EPISODE · Apr 8, 2026
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ប្រកាសជោគជ័យរៀងៗខ្លួន ក្រោយសម្រេចបានបទឈប់បាញ់
from ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ · host RFI ខេមរភាសា / Khmer
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប្រកាសសម្រេចបាន “បទឈប់បាញ់” រយៈពេលពីរសប្តាហ៍ ជាថ្នូរនឹងការបើកច្រកសមុទ្ទអកមូហ្សឡើងវិញនៅថ្ងៃពុធទី៨មេសា មុនផុតឱសានវាទរបស់លោកត្រាំដែលគំរាមកម្ទេចអ៊ីរ៉ង់និងអរិយធម៌ពែក្សឱ្យខ្ទេចបន្តិច។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានបញ្ជាក់អំពីការព្រមព្រៀងឈប់បាញ់ និងការធានាសុវត្ថិភាពចរាចរណ៍នៅច្រកអកមូហ្ស ដែលជាប្រភពឆ្លងកាត់ប្រេងឆៅ២០%នៃសេចក្តីត្រូវការពិភពលោក កាលពីពេលមុនសង្គ្រាម។ តើបទឈប់បាញ់នេះជាជោគជ័យរបស់នរណា? ជាង៥សប្តាហ៍នៃការវាយប្រហារឥតស្រាកស្រាន្តលើអ៊ីរ៉ង់ និងនៅ៩០នាទី មុនផុតឱសានវាទ ដែលគំរាមកម្ទេចអ៊ីរ៉ង់ឱ្យខ្ទេចខ្ទីនោះ លោកត្រាំបានប្រកាសរកឃើញកិច្ចព្រមព្រៀងឈប់បាញ់ សម្រាប់រយៈពេលពីរសប្តាហ៍។ បើតាមសំដីលោកត្រាំ អ៊ីស្រាអែលក៏ទទួលយកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដែរ តែមិនព្រមបញ្ឈប់សកម្មភាពវាយប្រហារលើចលនាហេសបូឡាលីបង់ នៅលីបង់ទេ។ ជាថ្នូរមកវិញ អ៊ីរ៉ង់សុខចិត្តបើកច្រកសមុទ្ទអកមូហ្សទាំងស្រុងឡើងវិញ និងភ្លាមតែម្តង ហើយការពារសុវត្ថិភាពចរាចរណ៍កាត់តាមច្រកយុទ្ធសាស្ត្រនេះទៀត។ នេះបើតាមសេចក្តីប្រកាសរបស់លោកដូណាល់ត្រាំដដែល ដោយបញ្ជាក់ថា បទឈប់បាញ់ប្រសូតចេញបាន ក្រោយមានជំនួបសន្ទនាជាមួយប្រមុខដឹកនាំប៉ាគីស្ថាន។ ប៉ាគីស្ថានជាប្រទេសអន្តរការី បានបញ្ជាក់អំពីដំណើរការចរចា អាមេរិក-អ៊ីរ៉ង់ ដែលនឹងចាប់ផ្តើម នៅថ្ងៃសុក្រទី១០មេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ។ ការចរចាត្រូវធ្វើដោយផ្អែកលើសំណើ១០ចំណុចរបស់អ៊ីរ៉ង់ ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាម។ សំណើ១០ចំណុចរបស់អ៊ីរ៉ង់ បើតាមសារព័ត៌មានផ្លូវការនិងទូរទស្សន៍ជាតិអ៊ីរ៉ង់ ឧត្តមក្រុមប្រឹក្សាសន្តិសុខនៃឆ្មាំបដិវត្តអ៊ីរ៉ង់ បានស្នើទៅសហរដ្ឋអាមេរិកនូវផែនការ១០ចំណុច ដោយតម្រូវឱ្យ៖ -សហរដ្ឋអាមេរិក ព្រមទទួលយក និងធានាគោរព គោលការណ៍មិនឈ្លានពានអ៊ីរ៉ង់ -អ៊ីរ៉ង់បន្តគ្រប់គ្រងច្រកសមុទ្ទអកមូហ្ស -អាមេរិកត្រូវព្រមឱ្យអ៊ីរ៉ង់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម -លើកទណ្ឌកម្មទាំងអស់ចេញពីអ៊ីរ៉ង់ ទណ្ឌកម្មដំបូង និងទណ្ឌកម្មបន្ទាប់បន្សំ -រំសាយសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ -រំលាយគ្រប់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអភិបាល -សងថ្លៃខូចខាតឱ្យប្រទេសអ៊ីរ៉ង់ - ដកកងទ័ពប្រយុទ្ធរបស់អាមេរិកទាំងអស់ចេញពីតំបន់ -បញ្ឈប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់លើគ្រប់សមរភូមិរាប់ទាំងសង្គ្រាមប្រឆាំងនឹងចលនាតស៊ូអ៊ីស្លាមនៅលីបង់។ សំណើ១០ចំណុចរបស់អ៊ីរ៉ង់នេះដែលធ្លាប់ខ្ទាស់នៃការចរចាលើកមុន ត្រូវបានលោកត្រាំ ចាត់ទុកនៅថ្ងៃនេះថាជាផែនការគ្រឹះនៃកិច្ចចរចាដែលអាចសម្រេចបាន នៅពីរសប្តាហ៍នៃការចរចានៅប៉ាគីស្ថាន។ លោកដូណាល់ត្រាំ និងអ៊ីរ៉ង់ ប្រកាស ជោគជ័យ រៀងៗខ្លួន ក្រោយប្រកាសបទឈប់បាញ់ ភាគីទាំងពីរបានលើកឡើងអំពីជោគជ័យ រៀងៗខ្លួន។ លោកត្រាំបានស្រែកថានៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់ លោកបានទទួល “ជោគជ័យទាំងស្រុង និងយ៉ាងពេញលេញ” ដោយបានរកឃើញកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីអ៊ីរ៉ង់ព្រមទទួលយក។ សម្រាប់លោកត្រាំ ដែលបានប្តូរសំឡេងពីការគំរាមកម្ទេចអរិយធម៌អ៊ីរ៉ង់ឱ្យខ្ទេចនៅថ្ងៃម្សិលមិញ មកជាការប្រកាសបទឈប់បាញ់និងការចរចា គឺជាជោគជ័យ ព្រោះ លោកមិនបានបញ្ចប់ឱសានវាទដោយដៃទទេ ហើយក៏មិនបានបន្តជម្លោះតាមទំនើងដោយគ្មានយុទ្ធសាស្ត្រ ទៀតដែរ។ តែលោកប្រធានាធិបតីអាមេរិកបានរកឃើញច្រកចេញ និងអាចដើរចេញពីសង្គ្រាមនៅអ៊ីរ៉ង់បាន។ តាមរយៈបទឈប់បាញ់ លោកត្រាំអាចបន្តអួតអាងបានថា យុទ្ធសាស្ត្រប្រើឱសានវាទ គំរាម បានធ្វើឱ្យអ៊ីរ៉ង់ខ្លាច ព្រមចុះចាញ់ ព្រមចូលចរចា ព្រមបើកច្រកសមុទ្ទអកមូហ្ស។ ប៉ុន្តែពាក្យគំរាមកម្ទេចអ៊ីរ៉ង់ឱ្យរលត់រលាយមិនបានសម្រេចទេ។ ទោះបីបាញ់ប្លោងលើអ៊ីរ៉ង់អស់ដល់ទៅម៉ឺនគ្រាប់ក៏ដោយ ក៏អ៊ីរ៉ង់ហាក់មិនបានបាត់បង់សមត្ថភាពប្រយុទ្ធតតាំងវិញទេ។ របបផ្តាច់ការអ៊ីរ៉ង់បានរងរបួស បាត់បង់មេដឹកនាំចាស់ៗ ចុះខ្សោយ តែក្រុមឆ្មាំបដិវត្តជំនាន់ថ្មីកាន់តែផ្តាច់ការ បង្ក្រាបរាល់គ្រប់ទម្រង់នៃការបះបោរប្រជាជន ទាំងកំពុងរងការវាយប្រហារពីសំណាក់អាមេរិកនិងអ៊ីស្រាអែល។ អ៊ីរ៉ង់បានត្រៀមលក្ខណៈធ្វើសង្គ្រាមតាំងពីរាប់ទសវត្សរ៍មកហើយ។ ដូច្នេះបើទោះបីជាសង្គ្រាមនៅពេលនេះ បានធ្វើឱ្យអ៊ីរ៉ង់ហិនហោចស្ទើរខ្ទេចខ្ទីក៏ដោយ ក៏រដ្ឋាភិបាលអ៊ីរ៉ង់នៅអាចត្រដររស់បាន ហើយអាចកំណត់សំណើនៃការចរចាជាមួយភាគីបង្កជម្លោះបានទៀត។ នេះហើយជាអ្វីដែលអ៊ីរ៉ង់ចាត់ទុកថាជោគជ័យ។ តែដោយជាក់ស្តែងទៅនោះ គេនៅពុំទាន់អាចនិយាយអំពីជោគជ័យ និងការសម្រេចបានសន្តិភាពជានិរន្តរ៍បាននៅឡើយទេ ព្រោះបទឈប់បាញ់នៅមានលក្ខណៈផុយស្រួយណាស់ ឯការចរចានឹងត្រូវចាប់ផ្តើមនៅពីរថ្ងៃទៀត។ គ្រប់ភាគី អាមេរិក អ៊ីរ៉ង់ ឬអារ៉ាប៊ីសាអូឌីត អាចស្រែកអបអរជោគជ័យ ឬប្រកាសថាជាអ្នកឈ្នះក៏បាន តែសំខាន់ អ្នកចាញ់ និងអ្នកខាតបង់ពិតប្រាកដ គឺប្រជាពលរដ្ឋអ៊ីរ៉ង់ ដែលត្រូវរស់ក្នុងភាពហិនហោចដូចធ្លាក់នរកហើយ មិនបានទទួលសេរីភាពទៀត៕
Embed this episode
Ready to play
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ប្រកាសជោគជ័យរៀងៗខ្លួន ក្រោយសម្រេចបានបទឈប់បាញ់
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.