EPISODE · Jul 1, 2026
រដ្ឋវៀតណាមប្រកាសគោលនយោបាយ ជំរុញលើកទឹកចិត្តប្រជាជនឲ្យយកកូនដល់២នាក់
from ទស្សនៈព្រឹត្តិការណ៍ពិភពលោក · host RFI ខេមរភាសា / Khmer
ចំនួនប្រជាជនវៀតណាម មានប្រមាណ១០២លាននាក់ គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២៦។ តែទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពប្រជាសាស្ត្រ។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាមបានលុបចោលការដាក់កំហិតហាមឃាត់ មិនឲ្យប្រជាជនមានកូនលើសពី២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃពុធទី១កក្កដា២០២៦ វៀតណាមបានចេញច្បាប់ផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ក្រុមគ្រួសារដែលមានកូន២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញឲ្យប្រជាជនវៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែលតម្លៃជីវភាពប្រចាំថ្ងៃកាន់តែចំណាយច្រើន? បន្ទាប់ពីលែងហាមឃាត់ការយកកូនលើសពី២នាក់ រដ្ឋវៀតណាមបានបោះជំហានអនុវត្តយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីជំរុញលើកទឹកចិត្តឲ្យប្រជាជនខ្លួន យកកូនឲ្យបានលើសពី១នាក់។ ថ្ងៃពុធទី១កក្កដា ច្បាប់ថ្មីបានចូលជាធរមាន នៅវៀតណាម ដែលមានខ្លឹមសារផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់គ្រួសារដែលសម្រេចយកកូនដល់២នាក់។ តាមរយៈច្បាប់ថ្មីនេះ ស្ត្រីឆ្លងទន្លេកូនទី២ អាចមានសិទ្ធិឈប់សម្រាកមាតុភាព ដល់ទៅ៧ខែ ពោលគឺលើស១ខែបើប្រៀបទៅច្បាប់ចាស់។ បន្ថែមពីនេះ រដ្ឋវៀតណាមមានវិធានការជួយចេញថ្លៃចំណាយ ទៅលើការតាមដានសុខភាពពរពោះ និងសុខភាពទារកកើតថ្មី។ ក្រុមគ្រួសារនីមួយដែលសម្រេចយកកូនទី២ អាចទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់ទៅ២២៨ដុល្លារ ដោយយោងលើលក្ខខណ្ឌមួយចំនួន។ សូមរំលឹកថាប្រជាជនវៀតណាមបានឈានដល់ចំនួន១០០លាននាក់ កាលពីឆ្នាំ២០២៣។ ជាចំនួនដែលបានកើនឡើងយ៉ាងលឿនរហ័ស ខណៈនៅឆ្នាំ១៩៧៦ ក្នុងពេលបង្រួបបង្រួមវៀតណាមខាងជើងនិងខាងត្បូង ប្រជាជនសរុបមានប្រមាន៤៦លាននាក់។ នៅឆ្នាំ១៩៨៨ រដ្ឋកុម្មុយនីស្តវៀតណាម បានចេញច្បាប់ហាមឃាត់ជាផ្លូវការ មិនឲ្យមានកូនលើសពី២នាក់ នៅតាមតំបន់មួយចំនួនដែលដង់ស៊ីតេប្រជាជនមានលក្ខណៈចង្អៀតខ្លាំង។ តែយ៉ាងណាក៏ដោយ គោលនយោបាយដាក់កំហឹតនេះ មិនតឹងតែងខ្លាំងដូចនៅចិនទេ ពោលគឺពុំមានការចាប់បង្ខំឲ្យរំលូតកូនចោល ឬក៏ការចាក់ថ្នាំឲ្យស្ត្រីអាចលែងមានកូនបានជាដើម។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាកត្តាប្រជាសាស្ត្រនៅវៀតណាម មានទំនោរបាត់បង់តុល្យភាព ដោយសារតែមនុស្សវ័យចំណាស់កាន់តែច្រើន។ នៅក្នុងពិភពលោកនេះ វៀតណាមស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអត្រាមនុស្សវ័យចំណាស់ កើនឡើងច្រើនយ៉ាងលឿនគួរឲ្យបារម្ភ។ ការរីកចម្រើនជីវភាព និងវិស័យសុខាភិបាល បានធ្វើឲ្យមនុស្សកាន់តែមានអាយុវែងនៅវៀតណាម ហើយទន្ទឹមគ្នានេះ អត្រាពរពោះមានកូនរបស់ស្ត្រីវៀតណាមវិញ បានធ្លាក់ចុះ។ សូមបញ្ជាក់ថា អាយុកាលសង្ឃឹមរស់របស់ប្រជាជនវៀតណាម បច្ចុប្បន្ន គឺខ្ទង់៧៥ឆ្នាំ ចំណែកប្រជាជនអាយុលើសពី៦០ឆ្នាំវិញ បានកើនដល់ទៅ១០%នៃប្រជាជនសរុប។ ទំនោរមនុស្សចាស់ច្រើនទៅៗ ប្រៀបធៀបទៅមនុស្សពេញវ័យធ្វើការ គឺជាបញ្ហាមួយដែលអាចចោទទៅលើតុល្យភាពប្រជាសាស្ត្រ ទីផ្សារការងារនិងប្រព័ន្ធសន្តិសុខសង្គម។ នៅឆ្នាំ២០២៥ រដ្ឋវៀតណាមបានសម្រេច លុបចោលបំរាមហាមប្រជាជនមិនឲ្យមានកូនលើសពី២នាក់។ តែត្រឹមតែលែងហាមឃាត់ មិនប្រាកដថាប្រជាជនវៀតណាមនឹងសម្រេចចិត្តយកកូនថែមនោះទេ។ នៅឆ្នាំ២០២៥ អត្រាកម្រិតពរពោះរបស់ស្ត្រីវៀតណាម មានចំនួន១,៩៣។ អត្រានេះ វាមិនទាបពេកទេ បើប្រៀបធៀបទៅប្រទេសអាស៊ីផ្សេងទៀត ដូចជាជប៉ុន ដែលមានត្រឹម ១,១៤ និងឬកូរ៉េខាងត្បូង ដែលមានត្រឹមតែ០,៨។ ក៏ប៉ុន្តែផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការធ្លាក់ចុះនៃអត្រាពរពោះរបស់ស្ត្រីវៀតណាម បានកើតឡើងលឿនជ្រុល ប្រើប្រៀបធៀបទៅនឹងការរីកចម្រើនសេដ្ឋកិច្ច។ វៀតណាមជាប្រទេសមានសន្ទុះសេដ្ឋកិច្ចល្អពិតមែន តែចំណូលដុលរបស់ប្រជាជនវៀតណាម មានជាមធ្យមត្រឹមតែប្រមាណ ៥០០០ដុល្លារ ពោលគឺបានត្រឹមតែពាក់កណ្តាលចំណូលដុលរបស់ប្រជាជនជប៉ុន កាលពីឆ្នាំ១៩៨០នៅពេលជប៉ុនមានអត្រាពរពោះប្រហាក់ប្រហែលគ្នានឹងវៀតណាមពេលនេះ។ មានន័យថា វៀតណាម មានពេលតិចណាស់ណាស់ ដើម្បីធ្វើការសម្របខ្លួនទៅនឹងសង្គមដែលសំបូរមនុស្សវ័យចំណាស់ បើប្រៀបធៀបទៅប្រទេសដែលមានសេដ្ឋកិច្ចឈានមុខផ្សេងទៀត។ នេះបើផ្អែកតាមរបាយការណ៍វិភាគ របស់ធនាគារពិភពលោកនៅឆ្នាំ២០២១។ សំណួរសួរថា តើវិធានការលើកទឹកចិត្ត បន្ថែមពេលវេលាឈប់សម្រាក និងប្រាក់រង្វាន់បន្តិចបន្តួច អាចជំរុញឲ្យប្រជាជនវៀតណាមយកកូនលើសពី១នាក់ដែរឬទេ?លោកស្រី Pham Thi Lan អ្នកទទួលបន្ទុកម្នាក់នៅមូលនិធិសហប្រជាជាតិដើម្បីប្រជាជន បានលើកឡើងថា វាជាដំណឹងល្អ ដែលរដ្ឋវៀតណាម ផ្លាល់ប្តូរគោលនយោបាយ ប្តូរពីគោលនយោបាយគ្រប់គ្រងផែនការគ្រួសារ មកជាការជំរុញអភិវឌ្ឍន៍ប្រជាសាស្ត្រ។ តែយ៉ាងណា វិធានការលើកទឹកចិត្តដ៏ស្តួចស្តើងនេះ មិនទាន់គ្រប់គ្រាន់ទេ។ រដ្ឋវៀតណាម ត្រូវគិតគូរផែនការជំនួនឲ្យបានទូលំទូលាយ ដោយរាប់ទាំងការជួយចំណាយលើតម្លៃផ្ទះស្នាក់នៅ និងការឧបត្ថម្ភថ្លៃមើលថែកូនជាដើម។ ជាការពិតណាស់ ប្រជាជនវៀតណាមជាពិសេសអ្នករស់នៅទីក្រុងប្រជុំជនធំៗ បានត្អូញត្អែរអំពីជីវភាពកាន់តែលំបាក ចំណាយច្រើន ខណៈប្រាក់ចំណូលមិនកើនឡើង។ ការចំណាយ លើកូនម្នាក់ គឺជាចំណែកថវិកាដ៏ធំចំបងសម្រាប់គ្រួសារនីមួយៗ។ ផ្អែកតាមការស្ទាបស្ទង់ស្ថិតិមួយធ្វើឡើងដោយរដ្ឋវៀតណាម កាលពីពេលថ្មីៗនេះ ៧៣%នៃប្រជាជនវៀតណាមដែលមានប្តីប្រពន្ធ ទទួលស្គាល់ថាកត្តាប្រាក់ចំណូលប្រចាំខែ គឺជាលក្ខខណ្ឌមួយដ៏សំខាន់ដែលជះឥទ្ធិពលលើការសម្រេចចិត្តថាយកកូនឬយក៕
Embed this episode
Ready to play
រដ្ឋវៀតណាមប្រកាសគោលនយោបាយ ជំរុញលើកទឹកចិត្តប្រជាជនឲ្យយកកូនដល់២នាក់
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.