EPISODE · May 7, 2025
ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាងកងទ័ពឥណ្ឌានិងប៉ាគីស្ថាន នៅតំបន់កាស្មៀរ
from ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ · host RFI ខេមរភាសា / Khmer
ដូចអ្វីដែលគេបានព្រួយបារម្ភប៉ុន្មានថ្ងៃមកនេះ ទីបំផុតកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី៧ឧសភានេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង៣០នាក់ និងរបួសជិត១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល។ សហគមន៍អន្តរជាតិ បានចេញមុខអំពាវនាវជាបន្តបន្ទាប់ ឲ្យភាគីជម្លោះទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវតែខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំបញ្ឆេះសង្គ្រាមថែមមួយទៀត ព្រោះថាពិភពលោកបច្ចុប្បន្ននេះ មានភាពវឹកវរដោយសារសង្គ្រាមច្រើនរួចទៅហើយ។ នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបានចាប់ផ្តើមបើកការវាយប្រហារ ដោយបានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុងចំនួន៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀរ និងខេត្តពិនចាប់ផងដែរ។ គិតត្រឹមព័ត៌មានចុងក្រោយព្រឹកថ្ងៃពុធទី៧ឧសភា គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ បានបណ្តាលឲ្យស្លាប់ប្រជាជនស៊ីវីលប៉ាគីស្ថានចំនួន២៦នាក់ ក្នុងនោះមានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយនិងរបួសមនុស្សយ៉ាងហោច៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន។ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នបំផុត ដោយគេវាយតែទៅលើទីទាំងរបស់ក្រុមភេរវកម្មប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយទៅលើទីតាំងរបស់កងទ័ពប៉ាគីស្ថាន។ ក្នុងសន្និសីទកាសែតព្រឹកមិញនេះ អ្នកនាំពាក្យកងទ័ពឥណ្ឌាបានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហាររបស់ឥណ្ឌា គឺបានសំដៅទៅលើទីតាំងលាក់ខ្លួន ជំរំហ្វឹកហាត់ របស់ក្រុមជីហាតប៉ាគីស្ថាន២ក្រុម គឺក្រុម Jaish-e-Mohammed និងក្រុម Laskhar-e-Taiban។តែយ៉ាងណា អាជ្ញាធប៉ាគីស្ថានអះអាងថា គ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាស្មៀរប៉ាគីស្ថាន។ ខាងកងទ័ពប៉ាគីស្ថានគេបានអះអាងថា គេសូមរក្សាសិទ្ធិឆ្លើយតបវិញ ទល់ការវាយប្រហារឈ្លានពានរបស់ឥណ្ឌានេះ។មិនបង្អង់យូរ កងទ័ពប៉ាគីស្ថានបានបាញ់ប្លោងគ្រាប់ ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន៥គ្រឿង។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថានបានប្រើកាំភ្លើងធំ បាញ់ប្លោងគ្រាប់ចូលមកខាងតំបន់កាស្មៀររបស់ឥណ្ឌា។ មន្ត្រីមូលដ្ឋានឥណ្ឌានៅកាស្មៀរ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្សយ៉ាងហោច៨នាក់ និងរបួសប្រមាណ៣០នាក់ទៀត។របួសដំបៅចាស់ “កាស្មៀរ”ការផ្ទុះអាវុធលើកនេះ គឺមានលក្ខណៈធ្ងន់ធ្ងរ អាចក្លាយជាសង្គ្រាមយ៉ាងចំហរ រវាងប៉ាគីស្ថាននិងឥណ្ឌា ដែលសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ។ ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន មិនទៅណាឆ្ងាយពីតំបន់កាស្មៀរនោះទេ។ ដូចយើងបានដឹងខ្លះៗហើយ ថាឥណ្ឌានិងប៉ាគីស្ថាន ពីមុនជាប្រទេសតែមួយស្ថិតក្រោមនឹមអាណានិគមចក្រភពអង់គ្លេស។ លុះដល់ឆ្នាំ១៩៤៧ ទើបអង់គ្លេសចាកចេញទៅ ហើយក៏បានសម្រេចពុះផ្តាច់ដែនដីខាងលិច បង្កើតជាប្រទេសប៉ាគីស្ថាន ប្រមូលផ្តុំអ្នកកាន់សាសនាឥស្លាមទាំងអស់ទៅរស់នៅទីនោះ។ ធ្វើបែបនេះ គឺគេជឿថានឹងបញ្ចៀសបញ្ហាជម្លោះសាសនា រវាងពួកហិណ្ឌូនិងពួកឥស្លាម។តែដោយឡែក តំបន់កាស្មៀរមានលក្ខណៈពិសេស ព្រោះកាលនោះសំបូរអ្នកកាន់សាសនាឥស្លាមរស់នៅមែន តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ ម្លោះហើយក៏សម្រេចមិនចេញ កើតជាជម្លោះដណ្តើមគ្នាតែម្តងទៅ។ តំបន់កាស្មៀរដែលជាតំបន់ភ្នំខ្ពស់នៃជួរភ្នំហិមាល័យ ត្រូវពុះចែកជា២ជាមួយនឹងបន្ទាត់ព្រំដែនប្រវែង៧៧០គីឡូម៉ែត្រ ដីទំហំ៣៥%បានទៅខាងប៉ាគីស្ថាន និង៦៣%បានមកខាងឥណ្ឌា។ ខាងឥណ្ឌាតែងតែចោទថា ប៉ាគីស្ថានបានទំនុកបម្រុងក្រុមភេរវកម្ម ឬក្រុមឯករាជ្យនិយមឲ្យបះបោរ បង្ករអស្ថិរភាពនៅខាងតំបន់កាស្មៀររបស់ឥណ្ឌា។ការវាយប្រហារភេរវកម្ម នាំអុជឲ្យផ្ទុះជម្លោះទាក់ទិននឹងប្រភពបញ្ហា បណ្តាលឲ្យផ្ទុះការប្រយុទ្ធគ្នានៅពេលនេះ គឺដោយសារកាលពីថ្ងៃទី២២មេសា មានក្រុមភេរកម្មមួយក្រុម បានចូលមកវាយប្រហារនៅខាងឥណ្ឌា សម្លាប់មនុស្ស២៦នាក់ ភាគច្រើនសុទ្ធតែមនុស្សប្រុសកាន់សាសនាហិណ្ឌូ។ ឥណ្ឌាបានចោទភ្លាមថាជាស្នាដៃរបស់ក្រុមភេរវកម្ម ក្រោមការផ្ចុងផ្តើមជួយពីរដ្ឋាភិបាលប៉ាគីស្ថាន ។ ឥណ្ឌាបានដាក់ការសង្ស័យទៅលើក្រុមជីហាតឥស្លាម Lashkar-e-Taiba ដែលធ្លាប់វាយប្រហារម្តងហើយ នៅទីក្រុងបុមបៃឥណ្ឌា ស្លាប់មនុស្ស១៦៦នៅឆ្នាំ២០០៨។ប៉ាគីស្ថានបានបដិសេធ ថាគេមិនបានដឹងឮ ឬនៅពីក្រោយក្រុមភេរវកម្មនេះទេ។ តែបញ្ហានេះបានឈានក្លាយជាវិបត្តិការទូត ប្រទេសទាំង២បានសម្រេចបិទព្រំដែនគោកនៅតំបន់កាស្មៀរ បិទដែនអាកាសរៀងៗខ្លួន និងបានព្យួរសន្ធិសញ្ញាគ្រប់គ្រងដងទន្លេហិណ្ឌូសថែមទៀតផង។ នៅព្រឹកនេះ លោក Vikram Misri រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានអះអាងថា ផ្អែកតាមព័ត៌មានចារកិច្ច គឺក្រុមជីហាតប៉ាគីស្ថានមានកម្រោងវាយប្រហារឆាប់ៗនេះ មកលើឥណ្ឌាទៀត ដូច្នេះវាជារឿងចាំបាច់ដែលឥណ្ឌាត្រូវតែវាយកម្ទេចដើម្បីបង្ការការពារខ្លួននៅពេលនេះ។អ្វីដែលយើងសង្កេតឃើញ គឺថាជម្លោះផ្ទុះសង្គ្រាមរវាងប៉ាគីស្ថាននិងឥណ្ឌានេះ គឺបានជះផលវិបាកយ៉ាងខ្លាំង តែទៅលើប្រជាជនស៊ីវីលស្លូតត្រង់នៅតំបន់កាស្មៀរនេះឯង មិនថាខាងប៉ាគីស្ថាន ឬខាងឥណ្ឌា។ ពួកគេត្រូវរត់ភៀសខ្លួន រកកន្លែងមានសុវត្ថិភាព ដោយខ្លាចក្រែងត្រូវគ្រាប់កាំភ្លើងទាំងតូចទាំងធំ និងមីស៊ីលរបស់កងទ័ពទាំងសងខាង។ ជម្លោះសងសឹកនេះ នឹងធ្វើឲ្យកាន់តែមានការចងកំហឹងខ្លាំងឡើង រវាងអ្នកកាន់សាសនាឥស្លាមនិងព្រហ្មញ្ញសាសនា។ សហគមអន្តរជាតិ និងអង្គការសហប្រជាជាតិជាដើម បានអំពាវនាវ ឲ្យឥណ្ឌានិងប៉ាគីស្ថាន ត្រូវតែខិតខំអត់ធ្មត់ ទប់កំហឹងរៀងៗខ្លួន ដើម្បីបញ្ចៀសឲ្យបាននូវសង្គ្រាមឆាបឆេះថែមមួយកន្លែងទៀត។យន្តហោះត្រូវហោះវាងការផ្ទុះអាវុធរវាងឥណ្ឌានិងប៉ាគីស្ថាន បានបង្កផលប៉ះពាល់ ទៅដល់វិស័យអាកាសចរណ៍។ ដែនអាកាសឥណ្ឌានិងប៉ាគីស្ថាន គឺផ្លូវធ្វើដំណើរដ៏សំខាន់ សម្រាប់ជើងហោះហើររវាងអឺរ៉ុបនិងអាស៊ី។ ជាងនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ខ្លះបានប្រុងប្រយ័ត្ន ចៀសមិនហោះតាមផ្លូវពីខាងលើអ៊ុយក្រែន និងចៀសពីខាងលើម្តុំអ៊ីស្រាអែល សមុទ្រក្រហមជាដើម ដោយសារសុទ្ធតែជាតំបន់ប្រឈមគ្រោះថ្នាក់ អាចមានមីស៊ីលហោះកាត់។ ឥឡូវថែមប៉ាគីស្ថាន-ឥណ្ឌាមួយទៀត។នៅព្រឹកថ្ងៃពុធទី៧ឧសភា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន មិនថា Korean Air Eva Air Malaysia Airlines Thai Airways Singapore Airlines និង Air France ជាដើមសុទ្ធតែបានប្រកាសថា គេបានសម្រេចហោះវាង ចៀសឆ្ងាយពីដែនអាកាសប៉ាគីស្ថាន។ បញ្ហានេះ វានឹងជះផលវិបាក ធ្វើឲ្យរយៈពេលធ្វើដំណើរកាន់តែយូរ ចំណាយសាំងកាន់តែច្រើន៕
Embed this episode
Ready to play
ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាងកងទ័ពឥណ្ឌានិងប៉ាគីស្ថាន នៅតំបន់កាស្មៀរ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.