EPISODE · Jun 10, 2026
មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យនុយក្លេអ៊ែរកាន់តែខ្លាំង
from ទស្សនៈព្រឹត្តិការណ៍ពិភពលោក · host RFI ខេមរភាសា / Khmer
មហាអំណាចនុយក្លេអ៊ែរទាំង៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បីការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃទី៨មិថុនា។ ពិភពលោកយើងកំពុងតែឈានជើងចូលក្នុងកាលៈទេសៈប្រកួតប្រជែងគ្នា ដែលប្រការនេះ វានឹងបង្កើនកម្រិតនៃហានិភ័យដែលអាចធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លែអ៊ែរ។ យោងតាមរបាយការណ៍របស់យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ការចំណាយលើសព្វាវុធនុយក្លេអែរ បានកើនឡើងជាសរុប ដល់ជិត១១៩ ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំ២០២៥ ពោលគឺកើន ១៩% ប្រើប្រៀបធៀបទៅឆ្នាំមុន។ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ ដែលមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ហាក់កំពុងតែផ្តល់អាទិភាពលើវិស័យសព្វាវុធមហាប្រល័យនេះ។ គួរកត់សំគាល់ថា ការបន្ថែមការចំណាយនេះ ស្ថិតក្នុងបរិបទមួយដែលបញ្ហាភូមិសាស្ត្រនយោបាយកាន់តែតានតឹង ហើយប្រទេសមហាអំណាច ខំពន្លឿនការធ្វើទំនើបកម្មស្តុកសព្វាវុធតែរៀងៗខ្លួន។ មិនខុសពីរបាយការណ៍យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខូលម៍ ហៅកាត់ថា Sipri ក៏បានថ្លែងការព្រួយបារម្ភដែរ ថាទំនោរនេះអាចនាំឱ្យមានការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរ សាជាថ្មីនៅលើពិភពលោក។ ហានិភ័យដ៏ធំមួយទៀតនោះ គឺការប្រើប្រើប្រាស់កាន់តែខ្លាំងឡើងនូវ ច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រព័ន្ធសព្វាវុធទំនើប ដែលអាចមានឥទ្ធិពលលើការសម្រេចចិត្ត ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ យោងតាមវិទ្យាស្ថាន Sipri ពិភពលោកបច្ចុប្បន្ន មានក្បាលគ្រាប់នុយក្លេអ៊ែរ សរុបទាំងអស់ប្រមាណ ១២១៨៧ គ្រាប់ ក្នុងនោះ៩៧៤៥គ្រាប់ គឺកំពុងស្ថិតនៅក្នុងស្តុកអាវុធដែលគេត្រៀមទុកប្រើភ្លាមៗ។ ទោះបីជាចំនួនសរុបនៃសព្វាវុធនុយក្លេអ៊ែរ បន្តធ្លាក់ចុះក៏ដោយ តែក្រុមអ្នកជំនាញ បានបញ្ជាក់ថា ហានិភ័យនុយក្លេអ៊ែរវិញកំពុងកើនឡើង។ មូលហេតុ គឺប្រទេសដែលមានអាវុធនុយក្លេអ៊ែរកំពុងដកក្បាលគ្រាប់ចេញពីឃ្លាំងស្តុក និងដាក់បំពាក់លើប្រព័ន្ធបាញ់បង្ហោះ ឬហៅថា វិកទឺរ ដើម្បីត្រៀមប្រើប្រាស់បានភ្លាមៗ។ តាមការលើកឡើងរបស់លោក Karim Haggag នាយកវិទ្យាស្ថាន Sipri ការថយចុះនៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ មិនមានន័យថាហានិភ័យថយចុះនោះទេ។ ផ្ទុយទៅវិញ ការពន្យារពេលរុះរើអាវុធចាស់ និងការបង្កើនល្បឿនដាក់ពង្រាយអាវុធថ្មី អាចធ្វើឱ្យចំនួនអាវុធកើនឡើងវិញនាពេលអនាគត។ គួរបញ្ជាក់ថា ៨៣%នៃក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ ស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិកនិងរុស្ស៊ី។ មហាអំណាចទាំង២នេះ ម្នាក់ៗមានជាង៥០០០គ្រាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលចាយប្រាក់ច្រើនជាងគេលើអាវុធនុយក្លេអ៊ែរ។ ក្នុងឆ្នាំ២០២៥ អាមេរិកបានចំណាយ ជិត៧ម៉ឺនលានដុល្លារ ពោលគឺច្រើនជាងការចំណាយរបស់ប្រទេសនុយក្លេអ៊ែរផ្សេងៗទៀត បូកបញ្ចូលគ្នាទាំងអស់។ ចិនឈរនៅលំដាប់ទីពីរ ដោយចំណាយប្រមាណ ១៣៥០០ លានដុល្លារ បន្ទាប់មកគឺ អង់គ្លេស (១២,៦ ពាន់លានដុល្លារ) និងរុស្ស៊ី (៩,៥ ពាន់លានដុល្លារ)។ ក្នុងពេលជាមួយគ្នានេះ ចិនកំពុងពង្រីកឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ខ្លួន យ៉ាងលឿនរហ័សជាងគេ។ បច្ចុប្បន្នចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៦២០គ្រាប់។ វិទ្យាស្ថាន Sipri រំពឹងថា នៅរវាងឆ្នាំ២០៣០ ចិនអាចមានចំនួនមីស៊ីលបាលីស្ទីកឆ្លងទ្វីប ប្រហាក់ប្រហែលនឹងសហរដ្ឋអាមេរិក ឬរុស្ស៊ី។ ជាសរុប ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ ចំណាយលើវិស័យសព្វាវុធនេះ សរុបទាំងអស់ ៤៧ម៉ឺនលានដុល្លារ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ប្រទេសទាំងនេះ នឹងបន្តវិនិយោគលើវិស័យសព្វាវុធនុយក្លេអ៊ែរ ច្រើនទសវត្សរ៍ទៅមុខទៀត។ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានត្រៀមប្រាក់ច្រើនសិបពាន់លានដុល្លារ ដើម្បីរៀបចំផែនការធ្វើទំនើបកម្ម អភិវឌ្ឍន៍ និងថែទាំជួសជុលប្រព័ន្ធសព្វាវុធនុយក្លេអ៊ែរ ពីពេលនេះរហូតដល់ដំណាច់សតវត្សរ៍ទី២១។ មីស៊ីលឆ្លងទ្វីប Sentinel របស់អាមេរិក អាចនៅតែប្រើប្រាស់បាននៅក្រោយឆ្នាំ ២១០០ រីឯក្បាលគ្រាប់នុយក្លេអ៊ែរមួយចំនួនវិញ គេនៅតែអាចប្រើការបាន រហូតដល់ឆ្នាំ២១២០។ យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ថា ICAN បានព្យាករណ៍ថា សហរដ្ឋអាមេរិក នឹងចំណាយជិត ១០០ម៉ឺនលានដុល្លារ លើឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងរវាងពីឆ្នាំ ២០២៥-២០៣៤។ ICAN បានរិះគន់ដោយសោកស្តាយថា ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គួរណាតែត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យសំខា ដូចជាវិស័យសុខាភិបាល និងសេវាសាធារណៈផ្សេងៗទៀតវិញល្អជាង។ ទោះបីជាចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅលើពិភពលោក មានទំនោរថយចុះក៏ដោយ ការកើនឡើងនៃការចំណាយ ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងការប្រកួតប្រជែងរវាងមហាអំណាចកំពុងធ្វើឱ្យអ្នកជំនាញព្រួយបារម្ភ ថាហានិភ័យនុយក្លេអ៊ែរនៅលើពិភពលោក កំពុងកើនឡើងកាន់តែខ្លាំង៕
Embed this episode
Ready to play
មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យនុយក្លេអ៊ែរកាន់តែខ្លាំង
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.