្ស៊ី​ស្រក់ទឹកមាត់ ឃ្លានចង់បានទឹកដីអ៊ុយក្រែនទៀត។ យន្តការនេះ គឺមានជាអាទិ៍ ជា​ការ​ធានាការពារសន្តិសុខពី​សម្ព័ន្ធមិត្ត​លោកខាងលិច ដែលមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបស្ម័គ្រចិត្ត។ តែ​លោកពូទីន​ បានបន្តបដិសេធជានិច្ច ថាបើមានកងកម្លាំងសម្ព័ន្ធមិត្តលោកខាងលិចចូលទៅអ៊ុយក្រែន នោះរុស្ស៊ីនឹងចាត់ទុកថា វាជាការគំរាមមកលើសន្តិសុខរុស្ស៊ី​។ យ៉ាងណាមិញ នៅព្រឹកថ្ងៃខួប​គម្រប់​៤ឆ្នាំនៃសង្គ្រាមនេះ វិមានក្រេមឡាំងបានប្រកាសថា រុស្ស៊ីនឹងបន្តធ្វើសង្គ្រាម​រហូតទាល់តែសម្រេចកម្មវត្ថុដូចការគ្រោងទុក។ ដូចអ្វីដែល​លោកហ្សេឡេនស្គី ធ្លាប់បានលើកឡើងច្រើនដង គឺ​​ធាតុពិតទៅ​រុស្ស៊ី​គ្មានចេតនាចង់បានសន្តិភាពទេ។ លោកហ្សេឡេនស្គី បានអះអាងថា​​​លោកពូទីន ធ្វើល្បិចចរចា​តាមការហៅរបស់លោកដូណាល់ ត្រាំ​ គឺជាលេសដើម្បីចំនេញពេលវេលាតែប៉ុណ្ណោះ។ ចេតនាពិតប្រាកដរបស់​លោកពូទីន គឺចង់​លេបត្របាក់ទឹកដីអ៊ុយក្រែនទាំងមូល ហើយឈានទៅគ្របឥទ្ធិពលបន្តិចម្តងៗ លើបណ្ដា​​ប្រទេសអឺរ៉ុបផ្សេងៗទៀត ដូចសម័យសហភាពសូវៀត​៕​

  6. 19

    ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន

    មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការបោះឆ្នោត​សភា​ថៃ ​កាលពី​អាទិត្យ​ទី ៨​កុម្ភៈ​ ​លោកអនុធិន ឆានវីរៈគូន​ នៅថ្ងៃចន្ទនេះ​បាន​ប្រកាស​ថា គណបក្ស​ភូមិចៃថៃ​ត្រៀម​ខ្លួន​រួចហើយ​ដើម្បីចាប់ដៃ​ជាមួយគណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បើតាមលទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត នៅយប់​ថ្ងៃអាទិត្យ គណបក្ស​ភូមិចៃថៃ​របស់​លោក​អនុធិន ឆានវីរៈគូន​​ទទួលអាសនៈ ជិត​២០០ នៅ​រដ្ឋសភា ដោយ​នាំមុខ​ដាច់ឆ្ងាយ គណបក្ស​ប្រាឆាឈុន ដែលជា​គណបក្ស​ចម្រើននិយម​របស់​លោក​ណាថាភុង រឿងបញ្ញាវុធ។ ជ័យជំនះ​របស់​គណបក្ស​ភូមិចៃថៃ គឺ​ជារឿង​ដែល​គេមិន​នឹកស្មានដល់ បើគេ​មើល​ទៅលើការព្យាករ និង​ការស្ទង់មតិ​កន្លងមក។ ទទួល​អាសនៈ​ប្រមាណ ១៩៣ ក្នុងចំណោម​អាសនៈសរុប​របស់​សភាចំនួន ៥០០ គណបក្ស​ភូមិចៃថៃ របស់លោកអនុធិន ឆានវីរៈគូន​ទទួលបាន​​សំឡេងឆ្នោតច្រើន នាំមុខគូប្រជែង ជាពិសេស​គណបក្ស​ប្រាឆាឈុន។ ​​គណបក្ស​ភូមិចៃថៃ​ទទួលបាន​លទ្ធផល​ល្អខ្លាំង មិនធ្លាប់មាន​ គិត​ចាប់តាំង​ពីគណបក្សនេះ ​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៨។  នៅ​ក្នុងការបោះឆ្នោត​មុនៗ ដូចជា​នៅ​ឆ្នាំ ​២០២៣ បក្ស​ភូមិចៃថៃបានទទួលតែ​​៧១។ ដោយសារតែ​គណបក្ស​ភូមិចៃថៃ​របស់​លោក​បានសំឡេង​តិច ​លោកអនុធិន​ធ្លាប់ត្រូវ​គេ​ប្រៀបប្រដូចទៅ​នឹង​សត្វបង្គួយ ប្តូរពណ៌ ព្រោះតែចង់បាន​​តំណែង​រដ្ឋមន្រ្តី​របស់​ក្រសួង ក្នុង​រដ្ឋាភិបាលចម្រុះ ដែល​បក្សភូមិចៃថៃបាន​ចូលរួម​ជាមួយគណបក្ស​ធំៗ ដូចជា គណបក្ស​ភឿថៃជាដើម។ ប៉ុន្តែ លើកនេះ គណបក្ស​ភូមិចៃថៃ​តែម្នាក់​ឯង ទទួលបាន​អាសនៈច្រើនជាងគេ ជិត​២០០ និង​មានអំណាច​ទៅជ្រើសរើស​បក្ស​ផ្សេង​ឲ្យមកបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួន។ បក្ស​ភូមិចៃថៃ ទទួលបានសំឡេង​ឆ្នោតច្រើនយ៉ាងដូច្នេះ ក៏ព្រោះតែ គណបក្ស​នេះ​ចេះបត់បែន​តាមកាលៈទេសៈ ដូច​ជា​​លោកអនុធិនអីចឹង។ ធ្លាប់តែ​មានជំហរ​កណ្តាល គណបក្សភូមិចៃថៃ​បាន​ងាក​ទៅចាប់ដៃ​ជាមួយ​អ្នកនយោបាយ​អភិរក្ស​និយម គាំទ្រ​ក្រុមយោធា និង​ចេញមុខ​ ការពារ​ព្រះរាជបល្ល័ង្ក ប្រឆាំង​ដាច់ខាត​រាល់ការប៉ុនប៉ង​ធ្វើកំណែទម្រង់​ច្បាប់ជេរប្រមាថព្រះមហាក្សត្រ​ជាដើម។ មួយវិញទៀត ការផ្ទុះសង្រ្គាម​ជាមួយ​កម្ពុជា ក៏ជា​ហេតុផល​មួយដែលរុញច្រាន​ឲ្យ​បក្ស​ភូមិចៃថៃ​របស់​អនុធិន​ឈ្នះឆ្នោតលើកនេះដែរ។ នៅក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោតកន្លង លោកអនុធិន បានលើកយក​​បញ្ហា​សន្តិសុខ ការការពារ​បូរណភាពទឹកដី មក​បញ្ចុះបញ្ចូល​ប្រជាជន។ លោកធ្លាប់បាន​និយាយ​ថា បើសិន​លោកឈ្នះឆ្នោត នោះលោក​នឹង​សាងសង់​ជញ្ជាំង​នៅព្រំដែន​ជាមួយកម្ពុជា និង​ផ្តល់​មធ្យោបាយ​គ្រប់បែបយ៉ាងទៅឲ្យកងទ័ព​ដើម្បី​ការពារ​ទឹកដីថៃ។ ​នៅក្នុងកាលៈទេសៈដែលប្រទេស​កំពុងមាន​បញ្ហា​ជម្លោះព្រំដែនជាមួយ​កម្ពុជា និង​យល់ថា បញ្ហា​សន្តិសុខ​នៅព្រំដែនជា​អាទិភាព​ចំបង​របស់ប្រជាជន លោក​អនុធិន​ចេះ​ច្បិច​យក​បញ្ហាជម្លោះព្រំដែនខ្មែរថៃធ្វើជាយុទ្ធសាស្រ្ត ទាក់ទាញ​អ្នកជាតិនិយមថៃ។ នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃអាទិត្យម្សិលមិញ លោក​អនុធិន​និយាយ​ថា “ជាតិនិយម ស្ថិតនៅក្នុងបេះដូងរបស់​បក្ស​ភូមិចៃថៃ​ជានិច្ច”​​។​ ​​ បក្ស​ភូមិចៃថៃ របស់លោកអនុធិនទទួលបាន​អាសនៈ​​ច្រើននៅរដ្ឋសភា ​ក៏ព្រោះតែ​ ​​បក្ស​ភឿថៃធ្លាក់ចុះខ្សោយ។ ដោយសារ​តែរឿងអាស្រូវ​ដែលមាន​ជាប់ពាក់ព័ន្ធគ្នា​រវាង​គ្រួសារ​របស់​លោកថាក់ស៊ីន និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា​ លោកហ៊ុន សែន​​ បក្ស​ភឿថៃ​ ធ្លាក់​​ចុះខ្សោយ បាត់​បង់ប្រជាប្រិយភាព​ខ្លាំង។ លទ្ធផល​ឆ្នោត​បង្ហាញថា នៅតំបន់​ភាគខាងជើង​ប្រទេស​ ដែលសំបូរដោយ​ក្រុមអាវក្រហម គាំទ្រ​បក្ស​ភឿថៃរបស់​លោក​ថាក់ស៊ីន ឥលូវនេះ បាន​ប្រែក្លាយទៅជា​ក្រុមអាវខៀវ របស់​គណបក្ស​ភូមិចៃថៃ។ គណបក្ស​ប្រាឆាឈុន ត្រូវ​បរាជ័យ បះជើង ព្រោះតែ​នយោបាយ​កំណែទម្រង់មិនចំកាលៈទេសៈ ជាមួយសន្ទុះគាំទ្រ​ និងភាពស្វាហាប់​របស់​ចលនា​យុវជន​របស់ខ្លួន ដែលចង់ឲ្យមានការផ្លាស់ប្តូរក្នុងសង្គម​ថៃ បក្ស​ប្រាឆាឈុន​ធ្លាប់​មាន​ទំនុកចិត្ត​ថា នឹង​ទទួលជ័យជំនះ​ដូចលើកមុនៗ ឬ​បានសំឡេងឆ្នោត​ច្រើន​ ផ្តាច់មុខ​ទៀតផងដើម្បី​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង។ ប៉ុន្តែ គណបក្ស​ប្រាឆាឈុន​ត្រូវ​ខកចិត្ត ព្រោះ​ថា លទ្ធផល​ឆ្នោត​លើកនេះមិនល្អទាល់តែសោះ។ បក្ស​ប្រាឆាឈុន​ទទួល​បាន​១១៨អាសនៈ តិចជាង​បក្ស​ភូមិចៃថៃ សឹង​ពាក់កណ្តាល។ បក្ស​ភូមិចៃថៃ​ឈ្នះឆ្នោត ក៏ព្រោះតែ​ឆ្លៀតកេងចំណេញពីជម្លោះព្រំដែន​ជាមួយកម្ពុជា។ ប៉ុន្តែ គណបក្ស​ប្រាឆាឈុន​ ទទួលបរាជ័យ ​ក៏ព្រោះតែ​គណបក្ស​ហ៊ាន​សន្យាធ្វើ​​កំណែទម្រង់ កងទ័ព តាមរយៈ​ការកាតបន្ថយចំនួន​ឧត្តមសេនីយ៍ជាដើម និង​លុបចោល​កាតព្វកិច្ច​យោធា ដែលជាការចង់បាន​របស់​យុវជន។ គេអាច​ថា ការសន្យា​របស់​បក្ស​ប្រាឆាឈុនដើម្បីធ្វើកំណែទម្រង់​កងទ័ព ធ្វើឡើង​មិន​ចំ​កាលៈទេសៈ។ លោកអនុធិននៅធ្លាប់បាន​ចោទប្រកាន់​ថា បក្សប្រាឆាឈុន​គ្មាន​ស្នេហាជាតិ​សូម្បីបន្តិច។ នៅពេល​ប្រទេស​កំពុងត្រូវការ​កងទ័ពដើម្បី​ការពារ​ទឹកដី បក្ស​នេះ បែរជា​សំដៅ​រឹតត្បិត​កងទ័ពទៅវិញ។​ នៅក្នុង​សន្និសីទកាសែត​ កាលពីយប់ថ្ងៃអាទិត្យ បេក្ខជននាយករដ្ឋមន្រ្តី​គណបក្ស​ប្រាឆាឈុនលោក ណាថាភុង រឿងបញ្ញាវុធ​បាន​ប្រកាស​ទទួលស្គាល់បរាជ័យ ប៉ុន្តែ បាន​ប្រាប់អ្នកគាំទ្រ​របស់ខ្លួន​កុំ​ឲ្យ​បាត់បង់ក្តីសង្ឃឹម។ គណបក្ស​ប្រាឆាឈុន​​បានប្រកាសដែរថា នឹង​មិន​ចូលក្នុង​រដ្ឋាភិបាល​ចម្រុះថ្មី ប៉ុន្តែ នឹង​ស្ថិតនៅ​ក្រៅរដ្ឋាភិបាល ក្នុងនាមជាបក្ស​ប្រឆាំង​នៅរដ្ឋសភា។ ជ័យជំនះរបស់លោក​​អនុធិន ឆ្លុះបញ្ចាំងពីការកើនឡើងនៃ​គំនិត​ជាតិនិយម​នៅក្នុង​ចំណោមប្រជាជនថៃ  បក្សភូមិចៃថៃរបស់​លោកអនុធិនឈ្នះឆ្នោត មានន័យថា ប្រជាជនថៃ​ផ្តោតអាទិភាពទៅលើ​ស្ថិរភាពនយោបាយ ជាជាង នយោបាយ​កំណែទម្រង់ ដែលស្នើឡើង​ដោយ​បក្ស​ប្រាឆាឈុន ដឹកនាំ​ដោយ​ចលនា​យុវជន​ដើម្បីប្រជាធិបតេយ្យ។ បើសិន គេ​ជ្រើសរើសយក​បក្សប្រាឆាឈុន​ដែល​មាននិន្នាការតឹងរ៉ឹង​ជាមួយ​ព្រះរាជវាំង និង​ក្រុមយោធា នោះ ជាថ្មីម្តងទៀត ថៃ​នឹង​ជួបវិបត្តិនយោបាយ ព្រោះ​ក្រុមអភិរក្ស​និយម ប្រាកដជា​រក​មធ្យោបាយ​ដើម្បី​រាំងខ្ទប់មិនឲ្យបក្ស​ប្រាឆាឈុន​អាច​បង្កើតរដ្ឋាភិបាល។ ដូច្នេះ ក្នុងបរិបទ​ដែលប្រទេស​ ​ កំពុងជាប់មានជម្លោះជាមួយ​កម្ពុជា ហើយ​បញ្ហា​ព្រំដែនជាអាទិភាពជាតិផង ​ប្រជាជនថៃបោះឆ្នោត​គាំទ្រ​លោក​អនុធិន ដែល​គេ​មើលថា សក្តិសមដឹកនាំ​ប្រទេស ហើយ​លោកអនុធិនប្រាកដជា​នឹង​ទទួលបាន​ការគាំទ្រ​ពីពួកយោធា ក្រុមអភិរក្ស ​ឲ្យបង្កើត​រដ្ឋាភិបាល ដោយ​គ្មានការរំខាន។   ជ័យជំនះ​របស់​បក្ស​ភូមិចៃថៃ​នឹងមិនធ្វើឲ្យមាន​ការផ្លាស់ប្តូរច្រើនទេ។ ថៃ​នឹង​មាន​នយោបាយ​ដូចមុន ដូចកាលពីប៉ុន្មានខែមុន ពោល នៅពេល​លោកអនុធិន ឡើង​ធ្វើជា​នាយករដ្ឋមន្រ្តី។ ​ចរន្តជាតិនិយម​កាន់តែ​ឡើងខ្លាំង ចំណែកនយោបាយ​​សេដ្ឋកិច្ចនៅតែដដែល។ លោកអនុធិននៅតែបន្តនយោបាយ​តឹងរ៉ឹង​ដាក់កម្ពុជា។ នៅក្រោយទទួលជ័យជំនះឆ្នោត លោក​បានបញ្ជាក់សាជាថ្មីថា លោកនឹង​នៅតែ​សង់ជញ្ជាំង​នៅព្រំដែន​ខ្មែរថៃ។ លោកនឹង​ពង្រឹង​សមត្ថភាពកងទ័ព និង​ជឿថា កងទ័ពថៃ​អាច​យកឈ្នះលើ​អ្នកណាៗទាំងអស់។ គណបក្សភូមិចៃថៃ អាច​ចាប់ដៃគូជាមួយ​ភឿថៃ ឬ​បក្ស​ក្លាថាំ​ដើម្បីបង្កើតរដ្ឋាភិបាល​ចម្រុះ​ គិតត្រឹម​ព្រឹកថ្ងៃចន្ទ ការរាប់សន្លឹកឆ្នោត​ប្រមាណ​៩៤%​បង្ហាញថា គណបក្ស​ភូមិចៃថៃ​អាចទទួល​អាសនៈ​១៩៣ ខណៈ​គណបក្ស​ប្រាឆាឈុន បានទទួល​១១៨ និង​គណបក្សភឿថៃ​បាន​ចំនួន​៧៤។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​Reutersដោយ​ផ្អែកទៅលើ​ទិន្នន័យ​របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ។ គេប៉ាន់ប្រមាណថា បក្ស​ភូមិចៃថៃ​នឹង​អាច​ទទួល​អាសនៈច្រើនជាងនេះ នៅពេល​គេរាប់សន្លឹកឆ្នោត ទី​២ ​សម្រាប់​អាសនៈ​ចំនួន​១០០ទៀតរបស់​រដ្ឋសភា។ តាមគម្រោង គណៈកម្មាធិការរៀបចំការបោះឆ្នោត​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី ៩​មេសា។ បន្ទាប់ពីនោះ សភា​មានរយៈពេល​១៥ថ្ងៃ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សភា។ ដំណើរការបោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្រ្តី​​នឹង​អាច​ចាប់ផ្តើម នៅក្នុងនោះ បេក្ខជននាយករដ្ឋមន្រ្តី​​​ ត្រូវការសំឡេងគាំទ្រ ច្រើន​២៥១។ ​គណបក្ស​ភូមិចៃថៃ អាច​មានជម្រើស​ច្រើនដើម្បីបង្កើតរដ្ឋាភិបាល ដោយចាប់ដៃ​ជាមួយបក្ស​ភឿថៃ ឬ​បក្ស​ក្លាថាំ ដែលជា​ដៃគូ។ អនុប្រធាន​បក្ស​ភូមិចៃថៃធ្លាប់​បង្ហើបថា ចង់​ចាប់ដៃគូជាមួយ​បក្សប្រាឆាឈុន ព្រោះតែគេចូលចិត្តនយោបាយ​របស់​គណបក្ស​នេះ ប៉ុន្តែ ភូមិចៃថៃ​ចង់ឲ្យ​ប្រាឆាឈុន​លះបង់ចោល​មហិច្ឆតា​ចង់ធ្វើ​កំណែទម្រង់​ដែលប៉ះពាល់ដល់​ព្រះរាជបល្ល័ង្កថៃ៕​

  7. 18

    ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥

    តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើការដកស្រង់អត្ថបទព័ត៌មានមួយចំនួនរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលជាអត្ថបទទទួលបានអ្នកចាប់អារម្មណ៍ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២៥។

  8. 17

    ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

    ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​ទ្វីប​អាហ្វ្រិក។ ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ចង់ឱ្យ​​ជំនួប​កំពូល ដែលធ្លាប់​ជា​ឱកាស​ជួបជុំ​មេដឹកនាំកំពូលៗ​នៅ​លើ​ពិភពលោក ​​ក្លាយ​​ជា​ជោគជ័យ​ការទូត​និង​ពហុភាគីនិយម។ ​អាកាសធាតុ ហិរញ្ញវត្ថុ​ និង​ភូមិសាស្ត្រ​នយោបាយ​ ជា​សំណុំ​រឿងដែល​ក្រុមហ្សេ២០​ត្រូវ​លើក​មក​ជជែក​គ្នាដោះ​ស្រាយ​​ ប៉ុន្តែប្រធានាធិបតីអាមេរិក​​លោក​ដូណាល់ត្រាំ​ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ទេ។ តាំងពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩ ​ហ្សេ២០​ ដែល​ជាក្រុម​​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំង​កំពូល​គេ​ចំនួន ១៩ នៅលើ​ពិភពលោក ព្រមទាំង​សហភាពអឺរ៉ុប​និង​សហភាព​អាហ្វ្រិក បាន​បើក​ជំនួប​កំពូល​ ​ជា​លើក​ទីមួយនៅ​ថ្ងៃសៅរ៍​នេះ នៅ​ទ្វីបអាហ្វ្រិក។ ​ជំនួប​កំពូល​ប្រកប​ដោយ​និម្មិត្តរូបនេះ ​ក៏​ជា​ការ​បិទ​បញ្ចប់​វគ្គ​ហ្សេ២០​មាន​ប្រធានផ្លាស់វេន ​​ជា​ក្រុមប្រទេសខាង​ត្បូង​​ទើប​លូត​លាស់​ខ្លាំង បន្ត​បន្ទាប់​គ្នា៖ ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០២២ ឥណ្ឌា​២០២៣ ប្រេស៊ីល​២០២៤ និង​អាហ្វ្រិក​ខាង​ត្បូង​២០២៥។ នៅ​ឆ្នាំ​២០២៦ ដល់​វេន​សហរដ្ឋ​អាមេរិក​ម្តង។ អាមេរិក​ធ្វើ​ពហិការ​ជំនួប​ហ្សេ​២០​នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ ​មិន​បាន​មក​ចូល​រួមជំនួប​កំពូល​នេះ​​ទេ​។ លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា (Cyril Ramaphosa) ប្រធានាធិបតី​អាហ្វ្រិកខាង​ត្បូង​​ បាន​ត្រឹម​​សោកស្តាយ​ចំពោះ​អវត្តមាន​របស់​ភាគី​អាមេរិក​​។ លោករ៉ាម៉ាហ្វូហ្សា​​បាន​ប្រឹង​ប្រែង​ប្រើ​គ្រប់​អស់​សិល្ប៍វិធី​ និង​ល្បិច​ដើម្បី​ល្បួង​លោក​ត្រាំ​​ឱ្យ​មក​ចូល​រួម​ដែរ​ តែ​មិន​​សម្រេច។ នៅ​ទី​បំផុត​កៅអី​សម្រាប់​សហរដ្ឋ​អាមេរិក ក្នុងពិធី​​ប្រគល់​ភារកិច្ច​​​បន្ត​វេន​ដឹកនាំ​ហ្សេ២០ ត្រូវ​នៅ​ទំនេរ។ ​អវត្តមាន​របស់​​អាមេរិក​ ​សឱ្យ​ឃើញ​អំពី​ភាពតាន​តឹងខ្លាំង​​រវាង​ប្រទេស​ទាំងពីរ។ មាន​ហេតុផល​ច្រើន ដែល​ជំរុញឱ្យ​​អាមេរិក​និង​អាហ្វ្រិក​ខាងត្បូង​មើលមុខ​គ្នា​មិន​សូវ​ចំ។ ទីមួយ ក្នុង​នាម​ជា​ប្រទេស​គាំទ្រ​នយោបាយ​ពហុនិយម​ខ្លាំងដ៏​មុះមុត អាហ្វ្រិក​ខាង​ត្បូង​បាន​ជ្រើសរើស​​ប្រធានបទ​នៃ​ជំនួបហ្សេ២០​នៅអាហ្វ្រិក​​ថា “សាមគ្គីភាព សមភាព​ និរន្តរភាព”។ សេតវិមាន​មិន​ពេញ​ចិត្ត​ពាក្យ​ស្លោក​នេះ​ទេ ហើយ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ជំនួប​កំពូលហ្សេ​២០​តែម្តង។ ម្យ៉ាង​ទៀត តាំង​ពី​លោក​ត្រាំ​ត្រលប់​មក​ដឹកនាំ​សហអាមេរិក​ជា​ថ្មី រដ្ឋបាល​អាមេរិក​បាន​ដៅ​វាយប្រហារ​លើ​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​រហូត ព្រោះ​អាហ្វ្រិក​ខាង​ត្បូង​មាន​ជំហរ​អព្យាក្រឹត្យ គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន ជា​មិត្ត​នឹង​អ៊ីរ៉ង់ ហើយ​មាន​ជម្រើស​នយោបាយ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​លោក​ត្រាំ​ក្តៅ​ក្រហាយ។ ក្រៅ​ពី​លោក​ត្រាំ ប្រធានាធិបតី​រុស្ស៊ីដែល​ជាប់​ដីកាអន្តរជាតិ ក៏​អវត្តមាន​ដែរ។ ​ប្រធានាធិបតី​​ចិនស៊ីជីនពីងបាន​បញ្ជូន​នាយករដ្ឋមន្ត្រីមក​ជា​តំណាង។ អាហ្វ្រិក​ខាង​ត្បូងតាំងជំហរ​ពហុភាគី​និយម ទោះបី​ជា​លោកត្រាំ​របស់​អាមេរិក​​អវត្តមាន​ក៏​ដោយ​ ក៏​លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​​​មិន​ចុះ​ញ៉ម មិន​បន្ទន់​ជំហរ​ មិន​ប្តូរ​កម្មវត្ថុ​ជា​អាទិភាព​​សម្រាប់​ជំនួប​កំពូល​នេះទេ។ លោក​បាន​តាំង​ចិត្ត​ប្រែក្លាយ​ជំនួប​នេះ​ជា​ជោគជ័យ​ការទូត​និង​ពហុភាគី​និយម។ ​ ក្រៅ​អំពី​សំណុំ​រឿង​អ៊ុយក្រែន ដែល​មិនអាច​​រំលង​បាន​ ហ្សេ២០​អាហ្វ្រិក​បានផ្តល់​អាទិភាព​​ទីមួយ​ ទៅ​លើ​​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ធម្មជាតិ​។ អាហ្វ្រិក​ខាង​ត្បូង​ចង់​ប្រមូល​ហិរញ្ញវត្ថុ​វិនិយោគថ្មីៗ និង​ឱ្យ​បាន​ច្រើន​ជាង​មុន ​ដើម្បីការពារ​ប្រទេស​ងាយ​រងគ្រោះខ្លាំង និង​ដើម្បី​ធ្វើ​អន្តរកម្ម​ថាមពល ជា​ប្រយោជន៍​អាកាសធាតុ​។ អាហ្វ្រិក​ខាង​ត្បូងមិន​ត្រូវការ​ខ្ចី​លុយ​បែប​ធម្មតា​ទេ តែ​ចង់​បាន​​ប្រាក់​ឧបត្ថម្ភ​ និង​កម្ចី​ក្នុង​អត្រាការ​ប្រាក់ដ៏​ទាប​បំផុត ទើប​ពិភពលោក​អាច​ឆ្លង​អន្តរកាល​ប្រកប​ដោយសមធម៌​បាន។​ បំណុល​របស់​ក្រុមប្រទេស​ចាប់​លូតលាស់​ ជា​អាទិភាព​មួយ​ទៀត​ដែល​ត្រូវ​ពិភាក្សា​ដោះស្រាយ​ដែរ។ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង បាន​លើក​សំណើ​សុំ​ឱ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លក់​មាសក្នុង​ស្តុក​​ខ្លះ​ដើម្បី​ជួយ​ដោះបំណុល​ប្រទេស​ក្រីក្រ​មាន​ចំណូល​ទាប។ អាទិភាព​​ចុងក្រោយ​ គឺ​រ៉ែ​ ដែល​ជា​និមិត្តរូប​នៃ សេដ្ឋកិច្ច​អាហ្វ្រិក ត្រូវ​តែការពារ​សុវត្ថិភាព​ផលិកម្ម​និងការ​កែច្នៃ​ក្នុងស្រុក។ សំណុំ​រឿង​សំខាន់​មួយ​ទៀតដែល​កំពុង​ពិភាក្សា​ដែរ គឺ​វិសមភាព​ធនធាន នៅលើ​ពិភពលោក​។ វិសមភាព​ធនធាន​ជា​វិបត្តិ​ដែល​គំរាមកំហែង​លទ្ធិប្រជាធិបតេយ្យ និង​ភាពស្រុះស្រួល​ក្នុងសង្គម។ សម្រាប់ប្រេតូរីយ៉ា ​ វិបត្តិ​​នេះ​​ត្រូវ​គិត​គូរ​ដោះស្រាយ ជា​​បន្ទាន់​ដូច​បញ្ហា​អាកាសធាតុ​ដែរ។ លោក​រ៉ាម៉ាហ្វូហ្សា ចង់​បាន​កិច្ចព្រមព្រៀង​មួយ​ដ៏​រឹង​មាំ និង​អាច​សម្រេច​បានក្នុង​ភាព​​ជាក់ស្តែង ដោយ​រំពឹង​លើ​សម្ព័ន្ធមិត្តហ្សេ២០​​អឺរ៉ុប មានជា​អាទិ៍​បារាំង អាល្លឺម៉ង់ អ៊ីតាលី​និង​អង់គ្លេស ដែល​គាំទ្រ​ជំហរ​នយោបាយ​ពហុនិយម។ ប្រធានាធិបតី​បារាំង ប្រមុខ​សហភាពអឺរ៉ុប សុទ្ធ​តែ​បង្ហាញ​វត្តមាន​នៅអាហ្វ្រិក​ខាង​ត្បូង​ទាំងអស់​គ្នា។ ចេញ​​សេចក្តីថ្លែងការណ៍​រួមហ្សេ២០​មាន​ទម្រង់​យ៉ាងណា? ជំនួប​កំពូលហ្សេ២០​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃអាទិត្យទី​២៣​វិច្ឆិកា​ស្អែក។ ​លោកប្រធានាធិបតី​អាហ្វ្រិកខាង​ត្បូង រ៉ាម៉ាហ្វូហ្សា សង្ឃឹម​ថា​នឹង​អាច​អនុម័ត​​សេចក្តីថ្លែងការណ៍រួម​ ដែល​មាន​ខ្លឹមសារ​កំណត់​កម្មវិធីថ្មី​និង​មាន​ចីរភាព​សម្រាប់​ពិភពលោក ជាពិសេស​សម្រាប់​ហ្សេ២០។ គម្រោង​សេចក្តីថ្លែងការណ៍រួម ត្រូវ​បាន​កែសម្រួល​​ម្តង​ជាពីរ​ដង និង​បាន​ប្រគល់​ជូន​មេដឹកនាំ​ប្រទេស​ហ្សេ២០​ហើយ គ្រាន់​តែ​ពុំ​ទាន់​ទម្លាយ​ឱ្យដឹង​អំពី ខ្លឹមសារ​លម្អិត​ថា​តើ​សេចក្តី​ថ្លែងការណ៍​នេះមាន​មហិច្ឆតា​ធំ​យ៉ាង​ណា​​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិកបាន​ប្រឆាំង​នឹងគម្រោង​សេចក្តីថ្លែងការណ៍រួមចុងក្រោយ​ រួច​ហើយ​ដោយ​អះអាង​ថាអាមេរិក​មិន​មក​ចូល​រួម​ក្នុង​​ជំនួបដែល​មាន​អាទិភាព​​ផ្ទុយ​នឹង​នយោបាយ​របស់​វ៉ាស៊ីនតោន។ ជា​ជំនួប​ប្រឆាំង​អាមេរិក។ រដ្ឋបាល​លោក​ត្រាំ នឹង​​រឹត​បន្តឹង​ហ្សេ២០​ ជុំ​វិញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច នៅពេល​អាមេរិក​ក្លាយ​ជា​ប្រធានផ្លាស់​វេន​ហ្សេ២០​នៅ​ឆ្នាំ​២០២៦។ ជំនួប​កំពូល​ហ្សេ​២០​លើក​ក្រោយ នឹង​ប្រព្រឹត្ត​ទៅនៅ​​ក្រុងមីអាមី​ ក្នុង​ទីលាន​វាយ​កូន​ហ្កោល​របស់ត្រកូល​ត្រាំ៕

  9. 16

    ១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម្រង់ផ្សេង

    ១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។ ភេរវកម្ម​​បានផ្តាច់​ជីវិត​មនុស្ស​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ នា​ឱកាស​នេះ បារាំង​សូម​​រំឭកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ថ្នាក់​ជាតិ​ ដោយ​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ ​​ថ្ងៃ​នេះ ជា​គម្រប់​ខួប​១០​ឆ្នាំ​គត់​ នៃភេរវកម្ម​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ដែល​ប្រទេស​បារាំង​ទាំងមូល​មិនអាច​បំ​ភ្លេចបាន។ ភេរវកម្ម​​បានផ្តាច់​ជីវិតមនុស្ស​​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​រង​ភេរវកម្ម​ ទាំង​បី មុន​នឹង​ផ្តើម​កម្មវិធី​​​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ “សួន​នៃ​ការ​ចង​ចាំ” មាន​ទីតាំង​នៅ​ក្រោយ​សាលាក្រុង​ប៉ារីស ត្រង់​កន្លែង​ដែល​ប្រជាពលរដ្ឋ​បានមក​ប្រជុំ​​គ្នា ដោយ​ឥត​ព្រាង​ទុក ​ ​ដាក់​ ​ផ្កា​ អុជទៀន និង​សារ​រំលែក​ទុក្ខ​នានា ក្រោយថ្ងៃ​រង​ភេរវកម្ម​រួច​ភ្លាម។ ពិធី​រំឭកខួប​ប្រព្រឹត្តទៅក្រោម​ប្រធានបទ​ រួបរួម​គ្នា​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដើម្បី​ជា​កម្លាំង​សាធារណរដ្ឋ​ និង​ដើម្បីការពារ​​វប្បធម៌។ ភេរវជន​មិន​អាច​យក​ឈ្នះ​សេរីភាព​បាន​ទេ។ កម្មវិធីរំឭកខួប​នេះ​មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តែ​ម្តង​តាមកញ្ចក់​ទូរទស្សន៍ និង​អេក្រង់​យក្ស​នៅ​ទីលាន​République​។ តួអេហ្វែល​តំណាង​ប្រទេស​បារាំង​ក៏​បាន​ប្រែពណ៌លម្អ​ ខៀវ​ស​ក្រហម ជាពណ៌​ទង់​ជាតិ​បារាំងដែរ។ បើ​តាមការ​ស្ទង់​មតិ ពលរដ្ឋ​នៅ​ក្រុង​ប៉ារីស​៦០%​ ចង​ចាំ​យ៉ាង​ច្បាស់​ ហេតុការណ៍​ភេរវកម្ម​នោះ​។ ដើម្បី​​ការចងចាំ បារាំង​នឹង​មាន​​សារមន្ទីរ​នៃការ​ចងចាំ​ភេរវកម្ម ​ដែល​នឹង​បើក​សម្ពោធ​នៅ​រវាង​ឆ្នាំ​២០២៩​ ឬ​២០៣០។ យប់​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥ នៅ​​យប់​ថ្ងៃទី​១៣​វិច្ឆិកា​២០១៥ ភេរវជន​ដែល​មាន​បី​ក្រុម។ មួយ​ជា​ក្រុម​អត្តឃាតជនបំពាក់​ពេញ​ខ្លួន​​ទៅ​ដោយ​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក បាន​ទៅ​បំផ្ទុះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​បារាំង ដែល​កំពុង​មាន​កម្មវិធី​ប្រកួត​កីឡាបាល់​ទាត់ ហើយប្រធានាធិបតីបារាំង​កាលណោះ​គឺ​លោក ហ្វ្រង់ស័រ​ហូឡង់ ​កំពុង​ចូល​រួម​ទស្សនាផង។   ក្រុមទីពីរ បាន​ទៅ​ធ្វើ​សកម្មភាព​នៅ​សាល​ប្រគុំ​តន្ត្រី​​បាតាក្លង់។ ភេរវជន​មាន​គ្នា​បី​ឬ​បួន​នាក់មាន​ពាក់​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក និង​កាន់​កាំភ្លើង​អាកា​គ្រប់​ដៃ។ ចំណែក​​ក្រុម​ទីបី មាន​គ្នា​ពីរ​ឬ​បី​នាក់ដែរ ក្នុង​នោះ​ម្នាក់​ជា​មេក្លោង​មាន​ឈ្មោះ​ Salah Abdeslam គឺ​ក្រុម​បាញ់​ប្រហារសម្លាប់​មនុស្ស​​ តាម​បណ្តោយ​ផ្លូវ ដោយ​បាញ់​លើ​​ភោជនីយដ្ឋាន និង​ ហាង​កាហ្វេ ជា​បន្ត​បន្ទាប់ មាន​ជា​អាទិ៍​ភោជនីដ្ឋាន​ខ្មែរ Le petit Cambodge, Le Carillon, La bonne Bière, Le comptoir Voltaire, La Belle Equipe។ ភ្នាក់ងារ​បារាំង​បាន​កម្ចាត់​ភេរវជន​ដៃដល់​ទាំងអស់​លើក​លែង​តែ​មេកើយ​ម្នាក់​ដែល​​​រត់​គេច​ខ្លួនបាន ក្នុងពេលកើត​ហេតុ។ អត្តឃាត​ជនទាំង​នោះ​ ​ខ្លះ​ជា​ភេរវជន​ដែល​បន្លំ​ខ្លួន​ចូល​មក​អឺរ៉ុប តាម​រយៈ​លំហូរ​អន្តោប្រវេសន៍។ ក្រុមអង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ជា​អ្នកនៅ​ពីក្រោយ​ភេរវកម្ម​ទាំង​បី​កន្លែង​នៅក្រុង​ប៉ារីស ក្រោម​ហេតុផល​ថា​បារាំង​បាន​ជេរ​ប្រមាថ​ព្រះ​ក្នុង​សាសនា​អ៊ីស្លាម។ មេ​ដឹកនាំ​ធ្វើ​ភេរវកម្ម​ Salah Abdeslam ដែល​មាន​កំណើត​នៅ​ក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក និង​ដែល​ប៉ូលិស​ចាប់​ខ្លួន​បាន នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ​ត្រូវ​បាន​​តុលាការ​បារាំង​កាត់​ទោស ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​មិន​អាច​កែសម្រួល​​បាន ​នៅ​ប្រទេស​បារាំង។ មុន​ថ្ងៃ​​ខួប​១០​ឆ្នាំបន្តិច​ មេធាវី​របស់​សាឡា អាប់ដេស្លាម អះអាង​ថា ភេរវជន​ចង់​ជួប​ជាមួយ​គ្រួសារជន​រងគ្រោះ ដើម្បី​បក​ស្រាយ​និង​ផ្សះផ្សា។ ក្រុមគ្រួសារជន​រងគ្រោះ​ខ្លះ​ត្រៀម​លក្ខណៈ​ចូល​ចរចា​ក្នុង​សំណុំ​បែប​បទ​សុំជួប​នេះ។ ១០​ឆ្នាំក្រោយ តើ​បារាំងមាន​ស្ថានភាព​យ៉ាង​ណា​ដែរ​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ភេរវកម្ម​ ? ១០​ឆ្នាំ ក្រោយ​មហាភេរវកម្ម បារាំង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទង្វើ​ភេរវកម្ម។ ប៉ុន្តែ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​តែខ្ពស់​ខ្លាំង​ដដែល គ្រាន់​តែ​ក្នុង​ទម្រង់​ខុស​កាល​ពី ១០​ឆ្នាំ។ គ្មានទេ​ហានិភ័យ​សូន្យ តែ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំដូច​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ទំនង​ជា​មិន​អាច​កើត​មាន​បាន​ទៀត​ទេ។ បើ​តាម​រដ្ឋ​អាជ្ញា​បារាំង​ក៏​ដូច​ជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​បច្ចុប្បន្ន ការ​គំរាមកំហែង​ភេរវកម្ម​នៅបារាំង​បាន​វិវឌ្ឍ​ទៅ​តាម​ពេលវេលា និង​មាន​ទម្រង់​ជា​ភេរវកម្ម​ជីហាត បាន​ន័យ​ភេរវជន​បញ្ចេញ​សកម្មភាព​ទោល ដាច់​ដោយ​ឡែក​មួយៗ និង​ជា​ក្រុម​ភេរវជន​ស្វយ័ត​កកើត​ឡើង​​ក្នុងស្រុក។ ជាដង្កូវ​ចេញ​ពី​សាច់ ដែល​​ផ្តាច់​ខ្លួន​ទៅ​ធ្វើ​ជា​ជន​ជីហាតអ៊ីស្លាម​​ជ្រុល​និយម។ ភេរវជន​គ្មាន​ចំណង​ជាមួយ​អង្គការ​ភេរវនិយម​ទេ តែ​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​មនោគមវិជ្ជា​ភេរវនិយម។ បច្ចុប្បន្ន​នេះ​ អង្គការ​រដ្ឋ​អ៊ីស្លាម និង​អាល់កៃដា នៅ​តែ​ជា​​អង្គការ​ភេរវនិយម​ធំ​ចម្បង​ពីរ​របស់​ពិភពលោក។​ អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​ជា​អ្នក​នៅ​ពីក្រោយ​ភេរវកម្ម​ក្រុង​ប៉ារីសថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥​ ថ្វីបើ​​បាន​បរាជ័យ​បាត់​បង់​ដែន​ដី​ក៏​ដោយ​ ក៏​នៅ​តែ​មាន​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ និង​សកម្មភាព​ឡើង​វិញ​បានដែរ។ បើ​តាម​សារព័ត៌មាន​ប៊ែលហ្សិក ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​សម្រប​ការ​ឃោសនា​ផ្សព្វផ្សាយ​មនោគមន៍​ភេរវនិយម តាម​បណ្តាញ​សង្គម​ តាម​សារ​កូដ​សម្ងាត់​ បញ្ញាសិប្បនិម្មិត ... អ៊ីចឹង​ហើយ​បាន​ជា​អង្គការ​នេះ​នៅ​តែ​ជា​តំណាង​នៃ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​អឺរ៉ុប និង​ សហរដ្ឋ​អាមេរិក៕

  10. 15

    លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ

    ​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ គ្រប់ចក្ខុកំពុងសំឡឹងទៅប្រទេសកូរ៉េខាងត្បូង មិនមែនព្រោះមានជំនួបកំពូល APEC មួយមុខទេ តែក៏ដើម្បីតាមដានព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌអាប៉ិច ពិសេសជាងគេមួយ គឺជំនួបរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងសមភាគីចិន លោក ស៊ីជីនពីង។ មេដឹកនាំមហាអំណាចទាំងពីរនេះអាក់ខាន មិនបានជួបគ្នាដោយផ្ទាល់អស់៦ឆ្នាំ និងទើបបានចាប់ដៃគ្នាជាថ្មីនៅថ្ងៃនេះម្តងទៀត នៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែជា​កត់សម្គាល់សម្រាប់ជំនួបលើកនេះ បានប្រព្រឹត្តទៅនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ដំឡើងពន្ធគយដ៏ខ្លាំងក្លាដែលរញ្ជួយដល់ពិភពលោកទាំងមូល។ កិច្ចសន្ទនារវាងលោកត្រាំ និងលោកស៊ីជីនពីងមានរយៈពេល១ម៉ោង និង​៤០នាទី។ ជជែកគ្នាចប់ភ្លាម លោកត្រាំឡើងយន្តហោះត្រឡប់ទៅវ៉ាស៊ីនតោនភ្លាម ដោយប្រកាសគ្រោងបំពេញទស្សនកិច្ចនៅចិននាខែមេសា ឆ្នាំ ២០២៦ តែគ្មានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់អំពីលទ្ធផលនៃការចរចាជិត ២ម៉ោងនោះទេ។ សំណុំរឿងពន្ធគយ រ៉ែកម្រ និងគ្រឿងញៀន ប៉ុន្តែពីលើយន្តហោះ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានប្រកាសចាត់ទុកជំនួបជាមួយសមភាគីដ៏ប៉ិនប្រសព្វផ្នែកចរចា ស៊ីជីនពីង ថាជាជោគជ័យដ៏ធំធេងខ្លាំងណាស់ ដោយបានរកឃើញកិច្ចព្រមព្រៀងជាច្រើនចំណុច។ ទីមួយ គឺការរកឃើញកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំក្នុងសំណុំរឿងផ្គត់ផ្គង់រ៉ែកម្រ។ គ្រប់គ្រងទីផ្សាររ៉ែក្រមស្ទើរដាច់មុខតែម្នាក់ឯង ចិនបានព្រមព្រៀងផ្អាកវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្ររយៈពេលមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកត្រាំ ហើយភាគីចិន ក៏បានបញ្ជាក់តាមក្រោយ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម ដោយលម្អិតថា ចិនផ្អាកវិធានការត្រួតពិនិត្យការនាំចេញរ៉ែកម្រមួយឆ្នាំ ហើយសិក្សា និងសម្រេចសម្រួចផែនការជាពិសេសនេះឡើងវិញ។ សូមរំឭកថា ដោយហេតុតែវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រចេញថ្ងៃទី៩តុលានេះហើយទើបអាមេរិករបស់លោកត្រាំផ្ទុះកំហឹង ស្រែកដំឡើងពន្ធគយលើគ្រប់ផលិតផលដល់១០០% ចាប់ពីថ្ងៃទី១ វិច្ឆិកា ២០២៥ ទៅ។ ឥលូវមានកិច្ចព្រមព្រៀង ផលិតផលចិននឹងត្រូវជាប់រនាំងពន្ធត្រឹម៤៧%ប៉ុណ្ណោះ។ ជាថ្នូរមកវិញ លោកស៊ីជីនពីងបានយល់ព្រមចាត់វិធានការទប់ស្កាត់លំហូរគ្រឿងញៀន Fentanyl ថ្នាំញៀនដ៏គ្រោះថ្នាក់ដល់ជីវិតដែលផលិតនៅចិន តែបានសម្លាប់ពលរដ្ឋអាមេរិករាប់ពាន់នាក់។ ជាងនេះទៅទៀត បើតាមលោកដូណាល់ត្រាំដដែល ចិននឹងទិញគ្រាប់ធញ្ញជាតិសណ្តែក ព្រមទាំងផលិតផលកសិកម្មជាច្រើនទៀតពីអាមេរិកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងបញ្ជាក់នៅពេលក្រោយ ហើយការចុះហត្ថលេខានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ព្រោះប្រធានាធិបតីទាំងពីរបានជំនះឧបសគ្គធំៗជិតអស់ហើយ។ នៅសល់តែសំណុំរឿងសឺមឺកុងឌុចទ័រដែលទំនងមិនទាន់ជ្រះស្រឡះ។ កិច្ចព្រមព្រៀងនេះបានបន្ធូរបន្ថយសម្ពាធតានតឹងខ្លះ តែមិនអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងយុទ្ធសាស្ត្រឱ្យដល់ឫសគល់បានទេ។ លោកត្រាំនៅ​តែ​សំឡក់ចិនដែលកំពុងចងសម្ព័ន្ធជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចចាប់លូតលាស់ខ្លាំង និងជាមួយរុស្ស៊ី។ សំណុំរឿងអ៊ុយក្រែន និងតៃវ៉ាន់ ក្នុងសំណុំរឿងនយោបាយ និងអន្តរជាតិ លោកត្រាំថា មិនបានជជែកអំពីបញ្ហាតៃវ៉ាន់ទេ។ តែសមភាគីទាំងពីរ បានពិភាក្សាគ្នាច្រើនក្នុងសំណុំរឿងអ៊ុយក្រែន។ ប៉េកាំងបានប្រកាសជំហរអព្យាក្រឹត្យក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន តែចិនមិនដែលថ្កោលទោសទង្វើឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែនទេ។ ពេលនេះ និងបើតាមសំដីលោកត្រាំដដែល ចិន និងអាមេរិកបានព្រមព្រៀងធ្វើការរួមគ្នា។ លោកស៊ីជីនពីងថានឹងជួយអាមេរិកធ្វើការជាមួយអាមេរិក ក្រែងអាចសម្រេចការណ៍បានខ្លះ។ តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកជាថ្មី លោកត្រាំបានសាកល្បងជាបឋម និយាយល្អជាមួយប្រធានាធិបតីរុស្ស៊ីពូទីន តែគ្មានបានផល ក៏ងាកទៅប្រើធម៌សំឡុត និងចាប់ផ្តើមផ្តល់ជំនួយអាវុធយុទ្ធភ័ណ្ឌឱ្យអ៊ុយក្រែន។ ស្នៀតគំរាមដំឡើងសាច់ដុំ ក៏បានបញ្ចេញជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី ៣០តុលានេះ។ នៅមុនជំនួបជាមួយលោកស៊ីជីនពីង លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចេញបញ្ជាឱ្យក្រសួងការពារជាតិអាមេរិកចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីអាក់ខានអស់៣០ឆ្នាំ។ ក្នុងផ្នែកអាវុធនុយក្លេអ៊ែរ អាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ រុស្ស៊ីលេខ ២ ចិន​លេខ ៣ តែចិនសង្ឃឹមរត់តាមឱ្យទាន់គេឯងនៅរវាង៥ឆ្នាំទៀតយ៉ាងយូរ៕

  11. 14

    ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ

    ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​៧ឧសភា​នេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្ស​ស្លាប់​ជាង​៣០នាក់​​ និងរបួស​ជិត​១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល​។ សហគមន៍អន្តរជាតិ បាន​ចេញ​មុខអំពាវនាវជាបន្តបន្ទាប់ ឲ្យ​ភាគីជម្លោះទាំង២ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវ​តែ​ខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំ​បញ្ឆេះសង្គ្រាមថែមមួយទៀត​ ព្រោះថាពិភពលោក​បច្ចុប្បន្ននេះ មានភាពវឹកវរដោយសារ​សង្គ្រាម​ច្រើនរួចទៅហើយ​។ នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបាន​ចាប់ផ្តើមបើកការវាយប្រហារ ដោយ​បានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុង​ចំនួន​៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់​កាស្មៀរ និង​ខេត្តពិនចាប់ផងដែរ​។ គិតត្រឹមព័ត៌មានចុងក្រោយ​ព្រឹកថ្ងៃពុធទី​៧ឧសភា​ គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ​​ បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជនស៊ីវីល​ប៉ាគីស្ថានចំនួន​២៦នាក់ ក្នុងនោះ​មានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយ​និងរបួសមនុស្ស​យ៉ាងហោច​៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យ​កងទ័ពប៉ាគីស្ថាន​។ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រុងប្រយ័ត្នបំផុត ដោយ​គេវាយតែទៅលើទីទាំង​របស់​ក្រុមភេរវកម្ម​ប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយ​ទៅលើទីតាំងរបស់កងទ័ព​ប៉ាគីស្ថាន​។ ក្នុងសន្និសីទកាសែតព្រឹកមិញនេះ អ្នកនាំពាក្យ​កងទ័ពឥណ្ឌាបានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារ​របស់ឥណ្ឌា គឺបានសំដៅទៅលើទីតាំងលាក់ខ្លួន ជំរំហ្វឹកហាត់ ​របស់​ក្រុមជីហាតប៉ាគីស្ថាន២ក្រុម គឺក្រុម Jaish-e-Mohammed និង​ក្រុម​ Laskhar-e-Taiban។តែយ៉ាងណា អាជ្ញាធប៉ាគីស្ថានអះអាងថា គ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាស្មៀរប៉ាគីស្ថាន​។ ខាងកងទ័ព​ប៉ាគីស្ថានគេបានអះអាងថា គេសូមរក្សាសិទ្ធិឆ្លើយតបវិញ ទល់​ការវាយប្រហារឈ្លានពាន​របស់ឥណ្ឌានេះ​។មិនបង្អង់យូរ កងទ័ពប៉ាគីស្ថាន​បានបាញ់ប្លោងគ្រាប់ ទម្លាក់​យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន៥គ្រឿង។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថាន​បានប្រើកាំភ្លើងធំ បាញ់​ប្លោងគ្រាប់ចូលមកខាងតំបន់​កាស្មៀររបស់ឥណ្ឌា។ មន្ត្រីមូលដ្ឋាន​ឥណ្ឌានៅកាស្មៀរ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្ស​យ៉ាងហោច​​​៨នាក់ និងរបួស​ប្រមាណ​៣០នាក់ទៀត​។របួសដំបៅចាស់ “កាស្មៀរ”​ការផ្ទុះអាវុធលើកនេះ គឺមានលក្ខណៈធ្ងន់ធ្ងរ អាចក្លាយជាសង្គ្រាម​យ៉ាងចំហរ រវាងប៉ាគីស្ថាននិង​ឥណ្ឌា ដែលសុទ្ធតែជាមហាអំណាច​នុយក្លេអ៊ែរ​។ ជម្លោះ​រវាងឥណ្ឌានិង​ប៉ាគីស្ថាន មិនទៅណាឆ្ងាយ​ពីតំបន់កាស្មៀរនោះទេ។ ដូចយើងបានដឹងខ្លះៗហើយ ថាឥណ្ឌានិង​ប៉ាគីស្ថាន​ ពីមុនជាប្រទេសតែមួយស្ថិតក្រោមនឹមអាណានិគមចក្រភព​អង់គ្លេស។ លុះដល់ឆ្នាំ​១៩៤៧ ទើបអង់គ្លេសចាកចេញទៅ ហើយ​ក៏បាន​សម្រេចពុះផ្តាច់ដែនដី​ខាងលិច​​ បង្កើតជាប្រទេសប៉ាគីស្ថាន ​ប្រមូលផ្តុំ​អ្នកកាន់សាសនាឥស្លាមទាំងអស់ទៅរស់នៅទីនោះ។ ធ្វើបែបនេះ គឺគេជឿថានឹង​បញ្ចៀសបញ្ហាជម្លោះសាសនា រ​វាងពួកហិណ្ឌូនិងពួកឥស្លាម​។តែដោយឡែក តំបន់កាស្មៀរមានលក្ខណៈពិសេស ព្រោះកាលនោះសំបូរអ្នកកាន់សាសនាឥស្លាមរស់នៅមែន តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ ម្លោះហើយក៏សម្រេចមិនចេញ កើតជាជម្លោះ​ដណ្តើមគ្នាតែម្តងទៅ។ តំបន់កាស្មៀរដែលជាតំបន់ភ្នំខ្ពស់​នៃ​ជួរភ្នំហិមាល័យ ត្រូវពុះចែកជា​២ជាមួយនឹង​បន្ទាត់ព្រំដែនប្រវែង​៧៧០គីឡូម៉ែត្រ ដីទំហំ​៣៥%បានទៅខាងប៉ាគីស្ថាន និង​៦៣%បានមកខាង​ឥណ្ឌា​។ ខាងឥណ្ឌាតែងតែចោទថា ប៉ាគីស្ថានបានទំនុក​បម្រុង​ក្រុមភេរវកម្ម ឬក្រុម​ឯករាជ្យនិយមឲ្យ​បះបោរ បង្ករអស្ថិរភាពនៅខាងតំបន់កាស្មៀរ​របស់ឥណ្ឌា​។​ការវាយប្រហារភេរវកម្ម នាំអុជឲ្យផ្ទុះជម្លោះ​ទាក់ទិននឹង​ប្រភពបញ្ហា​ បណ្តាល​ឲ្យ​​ផ្ទុះការប្រយុទ្ធគ្នានៅពេលនេះ គឺដោយ​សារ​កាលពីថ្ងៃទី​២២មេសា មានក្រុមភេរកម្មមួយក្រុម បានចូល​មកវាយ​ប្រហារនៅខាងឥណ្ឌា សម្លាប់​មនុស្ស​២៦នាក់ ភាគច្រើនសុទ្ធតែមនុស្ស​ប្រុសកាន់សាសនាហិណ្ឌូ។ ឥណ្ឌាបានចោទភ្លាម​ថាជាស្នាដៃរបស់ក្រុមភេរវកម្ម​ ក្រោមការផ្ចុងផ្តើមជួយពីរដ្ឋាភិបាលប៉ាគីស្ថាន ។ ឥណ្ឌាបានដាក់ការសង្ស័យទៅលើ​ក្រុមជីហាតឥស្លាម Lashkar-e-Taiba ដែលធ្លាប់វាយប្រហារម្តងហើយ​ នៅទីក្រុងបុមបៃឥណ្ឌា ស្លាប់​មនុស្ស​១៦៦នៅឆ្នាំ​២០០៨។ប៉ាគីស្ថាន​បាន​បដិសេធ ថាគេមិនបានដឹងឮ ឬនៅពីក្រោយក្រុមភេរវកម្មនេះ​ទេ។ តែបញ្ហានេះបានឈានក្លាយជាវិបត្តិការទូត ប្រទេសទាំង២បានសម្រេចបិទព្រំដែន​គោកនៅតំបន់កាស្មៀរ បិទ​ដែនអាកាសរៀងៗខ្លួន និងបានព្យួរសន្ធិសញ្ញាគ្រប់គ្រងដងទន្លេហិណ្ឌូសថែមទៀតផង។ នៅព្រឹកនេះ លោក Vikram Misri រដ្ឋមន្ត្រីការបរទេសឥណ្ឌា​បានអះអាងថា ផ្អែកតាម​ព័ត៌មានចារកិច្ច គឺក្រុមជីហាតប៉ាគីស្ថាន​មានកម្រោង​វាយ​ប្រហារ​ឆាប់ៗនេះ មកលើឥណ្ឌាទៀត ដូច្នេះ​វាជារឿងចាំបាច់ដែល​ឥណ្ឌាត្រូវតែវាយកម្ទេចដើម្បីបង្ការការពារខ្លួននៅពេលនេះ​។​អ្វីដែលយើងសង្កេតឃើញ គឺថាជម្លោះផ្ទុះសង្គ្រាម​រវាង​ប៉ាគីស្ថាននិងឥណ្ឌានេះ គឺ​បានជះផល​វិបាកយ៉ាងខ្លាំង តែទៅលើប្រជាជនស៊ីវីលស្លូតត្រង់នៅតំបន់កាស្មៀរនេះឯង មិនថាខាងប៉ាគីស្ថាន ឬខាងឥណ្ឌា។ ពួកគេត្រូវរត់ភៀសខ្លួន រកកន្លែងមានសុវត្ថិភាព ដោយ​ខ្លាចក្រែង​ត្រូវគ្រាប់កាំភ្លើងទាំងតូចទាំងធំ និង​មីស៊ីលរបស់កងទ័ពទាំងសងខាង​។ ជម្លោះសងសឹកនេះ នឹងធ្វើឲ្យ​កាន់តែមានការចងកំហឹងខ្លាំងឡើង រវាងអ្នកកាន់សាសនាឥស្លាមនិងព្រហ្មញ្ញសាសនា​។​ សហគមអន្តរជាតិ និងអង្គការសហប្រជាជាតិជាដើម បានអំពាវនាវ ឲ្យ​ឥណ្ឌានិងប៉ាគីស្ថាន ត្រូវតែ​ខិតខំអត់ធ្មត់ ទប់កំហឹងរៀងៗខ្លួន ដើម្បីបញ្ចៀសឲ្យ​បាន​នូវសង្គ្រាមឆាបឆេះថែមមួយ​កន្លែងទៀត​។យន្តហោះត្រូវហោះវាងការផ្ទុះអាវុធរវាងឥណ្ឌានិងប៉ាគីស្ថាន បានបង្កផលប៉ះពាល់ ទៅដល់​វិស័យអាកាសចរណ៍​។ ដែនអាកាសឥណ្ឌានិងប៉ាគីស្ថាន គឺ​ផ្លូវធ្វើដំណើរ​ដ៏សំខាន់ សម្រាប់ជើងហោះហើររវាងអឺរ៉ុបនិងអាស៊ី។ ជាងនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ខ្លះបានប្រុងប្រយ័ត្ន​ ចៀសមិនហោះតាមផ្លូវពីខាងលើអ៊ុយក្រែន និងចៀសពីខាងលើម្តុំអ៊ីស្រាអែល​ សមុទ្រក្រហមជាដើម ដោយសារសុទ្ធតែជាតំបន់ប្រឈមគ្រោះថ្នាក់ អាច​មានមីស៊ីលហោះកាត់។ ឥឡូវថែម​ប៉ាគីស្ថាន-ឥណ្ឌាមួយទៀត។នៅព្រឹកថ្ងៃពុធទី​៧ឧសភា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន មិនថា Korean Air Eva Air Malaysia Airlines Thai Airways Singapore Airlines និង Air France ជាដើមសុទ្ធតែបានប្រកាសថា គេបានសម្រេចហោះ​វាង ចៀសឆ្ងាយពី​ដែនអាកាស​ប៉ាគីស្ថាន។ បញ្ហានេះ​ វានឹងជះផលវិបាក ធ្វើ​ឲ្យ​​​រយៈពេលធ្វើដំណើរកាន់តែយូរ ចំណាយ​សាំងកាន់តែច្រើន​៕

  12. 13

    បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា

    ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក។ មួយវិញទៀត កម្ពុជាកំពុងស្វះស្វែងរកការចរចាជាមួយអាមេរិកដើម្បីសម្រួលការដំឡើងពន្ធនេះ។ ជុំវិញសំណុំរឿងនេះ យើងមានបទអន្តរាគមន៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖

  13. 12

    តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមអាចត្រូវបិទបញ្ចប់ដែរទេ?

    មូល​ដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ដែល​សាង​សង់​ឡើង​វិញ​នៅ​ក្រោម​ជំនួយ​របស់​ចិន ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០២៥​។​ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​អះអាង​ថា ​ពិធី​សម្ពោធ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ផង​នោះ​ គឺ​ចង់​ឲ្យ​ប្រជា​ជន​កម្ពុជា​ និង​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ឈប់​សង្ស័យ​អំពី​ទី​តាំង​នេះ​។ ​គឺ​ជាទី​តាំង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិកកន្លងមក និងជាបន្តបន្ទាប់ ​លើក​ឡើងថា អាចត្រូវផ្តល់ទៅឲ្យ​កង​ទ័ព​ជើង​ទឹក​ចិន​។ ​តើ​ក្រោយពី​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ ភាព​មន្ទិល​នៅមូល​ដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​អាច​ត្រូវ​បិទ​បញ្ចប់​ដែរ​ឬ​ទេ​?​

  14. 11

    តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?

    ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​នាថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៥​។​ ចលនានេះ​មាន​ លោក សម រង្ស៊ី ជា​ប្រធាន​ លោក គឹម សុខ ជា​អ្នក​នាំ​ពាក្យ និង​លោក ឆាំ ឆានី ជា​ប្រធានក្រុម​ជំនួយ​ការ​។ ​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​អះអាង​ថា​ ចលនា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​នយោបាយ​ «សន្តិភាព​ងើប១​វ៉ៃ១» ​ជំនួស​មក​វិញ​ដោយ​ «សន្តិភាព​មាន​ទុក្ខម្នាក់​ ដោះស្រាយ​ជូន​ម្នាក់» ​និង​ទាម​ទារ​យុត្តិធម៌​ឲ្យ​បាន​ជោគ​ជ័យ​។​ តើ​ចលនា​ជាតិ​តស៊ូ​របស់ ​លោក សម ​រង្ស៊ី នឹង​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ដែរ​ឬ​ទេ​?

  15. 10

    លោកពូទីន​ឆ្លើយ​ថា មិនជំទាស់​នឹង​បទឈប់បាញ់​​៣០ថ្ងៃ​ទេ តែត្រូវតែ​និយាយ​​លក្ខខណ្ឌលម្អិតសិន

    ២ថ្ងៃបន្ទាប់ពីអ៊ុយក្រែន​បានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការ​ប្រយុទ្ធបណ្តោះអាសន្ន​៣០ថ្ងៃដើម្បីបើក​ផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុត​​លោកពូទីន​បាន​ឆ្លើយ​ហើយ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៣មីនា។​ លោកពូទីនឆ្លើយ​ថា លោក​មិន​ជំទាស់នឹង​ការ​ផ្អាកការប្រយុទ្ធបណ្តោះអាសន្ន​នេះទេ តែ​ត្រូវតែកំណត់លក្ខខណ្ឌឲ្យ​បានច្បាស់ជាមុនសិន​។​ តើចម្លើយ​របស់​លោកពូទីន​ ដែល​ថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យ​ធាតុពិតទៅ ជាចម្លើយ​បដិសេធនឹងសំណើររបស់ភាគីអាមេរិក​ឬយ៉ាងណា?​ ចម្លើយដែលលាក់បំពួនដោយ​ពាក្យបដិសេធ​នៅទីបំផុត លោក​ពូទីន​បានឆ្លើយ​ហើយ ចំពោះ​សំណើរបស់អាមេរិក​ឲ្យ​មានបទឈប់បាញ់បណ្តោះអាសន្ន​៣០ថ្ងៃ​។ តែចម្លើយរបស់ពូទីន វាហាក់ដូចជាមិនច្បាស់លាស់ទាល់តែសោះ​ យល់ព្រមក៏មិនច្បាស់ បដិសេធក៏មិនច្បាស់។ ដូចយើងបានដឹងហើយ កាលពីថ្ងៃទី​១១មីនា រដ្ឋមន្ត្រីការបរទេសអាមេរិក​និងអ៊ុយក្រែន បានជួបប្រជុំគ្នា​នៅ​ទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាលទ្ធផល​នៃការប្រជុំនេះ គឺ​អ៊ុយក្រែន​បានសុខចិត្ត ធ្វើតាម​ការ​ស្នើរបស់ភាគីអាមេរិក ថា​ផ្អាកការប្រយុទ្ធ​បណ្តោះអាសន្ន​៣០ថ្ងៃ​ ដើម្បីឈានទៅបើកផ្លូវចរចា​ជាមួយរុស្ស៊ី​។​ភាគីអាមេរិក​ក៏បានបញ្ជូន​តំណាងម្នាក់ទៅម៉ូស្គូភ្លាម ដើម្បី​ប្រាប់ដំណឹងនេះទៅកាន់ភាគីរុស្ស៊ី ហើយ​ឲ្យ​រុស្ស៊ីឆ្លើយ​ថាព្រមឬមិនព្រម។ គ្រាន់តែ​លោក Steve Witkoff ប្រេសិតរបស់​លោកដូណាល់ ត្រាំ ចុះពីយន្តហោះបានប៉ុន្មានម៉ោង មិនទាន់ទាំងបានជួប​តំណាងណាម្នាក់នៃ​វិមានក្រេមឡាំងផង ស្រាប់តែលោក​ពូទីនបានធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី​១៣មីនា​​ ហើយឆ្លើយថា លោក​មិនជំទាស់ទេនឹង​បទឈប់បាញ់បណ្តោះអាសន្ន តែត្រូវតែពិនិត្យ​មើលលក្ខខណ្ឌ​ឲ្យ​បានច្បាស់លាស់សិន។ លោក​ពូទីនបន្ថែមទៀតថា លោកចង់ទូរស័ព្ទ​និយាយរឿងនេះ ជាមួយ​នឹងលោកដូណាល់ ត្រាំឲ្យបានច្បាស់លាស់។ពីសេតវិមានក្នុងពេលទទួលជួប​លោក​អគ្គលេខាធិការអង្គការអូតង់ Mark Rutt លោក​ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា ចម្លើយរបស់លោកពូទីននេះ មានលក្ខណៈគួរឲ្យសង្ឃឹម តែជាចម្លើយដែល​មិនទាន់គ្រប់គ្រាន់ពេញលេញទេ។ លោក​ត្រាំបានបន្ថែមទៀតដែរ ប្រសិន​បើរុស្ស៊ីបដិសេធមិនព្រមទទួលយកបទឈប់បាញ់បណ្តោះអាសន្ន នោះជារឿងមួយគួ​រ​ឲ្យ​ខកចិត្តខ្លាំងណាស់សម្រាប់ពិភពលោក​។នៅព្រឹកថ្ងៃសុក្រទី​១៤មីនា​​ វិមានក្រេមឡាំងបាន​ឲ្យដឹងថា កាលពីល្ងាចម្សិលមិញ លោក​ពូទីនផ្ញើសារលិខិត​ទៅកាន់ដូណាល់ ត្រាំតាមរយៈលោក​ប្រេសិត Steve Witkoff ហើយ។ ភាគីទាំងសងខាង​នឹង​កំណត់ពេលវេលា ដើម្បី​រៀបចំការ​ជួប​​និយាយជជែកគ្នា រវាងប្រធានាធិបតីទាំង២។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក​ ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង​។លក្ខខណ្ឌដដែល ដែល​​​លោកពូទីនទាមទារយូរមកហើយ​ក្នុងពេលធ្វើសន្និសីទកាសែត ដែល​មានលោក​លូកាឆិនកូ ប្រធានធិបតី​បេឡារុសអង្គុយក្បែរ លោក​ពូទីន​បានលើកឡើងថា មាន​​ចំណុចជាច្រើន​ដែលត្រូវតែនិយាយគ្នាឲ្យ​បានដាច់ស្រលះមុនសិន​ មុននឹងមាន​បទឈប់បាញ់​បណ្តោះអាសន្ន​។ លោក​បន្តថា លោក​មិនជំទាស់ទេ រឿងបទឈប់បាញ់បណ្តោះអាសន្ន ក៏ប៉ុន្តែសម្រាប់រុស្ស៊ីបទឈប់បាញ់​នេះ ត្រូវតែនាំទៅកាន់សន្តិភាពយូរអង្វែង ហើយត្រូវតែដោះស្រាយ​ឲ្យ​ជ្រះស្រលះ នូវមូលហេតុស៊ីជម្រៅទាំងអស់ ដែលនាំឲ្យ​កើតមានវិបត្តិនេះ​។គឺឃ្លាចុងក្រោយនេះហើយ​ដែលលោក​ពូទីនចង់​បានន័យថា​ ត្រូវតែធ្វើតាម​អ្វីដែល​គាត់ទាមទារចង់បាន តាំងតែ​ពីមុននិងក្រោយ​ពេល​​ផ្ទុះ​សង្គ្រាមភ្លាមៗ​​។ នៅក្នុងជម្រៅខួរក្បាលរបស់​លោកពូទីន មូលហេតុដែល​នាំឲ្យ​កើតវិបត្តិ ដែល​នាំឲ្យ​រុស្ស៊ីបើកប្រតិបត្តិការយោធា​​ចូលទៅអ៊ុយក្រែន គឺ​ព្រោះតែ​អ៊ុយក្រែន អឺរ៉ុប និង​អូតង់ ​រករឿងគំរាមសន្តិសុខ​រុស្ស៊ី​។ ដូច្នេះ ដើម្បី​​ដោះស្រាយបញ្ហានេះឲ្យជ្រះស្រលះ អ្វីដែលលោកពូទីន​ទាមទារ គឺ​ទី​មួយ​អ៊ុយក្រែនត្រូវតែ​ក្លាយ​ជាប្រទេសអព្យាក្រិត្យ ​ហាមចូលបក្សសម្ព័ន្ធលោក​ខាងលិចណាទាំងអស់ ​មិន​ថាចូលសហភាពអឺរ៉ុប ឬចូល​អូតង់។ បន្ទាប់មកទៀត អ៊ុយក្រែនត្រូវតែសុខចិត្តកាត់ទឹកដី​តំបន់ទាំង​៤ ដែល​រុស្ស៊ីគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ បូកថែមទាំងតំបន់គ្រីម៉េមួយទៀត ដែលរុស្ស៊ីចូលទៅកាន់កាប់កាលពីឆ្នាំ​២០១៤។មិនត្រឹមប៉ុណ្ណោះទេ លោកពូទីនធ្លាប់បាន​ទាមទារទៀត ថាត្រូវតែប្តូររបបនយោបាយ​នៅអ៊ុយក្រែន​ចោល។ វា​មានន័យថា លោកពូទីនមិនចង់​ឃើញអ៊ុយក្រែនកាន់លទ្ធិប្រជាធិបតេយ្យសេរីទេ។ អ្វីដែល​លោកពូទីនចង់បានជាយូរមកហើយនោះ គឺចង់ឲ្យ​អ៊ុយក្រែនមានរដ្ឋាភិបាលទន់ខ្សោយ​មួយ ចាំតែធ្វើតាម​ខ្សែញាក់របស់ម៉ូស្គូ ដូច​រដ្ឋាភិបាលបេឡារុសរាស់ថ្ងៃនេះ ទើបលោកពូទីនស្ងប់ចិត្ត​។យ៉ាងណាមិញ លោក​ Iouri Ouchakov ទីប្រឹក្សាការទូតរបស់​លោកពូទីន បានបញ្ជាក់ហើយ ថារុស្ស៊ីបាន​ប្រាប់ទៅភាគីអាមេរិក​ នូវ​គោលជំហរទាមទារទាំងអស់នេះ​ នៅរៀងរាល់លើក ឲ្យតែមានការនិយាយទាក់ទងគ្នា រវាងម៉ូស្គូនិងវ៉ាស៊ីនតោន​។ មន្ត្រីរុស្ស៊ីរូបនេះ បានលើកឡើងទៀតថា ការធ្វើបទបាញ់បណ្តោះអាសន្នមិនត្រូវធ្វើដោយតក់ក្រហល់ឡើយ ហើយជាងនេះទៀត ការស្រុះស្រួលគ្នារវាងអាមេរិកនិងអ៊ុយក្រែនក្នុងពេលប្រជុំនៅចេដដា​ គឺមិនបានគិតគូរដល់​ប្រយោជន៍របស់រុស្ស៊ីទាល់តែសោះ​។កេងចំណេញពេលវេលា ព្រោះរុស្ស៊ីកំពុងមានប្រៀប​លើ​សមរភូមិ​បើយើងក្រឡេកទៅមើលលើសមរភូមិ យើងឃើញថា កងទ័ពរុស្ស៊ីកំពុងតែមានប្រៀបខ្លាំងណាស់។ វត្តមានរបស់លោកពូទីន​នៅ​តំបន់ Koursk កាលពីថ្ងៃពុធ១២មីនា​​ ​ក្នុងសម្លៀកបំពាក់ទាហាន បានបញ្ជាក់យ៉ាងច្បាស់ អំពីចេតនាបន្តធ្វើសង្គ្រាមរបស់​រុស្ស៊ី។ អំឡុងពេលនេះ រុស្ស៊ីកំពុងតែមានប្រៀប បានជោគជ័យច្រើនរុលកាន់តែជ្រៅ ដូច្នេះរឿងអីត្រូវផ្អាកការប្រយុទ្ធ​។ លោកពូទីនបានអះអាងថា រុស្ស៊ីនឹងបន្តវាយ​ប្រយុទ្ធដើម្បីរំដោះតំបន់នេះ​មកវិញ​ឲ្យ​បាន​។ យ៉ាងណា​មិញ លោក​ពូទីន​បាននិយាយ​ទទួលស្គាល់រួចហើយ ថារឿងចុះបទឈប់បាញ់ទៅថ្ងៃអនាគត គឺវាអាស្រ័​យ​លើលទ្ធផលជ័យជំនះរបស់កងទ័ពរុស្ស៊ីនៅតំបន់កួកស៍​នេះ​។​ដូចយើងបាន​ដឹងកន្លងមកហើយ អ៊ុយក្រែនបានវាយ​ចូលតំបន់នេះរបស់រុស្ស៊ី ដើម្បីគ្រប់គ្រង ហើយ​យក​វាជា​សន្លឹកបៀរ​ទុកដូរជាមួយដែនដីអ៊ុយក្រែន​​ នៅពេលណាមានការចរចា​សន្តិភាព​។ តែក្តីសង្ឃឹមនេះកំពុងតែរលាយហើយ សម្រាប់អ៊ុយក្រែននាពេលនេះ​ ព្រោះកងទ័ពអ៊ុយក្រែនកំពុងតែវាយដកថយជាបន្តបន្ទាប់ អាចនឹចចាកចេញពីតំបន់នេះទាំងស្រុងតែម្តង។ បរាជ័យរបស់កងទ័ពអ៊ុយក្រែននេះ គឺដោយសារ​តែ​ប៉ុន្មានថ្ងៃមកនេះ កងទ័ព​​អាមេរិកបានបិទ​លែងផ្តល់ព័ត៌មានកងទ័ព​ឲ្យអ៊ុយក្រែន​​។អ្នកវិភាគជាច្រើនកំពុងសំឡឹងឃើញថា នៅពីក្រោយសំដី​ចាក់ខ្សែរបស់​លោកពូទីននេះ គឺធាតុពិតរុស្ស៊ីកំពុងតែកេងចំណេញពេលវេលា ព្រោះថារុស្ស៊ី​គ្មានរងសំពាធអ្វីទាំងអស់។ នៅសមរភូមិក៏គ្មាន​សំពាធគឺមានតែជោគជ័យ ហើយបើផ្នែកការទូតជាមួយសហរដ្ឋអាមេរិក​វិញក៏គ្មានសំពាធដែរ។ តាមរយៈសំដីថាមិនជំទាស់តែត្រូវមានមានលក្ខខណ្ឌដែលរុស្ស៊ីជាអ្នកដាក់នេះ គឺវាមានន័យដោយ​ប្រយោលថា​ លោកពូទីន​មិនល្ងង់ធ្វើតាមលោកដូណាល់ ត្រាំទាំងស្រុងនោះទេ ថ្វីបើញញឹមញញែមចាប់ដៃ​គ្នាមែន។ ពោលគឺលោកពូទីននឹងដើរទៅមុខដោយរឹងមាំ គោរពតាមកម្មវត្ថុដែលចង់បាន​តាំងតែពីតំបូង​។ ផ្ទុយទៅវិញអ៊ុយក្រែនទេ ដែលរងសំពាធពីលោកដូណាល់ ត្រាំ ហើយត្រូវតែធ្វើតាម​គ្រប់ម៉ាត់​ព្រោះអ៊ុយក្រែនពឹងលើ​ជំនួយយោធា​របស់អាមេរិក​។ប្រតិកម្មនឹងចម្លើយរបស់​លោក​ពូទីននេះ លោក​ហ្សេឡេនស្គីថា បានលើកឡើងថា មិនមានអ្វីភ្ញាក់ផ្អើលទេ ពោលគឺលោកពូទីនកំពុងតែលេងល្បិចស្នៀតដដែល ដើ​ម្បីបន្តធ្វើសង្គ្រាម​សម្លាប់ប្រជាជនអ៊ុយក្រែន​។ លោកហ្សេឡេនស្គី អះអាងទៀតថា លោកពូទីន​មិនចង់ឆ្លើយ​បដិសេធ​ត្រង់ៗទៅលោកដូណាល់ ត្រាំ ទេ បានជា​និយាយ​ថាមិនជំទាស់តែត្រូវមានលក្ខខណ្ឌបែបនេះ ទាំងដែលដឹងថា វានឹងធ្វើឲ្យជាប់គាំង សង្គ្រាមបន្តអូសបន្លាយ​យូរអង្វែង​។​សម្រាប់ពេលនេះ អ្នកវិភាគតាមដាន​ កំពុងចោទសួរ​​ថាតើ លោក​ដូណាល់ ត្រាំ នឹងអត់ទ្រាំ​ដល់ពេលណា ជាមួយនឹងគោលជំហររឹងរូសរបស់លោកពូទីន។ ចូរកុំភ្លេចថា លោកដូណាល់ ត្រាំ ចង់ឲ្យមានបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាព ឲ្យបាន​ឆាប់បំផុត​​ ដើម្បីយកទៅអួតប្រាប់ពិភពលោក។ លោកដូណាល់ ត្រាំ បាន​ដាក់ក្តីសង្ឃឹម ថាគាត់ប្រហែលជាអាច​ពានរង្វាន់​ណូបែលសន្តិភាពថែមទៀតផង ដោយសារតែអាចបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន​៕

  16. 9

    លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្ឋបាល​​លោក

    លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី​២០​មករា។ ជាសុន្ទរកថា ដែល​ពោរពេញ​ទៅ​ដោយ​អំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និង​ការដឹកនាំរបស់លោក ដែល​​ត្រឹមតែ​ជាង​១ខែ តែបានលទ្ធផល​ដ៏ល្អអស្ចារ្យ ធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​ត្រលប់​មកខ្លាំងក្លា​ឡើងវិញ​។ សុន្ទរកថា​ដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់​ទស្សនវិស័យនយោបាយ​ក្នុងការដឹកនាំប្រទេសឡើយ​។​ ដូចយើងធ្លាប់ស្គាល់លោកដូណាល់ ត្រាំ ហើយ​ គឺថា​​គ្មាននរណាសរសើរគាត់បាន​ល្អ​​ ជាងគាត់ខ្លួនឯងនោះទេ។ នៅក្នុងសុន្ទរកថាដល់​ទៅ​១ម៉ោង​៤០នាទី នៅចំពោះមុខ​អង្គសភាខុនហ្រ្កេស​ កាលពីថ្ងៃទី​៤មីនា ​លោកដូណាល់ ត្រាំ បាន​អួត​សរសើរអំពីលទ្ធផល​ធំៗ​ដ៏លឿនរហ័ស នៃ​ការដឹកនាំ​ត្រឹម​តែ​៦សប្តាហ៍​នៃរដ្ឋបាលរបស់​លោក​។“អាមេរិក​ត្រលប់មកវិញហើយ!”លោកត្រាំ បាន​ចាប់ផ្តើមសុន្ទរថា​ ដោយ​បានថ្លែង​ថា “អាមេរិក​ត្រលប់​មកវិញហើយ”។ ពោល​គឺ​​ត្រលប់​មកវិញ​លើកនេះ មក​ដ៏ខ្លាំងក្លា ដែលពិភពលោក​មិនធ្លាប់​បាន​ឃើញ ឬក៏​នឹងគ្មានថ្ងៃឃើញ​បែបនេះទៀតទេ។ លោក​​​បានអួតថា លោកឮគេនិយាយច្រើននាក់ណាស់ថា មិនដែល​មានប្រធានាធិបតីណា ធ្វើការបានជោគជ័យធំនិងរហ័សដូចរដ្ឋបាល​លោកទេ ជាប្រវត្តិសាស្ត្រហើយ​។ ៦សប្តាហ៍​កន្លងមកនេះ លោក​បានចុះហត្ថលេខា​លើ​ក្រិត្យ​ប្រធានាធិបតី​​ចំនួន​ជិត​១០០ និង​បាន​ចេញ​​វិធានការប្រតិបត្តិ​​ចំនួន​​ជាង​​៤០០ ដើម្បី​ឈាន​​ទៅ​ស្តារ​ប្រទេស​​ឡើងវិញ។ ការស្តារឡើងវិញនេះ ដែល​លោកត្រាំអះអាងថា គឺស្តារប្រទេស​ឲ្យ​មកដើរផ្លូវត្រូវ មានសុវត្ថិភាព មាន​សុទិដ្ឋិនិយម និង​ការរីកចម្រើនមានបាន នៅទូទាំងទឹកដីអាមេរិក​។ដោយមិន​ភ្លេច​​ឆ្លៀតនិយាយសង្កត់ រិះគន់ចំអក​ទៅ​ដល់​ការដឹកនាំរបស់​លោក​ចូ បៃដិន​ និង​បក្ស​ប្រជាធិបតេយ្យ លោកត្រាំ បានអះអាងថាដោយសារតែលោក គឺអាមេរិក​បានតម្រង់ទិស ឈប់នៅក្រោមអំណាចផ្តាច់​ការ​ នៃគោលនយោបាយ​ចម្រុះនិយម សមធម៌និយម និង​ការរាប់បញ្ចូល តទៅហើយ។ ក្នុនន័យនេះ គឺលោកដូណាល់ ត្រាំចង់សំដៅថា រដ្ឋបាលលោក​បានចាត់វិធាន​កម្ទេចចោល​ នូវទ្រឹស្តី​នយោបាយ​បែប Wok ដែលសំដៅ​លើកកំពស់​សិទ្ធិ​ស្ត្រី សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា​ ឬអ្នកប្តូរភេទអីជាដើម​លោកដូណាល់ ត្រាំ បាន​ឆ្លៀតសរសើរផងដែរ ថាលោក​ Elon Musk បានជួយ​លោកច្រើនណាស់ នៅក្នុងការ​ងារ​ធ្វើ​ឲ្យ​ស្ថាប័នរដ្ឋសហព័ន្ធ​មានប្រសិទ្ធិភាព​ឡើងវិញ​។ តាមរយៈប្រតិបត្តិការរបស់​លោក​Elon Musk លោកដូណាល់ ត្រាំ បានអួតថា អាមេរិក​បាន​រកឃើញថា​ស្ថាប័នរដ្ឋសហព័ន្ធ បាន​សំងំចាយប្រាក់ខ្ជះខ្ជាយណាស់​ ទាំងនៅក្នុងស្រុកតាមរយៈការប្រើបុគ្គលិក​ច្រើនឥតប្រយោជន៍ ហើយ​នៅក្រៅស្រុកវិញ គឺចំណាយ​ទៅជួយនៅ​​ប្រទេសផ្សេងៗ ដែលវាគ្មានបានប្រយោជន៍អីសោះមកឲ្យ​អាមេរិក​។ លោកត្រាំអួតទៀតថា ក្នុងការងារកំចាត់ការចំណាយ​ឥតប្រយោជន៍នេះ គឺរដ្ឋបាល​លោក ​បានបញ្ឈប់​បុគ្គលិករដ្ឋសហព័ន្ធច្រើនពាន់នាក់ណាស់ ហើយជួយឲ្យអាមេរិកសន្សំលុយបានមិនចេះតិចទេ​​។ជីវភាពប្រជាជនអាមេរិក​នឹងជួបការលំបាក?គ្រប់គ្នាចង់ដឹងខ្លាំងណាស់ ថាលោក​ដូណាល់ ត្រាំនឹងនិយាយអ្វី​ខ្លះ​អំពី​បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្មអាមេរិក ដែល​ហាក់កំពុងតែរំជើបរំជួលខ្លាំង​ ដោយសារវិធានការសង្គ្រាម​ពាណិជ្ជកម្ម​ ដែល​លោកត្រាំកំពុងតែអនុ​វត្តទៅ​លើ​ប្រទេសជាច្រើន​។ ចាប់ពីថ្ងៃទី​៣មីនា អត្រាពន្ធថ្មីលើទំនិញនាំចូល​ពីកាណាដា ពីមិកស៊ិកមាន​ឡើងដល់ទៅ​២៥% ហើយទំនិញចិន​វិញ​ឡើងដល់​២០%។ កាណាដា​និងចិនបានចេញវិធាន​ការ​ឆ្លើយបតវិញភ្លាមដែរ ដោយ​មិនបង្អង់ទេ ដោយ​បានដំឡើងពន្ធលើទំនិញ​នាំចូលពីអាមេរិក​។សង្គ្រាម​ពាណិជ្ជកម្ម​ដែល​លោកដូណាល់ ត្រាំ កំពុងតែដើរដុត​គ្រប់កន្លែងនេះ បានធ្វើ​ឲ្យទីផ្សារហិរញ្ញវត្ថុ​អាមេរិក​មានការព្រួយបារម្ភខ្លាំងណាស់ ព្រោះទំនិញនិងឡើងថ្លៃ អត្រាផរណានឹងកាន់តែកើន ដែលនឹងមកធ្វើបានជីវភាពប្រជាជនអាមេរិក​ខ្លួនឯង។ កាសែត The Wall Street Journal បានចុះផ្សាយ​អត្ថបទវិចារណកថា ថា​រដ្ឋបាល​លោក​ដូណាល់ ត្រាំ កំពុងតែធ្វើ​ឲ្យសេដ្ឋកិច្ចអាមេរិក​ដាំក្បាលចុះហើយ​។តែយ៉ាងណានៅក្នុង​សុន្ទរកថា​ លោកដូណាល់ ត្រាំ បានអះអាងប្រាប់ប្រជាជនអាមេរិកអាមេរិក ថា​កុំភ័យអី ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចគឺមានតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកត្រាំបាន​ប្រកាសថា គោលការណ៍​នៃអត្រាពន្ធ​ឆ្លើយតបវិញ នឹងចូលជាធរមាន​នៅ​ថ្ងៃទី​២មេសា ឲ្យតែប្រទេសណាហ៊ាន​ដំឡើងពន្ធមកលើទំនិញអាមេរិក​។ លោកដូណាល់ ត្រាំ បានអះអាងថា អត្រាអតិផរណា​ខ្ពស់រាល់ថ្ងៃនេះ មិនមែនកំហុសលោកទេ គឺកំហុសរដ្ឋបាល​មុនរបស់​លោកចូ បៃដិន​ ដែលបានធ្វើ​ឲ្យជីវភាពប្រជាជន​អាមេរិក លំបាក​យកតែមែនទែន​។ ដើម្បីស្តារបញ្ហានេះ លោកត្រាំមានដំណោះស្រាយ​ថា លោក​នឹងកាត់បន្ថយការយកពន្ធទាំងអស់ ពីប្រជាពលរដ្ឋ។  តែដោយឡែក ​ ផ្អែកតាម​ការស្ទាបស្ទង់មតិ​មួយ របស់ CBS-YouGov មុនពេល​លោកត្រាំឡើងថ្លែងសុន្ទរកថា គឺជិត​៣ភាគ​៤​នៃ​ប្រជាជនអាមេរិក​ រំពឹងថាអត្រាពន្ធថ្មីរបស់ដូណាល់ត្រាំនេះ នឹង​ធ្វើ​ឲ្យ​ការចំណាយ​រស់នៅប្រចាំថ្ងៃ កាន់តែឡើងថ្លែ​។ យ៉ាងណាមិញសំដីអួត​អះអាងរបស់​លោកត្រាំ វាខុសបន្តិចពីសំដីរបស់​លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក ដែល​បាននិយាយប្រាប់ទូរទស្សន៍ Fox Business ថារដ្ឋបាលអាមេរិកអាចនឹងដកថយវិញ ​ ទាក់ទិននឹងវិធានការដំឡើងពន្ធនេះ​។អ៊ុយក្រែន​ព្រមចរចាសន្តិភាព ​ហើយបើកផ្លូវឲ្យ​អាមេរិក​ជីករ៉ែ​នៅក្នុងសំណុំរឿងការបរទេសពិភពលោកជារួម​​ លោក​ដូណាល់ ត្រាំ ដូចជាមិន​សូវយកចិត្តទុកដាក់ និយាយប៉ុន្មានទេ ក្នុងសុន្ទរកថាជិត​២ម៉ោងរបស់​លោក​​។ ទាក់ទិនបញ្ហាសង្គ្រាម​នៅ​​អ៊ុយក្រែន លោកដូណាល់ ត្រាំ បានអះអាងប្រាប់អង្គសភាខុនហ្ក្រេស​​ថា លោក​បានទទួលលិខិតមួយរបស់​លោកហ្សេឡេនស្គី ដែលបញ្ជាក់ប្រាប់លោក ថាភាគីអ៊ុយក្រែន ត្រៀមខ្លួនចរចាទៅតាមការដឹកនាំ​ដ៏ស្វាហាប់ របស់ក្រុមការងារ​លោកដូណាល់ ត្រាំ ដើម្បីឈានទៅ​ទទួលបានសន្តិភាព​​យូរអង្វែង​។ លោកត្រាំ និយាយទៀតថា លោកហ្សេឡេនស្គី សូមអរគុណលោក និងសហរដ្ឋអាមេរិក ដែល​បានជួយគ្រប់យ៉ាង ក្នុងការការពារ​អធិបតេយ្យភាព និង​ឯករាជ្យភាពរបស់ប្រទេសអ៊ុយក្រែន​។ មិនត្រឹមប៉ុណ្ណោះទេ ក្នុងលិខិតនេះ អ៊ុយក្រែនបញ្ជាក់ប្រាប់ទៀត​​ថា​​ត្រៀមខ្លួន​ ចុះហត្ថលេខា​បើក​ផ្លូវ​ឲ្យ​អាមេរិក​ចូលទៅ​ជីក​យករ៉ែអ៊ុយក្រែនថែមទៀតផង​។“ហ្ក្រូអិនឡង់ដ៍នឹងធ្លាក់​មកក្នុងដៃអាមេរិក ដោយមធ្យោបាយ​ណាមួយ”​លោកដូណាល់ ត្រាំ មិនបានភ្លេចទេ រឿងកោះហ្ក្រូអិនឡង់ដ៍​។ ក្នុងសុន្ទរកថាចំពោះអង្គសភាខុនហ្ក្រេស​​ លោកដូណាល់ ត្រាំ អះអាងថា កោះហ្ក្រូអិនឡង់​គង់តែបានមកអាមេរិកគ្រប់គ្រងទេ ដោយមធ្យោបាយណាមួយមិនដឹងទេ តែលោក​ច្បាស់​ណាស់ ថាអាមេរិក​នឹងបានហ្ក្រូអិនឡង់​ ព្រោះវាជារឿងសន្តិសុខជាតិអាមេរិក​​។ ក្នុងសំដី​ថ្លែងហាក់មានន័យញុះញង់ ឲ្យ​ប្រជាជន​នៅកោះហ្ក្រូអិនឡង់ នាំគ្នាក្រោកឡើងរើបំរះចេញពី​ដាណឺម៉ាក ហើយងាកមកចុះចូលជាមួយអាមេរិក លោកដូណាល់ត្រាំ បានអះអាងថា អាមេរិកនឹងធានាការពារសន្តិសុខជូនហ្ក្រូអិនឡង់ ហើយធ្វើឲ្យមានការរីកចម្រើន ចំណេញ​​មានបាន​ទាំងអស់គ្នា​។សំឡេងប្រឆាំងដ៏ខ្សត់ខ្សោយ​នៃ​​គណបក្សប្រជាធិបតេយ្យនៅមុនពេលលោកដូណាល់ ត្រាំចាប់ផ្តើម​សុន្ទរកថា លោក​ Albert Leornes Greene ស​មាជិកសភាតំណាងរដ្ឋតិចសាស់មកពីបក្សប្រជាធិបតយេ្យ មិនព្រមអង្គុយចុះទេ ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំក្តៅ​មួរម៉ៅ។ ​លោក Mike Johnson ប្រធានសភាតំណាង​​ បានចេញបញ្ជាឲ្យ​ចាប់​បញ្ជូន​លោក Albert Leornes Greene ចេញក្រៅ។ក្រុមសមាជិកសភាខុនហ្រ្កេសបក្សប្រជាធិបតេយ្យ បានដាក់ម៉ូគ្នា មិន​ទះដៃអ្វីទាំងអស់ ចំពោះសុន្ទរកថារបស់​លោក​ដូណាល់ ត្រាំ។ សមាជិកសភាស្រីៗខ្លះ បាន​ណាត់គ្នាពាក់អាវពណ៌ផ្កាឈូក ដើម្បី​ជាសញ្ញាបង្ហាញពី​ការប្រឆាំងចំពោះគោលនយោបាយ​របស់​លោកដូណាល់ ត្រាំ ដែល​មើលងាយស្ត្រីបំបិទសេរីភាពស្ត្រី​។ក្រុម​សមាជិកសភាបក្សប្រជាធិបតេយ្យ បានលើកកូនបដាតូចៗ ដើម្បីបរិហាររដ្ឋបាល​លោកដូណាល់ត្រាំ។ តែជារួមយើងឃើញ សំឡេងប្រឆាំងរបស់បក្សប្រជាធិបតេយ្យ គឺខ្សោយខ្លាំងណាស់ បើប្រៀបធៀបទៅសម្រែក​ជោគជ័យដ៏អំនួតរបស់​លោកដូណាល់ ត្រាំ និង​បក្សពួករបស់​លោក​​ក្នុងបក្សសាធារណរដ្ឋ។

  17. 8

    ខួប៣ឆ្នាំនៃសង្គ្រាម​អ៊ុយក្រែន ក្នុងបរិបទ​ដែលរដ្ឋបាល​ថ្មីអាមេរិក ​​បែរ​​ក្បាលទៅខាង​​​រុស្ស៊ី

    ថ្ងៃទី​២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជា​ថ្ងៃខួប​គម្រប់​៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំ​ប្រយុទ្ធដើម្បីការពារទឹកដី​​។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប​ និងកាណាដា​ជាដើម បាន​ធ្វើដំណើរទៅរដ្ឋធានី​​កៀវ នៅព្រឹក​​ថ្ងៃចន្ទនេះ ដើម្បី​បង្ហាញការសាមគ្គី ​គាំទ្រអ៊ុយក្រែន ស្របពេល​ដែល​សហរដ្ឋអាមេរិក​ដឹកនាំដោយ​រដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅ​ខាងរុស្ស៊ី​។​ ខួប​៣ឆ្នាំ​នៃសង្គ្រាមអ៊ុយក្រែន​នាពេលនេះ គឺអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ​ដ៏លំបាក ទាំងនៅ​លើ​សមរភូមិ ទាំងនៅ​លើ​ផ្នែក​ជួយ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​។ ដូចយើងដឹងហើយ ថាលោកដូណាល់ ត្រាំ ដែលចូលកាន់អំណាចទើបតែបាន១ខែ បានធ្វើ​ឲ្យ​ប្រែប្រួលក្រឡាប់ចាក់ទាំងស្រុង ដល់ស្ថានការណ៍នៅអ៊ុយក្រែន​។​ លោក​ដូណាល់ ត្រាំ បានបង្ហាញជំហរបោះបង់ចោល​អ៊ុយក្រែន ហើយងាកទៅចរចាតែ២នាក់ជាមួយរុស្ស៊ី។ លោកដូណាល់ ត្រាំ បានចោទថាលោក​ហ្សេលេនស្គី ជាជន​ផ្តាច់ការ ហើយថាសង្គ្រាម​នេះ គឺអ៊ុយក្រែនជាអ្នកចាប់ផ្តើមមុន​។ លោកត្រាំ ថែមទាំងបានគំរាម​ឲ្យ​អ៊ុយក្រែន ត្រូវតែ​ចុះហត្ថលេខាបើកផ្លូវ​ឲ្យ​អាមេរិក​ ចូលទៅ​កកាយ​បូមយកធនធានរ៉ែទាំងស្រុង របស់​អ៊ុយក្រែនថែមទៀតផង​។“៣ឆ្នាំនៃការតស៊ូការពារជាតិ​”អ៊ុយក្រែនស្ថិតនៅ​ក្រោម​សំពាធមួយធ្ងន់ណាស់ ព្រោះបាត់បង់សម្ព័ន្ធមិត្តអាមេរិក ​ដែល​​ជា​ម្ចាស់ជំនួយ​យោធា​ដ៏ធំបំផុត​។​ តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោក​ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានប្រមូល​អារម្មណ៍ ​ងើបមុខបន្តបោះជំហាន​ ដើម្បី​​ការពារកិត្តិយសខ្លួននិងកិតិ្តយសជាតិ។ ក្នុង​ឱកាសខួប៣ឆ្នាំ​នៃសង្គ្រាម​នេះ លោក​ហ្សេឡេនស្គី បានបង្ហោះសារនៅលើបណ្តាញ​សង្គម ដោយ​លោកសរសេរថា “​៣ឆ្នាំនៃការតស៊ូ ៣ឆ្នាំនៃភាពអង់អាចក្លាហានដ៏ម៉ឺងម៉ាត់ របស់ប្រជាជនអ៊ុយក្រែនគ្រប់រូបក្នុងការប្រយុទ្ធ​​ការពារទឹកដី​”។ដើម្បីបង្ហាញជំហរជួយសាមគ្គីជាមួយ​អ៊ុយក្រែន បណ្តាថ្នាក់ដឹកនាំចំនួន១៣នាក់ បានធ្វើដំណើរទៅ​រដ្ឋធានីកៀវ ក្នុងនោះមាន​លោកស្រីប្រធានគណៈកម្មកាអឺរ៉ុប ប្រមុខរដ្ឋាភិបាលក្រុមប្រទេសស្កង់ឌីណាវ ក្រុមប្រទេស​បាល់ទិក លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ និង​លោក​នាយករដ្ឋមន្ត្រីកាណាដាយូស្តាំង ទ្រុយដូ ជាដើម។ ថ្នាក់ដឹកនាំ​ទាំងនេះ ទៅជួប​​លោក​ហ្សេឡេនស្គី នៅក្នុង​​ជំនួបកំពូលពិសេសមួយនៅព្រឹកថ្ងៃចន្ទ​​នេះ ជាមួយ​នឹងថ្នាក់ដឹកនាំ​២៤នាក់ទៀត ដែលចូលរួម​​ពីចម្ងាយ​​តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។​ តាមទីក្រុងធំៗប្រទេសជាច្រើន ក៏មានការដង្ហែរក្បួនបង្ហាញការសាមគ្គីចំពោះអ៊ុយក្រែន និងបានថ្កោលទោសរុស្ស៊ី​ថាជា​ចោរឈ្លានពាន​។“ជនផ្តាច់ការពិត​ទើបរអៀសខ្លួន”កាលពីល្ងាចថ្ងៃអាទិត្យទី​២៣កុម្ភៈ លោក​ហ្សេឡេនស្គី បានធ្វើសន្និសីទកាសែតមួយ។ ឆ្លើយទៅនឹងសំណួរបស់​អ្នកកាសែត លោក​ហ្សេឡេនស្គីបាន​អះអាងថា លោក​មិនខឹងមិនតូចចិត្តអ្វី​​ទេ ដែល​លោកដូណាល់ ត្រាំ ដៀលត្មេះថាលោកជាមេដឹកនាំផ្តាច់ការ​។ លោក​ហ្សេឡេនស្គី បន្ថែមថា បើមេដឹកនាំផ្តាច់ការពិត​មែន​​ ទើបខ្មាសនិងរអៀសខ្លួន​​​ ចំណែកលោក​ លោក​ដឹងច្បាស់ថាខ្លួនលោកជានរណា​។ លោកហ្សេឡេនស្គី​បានឆ្លើយទៀតថា លោកមិនដែលគិតចង់ក្រាញអំណាចអ្វីឡើយ ហើយ​លោកត្រៀមខ្លួនចុះពីតំណែងប្រសិន​បើវាជាដំណោះស្រាយ នាំ​ប្រទេសឲ្យ​មានសន្តិភាព និង​បានទឹកដី​មកវិញ។ហើយចំពោះសំដី​គំរាម​ពីខាងវ៉ាស៊ីនតោន ប្រាប់​ឲ្យ​លោកត្រូវតែចុះហត្ថលេខា បើក​ផ្លូវ​ឲ្យ​អាមេរិក​ចូល​មកជីកកកាយ​យករ៉ែអ៊ុយក្រែនទាំងស្រុង ដើម្បីជាការ​សងប្រាក់ដែលអាមេរិក​បានជួយ​អ៊ុយក្រែនកន្លងមកនោះ លោក​ហ្សេឡេនស្គីបានលើកឡើងថា លោក​មិនចុះហត្ថលេខាជាដាច់ខាតនូវកិច្ចព្រមព្រៀងណាមួយ ដែល​នឹងដាក់បន្ទុក​ទៅលើ​កូនចៅ​អ៊ុយក្រែន​១០​ជំនាន់​ទៅមុខ។ លោកថារឿងនេះធំខ្លាំងណាស់ ដូច្នេះ​គឺទាល់តែ​សភាអ៊ុយក្រែន ​ជាអ្នកបោះឆ្នោត​អនុម័ត​។ ចម្លើយរបស់​លោក​ហ្សេឡេនស្គី ហាក់មានន័យជាការខោក​ដោយប្រយោលទៅលើ​លោកដូណាល់ ត្រាំ ដែលចោទថាលោក​ហ្សេឡេនស្គីជាជនផ្តាច់ការ តែខ្លួន​លោកត្រាំវិញ ក្នុងនាមប្រធានាធិបតី​មហាអំណាចប្រជាធិបតេយ្យ បែរជាមក​​បង្ខំ​ឲ្យគេចុះហត្ថលេខាប្រគល់ធនធានរ៉ែទាំងអស់ ដោយ​មិនចាំបាច់ឆ្លងកាត់ ​ការបោះឆ្នោតពីសភា​អ៊ុយក្រែនទៅវិញ​។​“ការប្រយុទ្ធដើម្បី​ការពារអាយុជីវិតអឺរ៉ុបទាំងមូល​”តែយ៉ាងណា យើងឃើញថាអ៊ុយក្រែនកំពុងតែលតោលខ្លាំងណាស់ ក្នុងពេលនេះ ព្រោះ​ថាលែងមានជំនួយយោធារបស់អាមេរិកតទៅទៀត។ នៅសល់តែអឺរ៉ុបនិងកាណាដាទេ ដែល​នៅតែប្តេជ្ញាជួយ​អ៊ុយក្រែន​។ ជាការប្តេជ្ញាជួយ​ ដែលត្រូវតែជាក់ស្តែង មិនមែនត្រឹមតែមាត់ទេ​។ ជំនួបកំពូល​នៅទីក្រុងកៀវនៅព្រឹកថ្ងៃទី​២៤កុម្ភៈ​ គឺគេនឹងពិភាក្សារកមធ្យោបាយ ដើម្បី​ជួយ​អ៊ុយក្រែន​។​ ហើយក្រុមប្រទេសសមាជិកអឺរ៉ុបទាំង​២៧​ នឹងបើកជំនួបកំពូលពិសេសមួយទៀត នៅប្រ៊ុចសែល ថ្ងៃទី​៦មីនា។លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុប បានបង្ហោះសារ​ពីទីក្រុងកៀវថា “ការតស៊ូរបស់អ៊ុយក្រែន ដែល​​ប្រយុទ្ធ​ដើម្បី​ការពារទឹកដី​និងអាយុជីវិតនេះ​ វាមិនមែន​ជាការប្រយុទ្ធរបស់​​អ៊ុយក្រែនតែមួយទេ តែវាគឺ​ជា​ការតស៊ូប្រយុទ្ធការពារ​វាសនាអនាគតរបស់អឺរ៉ុបទាំងមូល។ ក្នុងន័យនេះ គឺលោកស្រី​ចង់ប្រកាសគោលជំហរថា អឺរ៉ុបត្រូវតែរកវិធីជួយអ៊ុយក្រែន​នៅពេលនេះ មិន​ឲ្យ​បណ្តោយ​ឲ្យរុស្ស៊ីឈ្នះជាដាច់ខាត។ បើរុស្ស៊ីឈ្នះថ្ងៃនេះ ថ្ងៃស្អែកគឺប្រទេសអឺរ៉ុបណាមួយ​ផ្សេងទៀត ដែលនឹងរងគ្រោះដូចអ៊ុយក្រែន​ដែរ​។​ថ្នាក់ដឹកនាំប្រទេស​​អឺរ៉ុបមួយចំនួន តួយ៉ាងលោក​ប្រធានាធិបតីបារាំង និងលោក​នាយករដ្ឋមន្ត្រីអង់គ្លេស​​ បានបង្ហាញ​ជំហរថាប្រទេសអឺរ៉ុបត្រូវតែបង្កើតសម្ព័ន្ធភាពកងទ័ពមួយឲ្យរឹងមាំ មានកម្លាំងទ័ព មាន​កម្លាំងសព្វាវុធ ដើម្បី​ការពារ​សន្តិសុខ តទល់នឹងការគំរាមឈ្លានពានរបស់រុស្ស៊ី។ លោក Friedrich Merz ដែលទើបតែឈ្នះឆ្នោត​នៅអាល្លឺម៉ង់ ហើយដែលគេរំពឹងថានឹងឡើងមកដឹកនាំរដ្ឋាភិបាលថ្មីអាល្លឺម៉ង់ ក៏​​បានប្រកាសគោលជំហរដូចគ្នាដែរ ថាអាទិភាពធំបំផុតរបស់អឺរ៉ុបពេលនេះ គឺរៀបចំបង្កើតប្រព័ន្ធការពារជាតិរួមគ្នា​ដែលមានស្វ័យភាព ដោយ​យកគម្រូតាមសម្ព័ន្ធភាពអូតង់ ហើយ​ឈប់រំពឹងលើកម្លាំងរបស់អាមេរិក។​នៅថ្ងៃចន្ទទី​២៤កុម្ភៈដែរ​ លោកម៉ាក្រុង បានធ្វើដំណើរទៅ​ជួបលោក​ដូណាល់ ត្រាំ នៅវ៉ាស៊ីងតោន ដើម្បីសាកព្យាយាម​ពន្យល់​លោក​ដូណាល់ ត្រាំ ថាមិនត្រូវបោះបង់ចោលអ៊ុយក្រែន ហើយ​មិនត្រូវចាញ់​បោក​រុស្ស៊ីនោះដែរ។ លោកត្រាំ ស្តាប់ឬមិនស្តាប់យើងមិនអាចស្មានដឹងទេ តែយ៉ាងណាលោកម៉ាក្រុងអះអាងថា ត្រូវតែព្យាយាមឲ្យអស់លទ្ធភាព​។ អ្វីដែលជាគោលជំហររបស់​លោកម៉ាក្រុង គឺកិច្ចព្រមព្រៀងសន្តិសភាពត្រូវតែមានអ៊ុយក្រែន ដែលជាជនរងគ្រោះចូលរួមចរចា ហើយ​ជាកិច្ចព្រមព្រៀងដែលយុត្តិធម៌សម្រាប់អ៊ុយក្រែន ព្រមជាមួយនឹងលក្ខខណ្ឌការពារអ៊ុយក្រែនទៅថ្ងៃអនាគត ដើម្បីកុំ​ឲ្យរុស្ស៊ី​ឈ្លានពានម្តងទៀត។ដោយឡែក​​ លោក​ Serguei Lavrov ប្រមុខការទូតរុស្ស៊ីដែលមានវត្តមាននៅតួកគី បាននិយាយគំរាម​នៅព្រឹកនេះថា រុស្ស៊ីនឹងមិនឈប់ធ្វើសង្គ្រាមជាដាច់ខាត​ ល្គិកណារុស្ស៊ីមិនទទួលបានអ្វីដែលរុស្ស៊ីចង់​បាន​​នៅក្នុងកិច្ចព្រមព្រៀង​។ សម្តី​នេះ វាឆ្លុះបញ្ចាំងអំពី​ភាពក្រអឺតរបស់រុស្ស៊ីនៅពេលនេះ ព្រោះថា​រុស្ស៊ី​អាចថាមាន​​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ចាំជួយ​គាំទ្រ​ពីក្រោយ​​ហើយ​៕

  18. 7

    ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

    នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រុង​​នូវែលអរឡេអង់ ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ថ្ងៃ​ពុធ​ទី​១​មករា​ដដែល​នេះ​ មាន​ករណី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងស្លាប់​មនុស្ស​ម្នាក់​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ អាជ្ញាធរ​អាមេរិក​កំពុង​អង្កេត​ថា​តើ​ហេតុការណ៍​ទាំងពីរ​នេះមាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ​ឬ​អត់។ គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា គឺការ​​​បើក​ឡាន​បុកហ្វូង​​មនុស្សក្នុង​ពេល​បុណ្យ​​ឆ្លង​ឆ្នាំ និង​​ ​ការ​ផ្ទុះ​រថយន្ត​មួយ​គ្រឿងទៀត​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។​តើ​ហេតុការណ៍ទាំងពីរ​​​មាន​ពាក់ព័ន្ធ​គ្នា​?នេះ​ជា​សំណួរ​ដែលពុំ​ទាន់​មាន​ចម្លើយ​​ទេ! ភ្នាក់ងារ​អាមេរិកកំពុង​ចោទ​សួរ​ដូច​គ្នា។ ​​ប្រធានាធិបតី​អាមេរិក​ចូបៃដិន​បាន​បញ្ជាក់ ដោយផ្ទាល់​ ​​នៅក្នុង​សន្ទរកថា​ខ្លី​យប់​មិញ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃពុធ​ទី​១​មករា​ គ្មានអ្វី​បង្ហាញ​ពី​ទំនាក់ទំនង​នៃ​ឧប្បត្តិហេតុ​ទាំងពីរ​ទេ។ តែ​អាជ្ញាធរបាន​បើក​អង្កេត ក្រែង​រក​ឃើញ​​​​ចំណង​ជា​យថាហេតុ​រវាង​ហេតុ​ការណ៍​ផ្ទុះ​រថយន្តនិង​​ការបើក​ឡាន​បុក​ហ្វូង​មនុស្ស​នៅ​នូវែលអរឡេអង់។នៅ​មុន​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​បៃដិន លោក​ Elon Musk ដែល​ជា​មិត្តរបស់​លោក​ត្រាំ បាន​សរសេរ​នៅ​បណ្តាញសង្គម​​X ថា​ការ​ផ្ទុះ​រថយន្ត ម៉ាក​តេស្លាដែល​លោក​ជា​ម្ចាស់​ក្រុមហ៊ុន បណ្តាល​មក​ពី​កាំជ្រួច​ ឬ គ្រាប់​បែក​ផ្ទុក​នៅ​ក្នុងឡាន មិន​ទាក់ទង​នឹងតួ​គ្រឿង​ឡានទេ។បើ​តាម​រូប​ភាព​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញសង្គម ឡាន​អាគុយ​ម៉ាកតេស្លា ប្រភេទ Cybertruck ពណ៌ប្រផេះ បាន​មក​ចត​នៅ​ចំពីមុខ​​ទ្វារ​ចូល​សណ្ឋាគារ “Trump” ​ហើយ​ផ្ទុះយ៉ាង​ខ្លាំង ដោយបញ្ចេញ​ផ្សែង​ខ្មៅ​យ៉ាង​សម្បើម។ មនុស្ស​ម្នាក់​នៅក្នុង​ឡាន​បាន​ស្លាប់ និង​​៧​នាក់​ផ្សេង​ទៀតនៅ​ខាង​ក្រៅ​​បាន​រងរបួស។ ហេតុការណ៍នេះ​បាន​កើត​​​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​FBI បាន​​បញ្ចេញ​អត្តសញ្ញាណ​ភេរវជន​ជនសង្ស័យ​ Shamsud-Din Jabbar ​អ្នក​បង្ក​ហេតុ​នៅ​នូវែលអរឡេអង់។សម្រាប់​ពេល​នេះ​ FBI គិត​ថា​ជាឧប្បត្តិហេតុ​ទោល។ ប៉ុន្តែ​ទោះ​គ្មាន​អ្វី​ជា​ភស្តុតាង​អាច​ភ្ជាប់​ហេតុការណ៍​ផ្ទុះ​​ទៅ​នឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​អង្គការ​រដ្ឋ​អ៊ីស្លាម​ក៏​ដោយ ក៏​អាមេរិក​ចាត់​​គ្រប់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បីការពារ​សន្តិសុខ​ជាតិ​ ព្រោះ​ការ​ផ្ទុះ​នេះ​ស្ថិត​នៅ​ចំមហាវិថី​ដ៏​ល្បី​ផង នៅ​មុខ​សណ្ឋាគារ​ឈ្មោះ​ត្រាំផង។ ហើយលោក ដូណាល់ ត្រាំ​ ​ក៏នឹងចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ ទី​២០​មករា​ខាង​មុខ​ទៀត។​​ឡានបើក​​បុក​ហ្វូង​មនុស្ស​ជា​ភេរវកម្មចំពោះ​​ករណី​បើក​ឡាន​បុកហ្វូង​មនុស្ស​ ​អាជ្ញាធរ​អាមេរិក​បាន​ចាត់ទុក​ជា​ទង្វើ​ភេរវកម្ម​ និង​បើក​​អង្កេត​ភេរវកម្ម​។ ហេតុការណ៍​ ​បាន​កើត​ឡើងនៅវេលា​ម៉ោង ៣និង​១៥នាទី​ទៀបភ្លឺ ​ ត្រង់​​​សង្កាត់ទេសចរណ៍ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុតមួយ​របស់​អាមេរិក។​ ចំនួនមនុស្ស​​ស្លាប់​បាន​ឡើង​ដល់​​យ៉ាង​ហោច​ណាស់​១៥​នាក់​ និង​របួស​៣៥​នាក់​ ក្នុង​នោះ​ពីរ​នាក់​ជា​ប៉ូលិស​។ ចំណែក​ជន​ល្មើស​ ត្រូវ​បានប៉ូលិសបាញ់​សម្លាប់​ភ្លាម​ បន្ទាប់​ពីប៉ុនប៉ង​​​​​​រត់​គេចខ្លួន​បាន​បន្តិច។ពេល​នេះ​អាជ្ញាធរ​បាន​ប្រគល់​ភារកិច្ច​​អង្កេត​ភេរវកម្ម​ទៅ​ឱ្យ​ទី​ភ្នាក់ងារ​ចារកិច្ច​អាមេរិកFBI។ នៅក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃ​ពុធ​ទី​១​មករា FBI បានបញ្ជាក់ថា ក្រៅពីរក​ឃើញ​មាន​ទង់ជាតិអង្គការរដ្ឋអ៊ីស្លាម នៅក្នុងឡាន ជនល្មើសពិតជាមានគ្រាប់បែកច្នៃភ្លាមៗពីរគ្រាប់ទៀត ដែលភ្នាក់ងារ​កម្ទេច​​ចោលភ្លាម បើទោះបីជាមិនប្រាកដថាគ្រាប់នោះអាចផ្ទុះបានឬមិនបានក៏ដោយ។ ​ ជាងនេះទៅទៀត ជនល្មើសទំនងមិនមែន ជាជនទោលធ្វើសកម្មភាពតែម្នាក់ឯងទេ។ ប៉ូលិសកំពុងតាមអង្កេតរកអ្នក​ផ្សំគំនិត។អត្តសញ្ញាណ​ជន​ល្មើស មានអាយុ​៤២​ឆ្នាំភេរវជន​សង្ស័យឈ្មោះ​ Shamsud-Din Jabbar ជា​អតីត​ទាហាន​អាមេរិក បំរើការ​ក្នុង​ជួរ​កងទ័ព​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៥ ដោយ​ធ្លាប់​បាន​​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន រយៈ​ពេលពី​រ​ឆ្នាំ (២០០៩-២០១០)  និង​ធ្លាប់​មាន​​ឋានៈ​ជា​ពលបាលទោ។ នេះ​បើ​តាមព័ត៌មាន​ផ្តល់​ដោយ​​ក្រសួង​ការពារ​ជាតិអាមេរិកដែល​បញ្ជាក់​ទៀត​ថា ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០ Shamsud-Din Jabbar ជា​ទាហាន​បម្រុង​។ បើតាម​New York Times ជន​ល្មើស​រូប​នេះ ក៏​ធ្លាប់​ជាប់​ទោស​ ទាក់ទង​នឹងបទ​ល្មើស​តូច​តាច​មួយ​ចំនួន​ដូច​ជា ធ្លាប់ជា​ចោរ​​លួច នៅ​ឆ្នាំ​២០០២ និង​បើកបរ​ដោយ​គ្មាន​បណ្ណបើកបរ​ត្រឹម​ត្រូវ (គ្មាន​សុពលភាព) នៅ​ឆ្នាំ​២០០៥។​នៅ​មុន​ការ​ទម្លាយ​អត្តសញ្ញាណ​ជនល្មើស​ដោយ​ចំហ សារព័ត៌មាន​អាមេរិក​ជាច្រើន បាន​ព្រលយ​ថា​ក្រុម​អ្នក​អង្កេត​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ប្រវត្តិ​រូប​ Shamsud-Din Jabbar ពី​មុន​ផង និង​ទង់ជាតិ​ខ្មៅ នៅ​​ក្នុង​ឡានភេរវកម្មផង ព្រោះ​ភេរវជន​សង្ស័យ​នេះ​បាន​បង្ហោះ​វីដេអូ​​​តាម​បណ្តាញ​សង្គមប្រាប់​​អំពី​ទំនោរ​​របស់​ខ្លួន​ទៅ​ខាង​ក្រុមជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ រូបភាព​វីដេអូ​ជា​ភស្តុតាង​មួយ​បង្ហាញ​ពី​ចេតនាមុះមុត​​ចង់សម្លាប់​មនុស្ស។​ ឯ​ទីតាំង​បង្ក​ហេតុ​ក៏​មាន​លក្ខណៈ​ប្រកប​ដោយ​និម្មិតរូប​ខ្លាំង​ទៀត។សង្កាត់​បារាំង​របស់ក្រុង​​New-Orleans ជា​ស៊ីប​ភេរវកម្ម​ក្រុង​​នូវែលអរឡេអង់​ ជា​ទិសដៅ​ទេសចរណ៍​ដ៏ធំជាង​បង្អស់​មួយ​របស់​សហរដ្ឋ​អាមេរិក​។ ហើយ​ទីតាំង​កើត​ហេតុ ជា​​សង្កាត់​ប្រវត្តិសាស្ត្រ ជា​បណ្តុំ​ទេសចរ មក​ពី​គ្រប់​ទិសទី។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ២០២៥​នេះ អាជ្ញាធរបាន​បញ្ចេញ​​​កងកម្លាំង​រក្សា​សន្តិសុខទាំងអស់ និង​រកភ្នាក់ងារ​​ជំនួយ​បន្ថែម​ជាង​៣០០នាក់​​​ទៀត ដើម្បី​ការ​ពារ​សុវត្ថិភាព។ បើ​តាមលោក​​ Radi Babulsi ដែល​ជា​​​អ្នកកាសែតម្នាក់ដែរ កន្លែង​កើតហេតុ ជា​ជម្រើសទីតាំង​វាយប្រហារភេរវកម្ម​ដ៏​ល្អ​បំផុត។ លោកRadi Babulsi ​បាន​រៀប​រាប់ដូច្នេះថា  “នៅ​លើ​ពិភពលោកទាំងមូល ចំណុច​ដៅ​ភេរវកម្ម​មាន​ដូច​គ្នា គឺ​នៅ​ត្រង់​សង្កាត់​​ជា​ផ្លូវដើរ ជា​ផ្សារ​ណូអែល ... ​ចង់​បង្ក​និង​សម្លាប់​មនុស្ស​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​ ​ត្រូវ​មក​ធ្វើ​នៅលើ​ផ្លូវ ​Bourbon Street ​​នៃ​ក្រុង​នូវែលអរឡេអង់​នេះ​ហើយ ព្រោះ​នៅ​ម៉ោង​បីទៀបភ្លឺក៏​ដោយ​ នៅម៉ោង​ណាក៏​ដោយ ​ក៏​មាន​មនុស្ស​ណែន​ណាន់​តាន់តាប់​ជា​និច្ច​​។ ជា​​ពិសេសទៅ​ទៀត យប់​កើត​ហេតុ​ជា​យប់​ឆ្លង​ឆ្នាំផង​។ ដូច្នេះគឺ​ទីនេះ​ហើយ​ដែល​ជា​ស៊ីប​វាយប្រហារ​​ត្រូវ​ជន​រងគ្រោះ​ច្រើន។ ​ទីតាំង​នេះ​ មាន​ឈ្មោះ​ថា​សង្កាត់​បារាំង ដែល​ល្បីល្បាញ​ពេញ​សហរដ្ឋ​អាមេរិក​និង​នៅលើ​ពិភពលោក​។ ជា​ទីតាំង​គោល​ ដែល​នរណា​ក៏ស្គាល់ មិនមែន​ដូច​នៅក្រុង​របស់​Ohioទេ។ បង្កភេរវកម្ម​នៅ​សង្កាត់​បារាំងនូវែលអរឡេអង់ ប្រៀប​ដូច​ធ្វើ​ភេរវកម្ម​នៅTimes Squareដែល​សុទ្ធតែ​​ជា​កន្លែង​ល្បី​ គ្មាន​កន្លែង​ណា​ដូចឡើយ៕​

  19. 6

    តើមានព្រឹត្តិការណ៍ធំៗ​អ្វី​ខ្លះ​កើត​ឡើង​នៅលើ​ពិភពលោក ក្នុង​​ឆ្នាំ២០២៤?

    ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ ជា​មួយ​នឹង​ព្រឹត្តិការណ៍​គួរ​ឱ្យកត់សម្គាល់​មួយ​ចំនួន នៅលើ​ពិភពលោក។ ពីដើមបូព៌ា ទៅ​អាមេរិក ​សង្គ្រាម​អ៊ីស្រាអែលនិង​ហាម៉ាស បានរាលដាល​ដល់លីបង់។ ពីការ​ដួល​រលំរបប​បាស្ហារ​អាល់អាសាដ ទៅ​ការ​វិល​ត្រលប់​មកកាន់​តំណែង​ជា​ថ្មី​របស់​លោក​ដូណាល់​ត្រាំ។ នៅ​អឺរ៉ុប ​សង្គ្រាម​អ៊ុយក្រែន​រុស្ស៊ី​បាន​ការ​លូក​ដៃពីកូរ៉េខាង​ជើង។ ឯកូរ៉េខាង​ត្បូង​ធ្លាក់ក្នុងវិបត្តិនយោបាយ​ដ៏​ធ្ងន់ធ្ងរ​ ក្រោយ​ការ​ទម្លាក់​ប្រធានាធិបតី យូន សុកយោល។ ។ល។ និង ។ល។  នៅថ្ងៃទី​៥​វិច្ឆិកា ដូណាល់ត្រាំ បាន​ជាប់​ឆ្នោត​ជាថ្មី ជាប្រធានាធិបតី​អាមេរិក​ទី​៤៧ បន្ទាប់​ពី​បាន​ឆ្លង​កាត់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ដែល​​បង្កប់​ភាព​មិន​ជាក់លាក់​និង​ឧប្បត្តិហេតុ​ជា​ច្រើន។ ជា​ដំបូង​ បេក្ខជន​ប្រធានាធិបតី​​បក្ស​សាធារណរដ្ឋ​ត្រូវប្រកួតប្រជែង​ជាមួយ​ប្រធានាធិបតី​ផុតអាណត្តិ​ ចូ បៃ​ដិន។ ប៉ុន្តែ​ដោយ​មូលហេតុ​សុខភាព​ ទ្រុឌទ្រោម​និង​ភ្លេចភ្លាំងស្មារតី​ខ្លាំង  លោកចូបៃដិន បានប្រកាស​ដក​បេក្ខភាព​ជា​ប្រធានាធិបតី​វិញ នៅ​ថ្ងៃ​ ទី២១កក្កដា២០២៤ ហើយ​លោកស្រី​អនុប្រធានាធិបតី ខាម៉ាឡា ហារីស បានក្លាយ​ជា​បេក្ខនារីប្រធានាធិបតី​ជំនួស​វិញ។ការប្រកួត​ប្រជែងយក​តំណែងប្រធានាធិបតីអាមេរិកលើក​នេះ​ សម្គាល់​ដោយការ​ប្រើ​ពាក្យ​វាយប្រហារ​យ៉ាង​អសុរសផង ​អំពើ​ហិង្សាផង។ ក្នុង​ពេល​កំពុង​ឃោសនា​ ខ្មាន់​កាំភ្លើងម្នាក់​​បាន​បាញ់តម្រង់​ធ្វើ​ឃាត​លោក​ត្រាំ តែ​សំណាង​ល្អ លោក​បាន​ត្រូវ​របួស​តែបន្តិច​ឆិត​​ចំស្លឹក​ត្រចៀកស្តាំ។ លោក​ដូណាល់ត្រាំ​បាន​រង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ ចំនួនពីរ​លើក​ ​និង​ធ្វើ​ឱ្យ​លោក​ដួល​ដល់​ដី តែ​មិនអាច​រារាំងបំណង​ក្លាយ​ជាប្រធានាធិបតី​នៃ​ប្រទេស​ដ៏​មាន​អំណាច​បំផុត​នៅលើ​ពិភពលោកជា​លើក​ទីពីរបាន​ទេ។អាមេរិកនឹង​មាន​ប្រធានាធិបតី​ថ្មី​ ជា​លោក​ដូណាល់ត្រាំ ស្ថានភាព​នយោបាយ​ពិភពលោក​ក៏​អាច​ប្រែប្រួល​ មាន​ជា​អាទិ៍ និង​ដំបូង​គេ ​គឺសង្គ្រាម​នៅ​អ៊ុយក្រែន។ឆ្នាំ​​នេះ ​បើ​គិត​ទៅ ​សង្គ្រាម​អ៊ុយក្រែន​និងរុស្ស៊ី​អូស​បន្លាយ​រយៈ​ពេល​​លើស​ពី​១ពាន់​ថ្ងៃ​ហើយ។ ហើយ​សង្គ្រាមកាន់​តែ​ផុង​ជ្រៅ និង​ខ្លាំង​ឡើងៗ។ ខាង​អ៊ុយក្រែន ជាលើក​ទីមួយ ក្នុង​ឆ្នាំ​នេះ យោធា​បានទទួល​ជំនួយ​មីស៊ីល​រយៈ​ឆ្ងាយ​ពីបស្ចិមលោក​ និង​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​បាញ់​​មីស៊ីល​នោះ​​ចូល​ក្នុង​ទឹក​ដី​រុស្ស៊ី​ទៀត។ ​អ៊ុយក្រែនស្តួច​កម្លាំង​ តែ​បំបែរ​យុទ្ធសាស្ត្រ​​ចូលកាន់​កាប់​តំបន់​គួស្ក៍​របស់​រុស្ស៊ី​។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ហ្សេឡេនស្គី បានប្រកាស​ថា​ជា​យុទ្ធសាស្ត្រ​លើក​សមរភូមិ​ប្រយុទ្ធ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​វិញ។ ខាង​រុស្ស៊ី ម៉ូស្គូ​បាន​ទទួល​ជំនួយ​ជា​កង​ទ័ព​ជាច្រើន​ពាន់​នាក់​មក​ពី​កូរ៉េខាង​ជើង មក​ជួយ​ច្បាំង​នៅ​សមរភូមិ ជាមួយ​អ៊ុយក្រែន។ ទោះ​មាន​ស្លាប់​អស់​យ៉ាង​ហោច​មួយ​ពាន់​នាក់​បាត់​ទៅ​ក៏​ដោយ ក៏​ព្យុងយ៉ាង​​​នឹង​បន្ត​ផ្តល់​អាវុធ​និង​បញ្ជូនទ័ព​មក​រុស្ស៊ី​ទៀត ដើម្បី​សាមគ្គីភាព ក្នុង​ក្របខ័ណ្ឌ​នៃការ​រឹត​សម្ព័ន្ធ​ភាព​យោធា​ជួយ​គ្នាទៅ​វិញ​ទៅ​មក។ ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន គ្មាន​ឥទ្ធិពល​លើ​នយោបាយ​ផ្ទៃក្នុង​រុស្ស៊ីទេ។ ​ដោយគ្មានការ​ភ្ញាក់ផ្អើលលោកពូទីន ​បាន​​ជាប់​ឆ្នោត​ជាប្រធានាធិបតីជា​ថ្មី​ ជា​លើក​ទី​៥ សម្រាប់​ដឹកនាំ​រុស្ស៊ី​៦​ឆ្នាំ​ទៀត។ ចំណែក​ប្រមុខ​បក្ស​ប្រឆាំងដ៏​ល្បី​ល្បាញ​ អាឡិចសី ណាវ៉ានី ដែល​ជា​គូប្រជែង​ចម្បង​របស់​លោក​ពូទីន ស្រាប់​តែ​បានស្លាប់ ក្នុង​បរិបទ​ដ៏​ចម្លែក​ ​នៅក្នុង​ពន្ធនាគារ​។​នៅ​ដើមបូព៌ា សង្គ្រាមរវាង​អ៊ីស្រាអែល និង​ចលនាហាម៉ាស​ក្នុង​តំបន់​​ហ្កាហ្សា កាន់​តែ​ហិង្សាខ្លាំងឡើងៗ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៤ម៉ឺននាក់។ នេះបើ​តាមតួលេខប្រកាស​ដោយ​ក្រសួងសុខាភិបាល​ហាម៉ាស។ ចំណាប់ថ្នូរ​​ជា​ច្រើន​នាក់​បន្តជាប់​ក្នុង​កណ្តាប់​ដៃចលនា​ហាម៉ាស។ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិបាន​ចេញ​ដីកា តាម​ចាប់​ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ និង​អតីត​រដ្ឋមន្ត្រីការពារជាតិ ដែល​ត្រូវ​ខ្ទាត​ពី តំណែង​ នៅ​ខែវិច្ឆិកា ពីបទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និ​ងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ មេខ្លោង​ចលនា​ហាម៉ាស​ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ឡាអេ​ចេញ​ដី​កា ដាច់​ឡែក​មួយ​ទៀត ​តាម​ចាប់​ខ្លួន​ក្នុង​បទ​ឧក្រិដ្ឋ​ដូច​គ្នា។តែ​គ្មាន​ប្រសិទ្ធភាព។ សង្គ្រាម​អ៊ីស្រាអែលនិង​ហាម៉ាស បាន​រាលដាល​ដល់​លីបង់។ យោធា​អ៊ីស្រាអែល​បាន​វាយប្រហារ​ផ្លោងចូល​ក្នុង​ទឹក​ដី​លីបង់ ដល់​ក្រុង​បេរ៉ូត។ បន្ទាប់​ពី​បាន​បញ្ជាបំផ្ទុះ​ឧបករណ៍ផ្ញើសារ​ (វិទ្យុទាក់ទងគ្នា) ​ពី​ចម្ងាយ​ក្នុង​ពេល​តែមួយ​ធ្វើ​ឱ្យ​ស្លាប់​មនុស្សជា​ច្រើន​នាក់ នៅ​លីបង់ សំដៅ​ប្រឆាំង​នឹង​ចលនា​ភេរវនិយម​ហេសបូឡា​ ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ អ៊ីស្រាអែល​បានកម្ចាត់​មេកើយ​ជា​ប្រវត្តិសាស្ត្រ​របស់​ចលនាហេសបូឡា ហាសាន់ ណាស្រាឡា។អស់​ការ​គាំទ្រ​ពី​រុស្ស៊ី​និង​អ៊ីរ៉ង់ របបផ្តាច់ការ​ ​បាស្ហា អាល់អាសាដ ដែល​ដឹកនាំ​ស៊ីរី​អស់​ពេល​ជាង​កន្លះ​សតវត្សរ៍​ (៥៤ឆ្នាំ) បាន​ដួលរលំ។ ប្រជាពលរដ្ឋ​ស៊ីរី បានរួចរំដោះ​ និង​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចលនា​​អ៊ីស្លាមជ្រុលនិយម ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​ចាត់​ទុក​ជា​ក្រុមភេរវនិយម។ ថ្វីបើ​សហគមន៍​អន្តរជាតិ​​នាំ​គ្នា​រួស​រាន់​ភ្ជាប់​ចំណង​ទូត​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ថ្មី​មែនតែកង្វល់​នៅ​ធំជុំ​វិញ​បញ្ហា​សិទ្ធិមនុស្ស។ គេ​នឹងអាចដឹង​ច្បាស់នៅ​ឆ្នាំ២០២៥។អាស៊ី​ស្ងប់ស្ងាត់​នៅ​ឆ្ងាយ​ពី​ជម្លោះប្រដាប់​អាវុធ​មែន តែ​ភាពតាន​តឹង​បានឡើង​តឹង​ស្ទើរ​ប្រេះ​រវាង​ចិននិង​តៃវ៉ាន់។ ចិនកំញើញ​កាន់​តែ​ខ្លាំង​តៃវ៉ាន់​ ដែល​ទើប​មាន​ប្រធានាធិបតី​ មានជំហរ​ឯករាជ្យ​និយម​បំផុត​ គឺ​លោក ឡៃ ឈីនទឿ។ កូរ៉េខាង​ត្បូង ធ្លាក់​ក្នុង​វិបត្តិ​នយោបាយយ៉ាង​ជ្រៅ។ បន្ទាប់​ពី​​បាន​បោះឆ្នោតទម្លាក់​ប្រធានាធិបតី យូន សុកយោល ដែល​ប៉ុនប៉ង​ប្រើ​ច្បាប់​អាជ្ញាសឹក និង​បញ្ជូន​ទាហាន​ទៅ​រារាំង​ដំណើរការសភា នៅ​ថ្ងៃ​២៧​ធ្នូ សភា​បានទម្លាក់​ប្រធានាធិបតីស្តីទី លោក​នាយករដ្ឋមន្ត្រី ហាន ដុកសូ​ទៀត។ តែ​​ជា​ដំណឹង​ល្អ សម្រាប់​ត្រកូលស៊ីណាវ៉ាត់ និង​ក្រុមអាវក្រហមនៅ​ប្រទេស​ថៃ។ ឪពុក​បាន​ត្រលប់​ចូល​ស្រុក​និង​​បាន​ទទួលការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ឯ​លោកស្រី​ ភេនថងថាន ស៊ីណាវ៉ាត់ ជា​កូនស្រី​ពៅ​​របស់​លោក​ថាក់ស៊ីនស៊ីណាត់វ៉ាត់ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រីថៃ ភេទ​ស្រី​វ័យ​ក្មេង​ជាង​គេបំផុត​នៅ​ថ្ងៃទី​១៦​សីហា​។នៅប្រទេសបារាំង ប្រឈម​នឹងអប្រជាប្រិយភាពដ៏​ខ្លាំងក្លា លោកប្រធានាធិបតី​អេម៉ានុយអែលម៉ាក្រុង​ បាន​ប្រកាស​រំលាយ​សភា​ និង​រៀប​ចំ​ការបោះឆ្នោត​សភា​ឡើង​វិញ​។ ប៉ុន្តែ​ជា​សំណាង​អាក្រក់ លទ្ធផល​ឆ្នោត​បាន​ជំរុញ​បារាំង​ឱ្យ​ផុង​ក្នុង​វិបត្តិ​នយោបាយ​កាន់​តែ​ខ្លាំង ដោយ​គ្មាន​បក្សនយោបាយ​ណា​អាច​ប្រមូល​សំឡេងភាគ​ច្រើនដាច់​ខាត​សម្រាប់​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន។ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ បារាំង​ប្តូរ​ផ្លាស់​នាយករដ្ឋមន្ត្រី​ដល់ទៅ​បួន​រូប។ នាយករដ្ឋមន្ត្រី​បេរ៉ូ​ ដែល​ទើប​ឡើង​មក​​ជំនួស​នាយក​រដ្ឋមន្ត្រី​​បីខែ​ មីស្ហែលបានីញ៉េ ទើប​អាច​ប្រកាស​សមាសភាព​​រដ្ឋាភិបាល​ថ្មី​បាននៅមុន​​ណូអែល​មួយ​ថ្ងៃ។ ​ ដោយ​មាន​សមាសភាពទេសរដ្ឋមន្ត្រីពីរ​នាក់​ជា​អតីត​នាយករដ្ឋមន្ត្រីផង រដ្ឋាភិបាល​លោកបេរ៉ូ រងការ​រិះគន់​ពីគ្រប់​ចរន្តនយោបាយ។ មិន​ដឹង​ថា​តើ​រដ្ឋាភិបាល​នេះ​អាច​មានអាយុ​វែង​ប៉ុន្មាន​ថ្ងៃ​ទេ។ក្រៅ​អំពី​ជម្លោះប្រដាប់​អាវុធនិង​​នយោបាយឡើងកម្តៅ​​ស្ទើរ​គ្រប់​ទិសទី ២០២៤ក៏​ជា​ឆ្នាំ​ដ៏​ក្តៅ​ជាង​គេបើនិយាយ​អំពីសីតុណ្ហភាព ការ​ប្រែប្រួល​​អាកាសធាតុ និងការឡើង​កម្តៅ​ ​នៃ​ភព​ផែនដី។ ជា​ផលវិបាក ភ្លើង​ឆេះព្រៃ​ ដ៏​កំណាច​នៅ​អាមេរិក ​ភាពរាំងស្ងួត​ដ៏​ចម្លែក​នៅ​អាម៉ាហ្សូន។ ​ទឹក​ជំនន់ និងការហូរបាក់ដី យ៉ាង​ចម្លែក​ នៅ​អេស្ប៉ាញ​ កាលពី​ខែ​តុលា ស្លាប់​មនុស្ស​អស់​ជាង​២៣០នាក់ ព្រមទាំង​ការ​ខូចខាត​ជាសម្ភារៈ​យ៉ាងច្រើន។​ គ្រោះធម្មជាតិ​កំណាចៗបែបនេះ អាច​នឹង​មាន​កើត​ច្រើន និង​កាន់​ញឹក នា​ពេល​​អនាគត។ ហ្វីលីពីន​ក្លាយ​ជា​ប្រទេស​រងគ្រោះ​ព្យុះ​ទីហ្វុង​ច្រើន​និង​កំណាច​ជាង​គេ​បំផុត។ ប៉ុន្តែ​នៅCopអាកាសធាតុ ​Copជីវៈចម្រុះ Copប្លាស្ទិក ឆ្នាំ​នេះសន្និសីទ​អង្គការ​សហប្រជាជាតិជុំ​វិញ​អាកាសធាតុ​គ្មាន​សម្រេច​លទ្ធផល​អ្វី​ជា​ដុំ​កំភូន​ទេ។ COP២៩​ បាន​ត្រឹម​ សន្យា​ផ្តល់​ហិរញ្ញវត្ថុ​អាកាសធាតុ​​៣០០ពាន់​​លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗរហូត​ដល់ឆ្នាំ​​២០៣៥​ សម្រាប់​ឱ្យ​ក្រុមប្រទេស​ងាយរងគ្រោះ​ចាត់​ចែង​ដោះស្រាយ​គ្រោះមហន្តរាយ និង​អភិវឌ្ឍ​ការ​​សម្របខ្លួន​​តាម​អាកាសធាតុ។ ពាក្យ​សន្យា​ជា​រឿង​មួយ ការព្រមព្រៀង​និង​បញ្ចេញ​សកម្មភាពជាក់​ស្តែងជា​រឿង​មួយ​ផ្សេង​ទៀត និង​មិន​គ្រប់​គ្រាន់​ទេ សម្រាប់​មតិភាគ​ច្រើន បើ​យោល​ទៅ​លើ​ល្បឿន​នៃការ​ប្រែប្រួល។ក្នុង​វិស័យ​អវកាស អឺរ៉ុប​កំពុង​មានក្តី​សង្ឃឹម​ថ្មី ជាមួយ​នឹងការ​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​យាន​ អារីយ៉ាន​៦ ពាំ​កូនផ្កាយ​រណប​ជា​ច្រើន​ទៅ​ក្នុងគន្លង​តារាវិថី។ អំណើះ​តទៅ​ អឺរ៉ុបអាច​នឹង​មាន​ស្វ័យភាព​ក្នុង​ផ្នែក​អវកាស​។ ចំណែក​អវកាស​អាមេរិក យាន​SpaceX បាន​បញ្ជូន​អវកាសយានិក​មិនមែន​អាជីព​​ពីររូប​ ជា​លើក​ទីមួយ​ ទៅក្នុង​​លំហ​​។ជា​ចុងក្រោយ​ ២០២៤មិនអាក្រក់​ទាំង​ស្រុង​ឡើយ។ ២០២៤​ ក៏​បាន​​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ល្អ និង​ភាព​រីករាយនៃកីឡាអូឡាំពិក​ក្រុង​ប៉ារីស​។ ១០០ឆ្នាំក្រោយ ​បារាំង​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំអូឡាំពិក​ជា​លើកទីពីរ។​ ការ​បើក​កម្មវិធី​កីឡាអូឡាំពិក​នៅ​តាម​ដង​ទន្លេសែន ក្រោមតំណក់​ទឹក​ភ្លៀង​រលឹម​ បាន​ទទួល​ការ​សាទរ​និង​តាម​ដាន​ទស្សនា​ក្នុង​ចំនួន​ច្រើន​បំផុត បំបែក​ឯតទគ្គកម្មពិភពលោក។ កម្មវិធីបិទ​ ក៏​អធិកអធម​និងបង្កប់​ដោយ​ភាព​ភ្ញាក់ផ្អើលមួយ តាម​រយៈ​វត្តមាន​របស់អ្នក​ចម្រៀង​រ៉ាប់​ខ្មែរ វ៉ាន់ដា លើ​ឆាក​៕

  20. 5

    ស៊ីរី៖ ក្រុមឧទ្ទាម​សំរុកចូលដល់រដ្ឋធានីដាម៉ាស ខណៈលោកបាស្ហា អាល់អាសាដ រត់គេចខ្លួនបាត់

    នៅស៊ីរី ក្រុមឧទ្ទាមដែលបាន​វាយសំរុក​យ៉ាងខ្លាំងនិងដ៏លឿនរហ័សប្រមាណ​១០ថ្ងៃមកនេះ ពេលនេះ​បានចូលទៅដល់រដ្ឋធានីដាម៉ាសហើយ នៅថ្ងៃទី​៨ធ្នូ។ ក្រុមឧទ្ទាម ​បានប្រកាសថា របបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ បានដួលរលំ។ គួរបញ្ជាក់ថា​ នេះគឺជាការ​ដួលរលំនៃរបបផ្តាច់ការត្រកូស អាសាដ ដែលបាន​ដឹកនាំ​ប្រទេសស៊ីរី តាំងតែពីឆ្នាំ​១៩៧១ តពីជំនាន់ឪពុក រហូតដល់កូន។ “របបផ្តាច់ការបាស្ហាដួលរលំហើយ!”យោងតាមព័ត៌មានចុងក្រោយ​ដែលយើងទទួលបាន​ នៅព្រឹកថ្ងៃអាទិត្យទី​៨ធ្នូ គឺក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី បានសំរុកចូលដល់ក្នុងរដ្ឋធានីដាម៉ាសហើយ គឺចូលសឹងតែដោយគ្មានការប្រយុទ្ធតែម្តង ព្រោះថាកងទ័ពស៊ីរីបាននាំគ្នា​ដកថយ ខ្លះរត់គេច ខ្លះទៀតបានទម្លាក់អាវុធមិនប្រយុទ្ធ​។ ប្រជាជនស៊ីរីជាច្រើនរយនាក់ បាននាំគ្នាមកជួបជុំនៅតាមផ្លូវ តាមទីសាធារណៈ ស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរ អមដោយ​សំឡេងកំាំភ្លើងបាញ់រះទៅលើ បន្លឺពីជោគជ័យនេះផង។រូបសំណាករបស់ លោក Hafez al Assad អតីតមេដឹកនាំស៊ីរី នឹងដែលជាឪពុល​លោកបាស្ហា អាល់អាសាដ ត្រូវបានប្រជាជនស៊ីរី វាយផ្តួលរំលំ នៅទីលានអូម៉ាយ៉ាដ កណ្តាកក្រុងដាម៉ាស។ ក្រុមឧទ្ទាម បានថែមទាំងចូលទៅ​វាយ​កម្ទេច ស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងដាម៉ាសថែមទៀតផង ព្រោះថាគឺអ៊ីរ៉ង់ដែលជាអ្នកជួយការពារ​របបផ្តាច់ការ​​បាស្ហា អាល់អាសាដ ជាច្រើនឆ្នាំមកនេះ​។​ក្រុមឧទ្ទាម បានប្រកាសផ្សាយ​តាមបណ្តាញទូរទស្សន៍ជាតិស៊ីរី ថាពេលនេះ របបដឹកនាំផ្តាច់ការ បាស្ហា អាល់អាសាដ បានដួលរលំជាស្ថាពរហើយ ហើយ​ទីក្រុងដាម៉ាស ត្រូវបានរំដោះ​បាន​ទាំងស្រុង​។ ក្រុមឧទ្ទាមបានអះអាងទៀតថា មុននឹងចូល​ដល់កណ្តាលក្រុងដាម៉ាស គេបាន​ចូលទៅ​បើកទ្វារគុក​ជាច្រើនកន្លែង​ ដើម្បីដោះលែងអ្នកទោសនយោបាយ ជាច្រើនពាន់នាក់ ដែលពួកគេសុទ្ធតែត្រូវបាន​របបផ្តាច់ការបាស្ហា អាល់អាសាដ ចាប់ដាក់គុកយ៉ាងអយុត្តិធម៌បំផុត អ្នកខ្លះជាប់ឃុំ៣០-៤០ឆ្នាំហើយ​។​លោក​បាស្ហា អាល់អាសាដ រត់គេចខ្លួន​បើផ្អែកតាម​លោក Rami Abdel Rahmane អគ្គនាយកអង្គការឃ្លាំមើលស៊ីរី ដែលមានបណ្តាញយ៉ាងច្រើនប្រចាំនៅស៊ីរីផ្ទាល់ គឺ​ លោក​បាស្ហា អាល់អាសាដ បានរត់គេចខ្លួនហើយ ដោយបាន​ប្រញេបប្រញាប់ឡើងយន្តហោះ ចេញពីអាកាសយានដ្ឋានទីក្រុងដាម៉ាស មុនពេល​ក្រុម​ឧទ្ទាមចូលទៅដល់​បន្តិច។ ប្រភពដដែលនេះ អះអាងថា គ្រាន់តែយន្តហោះចេញផុត​ភ្លាម ​ក្រុម​សន្តិសុខអង្គរក្ស និងក្រុមទាហានដែលការពាររបបបាស្ហា អាល់អាសាដ ក៏បាននាំគ្នា​បែកជើងគ្នារត់គេចអស់រលីងដែរ។ដូចគ្នាដែរ មន្ត្រីទាហានជាន់ខ្ពស់ស៊ីរី២នាក់ បានប្រាប់​ទីភ្នាក់ងារព័ត៌មានReuters ថាលោក​បាស្ហា អាល់អាសាដ ពិតជាបាន​ចាកចេញពីទីក្រុងដាម៉ាស តាមយន្តហោះពិតមែន នៅព្រឹកថ្ងៃអាទិត្យនេះ​។ តែប្រភពនេះ លើកឡើងថា គ្មាននរណាដឹងថា លោកបាស្ហា អាល់អាសាដ រត់ទៅជ្រកនៅទីកន្លែងណា ប្រទេសណាទេ។ដួលរលំ ដោយសារលែងមាន​​រុស្ស៊ី​និងអ៊ីរ៉ង់ជួយ​ថ្ងៃ៨ធ្នូ​២០២៤​ ជាថ្ងៃប្រវត្តិសាស្ត្រហើយ សម្រាប់ប្រជាជនស៊ីរី ព្រោះថារបបផ្តាច់ការស៊ីរី ដឹកនាំតពូជត្រកូលអាសាដ​ ពីជំនាន់​ឪពុករហូតដល់កូន តាំងតែពីឆ្នាំ​១៩៧១មក ពោលគឺជាង​៥០ឆ្នាំហើយ ស្រាប់តែមកដួលរលំយ៉ាងងាយ​នៅពេលនេះ។ ប្រជាជនស៊ីរីខំធ្វើបាតុកម្មប្រឆាំងកាលពីឆ្នាំ​២០១១ ហើយឈានក្លាយ​ផ្ទុះជាសង្គ្រាមស៊ីវីល​មហាវិនាសកម្ម​ តែរបបនេះនៅតែឈរមាំដដែល។ តែស្រាប់តែពេលនេះ ត្រឹមតែ១០ថ្ងៃសោះ ក្រុមឧទ្ទាម​បាន​បើកប្រតិបត្តិការ​វាយ​សំរុក ដណ្តើមបានទីក្រុងធំៗជាបន្តបន្ទាប់ រហូតចូលដល់រដ្ឋធានីដាម៉ាស​ ហើយ​ទៅបំផុតលោក​បាស្ហា រត់​ប្រាសអាយុបាត់។​បើនិយាយឲ្យងាយស្តាប់ទៅ ធាតុពិត គឺ​របបដឹកនាំរបស់​បាស្ហា អាល់អាសាដ ក្រោយ​ចប់សង្គ្រាមស៊ីវីល នៅសល់តែស្បែក​ដណ្តប់ឆ្អឹងប៉ុណ្ណោះ។ កន្លងមក​​ របបនេះបានបង្ក្រាប​ចលនាប្រឆាំងបះបោរបាន គឺដោយសារតែមានរុស្ស៊ី និងអ៊ីរ៉ង់ជាអ្នកជួយ​។ អ៊ីរ៉ង់​បញ្ជូន​កម្លាំងកូនចៅខ្លួន ដោយ​មានទាំងក្រុមហេសបូឡាលីបង់ផង ចូលទៅ​ជួយទប់ការពារ​បាស្ហា អាល់អាសាដ។ រុស្ស៊ីវិញ បានប្រើយន្តហោះចម្បាំង បាញ់ទម្លាក់គ្រប់ទៅលើផ្ទះប្រជាជនស៊ីរី ទៅលើទីតាំងរបស់ក្រុមឧទ្ទាម ធ្វើ​ឲ្យ​ចលនាបះបោរ ត្រូវបាក់ស្រុតងើបលែងរួច។ដូច្នេះគ្មានអ្វីឆ្ងល់ទេ របបផ្តាច់ការបាស្ហា ដួលរលំនៅពេលនេះ គឺដោយសារតែ​លែងមានអ៊ីរ៉ង់ និងរុស្ស៊ីជួយទេ។ រុស្ស៊ី​កំពុងរវល់សំរុកប្រយុទ្ធនៅអ៊ុយក្រែន ចំណែកអ៊ីរ៉ង់វិញ ដូចយើងដឹងហើយ ត្រូវបាក់ធ្មុងសឹងទាំងស្រុង ដោយសារតែអ៊ីស្រាអែល។ ក្រុមហេសបូឡា កូនចៅអ៊ីរ៉ង់ដែលធ្លាប់តែចាំជួយកងទ័ពស៊ីរី ពេលនេះ​កំពុងតែបាក់កម្លាំងខ្លាំងណាស់ ស្លាប់សមាជិក​អស់រាប់ពាន់នាក់ មិនអាចមកជួយ​លោក​បាស្ហាបានទេ។ លោក​បាស្ហា និងទាហានខ្លួន​ នៅឯកោទាំងស្រុង​តែម្តង ប្រឈមនឹង​កម្លាំងស្ទុះឡើងរបស់​ក្រុមឧទ្ទាម​។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយ​នេះ កងទ័ពស៊ីរីច្រើនពាន់នាក់ណាស់ ដែលបានបាក់ទ័ព​នាំគ្នា​រត់ប្រាសអាយុទៅអ៊ីរ៉ាក់​ ហើយខ្លះទៀត សុខចិត្ត​ទម្លាក់អាវុធ​លើកទង់ជ័យសតែម្តង​។ក្រុម​ឧទ្ទាមមានច្រើនក្រុម​ ដឹកនាំដោយ​ក្រុម​​ Hayat Tahrir al Chamក្រុមឧទ្ទាមដែលបានបើកការវាយប្រហារសំរុក​ប្រមាណ​១០ថ្ងៃមកនេះ គឺមានច្រើនក្រុមធាតុពិតទៅនោះ ដោយគេបានសហការគ្នា ខ្លះវាយដេញពីជើង ខ្លះឡើងពីខាងត្បូងមក។ តែក្រុមដែលដឹកនាំធំចេញមុខខ្លាំងជាងគេ គឺក្រុម Hayat Tahrir al Cham ដែលបានវាយចុះពីខាងជើងមកខាងត្បូង ដណ្តើមបានទីក្រុង​អាឡិប និងអ៊ីដឡិប រហូតចូលមកដល់កៀកនឹងទីក្រុងដាម៉ាស។ ដោយ​ឡែក ក្រុមដែលបានចូលទៅ​ដល់​ទីក្រុងដាម៉ាសមុនគេ គឺក្រុមមួយទៀត ដែលបានវាយសំរុកឡើងពីខាងត្បូងមក​។បញ្ហានេះវាបង្កឲ្យ​មានភាពស្មុគស្មាញ ពិបាកយល់បន្តិច មិនដឹងក្រុមណាជាក្រុមណា ព្រោះថាវាអាចមាន​លាយ​ឡំដោយក្រុមជីហាតអ៊ីស្លាមជ្រុលនិយម។ ជាក់ស្តែង ក្រុមឧទ្ទាម Hayat Tahrir al Cham ដែលសកម្មជាងគេក្នុងប្រតិបត្តិការនេះ ការពិតគឺជាអតី​តក្រុមឈ្មោះ សមរភូមិAl Nousra ដែលជាមែកធាងមួយរបស់​ក្រុមអាល់កៃដា ប្រចាំនៅស៊ីរី។ ក៏ប៉ុន្តែ ក្រោយមក មេរបស់ក្រុមនេះឈ្មោះ Abou Mahammed al Golani បានប្រកាសផ្តាច់ចំណង​ទាក់ទង​ជាមួយ​ពួកអាល់កៃដា កាលពីឆ្នាំ​២០១៦​។ ក្រៅពីក្រុមឧទ្ទាមដ៏ធំនេះ គឺនៅមានក្រុមឧទ្ទាមច្រើនក្រុមទៀត ដែលគេស្គាល់ថា បានទទួល​ការជួយទំនុកបម្រុងពីតួកគី ហើយនិងមានក្រុមកួក ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់​កងទ័ពអាមេរិកដែរ។ អនាគតប្រទេស​​ស៊ីរី ទៅជាយ៉ាងណា?ពេលនេះ​ អ្នកខ្លះត្រេកអរដែលរបបបាស្ហា អាល់អាសាដ ដួលរលំ តែទន្ទឹមនឹងនេះ អ្នកខ្លះចោទសួរ ថាថ្ងៃមុខទៅជាយ៉ាង​ណាទៀត ? ប្រសិនបើគ្មានការ​រៀបចំផ្លាស់ប្តូរអំណាច​ឲ្យ​បានត្រឹមត្រូវ​ទេ​​ ស៊ីរីប្រាកដជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវីល ធ្វើ​ឲ្យតំបន់ដើមបូព៌ា កាន់តែអស្ថិរភាពថែមទៀត។ អ្នកខ្លះទៀត បង្ហាញការបារម្ភថា ក្រុមឧទ្ទាម Hayat Tahrir al Cham អាចនឹង​ប្រកាសបង្កើតរបបដឹកនាំអ៊ីស្លាមផ្តាច់ការនៅស៊ីរីក៏ថាបាន​។តែយ៉ាងណាក៏ដោយ ផ្អែកតាម​ការវិភាញរបស់​លោក Joshua Landis ប្រធាន​មជ្ឈមណ្ឌលសិក្សា​តំបន់ដើមបូព៌ានៅ​សកលវិទ្យាល័យ Oklahoma បាន​លើកឡើងថា  Abou Mahammed al Golani មេធំរបស់ Hayat Tahrir al Cham មិនចង់ឃើញ​ស៊ីរីធ្លាក់ខ្លួនដូចអ៊ីរ៉ាក់ កាលពីឆ្នាំ​២០០៣ទេ។ អ្នកជំនាញរូបនេះ លើកឡើងថា ក្រុមនេះ ប្រាកដជាបោះដៃហុចទៅកាន់សហគមអន្តរជាតិ ជាពិសេសទៅកាន់អឺរ៉ុបនិងអាមេរិក ដើម្បីកសាងស៊ីរីឡើងវិញក្រោយរបបបាស្ហា។ជាក់ស្តែង នៅព្រឹកថ្ងៃអាទិត្យនេះ មេក្រុម Hayat Tahrir al Cham បានថ្លែងសារប្រកាសថាខ្លួនចង់​ ឲ្យ​មានការធ្វើអន្តរកម្មអំណាច​ប្រកបដោយ​ការទទួលខុសត្រូវ គ្មានការបង្ហូរឈាម។ Abou Mahammed al Golani មេក្រុម Hayat Tahrir al Cham បានប្រកាស​ប្រាប់ទៅកងកម្លាំងខ្លួនទាំងអស់ ថាមិនត្រូវ​ចូល​ទៅកាន់កាប់ ទីតាំងស្ថាប័ន​រដ្ឋ​ស៊ីរី​ ឡើយហើយថែម​បានអះអាងទៀតថា សម្រាប់ពេលនេះ ត្រូវទុកកិច្ចការងារដឹកនាំប្រទេស ឲ្យ​លោកនាយករដ្ឋមន្ត្រីស៊ីរី Mohammed Jalali បន្តចាត់ចែង​តាមធម្មតា ទំរាំមានការចរចា រៀបចំអំណាចនយោបាយឡើងវិញ។ការប្រកាសទាំងនេះ វាជាសញ្ញាល្អ ដែលបញ្ជាក់អំពីចេតនា ចង់រៀបចំប្រទេសឲ្យ​បានត្រឹមត្រូវ ចៀសវាងសង្គ្រាមស៊ីវីល។ វាគឺ​ជា​អ្វី​ដែលសហគមអន្តរជាតិចង់បានទាំងអស់គ្នា ព្រោះថា​ប្រជាជនស៊ីរីបានរងទុក្ខវេទារាប់សិបឆ្នាំមកហើយ ដោយសារតែរបបផ្តាច់ការផង និង​សង្រ្គាមស៊ីវីល​ផង៕

  21. 4

    កិច្ចប្រជុំ​កំពូល​​​COP29 កៀរគរ​ហិរញ្ញវត្ថុ​និងរក​ដំណោះស្រាយ​ទប់​ទល់ការ​ប្រែប្រួល​អាកាសធាតុ

    ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប់​ពីថ្ងៃទី​១១វិច្ឆិកានេះ​ រហូត ដល់​២២វិច្ឆិកា ខាងមុខ។  ជំនួប​កំពូល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ លើកនេះ ផ្តោត​ជា​សំខាន់​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​និង​រក​ដំណោះស្រាយ​ទប់​ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​រក​មធ្យោបាយ​ជួយ​ប្រទេស​ក្រីក្រ ឲ្យ​​មាន​សមត្ថភាព​និងលទ្ធភាព​ ​សម្របខ្លួន​នឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុ​នៃកិច្ចប្រជុំពិភពលោក​​នេះ ត្រូវ​ថមថយសន្ទុះជាខ្លាំង ព្រោះតែ​ជ័យ​ជម្នះជាប់​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ ឡើង​ដឹកនាំសហរដ្ឋ​​អាមេរិក​នៅពេល​ដ៏ខ្លីខាងមុខ​។​​​ ​ អវត្តមាន​មេដឹកនាំ​កំពូលៗ​របស់ពិភពលោកថ្នាក់ដឹកនាំ​ធំៗ​ក្នុងលោក​ បញ្ជាក់​អវត្តមាន មិន​ចូលរួមកិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ COP 29  ​ នោះទេ​។ អធិការ​បតីអាល្លឺម៉ង់ ប្រធានាធិបតី​បារាំង ​ប្រមុខ​រដ្ឋ​ចិន ចៅហ្វាយ​សេតវិមាន​អាមេរិក ប្រធានាធិបតី​ប្រេស៊ីល និង​នាយករដ្ឋមន្ត្រីឥណ្ឌា សុទ្ធសឹងតែ​ថា​អវត្តមាន​ ដោយ​សំអាង​​ហេតុ​ផល​ផ្សេងៗគ្នា​។ អ្នក​ខ្លះ​ប្រកាស​លុប​ចោល​ដំណើរ​ទៅប្រជុំ​នៅ​​អាស៊ែរ​បៃហ្សង់ នោះ ដោយ​ថាមានជំងឺ​ ឬ ខ្លះព្រោះ​មាន​បញ្ហា​វិបត្តិ​ក្នុងស្រុក ជាដើម​។​​ រុស្ស៊ី, លោក វ្ល៉ាឌីមៀរ ពូទីន មិនទៅទេ តែ​ឲ្យ​នាយករដ្ឋមន្ត្រី​ទៅជំនួស។​ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ G20 ​ដែល​តំណាង​ឲ្យ​ ៧៧% នៃការ​បញ្ចេញ​ផ្សែង​ឧស្ម័ន​ផ្ទះកញ្ចក់​ បំពុល​ផែនដីនិងជំរុញ​កំណើនកម្តៅ​ផែនដីនោះ, ​មាន​មេដឹកនាំកំពូលប្រទេស​តែ​ ៤ ប៉ុណ្ណោះ ដែល ​បានអញ្ជើញ​ទៅដោយផ្ទាល់​នៅ​​​អាស៊ែរ​បៃហ្សង់។ នោះគឺនាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ, លោកស្រីចរចា មេឡូនី នាយករដ្ឋមន្ត្រីអ៊ីតាលី, ប្រធានា​ធិបតីតួកគី រេសេប តាយីប អ៊ែរដូហ្កាន និង​ព្រះចៅអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន។ បើ​គិត​ក្នុង​រង្វង់​ប្រទេស​សហភាព​អឺរ៉ុប​វិញ មានតែ​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ Pedro Sanchez និងប្រធានាធិបតី​​ប៉ូឡូញ​ Andrzej Duda ហើយ​និង​ប្រធានក្រុមប្រឹក្សាអឺរ៉ុប ស្ហាល មីស្ហែល​ ក៏ប៉ុន្តែ ប្រធានគណៈកម្មការអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន មិនអញ្ជើញ​ទៅក្រុង​បាគូ នោះឡើយ។​ទោះចង់​មិនចង់ ការ​ថមថយ​ការ​ចូលរួម​ក្នុង​កិច្ចការអាកាសធាតុពី​ថ្នាក់ដឹកនាំ​ពិភពលោក​ គ្រា​នេះ ​មាន​ចំណែក​ធំ ព្រោះតែ​ផលវិបាក​នៃ​ជ័យ​ជម្នះរបស់​លោក ដូណាល់ ត្រាំ វិល​ត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិកជាថ្មី។ ចំពោះ​ប្រទេសគិតគូរអាកាសធាតុ និង​ក្រុម​អ្នក​​ស្រឡាញ់​បរិស្ថាន, លោក ដូណាល់​ ត្រាំ ​ជា​រណាំង​​បង្អាក់​ដំណើរ​ប្តេជ្ញា​ចិត្ត​ទប់​ទល់ទប់​ស្កាត់​​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល សហរដ្ឋ​​អាមេរិក ​ធ្លាប់​បាន​សន្យា ហើយ​និង​ជា​រាំង​ខ្ទប់​ការទូត​បរិស្ថាន​អាកាសធាតុ។គេ​ដឹង​ហើយថា​ លោក ដូណាល់ ត្រាំ ​​ត្រូវ ​អ្នក​បរិស្ថាន​អាកាសធាតុ រិះគន់​​ថ្កោលទោស ថា​គ្មាន​គំនិត​ស្នេហា​បរិស្ថាន​ភពផែនដី​នោះឡើយ។​ លោក ត្រាំ ខ្លួន​ឯង​ បាន​អះ​អាង​​ញឹក​ញយ​និង​​ជាសាធារណៈ​ ថា​ការ​ប្រែប្រួល​អាកាសធាតុ ជារឿង​គួរ​ឲ្យ​អស់​សំណើច ជារឿង​កំប្លែង​លេង​​​សើច​។ កាលពី​​​កាន់អំណាច​អាណត្តិមុន ​លោក ត្រាំ បាន​ដកសហរដ្ឋ​អាមេរិក​ចេញពី​កិច្ច​ព្រម​ព្រៀង​​ដើម្បីអាកាសធាតុទី​​ក្រុង​ប៉ារីស​ តែត្រូវ​លោក ចូ បៃដិន បាននាំអាមេរិក​​ត្រឡប់​ចូល​កិច្ចព្រមព្រៀង​វិញ នៅឆ្នាំ២០២១។ លោកត្រាំ ក៏​នឹង​ដក​អាមេរិកចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ ជាថ្មីទៀត នៅពេល​លោកចូល​កាន់អំណាច ជាផ្លូវការ នៅដើមឆ្នាំថ្មីខាងមុខ។​ ហើយ​លោក សន្យា​បើកដៃ​ឲ្យ​ក្រុម​ហ៊ុន​អាមេរិក ជីក ខួង រ៉ែ និង​ចម្រាញ់​ប្រេង​ យ៉ាង​ពេញទំហឹង​។​ សកម្មភាព​ទាំងនេះ ផ្ទុយ​ពីកិច្ចខំប្រឹងប្រែង​ដើម្បីអាកាសធាតុ​។​​​អាស៊ែរបៃហ្សង់ ចាប់ខ្លួន​សកម្មជនបរិស្ថាន​អាស៊ែរបៃហ្សង់ ត្រូវ​គេ​ចាត់ថា ជាកូន​សិស្ស​មិនសូវ​ល្អទេ ខាង​គោរព​សិទ្ធិ​មនុស្ស ហើយ​ក៏​ជាប្រទេស​ដែល​​​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ច្រើន ព្រមទាំង​បូមចម្រាញ់​ឧស្ម័ន រ៉ែ និង​ប្រេង ក៏​ច្រើន​សន្ធឹក​ណាស់ដែរ​។​ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស ប្រទេស​នេះ​ចាប់ខ្លួន​ក្រុម​អ្នក​ប្រឆាំង និង​អ្នក​ទោស​នយោបាយ ជា​​ច្រើន​សិបនាក់​​ដាក់​ពន្ធនាគារ​។  ក្នុងចំណោះម​នោះ មានទាំង​អ្នក​កាសែត​ ហើយ​និង​ក្រុម​សកម្មជន​អាមេនី​ទាមទារ​ផ្តាច់​ខ្លួន ដែរ​​។ អ្នក​ជាប់​ឃុំ​ខ្លះទៀត​ជា​សកម្មជន​បរិស្ថាន​អាកាសធាតុ​ដែរ។​ ទាំងនេះជា​ហេតុផល​ធំ១ ដែល​ថ្នាក់ដឹកនាំកំពូល​របស់​ប្រទេស​បារាំង មិន​អញ្ជើញ​ទៅជាន់​ដី​អាស៊ែរបៃហ្សង់។​អាស៊ែរបែហ្សង់និង​អាមេនី មាន ​​ជម្លោះចាស់នឹងគ្នា ទំនាស់​រ៉ាំរ៉ៃ​ ព្រោះតែ​បញ្ហាអប្បគមន៍ ដែល​ចេះតែបន្ត​អូសបន្លាយ​។ បារាំង​គាំទ្រ​អាមេនី។ អាមេនី ធ្លាប់​រងគ្រោះ​ប្រល័យ​ពូសាសន៍​ពី​តួកគី ឆ្នាំ១៩១៥-១៦។ ម្លោះហើយ បារាំង​​មាន​សមានចិត្ត​អាណិត​ប្រទេស​នេះ ដែល​ចេះតែ​ធ្លាក់​ខ្លួន​​រងគ្រោះ​ជាបន្តបន្ទាប់ពីព្រោះ​ការ​គាប​សង្កត់និង​កាប់សម្លាប់។ ប្រការដែល​ ប្រធានាធិបតីបារាំង មិនអញ្ជើញ​ទៅប្រជុំ​កំពូល​អាកាសធាតុ នៅ​អាស៊ែរ​បៃសង់​ គឺ​ស្តែងឲ្យឃើញថា នេះ​ជា​លើកទី១ តាំងពី​លោក អេម៉ានុយអែល​ ម៉ាក្រុង ​ឡើង​កាន់អំណាច ៧ ឆ្នាំមកនេះ។ កាល​ឆ្នាំទៅមិញ បារាំង​បញ្ជូន​រដ្ឋមន្ត្រី ៨ នាក់​ទៅប្រជុំកំពូល​អាកាសធាតុ នៅអេម៊ីរ៉ាត់អារាប់រួម។ ឆ្នាំនេះ មានតែ​ម្នាក់​ប៉ុណ្ណោះ គឺលោកស្រី​រដ្ឋមន្ត្រីបរិស្ថាន​​ Agnès Pannier-Runacher ​ទៅប្រជុំអាកាសធាតុនៅ​ក្រុង​បាគូ​។ រដ្ឋមន្ត្រីបារាំង ត្រូវ​ដាក់​កំហិត​ឲ្យ​​ធ្វើកិច្ច​ការតែ​សំណុំរឿង​អាកាសធាតុ​តែប៉ុណ្ណោះ ​ដោយ​មិនត្រូវ​ជជែក​ទាក់ទង​ទ្វេភាគី​អ្វី ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ែរ​បៃសង់ ឬ​ក៏​មិន​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អាស៊ែរ​បៃសង់ រីកមុខរីកមាត់​អ្វីដែរ។COP29​ហិរញ្ញវត្ថុទោះ​អវត្តមាន​ថ្នាក់ដឹកនាំ​កំពូលជាច្រើន​នាក់ ក៏ពិតមែន តែ​ប្រទេស​ចំនួន ១៩៨ បាន​បញ្ចូន​តំណាង​របស់​ខ្លួន ទៅ​ចូលរួម​ប្រជុំ​កិច្ចប្រជុំ និង​ចរចា។ មនុស្ស​ចូលរួម​សរុប ប្រមាណជា ៥១ ០០០ នាក់។ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ  COP29 នៅអាស៊ែរបែហ្សង់ ឆ្នាំនេះ ត្រូវ​គេ​ប្រសិទ្ធនាម​មួយ​បែប​ទៀតថា «COP29​ហិរញ្ញវត្ថុ»។ បាន​សេចក្តីថា បណ្តាប្រទេស​ចូលរួមប្រជុំ​ ត្រូវជជែក​ចរចាគ្នាសម្រេច​គម្រោង​ហិរញ្ញវត្ថុ​ ហើយ​​ផ្តោតជាសំខាន់ កៀងគរកញ្ចប់​ជំនួយ​លុយ​ពីប្រទេស​អ្នកមាន ដើម្បី​ជួយ​ដល់​ប្រទេសក្រីក្រ ឲ្យមានសមត្ថភាពនិងលទ្ធភាព សម្របខ្លួននឹងកំណើនកម្តៅផែនដី។កាលពី​១៥ឆ្នាំមុន កិច្ចប្រជុំនៅក្រុង​ Copenhague គេ​សម្រេច​កញ្ចប់​លុយ ១០០ពាន់​លាន​ដុល្លារ​ ក្នុង១ឆ្នាំៗ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ។ ឆ្នាំ​២០២២ កញ្ចប់​លុយឡើង​ដល់ ​១១៦ ពាន់​លានដុល្លារ។ ឆ្នាំនេះវិញ កញ្ចប់​លុយ​ ក៏​មិនគួរ​នឹង​តិច​ជាង​១០០ពាន់​លាន​ដុល្លារដែរ។ ទោះម្តេ​ចក្តី ប្រទេស​នីមួយៗ​ពុំ​ទាន់​​បាន​បង្ហាញ​ជំហរ​ឆន្ទៈ​សន្យាថា ខ្លួន​យល់​ព្រម​ធ្វើ​វិភាគទាន​ប៉ុន្មាននោះឡើយ។​ឆ្នាំនេះដែរ ប្រទេស​ជាច្រើន​ ស្នើ​ឲ្យ​ដាក់​ពន្ធ​ឲ្យ​ធ្ងន់​​និង​ច្រើន ទៅដល់​ក្រុមហ៊ុន​យក្ស​រកស៊ីខាង​ប្រេង​ រ៉ែ និង​ក្រុមហ៊ុន​ដែល​រកស៊ីដែល​បំផ្លាញបរិស្ថានអាកាសធាតុ ត្រូវ​តែជាប់​កំហិត​ឲ្យ​បង់​វិភាគទាន​ ទៅដល់​គម្រោង​ស្តារ​អាកាសធាតុ​។ មិនតែប៉ុណ្ណោះ ​ប្រទេស​អ្នក​ចូលរួម​ប្រជុំ ក៏​ចង់​ស្នើឲ្យ​ដាក់ពន្ធ​ឲ្យតឹងតែងដែរ ជុំវិញ​ទំនិញ​ដែល​ប្រើប្រាស់​ ឬផលិត​ចេញ ដោយ​ប្រើ​កាបូន ច្រើន៕

  22. 3

    លោកដូណាល់​ ត្រាំជាប់ឆ្នោត​ជា​ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក

    ​លោក ដូណាល់ ត្រាំ នឹងត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិក​ ជាថ្មី។ ដ្បិតថា​ បេក្ខជន​​​ប្រធានាធិបតី មកពីគណ​បក្ស​សាធារណរដ្ឋ រូប​នេះ​ ​មា​នសំឡេង​ឆ្នោត​នាំមុខ ច្រើន​ជាង​ បេក្ខនារី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ​ ទទួល​បាន​សន្លឹក​ឆ្នោត​​ច្រើន​ជាង ទាំង​សំឡេង​បោះឆ្នោត​ទូទៅ និងទាំង​ប្រតិភូ​តំណាង។ មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧  ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។  ក៏ប៉ុន្តែ លទ្ធផល​ផ្លូវការ​ នៅ​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​។​ ​ ​​បណ្តាញ​ព័ត៌មានកាន់ជើង​លោក ត្រាំ ​ប្រកាសជ័យ​ជម្នះលទ្ធផល​បោះឆ្នោតជ្រើសប្រធានាធិបតី​​អាមេរិក ជំនាន់ទី​៤៧ ​មិនទាន់សម្រេច​​ចេញ​ផ្លូវ​ការ​​និងត្រូវ​ទទួល​ស្គាល់ ជា​​​ផ្លូវ​ការនោះ​​ទេ។​ មុនដំបូង​គេ​បំផុត​ ​​​ប្រព័ន្ធផ្សព្វផ្សាយ​ Fox News ១គត់​ ដែលទំនោរ​គាំទ្រ​លោក ដូណាល់ ត្រាំ និង​លោក ត្រាំ ខ្លួន​ឯង​តែប៉ុណ្ណោះ ដែល​ហ៊ាន​ប្រកាស​អួត​អំពី​ជ័យ​ជម្នះ​របស់​បេក្ខ​ជន​បក្ស​សាធារណរដ្ឋ​ នៅពេលនេះ។ ទោះបីជា​លទ្ធផល​បោះឆ្នោត​មិនទាន់​ផ្លូវការ​ក៏ពិតមែន ប៉ុន្តែ ទាំង​អ្នកនយោបាយ​អាមេរិក​ និង​ ថ្នាក់​ដឹក​នាំ​បរទេស​​ គ្រប់គ្នាមើល៍​ទៅ ឃើញថា ​លទ្ធផល​​ច្បាស់ជា​គ្មានអ្វីប្រែប្រួល​ក្រឡាប់ចក្រត្រឡប់​ផ្សេងពី​នេះ​​ឡើយ​។​​ ដ្បិត​ថា សំឡេង​គ្រាំ​​ចំពោះ​បេក្ខជន​ ដូណាល់​ ត្រាំ ឋិត​នៅ​ឈាន​នាំមុខ​ លោកស្រី ខាម៉ាឡា ហារីស ហើយ​និង​មាន​ប្រៀប​ជាងឆ្ងាយខ្លាំងណាស់​។ ជាក់ស្តែង មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧  ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។ ​ចំពោះ​ ​សំឡេង​ឆ្នោត​ជាទូទៅ ក៏​លោក ត្រាំ បាន​នាំមុខ​ដែរ។ ​ពោល​​គឺ​​លោកបាន​សំឡេងនាំមុខ ​ទាំង​ខាង​សំឡេង​ឆ្នោត​របស់ប្រជាជនទូទៅ និង​នាំមុខ​ទាំង ​ប្រតិភូតំណាង ​អង្គបោះឆ្នោត​។​ផ្ទុយទៅវិញ​ លទ្ធផល​ផ្លូវ​ការ មិនទាន់​បាន​បញ្ជាក់​ជាផ្លូវ​នោះឡើយ​ទេ​  ហើយគូប្រជែង​​​ លោកស្រី ហារីស ក៏មិនទាន់​ប្រកាស​ទទួល​ស្គាល់​ចុះ​ចាញ់​នោះដែរ។​​​​​ ដោយឡែក ទីភ្នាក់ងារ​សារព័ត៌មាន​ AP ដែល​សហគមអន្តរជាតិ​​ទុកចិត្ត​ខ្លាំង​ ​បាន​ប្រកាស​ទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​លោក ត្រាំ ​។​ការបោះឆ្នោតនៅអាមេរិក​គ្រា​នេះ ពុំមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយផ្ទាល់ នោះឡើយ​។​ ពលរដ្ឋអាមេរិកទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រតិភូតំណាង ដែល​គេ​ហៅថា  អង្គបោះឆ្នោត។ អង្គបោះឆ្នោត នេះ ជាបុគ្គល ៥៣៨រូប ដែលជាអ្នកមានភារៈជ្រើសរើសប្រធានាធិ​បតី​ និងអនុប្រធានាធិបតី​។ ហើយ​ប្រសិនបើ បេក្ខជនប្រធានាធិបតីរូបណាម្នាក់ ទទួលសំឡេង បានត្រឹម ២៧០ សំឡេង ពីអង្គបោះឆ្នោតទាំង ៥៣៨ រូប ពេលនោះ បានសេចក្តីថា ឈ្នះឆ្នោតហើយ។ ​គ្រានេះ​ លោក ត្រាំ ទទួល​បានអង្គបោះឆ្នោត ​ចំនួន​ច្រើ​នជាង​​ ២៧០ ទៅហើយ​។​ អាស្រ័យ​ហេតុនេះ​ ទើប​ប្រព័ន្ធផ្សព្វផ្សាយ​ Fox News និង​លោក ត្រាំ ខ្លួនឯង​ ប្រកាស​ជ័យ​ជម្នះ​យកតែម្តង​។​​ថ្នាក់ដឹកនាំបរទេស​ចេញសារ​ប្រតិកម្ម​ អបអរជ័យ​ជម្នះលោក ត្រាំ​លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង ចេញមុខ មុន​​គេ​ អបអរ​សាទរ​លោក ដូណាល់ ត្រាំ។ លោក ម៉ាក្រុង​ ថា​ត្រៀមខ្លួន​រួច​ស្រេច​ដើម្បីធ្វើការជាមួយ​លោក ត្រាំ ក្នុង​រយៈពេល​៤ឆ្នាំទៅមុខ ដោយឈរ​លើ​គោល​ការណ៍​​គោរពគ្នា​ ជាមួយ​នឹង​ជំនឿ​នយោបាយ និងមហិច្ចតា​ ដើម្បី​ជំរុញ​សន្តិភាព​ និង​ភាព​រុងរឿង​។នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ បានស្វាគមន៍​ការវិល​ត្រឡប់​មកកាន់អំណាច​ជាថ្មី​របស់​ លោកត្រាំ ដោយចាត់ទុកថា​ជាជ័យជម្នះ​ធំសម្បើម​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​។ ការ​ត្រឡប់ទៅកាន់​សេតវិមាន​ជាថ្មី របស់លោកត្រាំ នឹងបើកទំព័រ​អាមេរិកថ្មី ហើយនិង​ផ្តល់​សន្ទុះ​ដល់​ការប្តេជ្ញាចិត្ត​កាន់តែខ្លាំង​ចំពោះ​ទំនាក់ទំនង​ជាតិ​ទាំង​២​។​ចំពោះ​នាយករដ្ឋមន្ត្រី​អង់គ្លេស, ​ក្រៅពី​ចាត់ទុកថា​ជ័យជម្នះ​របស់លោកត្រាំ គឺជាប្រវត្តិសាស្ត្រ​,  ​ថ្នាក់ដឹកនាំ​អង់​គ្លេស​ ឡោក​ គៀស ស្តារមឺ បញ្ជាក់ថា​ អាមេរិក​និង​អង់គ្លេស​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិនលេច និង​ចាប់​ដៃ​ប្រកៀក​ស្មាគ្នា​ដើម្បី​ការពារ​តម្លៃ​សេរីភាព ប្រជាធិបតេយ្យ និងជំនួញ​។ ប្រទេស​ទាំង​២​ធ្វើការ​រួម​គ្នា ដើម្បី​​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​-អង់គ្លេស ឈានទៅកាន់​វិបុលភាព និងរីកចម្រើន​វិស័យ​គ្រប់វិស័យ ចាប់​ពី​សន្តិសុខ រហូតដល់​​ បច្ចេកវិទ្យា នវានុវត្តន៍។ប្រទេស​ឥណ្ឌាវិញ, នាយករដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី បាន​សាទរកោត​​សរសើរ​ដោយ​ស្មោះអស់ពីក្រអៅបេះដូង និង​ថា​លោក ត្រាំ​ ជាមិត្ត​សម្លាញ់​របស់គាត់ ឈ្នះឆ្នោត​ជាប្រវត្តិសាស្ត្រ​។ លោក ម៉ូឌី ​ថែម​ទាំង​ថ្លែងក្តីសប្បាយ​រីក​រាយ​ថា​នឹង​សហការធ្វើ​រួម​គ្នា​ ដើម្បីពង្រឹង​ចំណងមេត្រីភាពជា​យុទ្ធសាស្ត្រ​រវាង​អាមេរិក​និងឥណ្ឌា, កែលម្អ​លក្ខ​ខណ្ឌជីវិត​ពលរដ្ឋ​ឲ្យ​ប្រសើរ និង​ពួតដៃគ្នា​ផ្សព្វផ្សាយ​សន្តិភាព​ ស្ថិរភាព និងចម្រើន​​ក្តីសុខ​ក្នុង​ពិភពលោក​​។មហាយក្សចិន​ សម្តែងការ​គោរព​ចំពោះ​ជម្រើស​របស់​ពលរដ្ឋ​អាមេរិក។​ ​អ្នក​នាំពាក្យ​ក្រសួងការបរទេសចិន​ លោកស្រី ម៉ៅ នីង​​ មាន​​ប្រសាសន៍ដោយក្តី​សង្ឃឹម​ថា ចិន​និងអាមេរិក​អាច​រួមរស់​ជាមួយ​គ្នា​ក្នុង​សន្តិភាព ហើយ​​សង្ឃឹម​នឹង​អាច​បន្ត​ធ្វើការ​ជាមួយ​គ្នា​ឈានទៅ​ចាត់ចែងទំនាក់ទំនង​ទ្វេភាគី​ឈរលើ​គោលការណ៍​គោរព​តម្លៃគ្នាទៅវិញទៅ​ និង​សហការ​ចែក​ផលប្រយោជន៍​រួម។​ប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន សម្តែង​ការអបអរ​ដ៏ក្តៅចំពោះ​ជ័យ​ជម្នះ​របស់លោកត្រាំ ហើយ​និង​រំពឹង​បន្ត​កិច្ចសហការរវាង​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​​។ អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​អូតង់ Mark Rutt ក៏​សាទរ​ និង​សន្យា​រក្សា​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​រួមគ្នា ឲ្យកាន់តែរឹងមាំ។​ ប្រទេស​អ៊ុយក្រែន ជា​សម្ព័ន្ធ​អាមេរិកដែលកំពុង​ផុត​ក្នុងសង្គ្រាម​ឈ្លាន​ពានរុស្ស៊ី តាមរយៈ​លោក វ៉ូឡូឌីមៀរ ហ្សេ​ឡេនស្គី បាន​ថ្លែង​ក្តីសង្ឃឹមថា លោក ត្រាំ អាច​នឹង​ជួយ​អ៊ុយក្រែន ឲ្យ​ទទួល​បាន​សន្តិភាព​១ដ៏​ពិត​ប្រាកដ​។ ប្រតិកម្មមេដឹកនាំ​បរទេស ចេះតែ​បន្ត​ធ្លាក់​មក​ឥតដាច់​ មានអ៊ីតាលី អាល្លឺម៉ង់ ហុងគ្រី តួកគី​ រុស្ស៊ី។ល។បុគ្គលលោក ដូណាល់ ត្រាំ មានភាព​ចម្រូង​ចម្រាស់​ខ្លាំងណាស់​! លោក ត្រាំ ​មាន​រឿង​អាស្រូវ​ផ្លូវភេទ និង​ទំនាស់​ផ្លូវ​​ច្បាប់ច្រើនណាស់, ត្រូវ​រង​ពិន័យ​ព្រោះតែ​សំណុំរឿង​ជំនួញ​រកស៊ី​គេចពន្ធរដ្ឋ​ ព្រមទាំង​ជាប់បណ្តឹង​ព្រហ្មទណ្ឌ​យ៉ាង​រយីងរយោង​។ ក៏ប៉ុន្តែ គេ​ឆ្ងល់​ថា​ តើហេតុអ្វី​បាន​ជា លោក​អាចនឹង​​វិល​ត្រឡប់​មកកាន់​សេតវិមាន​ ជាថ្មី​ ទៀត​​? នេះក៏ព្រោះតែ ទំនងជា​ ពលរដ្ឋ​អាមេរិក​ គិតគូរ​​តែផលប្រយោជន៍​អាមេរិក​ ជា​អាទិភាព ដូច​អ្វី​ដែល​ លោក​ ដូណាល់ ត្រាំ តែងតែ​ថ្លែងហើយ​ថ្លែងទៀត​ នោះ​ហើយ​ក៏មិនដឹង។ លោក​ ដូណាល់ ត្រាំ ជាញឹកញយ បាន​សន្យា​ការ​ពារ​ផល​ប្រយោជន៍​សួនតួ​របស់​សហរដ្ឋអាមេរិក និងធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​។ America first, Make America great again. ក្នុងគោល​នយោបាយ​នេះ លោក ត្រាំ សន្យា​រឹត​បន្តឹង​ពន្ធ​លើទំនិញ​បរទេស​ ដោយ​ដាក់កម្រិត​ពន្ធគយ​ឲ្យធ្ងន់ ចាប់ពី ១០ ទៅ​ ៦០% ចំពោះ​ទំនិញ​បរទេស ពិសេស​ទំនិញ​របស់​ចិន ដែល​ជា​គូ​ប្រជែង​​។ ក្នុងនាម​ជា​មហាសេដ្ឋី​ លោក​ប្រកាស ​បន្ធូរ​បន្ថយពន្ធក្នុងស្រុក ដោយ​កាត់​បន្ថយ​ពន្ធ​ចំពោះ​អ្នក​មាន។ លោក​​សន្យាលើក​កម្ពស់​សេដ្ឋកិច្ចក្នុងស្រុក​ ប្រមូល​ក្រុមហ៊ុន​ឧស្សាហកម្ម​ឲ្យ​វិនិយោគទុក​និង​ធ្វើរោង​ចក្រ​នៅលើទឹកដីអាមេរិក​​​​ ហើយ​បង្កើត​ការងារ​ក្នុងប្រទេស​។ បង្កើន​ការ​ខ្ចីប្រាក់ និង​ផ្តល់​កម្ចី​ឥណទានឲ្យ​កាន់តែ​ទូលំទូលាយ​​។  ពិសេស លុប​បំបាត់​អតិផរណា​ទំនិញ។ បញ្ហា​ទំនិញ​ឡើងថ្លៃ ជា​ចំណោទ​ធំ​នៅពេល​សព្វថ្ងៃ។ ដូច្នេះ ការសន្យារបស់​លោក ត្រាំ យ៉ាងដូច្នេះ ទាក់ចិត្ត​ម្ចាស់​ឆ្នោត​ខ្លាំងណាស់។ការ​សន្យា​មួយ​ទៀត ដែល​ទាក់ចិត្ត​ខ្លាំង ចំពោះ​ពលរដ្ឋអាមេរិក ដែល​ក្រុម​ជាតិនិយម​ គឺ​សំណុំរឿង​ជន​អន្តោប្រវេសន៍។ លោក ដូណាល់ ត្រាំ បាន​សន្យា​សង់ជញ្ជាំង​បិទព្រំដែន​ជាមួយ​ម៉ិកស៊ិក ដែល​មិនទាន់​ធ្វើ​រួច​កាលពីអាណត្តិ​មុន គឺ​លោក​នឹង​សាងសង់​បង្ហើយ​ឲ្យ​ស្រេច​តែម្តង។ រដ្ឋបាល​ក្រោម​ការដឹកនាំរបស់​លោក នឹង​បង្កើត​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​តាម​ដាន​សកម្មភាព​នៅ​ព្រំដែន​ ហើយ​ព្រមទាំង​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ រាប់លាន​នាក់ ​ឲ្យ​ត្រឡប់​ទៅស្រុក​កំណើត​វិញ​៕

  23. 2

    ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល

    ​ថ្ងៃអង្គារ ទី​៥វិច្ឆិកា​ ប្រជា​ពលរដ្ឋអាមេរិក អញ្ជើញ​ទៅបោះឆ្នោត​ដើម្បី​ជ្រើសរើសប្រធានាធិបតី​អាណត្តិ​ថ្មី​។ បេក្ខជន ២ នាក់​ ដែល​​គេ​ស្គាល់​ស្រាប់ គឺអតីត​ប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណ​បក្ស​សាធារណរដ្ឋ និង​ អនុប្រធានាធិបតី​​ផុត​អាណត្តិ ​លោកស្រី ខាម៉ាឡា ហារីស។ នេះជា​ការ​បោះឆ្នោត​ដែល​ពិភពលោក​កំពុងតែ​ទន្ទឹង​រង់ចាំ​តាម​ដាន​យ៉ាងប្រកៀក​ប្រកិត ដ្បិត​ថា នរណាម្នាក់ ​ដែល​ឡើង​ទៅកាន់​ក្តាប់​អំណាច​សេតវិមាន​អាមេរិក នឹង​ជះឥទ្ធិពល​​ទៅដល់​ដំណើរការ​របស់​ពិភពលោក នា​អំលុង​ ៤ ឆ្នាំទៅមុខ​ទៀត។​  ​ប្រព័ន្ធ​បោះ​ឆ្នោត​​ជ្រើសរើស​ប្រធានាធិបតីអាមេរិកការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតីអាមេរិក  មានភាព​ស្មុកស្មាញខ្លាំង តែប្រសិន​​​បើ​សម្រាយ​ឲ្យ​ខ្លី​ងាយ​យល់ គេត្រូវចាំជាដំបូង​សិន ថា ការ​បោះឆ្នោត​នៅអាមេរិក​ថ្ងៃ​អង្គារ ទី​៥វិច្ឆិកា ឆ្នាំ២០២៤នេះ​ ពុំ​មែន​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដោយ​ផ្ទាល់ ​នោះទេ។ ពលរដ្ឋអាមេរិក​ទៅបោះឆ្នោត​ថ្ងៃនេះដើម្បី​ជ្រើសរើសប្រតិភូ​​តំណាង ពោល​គឺ អង្គបោះឆ្នោត ។ អង្គបោះឆ្នោតនេះ​ គឺ​ជា​បុគ្គល ៥៣៨រូប ដែល​ជា​អ្នក​មាន​ភារៈ​ជ្រើសរើស​ប្រធានាធិបតី និង​អនុប្រធានាធិបតី ហើយ​គឺ ​អង្គបោះឆ្នោត​ទាំង​នោះ ត្រូវ​ជួប​ប្រជុំគ្នាដើម្បីបោះឆ្នោត​​​ជ្រើសរើស​ នៅថ្ងៃទី​ ១៧ ធ្នូ ២០២៤ ខាងមុខ​ ​​។ចំណុច​ពិសេស​ដែលត្រូវ​កត់​សម្គាល់​ខ្លាំងដែរ​ ​​ប្រសិន​បើ​ បេក្ខជន​ប្រធានាធិបតីរូប​ណា​ម្នាក់​ ទទួល​សំឡេង បាន​ត្រឹម​ ២៧០​សំឡេង ពី​​អង្គបោះឆ្នោត​នោះ បាន​សេចក្តី​ថា​ ឈ្នះឆ្នោត​គ្រប់​គ្រង​សេតវិមាន​ហើយ។​ ត្រង់ចំណុច​នេះ គេ​ត្រូវរំឭកទៅដល់​ករណី​ពិសេស​ កាលពីឆ្នាំ​២០១៦ រវាងលោក ដូណាល់ ត្រាំ និងអ្នកស្រី Hillary Clinton។ កាលណោះ អ្នកស្រី Hillary Clinton បានទទួលសំឡេងគាំទ្រច្រើនជាងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជា​ទូទៅ ទូទាំង​ប្រទេស​ ក៏ពិត​មែន​ ប៉ុន្តែ ថា លោក ដូណាល់ ត្រាំ បែរ​ជា​ ទទួលបានជ័យជម្នះទៅវិញ ព្រោះរូប​លោក​បាន​ទទួល​សំឡេងគាំទ្រ​ពីប្រតិភូតំណាង ចំនួន​ច្រើនជាង អ្នកស្រី Hillary Clinton។ ​កាល​ពីឆ្នាំ​២០០០ ក៏ដូច្នោះដែរ។ ​គ្រា​នោះ លោក Al Gore ​ ទទួល​បាន​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​អាមេរិក​ ចំនួន​ច្រើន​​ជាង​​លោក Goerge W. Bush ​រហូតដល់​ទៅ​ជាង ៥០ម៉ឺន​សំឡេង ប្រសិន​បើ​គិតជា​សន្លឹកឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស។  ​ផ្ទុយទៅវិញ​ បែរ​ជា​លោក Goerge W. Bush ​ឯណោះ​ទេ ដែល​​ជា​អ្នកឈ្នះ​​បាន​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​។ នេះក៏ព្រោះតែ​លោក​ Goerge W. Bush ​ ទទួល​បាន​អង្គបោះឆ្នោត​ច្រើន​ជាងលោក Al Gore ​។​ ករណីពិសេសៗ​​​បែបនេះ ​ធ្លាប់​​កើត​ឡើង​ ៤-៥ លើក រួចមកហើយ។ បញ្ហា​នេះក៏ពី​ព្រោះតែ​ប្រព័ន្ធអង្គបោះឆ្នោត​​​ផង និង​ព្រោះតែ​​​ប្រព័ន្ធ «Winner Takes All​​»ផង​។គួរ​បញ្ជាក់ថា អង្គបោះឆ្នោត ឬ​ប្រតិភូតំណាង​នៅ​អាមេរិក ​ត្រូវ​បែងចែក​ទៅតាម​បណ្តា​រដ្ឋ​​ និង​​រដ្ឋធានីវ៉ាស៊ីងតោន។ បណ្តា​​រដ្ឋនីមួយៗ​ ត្រូវ​មាន​សមាជិក​ក្នុង​អង្គបោះឆ្នោត ​ស្មើ​នឹង​ចំនួន​​​តំណាង​របស់​ខ្លួនក្នុង​សភា​សហព័ន្ធ (សភាជាន់ទាប Congress និងសភា​ជាន់​ខ្ពស់ ​រួម​បញ្ចូលគ្នា)។ ពោលគឺ សមាជិកព្រឹទ្ធសភា ​ ដែល​រដ្ឋនីមួយៗ​មាន​ ២រូបស្មើៗគ្នា បូកជាមួយនឹង​​​សមាជិករដ្ឋសភា។ ចំនួន​សមាជិក​រដ្ឋសភាព ទី​​នេះ វា​អាស្រ័យ​នឹងចំនួន​កំណត់​ទៅតាម​ចំនួន​ប្រជាជន​ ​ក្នុងរដ្ឋ​នីមួយៗ។ ចំណែកចំពោះ​ វ៉ាស៊ីនតោន  ​​​ជា​រដ្ឋធានី​មិនមែន​ជា​រដ្ឋ និងគ្មាន​​តំណាង​ក្នុង​សភា​សហព័ន្ធ ក៏ទេ​ដែរ តែត្រូវគេ​បាន​សម្រេច​ឲ្យ​មាន​អង្គបោះឆ្នោត​ ចំនួន ៣ នាក់​​។ការ​រាប់សន្លឹកឆ្នោត​ដើម្បីរាប់​សន្លឹក​ឆ្នោត​បាន ទាល់តែ​រង់ចាំ​បិទទ្វារការិយាល័យ​បោះឆ្នោត​សិន។ ​សហរដ្ឋ​អាមេរិក មាន​​ផ្ទៃដីលាតសន្ធឹង​​ធំទូលាយ ពេលវេលាម៉ោង​ពេល​​ដើរខុសគ្នា​ ហើយ រដ្ឋខ្លះ ត្រូវ​បិទកាល័យ​នៅ​​ម៉ោង​ ១១យប់ ឯរដ្ឋខ្លះ​ត្រូវបិទ​នៅ​ម៉ោងជិត​ភ្លឺ​​ស្អែកឡើង ក៏មាន។ម្យ៉ាងទៀត ត្រូវ​ចាំថា គេ​អាច​បោះឆ្នោត​ពីចម្ងាយ​តាមប្រអប់​​ប្រៃសណីយ៍​ បាន​ដែរ​។ ក៏ប៉ុន្តែ ​ចំពោះ​​ពលរដ្ឋអាមេរិក​រស់​នៅក្រៅបរទេស ពុំ​អាច​ទៅបោះឆ្នោត​នៅស្ថានទូត​របស់ខ្លួន​បាន​ (ដូច​ករណី​ប្រទេស​បារាំង​បានទេ) គឺ​ចាំបាច់​ត្រូវ​ផ្ញើ​សន្លឹកឆ្នោត​របស់ខ្លួន តាមរយៈ​​​​ប្រៃសណីយ៍ ផ្ញើ​ទៅ​មណ្ឌល​បោះឆ្នោត​របស់ខ្លួន នៅ​សហរដ្ឋអាមេរិក​​។ តាំងពីមុន​ថ្ងៃបោះឆ្នោត​មកម្ល៉េះ​ ដែល​ពលរដ្ឋ​អាមេរិក ប្រមាណ​ជា ៨០​លាន​នាក់ បាន​បោះឆ្នោត​រួច​ទៅហើយ តាមរយៈ​ការបោះឆ្នោត​ពីចម្ងាយយ៉ាង​​ដូច្នេះ។​​គួរឲ្យ​កត់សម្គាល់ ចំពោះការរាប់សន្លឹកឆ្នោត ក្នុង​បណ្តាញ​រដ្ឋភាគច្រើន​ មា​ន២ដំណាក់​កាល។ លើកទី១ គេរាប់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មា​នស្កែន​កូដ Code ដើម្បី​ដឹង​លទ្ធផល​បឋម​សិន ហើយ​គេ​នឹង​រាប់​ផ្ទៀង​ផ្ទាត់​ម្តងទៀត ដោយ​ដៃ​ផ្តល់​ ដើម្បីបញ្ជាក់​ឲ្យដឹងកាន់តែច្បាស់។​ រួច​ហើយ លទ្ធផល​នោះ ត្រូវ​បញ្ជាក់​ទទួល​ស្គាល់​ពី​អ្នក​ទទួល​ខុសត្រូវ​ការិយាល័យ​ មុន​នឹង​បញ្ជូន​ទៅអាជ្ញាធរ​រៀប​ចំ​ការបោះឆ្នោត, បញ្ជូន​ទៅ​រដ្ឋ​ ហើយ​និង​អ្នក​តំណាង​គណ​បក្ស​នយោបាយ​​នៅមូលដ្ឋាន។លទ្ធផល​បោះឆ្នោត​ អាច​ដឹង​ភ្លាមៗ​ដែរ​ឬទេ​?រាល់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ម្តងៗ លទ្ធផល​ត្រូវគេ​ដឹង​ច្បាស់​​នៅពេលផ្សេងៗ ​ស្ទើរតែរាល់លើក។ ​ប្រសិន​បើ​គិត​ត្រឹមតែ​​ជាង​២ទសវត្សរ៍​ចុងក្រោយ​នេះ  ​គេឃើញថា លទ្ធផល​បោះឆ្នោត​ពី១​អាណត្តិ​ទៅ១​អាណត្តិ​ គេ​​អាច​ដឹង​នៅ​ថ្ងៃ​ផ្សេងៗ ខុសៗគ្នា។ជាក់ស្តែង ​កាលពី​ជំនាន់​ឆ្នាំ​២០២០ ពេល​ដែល​លោក ចូ បៃដិន ឈ្នះ​លោកដូណាល់ ត្រាំ ប្រព័ន្ធ​ឃោសនា​អាមេរិក​ផ្សាយ​លទ្ធផល​នៅ​ពេល ​៤ ថ្ងៃ បន្ទាប់ពីការបោះឆ្នោត​រួច។ ជំនាន់​ជ័យ​ជម្នះ​របស់​​លោក ដូណាល់ ត្រាំ ដែល​ឈ្នះ​លើ​អ្នកស្រី Hillary Clinton កាលពីឆ្នាំ២០១៦ លទ្ធផល​គេ​អាច​ដឹង​នៅ​មួយ​ថ្ងៃបន្ទាប់ពី​បោះឆ្នោតរួច។ ចំណែក​លក្ខណៈ​ពិសេស​បន្តិច​ចំពោះ​ជ័យ​ជម្នះ​របស់​លោក បារ៉ាក់​ អូបាម៉ា​ កាលពីឆ្នាំ​២០០៨ គេ​អាច​ប្រារព្ធពិធី​អបអរ​ជ័យ​ជម្នះ​នៅ​យប់​ថ្ងៃ​បោះឆ្នោត​តែម្តង។​ ផ្ទុយទៅវិញ កាលពីជំនាន់​លោក Goerge W. Bush គេត្រូវ​រង់ចាំ​លទ្ធផល​ជាច្រើន​សប្តាហ៍ រហូត​ដល់​ថ្ងៃទី​១២ ខែធ្នូ​ឯណោះ។​ បានសេចក្តីថាប្រមាណជា​ ៥ សប្តាហ៍​ក្រោយ​ពីថ្ងៃ​​បោះឆ្នោត​។​ ដ្បិត​ថា ដំណើរ​ការ​រាប់​សន្លឹកឆ្នោត​យូរ​ ហើយ​និងមាន​ការ​ប្តឹងផ្តល់​នៅរដ្ឋ​ហ្វ័រីដា រហូត​ដល់​តុលាការ​កំពូល​អាមេរិក​ទៀត​ផង​៕

  24. 1

    ហេតុអ្វីការដក CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងព្រះមហាក្សត្រកម្ពុជា?

    សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុកដែលបានជំរុញឲ្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា ការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមជាមួយឡាវ និងវៀតណាមហៅកាត់ CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទេ។ មិនបាច់ឆ្លងកាត់ ព្រោះ CLV-DTA ជា កិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលនៃប្រទេស ទាំង៣។ តែអ្នកនយោបាយប្រឆាំងចាត់ទុកការលើកឡើងរបស់ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលថាជាការបំពានអំណាចរដ្ឋសភា និងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខាលើច្បាប់ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ CLV DTA កាលពីឆ្នាំ ២០១៨។ ដូច្នេះសួរថា តើការដកCLV-DTA ចាំបាច់ត្រូវឆ្លងរដ្ឋសភា និងព្រះមហាក្សត្រដែរឬទេ?

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

HOSTED BY

RFI ខេមរភាសា / Khmer

Produced by France Médias Monde

CATEGORIES

Frequently Asked Questions

How many episodes does ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ have?

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ currently has 24 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ about?

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

How often does ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ release new episodes?

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ has 24 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ?

You can listen to ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ?

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ is created and hosted by RFI ខេមរភាសា / Khmer.
URL copied to clipboard!