EPISODE · May 13, 2026
លោកដូណាល់ត្រាំផ្តើមទស្សនកិច្ចនៅចិន ក្នុងជំហរចាញ់ប្រៀបលោកស៊ីជីនពីង?
from ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ · host RFI ខេមរភាសា / Khmer
បន្ទាប់ពីលើកពេលម្តងកាលពីខែមីនា លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅដល់ប្រទេសចិននៅរសៀលថ្ងៃពុធទី ១៣ឧសភានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រហូតដល់ថ្ងៃទី១៥ឧសភា ២០២៦។ ជាទស្សនកិច្ចដែលគ្រប់គ្នាទន្ទឹងតាមដានបំផុត ព្រោះមហាអំណាចទាំងពីរ ត្រូវប្រឹងស្វះស្វែងស្ថាបនាទំនាក់ទំនងប្រាកដប្រជាមួយ ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មផង បញ្ហាតៃវ៉ាន់ផង និងសង្គ្រាមនៅអ៊ីរ៉ង់ទៀត។ នេះជាលើកទីមួយ គិតចាប់តាំងពីឆ្នាំ២០១៧មក ដែលប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងទទួលស្វាគមន៍ដោយប្រធានាធិបតីចិន លោកស៊ីជីនពីង។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកត្រាំនៅចិន នៅលើកនេះ ខុសពីទស្សនកិច្ចរបស់លោកត្រាំ កាលពី១០ឆ្នាំមុន ព្រោះ ភាពជឿជាក់លើអាមេរិក ក្រោមការដឹកនាំរបស់លោកត្រាំ ហាក់កំពុងប្រលាក់ប្រលូសនៅលើឆាកអន្តរជាតិ។ ស្ថានភាពពិភពលោកមានសភាពតានតឹង និងអ័ព្ទអួរខ្លាំង ដោយហេតុតែសង្គ្រាមពាណិជ្ជកម្មផង និងសង្គ្រាមប្រដាប់អាវុធ អមដោយការបិទខ្ទប់ប្រភពថាមពលប្រេងនិងឧស្ម័ននៅអ៊ីរ៉ង់ផង។ តាមការពិត ទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក គ្រោងប្រព្រឹត្តទៅនៅខែមីនា តែត្រូវលោកត្រាំប្រកាសលើកពេលទៅវិញ ជាហេតុធ្វើឱ្យភាគីចិនភ្ញាក់ផ្អើលខ្លាំង។ ចិនមិនចូលចិត្តប្តូរផ្លាស់កម្មវិធីដែលរំខានពិធីការផ្លូវការទេ តែព្រមសម្របខ្លួនតាម ព្រោះមិនចង់ទទួលប្រធានាធិបតីអាមេរិក ក្នុងពេលសង្គ្រាមដែលចិនបរិហារ កំពុងផ្ទុះយ៉ាងពេញទំហឹង។ លោកត្រាំទៅបបួលចិនឱ្យចូលរួមក្នុងប្រតិបត្តិការបើកច្រកអកមូហ្ស? ១០សប្តាហ៍ក្រោយ សង្គ្រាមបានស្ងប់ស្ងាត់មែន ប៉ុន្តែមិនទាន់ចប់ទេ។ លោកដូណាល់ត្រាំចេញដំណើរទៅប្រទេសចិន ចំពេលអាមេរិកកំពុងរិះរកច្រកដើរចេញពីវិបត្តិ នៅច្រកសមុទ្ទអកមូហ្ស។ វ៉ាស៊ីនតោនបានចាត់ទុកទស្សនកិច្ចនេះ ថាជាឱកាស លើកយកសម្ពាធទៅដាក់លើប៉េកាំង ដោយចង់ទាញចំណេញពីឥទ្ធិពលដែលចិនមានលើអ៊ីរ៉ង់។ យុទ្ធសាស្ត្ររបស់លោកត្រាំមានតែមួយគឺប្រើអាវុធពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានប្រកាស នៅថ្ងៃទី៨ឧសភា ដាក់ទណ្ឌកម្មលើ៩ក្រុមហ៊ុនចិនព្រមទាំងពលរដ្ឋចិន (នៅលើដីគោកចិន និងនៅហុងកុង) មួយចំនួន ក្រោមបទចោទប្រកាន់ ថាបានផ្គត់ផ្គង់សម្ភារៈបរិក្ខារជាសមាសធាតុផ្សំសម្រាប់ឱ្យធ្វើមីស៊ីល និងបានផ្តល់រូបភាពផ្កាយរណបដល់អ៊ីរ៉ង់។ នៅពេលជួបជាមួយសមភាគីចិន លោកស៊ីជីនពីង ប្រធានាធិបតីអាមេរិកលោកត្រាំ នឹងជជែកអំពីសង្គ្រាមនៅអ៊ីរ៉ង់នេះ ដោយខានមិនបាន និងដោយចង់សុំចិនជួយដោះស្រាយវិបត្តិដែលលោកត្រាំខ្លួនឯងជាអ្នកបង្កើតឡើង។ សំណើសុំរបស់អាមេរិកនោះ គឺ ចង់ជំរុញចិនឱ្យចូលរួមក្នុងប្រតិបត្តិការអន្តរជាតិ ដើម្បីរំដោះ ឬបើកច្រកសមុទ្ទអកមូហ្សឱ្យនាវាពាណិជ្ជកម្មអាចធ្វើចរាចរណ៍ឡើងវិញបាន។ នេះបើតាមសំដីរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកScott Bessent។ ប៉ុន្តែក្នុងក្រសែភ្នែកប៉េកាំង ការបិទបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ជាទំនួលខុសត្រូវរបស់អាមេរិក។ ថ្វីបើចិនបានលួចបញ្ចុះបញ្ចូលអ៊ីរ៉ង់ដោយស្ងាត់ៗ ឱ្យព្រមចរចាសន្តិភាពជាមួយអាមេរិក កាលពីខែមុនមែន តែអ្នកវិភាគគិតថារដ្ឋាភិបាលចិនមិនចង់ក្លាយជាអ្នកបោសសម្អាតបញ្ហាបង្កឡើងដោយលោកត្រាំឡើយ។ ប៉េកាំងនឹងបញ្ជាក់ជំហរស្មើភាពប្រកបដោយតុល្យភាពរបស់ចិន ដោយចង្អុលមុខដោយផ្ទាល់ថាអាមេរិកជាអ្នកទទួលខុសត្រូវលើជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ សុន្ទរកថារបស់ចិន នឹងផ្តោតទៅលើភាពសំខាន់នៃការបើកច្រកអកមូហ្សឱ្យបានឆាប់រហ័ស ពោលគឺជាទម្រង់ដដែលដែលចិនបានប្រើតាំងពីពីរខែមក។ ធ្វើដូច្នេះ ចិននឹងអាចរក្សាទំនាក់ទំនងល្អជាមួយភាគីជម្លោះទាំងសងខាង។ ការទទួលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅប៉េកាំងកាលពីថ្ងៃ ទី៦ឧសភា ជាសារបញ្ជាក់ឱ្យឃើញថាចិនចង់ធានាក្រុងតេហេរ៉ង់ មុននឹងទទួលប្រធានាធិបតីអាមេរិក និងជាសាររំឭកប្រាប់វ៉ាស៊ីនតោនអំពីតួនាទីសំខាន់របស់ចិនចំពោះអាជ្ញាធរអ៊ីរ៉ង់។ ចិន ជាមហាអំណាចដែលមិនអាចខ្វះបាន តែមិនងាយលូកដៃចូលជួយជួយនរណាឡើយ។ អាមេរិកមិនអាចមកចាប់បង្ខំចិនបានឡើយ។ ចិនបានបង្ហាញពីភាពស៊ូរបស់ខ្លួននៅចំពោះមុខវិបត្តិបង្កឡើងដោយការបិទខ្ទប់ច្រកសមុទ្ទអកមូហ្ស តាមរយៈការត្រៀមលក្ខណៈបានល្អ និងតាមរយៈការពឹងផ្អែកលើថាមពលធ្យូងថ្ម។ ធ្យូងថ្ម ថាមពលចម្បងរបស់ចិន និងការវិនិយោគក្នុងថាមពលស្អាត និងការនាំចូលប្រេងឧស្ម័នស្តុកទុក សុទ្ធសឹងជាផែនការត្រៀមប្រឈមនឹងហានិភ័យនៃការសង្គ្រាមបិទខ្ទប់ច្រកអកមូហ្សនេះឯង។ បច្ចេកវិទ្យាជាថ្នូរនឹងរ៉ែកម្រ ? ក្នុងពេលដែល ចិនកំពុងបញ្ជាក់អំពីជំហរនឹងធឹង ជាអ្នកចាត់ចែងពិភពលោកប្រកបដោយភាពជឿជាក់ ពោលគឺការរំលេចឱ្យឃើញពីភាពខុសគ្នា ដោយមិនបាច់ពន្យល់ដោយត្រង់ៗលោកត្រាំនៅតែប្រកាន់ជំហរអួតអាង បង្ហាញពីលទ្ធផលភ្លាមៗ។ លទ្ធផលវិជ្ជមានដែលអាចកើតមាន នោះគឺអាចជាការប្រកាសចុះកិច្ចសន្យា និងការវិនិយោគនៅចិន ឬជាការប្រកាសបន្តការផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដែលធ្លាប់បានព្រមព្រៀងគ្នាកាលពីឆ្នាំទៅ។ បើតាមប្រភពអ្នកជំនួញ ចិននិងអាមេរិកអាចនឹងមានការព្រមព្រៀង ក្នុងការបញ្ជាទិញយន្តហោះប៊ូអ៊ីងប្រមាណ៥០០គ្រឿង ឬក៏មានការព្រមផ្តោះប្តូរបច្ចេកវិទ្យាទំនើបជាថ្នូរនឹងការបើកទូលាយការនាំចេញរ៉ែកម្រចិន ជាដើម។ សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកត្រាំបាននាំអ្នកវិនិយោគអាមេរិកគ្រាក់ៗ ទៅជាមួយប្រមាណ១៧រូប មានជាអាទិ៍ថៅកែតេស្លាSpaceX លោក Elen Musk ថៅកែក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិកNvida លោកJensen Huang ប្រធានក្រុមហ៊ុនApple Tim Cook និងប្រធានក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង Kelly Ortberg។ តៃវ៉ាន់ជាបញ្ហាស្នូលនៃទំនាក់ទំនងអាមេរិក-ចិន ទាក់ទងនឹងតៃវ៉ាន់វិញ ប៉េកាំងចង់យកសំណុំរឿងតៃវ៉ាន់មកធ្វើជាស្នូលនៃទំនាក់ទំនងជាមួយអាមេរិក។ បើតាមអ្នកជំនាញខ្លះ ចិនចង់ឱ្យអាមេរិកប្រើពាក្យថា “ប្រឆាំងនឹង” ឯករាជ្យកោះតៃវ៉ាន់ ជាជាងពាក្យថាមិនគាំទ្រឱ្យមានឯករាជ្យតៃវ៉ាន់។ អត្ថន័យខុសគ្នាតែបន្តិចទេ ប៉ុន្តែវាសំខាន់ខ្លាំងណាស់ ប្រសិនបើរដ្ឋបាលអាមេរិកព្រមប្តូរ។ ម្យ៉ាងទៀត ទស្សនកិច្ចនេះជាឱកាសដែលចិនត្រូវបញ្ចេញជំហរប្រឆាំងនឹងការលក់អាវុធអាមេរិកទៅឱ្យតៃវ៉ាន់។ ចិនបានព្រមានរួចជាស្រេចឱ្យអាមេរិកគោរពពាក្យសន្យារបស់រដ្ឋាភិបាលអាមេរិកមុនៗ ថាជាការគោរពកាតព្វកិច្ចអន្តរជាតិ។ កាលពីឆ្នាំ២០២៥ អាមេរិកបានប្រកាសព្រមលក់ មីស៊ីល រថពាសដែក និងដ្រូន ឱ្យតៃប៉ិ ក្នុងតម្លៃដ៏មហាសាល ១១,១ពាន់លានដុល្លារ។ តែអាមេរិកបានបង្កកវគ្គទីពីរនៃកិច្ចសន្យាលក់អាវុធ ដើម្បីកុំឱ្យប៉ះពាល់ដល់ជំនួបរវាងលោកដូណាល់ត្រាំនិងស៊ីជីនពីង ថ្ងៃនេះ។ កាលពីខែកុម្ភៈ លោកស៊ីជីនពីងបានប្រាប់លោកត្រាំ ឱ្យប្រុងប្រយ័ត្ននៅពេលនិយាយពីបញ្ហាតៃវ៉ាន់៕
Embed this episode
Ready to play
លោកដូណាល់ត្រាំផ្តើមទស្សនកិច្ចនៅចិន ក្នុងជំហរចាញ់ប្រៀបលោកស៊ីជីនពីង?
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.