EPISODE · Jul 3, 2026
តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិនចង់លើកតម្កើងឈ្មោះនិង វប្បធម៌បរទេស
from ទស្សនៈព្រឹត្តិការណ៍ពិភពលោក · host RFI ខេមរភាសា / Khmer
នៅក្នុងគោលដៅលើកតម្កើងវប្បធម៌ជាតិ និងបន្ទុចបង្អាក់ឥទ្ធិពលបរទេស ជាពិសេសរុស្ស៊ី និងអ៊ីស្លាមជ្រុលនិយម រដ្ឋាភិបាលតាហ្ស៊ីគីស្ថានពង្រឹងច្បាប់ស្តីពីអត្រានុកូលដ្ឋាន នៅត្រង់ចំណុច ចុះឈ្មោះរបស់ទារក។ ជាប់ឈ្មោះជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ លោកប្រធានាធិបតីតាហ្ស៊ីគីស្ថានក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពលអ៊ីស្លាម និងការដកឃ្លា ឃ្លាតចាកឆ្ងាយពីលំហរអតីតសហភាពសូវៀត។ ដើម្បីធ្វើជាគំរូគេក្នុងការអនុវត្តស្មារតីស្នេហាជាតិនិយម និងដើរតាមនយោបាយកំណត់អត្តសញ្ញាណជាតិឡើងវិញ ប្រធានាធិបតីតាហ្ស៊ីគីស្ថានលោក មិនខ្លាចនឹងកាត់តម្រឹម លុបចោលអក្ស ov នៅក្នុងឈ្មោះត្រកូលរបស់លោក ដើម្បីធ្វើយ៉ាងណាឲ្យឈ្មោះរបស់លោកលែងជាឈ្មោះរុស្ស៊ីដូចមុន ប៉ុន្តែ ជាឈ្មោះតាហ្ស៊ីគីស្ថាន។ មានប្រជាជនរស់នៅប្រមាណ ១០លាននាក់ ប្រទេសនៅអាស៊ីកណ្តាលមួយនេះមានប្រធានាធិបតីដែលផ្តោតចង់សើរើឡើងវិញនូវប្បធម៌ និងអត្តសញ្ញាណជាតិ។ ត្រូវគេចាត់ទុកជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ និងកាន់អំណាចដឹកនាំតាហ្ស៊ីគីស្ថានតាំងពីឆ្នាំ១៩៩២ លោកប្រធានាធិបតីEmomali Rakhmon បានធ្វើកំណែទម្រង់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន កាលពី១០ឆ្នាំមុនដើម្បីពង្រឹងប្រជាសាស្រ្ត និងអត្តសញ្ញាណជាតិតាហ្ស៊ីគីស្ថាន។ នៅឆ្នាំ២០១៦ គណៈកម្មាធិការភាសា និងវាក្យស័ព្ទបានបង្កើតបញ្ជីឈ្មោះតាហ្ស៊ីគីស្ថាន ចំនួន៣៤៦១ឈ្មោះ ដើម្បីឲ្យឪពុកម្តាយជ្រើសរើសយកទៅដាក់ឲ្យកូនរបស់ខ្លួន។ ចំណែកឈ្មោះ ដែលឃ្លាតចាកឆ្ងាយពេកពីវប្បធម៌ពែក្សអ៊ីស្លាមដែលជាវប្បធម៌គោលរបស់តាហ្ស៊ីគីស្ថាន និងឈ្មោះមានអក្សរ ovដែលបង្កប់ឥទ្ធិពលរុស្ស៊ី នឹងត្រូវអាជ្ញាធរបដិសេធមិនទទួលស្គាល់។ ជាលទ្ធផល កុមារតាហ្ស៊ីគីស្ថានដែលកើតចាប់តាំងពីឆ្នាំ ២០១៦នឹងលែងមានឈ្មោះដែលមានពាក្យ ov នៅក្នុងចុងកន្ទុយ ឬលែងមានឈ្មោះឥស្លាម ដូចជាYassine Amira ឬក៏ Riyad។ នៅក្នុងពិភពលោក មានប្រទេសមួយក្តាប់តូចដែលព្យាយាមរក្សាវប្បធម៌ អត្តសញ្ញាណជាតិតាមរយៈការបង្កើតបញ្ជីឈ្មោះប្រចាំប្រទេសមួយ ដោយគ្មានចម្លងឈ្មោះបរទេស។ ប៉ុន្តែ គេត្រឹមផ្តល់អនុសាសន៍ណែនាំឲ្យប្រជាជនប្រើឈ្មោះក្នុងស្រុក ពោលគឺ មិនតឹងរ៉ឹងខ្លាំងដូចតាហ្ស៊ីគីស្ថានដែលចាប់តម្រូវឲ្យប្រជាជនត្រូវតែដាក់ឈ្មោះតាមបញ្ជីកំណត់របស់រដ្ឋាភិបាល។ នៅឆ្នាំ២០១៩ មេដឹកនាំតាហ្ស៊ីគីស្ថាន លោក Emomali Rakhmon បាននិយាយក្តែងៗថា វាជារឿងដ៏អាម៉ាស់ ដែលគេត្រូវលើកតម្កើងវប្បធម៌បរទេស តាមរយៈការដាក់ឈ្មោះកូនចៅដែលមិនមែនជាឈ្មោះតាហ្ស៊ីគីស្ថាន។ បើតាមប្រធានាធិបតីតាហ្ស៊ីគីស្ថាន ការដាក់ឈ្មោះបរទេសឲ្យកូនចៅយ៉ាងដូច្នេះ មនុស្សជំនាន់ក្រោយៗរបស់តាហ្ស៊ីគីស្ថាននឹងកាន់តែឃ្លាតឆ្ងាយពីប្រភព ឫសគល់ វប្បធម៌ជាប្រវត្តិសាស្រ្តរបស់តាហ្ស៊ីគីស្ថាន។ ដោយបង្កើតនយោបាយកំណត់ឈ្មោះឲ្យប្រជាជនរបស់ខ្លួនយ៉ាងដូច្នេះ ប្រធានាធិបតីតាហ្ស៊ីគីស្ថានមានគោលដៅចង់បន្ទុចបង្អាក់កុំឲ្យប្រជាជនតាហ្ស៊ីគីស្ថានយកឈ្មោះតាមក្រុមអ៊ីស្លាមជ្រុលនិយម និងទប់ស្កាត់ឥទ្ធិពលរុស្ស៊ី។ ក្រៅពីហាមមិនឲ្យប្រជាជនដាក់ឈ្មោះអ៊ីស្លាម តាហ្ស៊ីគីស្ថានបានបង្កើតច្បាប់ហាមមិនឲ្យស្រ្តីទទូលកំណាត់លើក្បាលចំណែកមនុស្សប្រុសគ្មានសិទ្ធិទុកពុកចង្កា។ លោក Emomali Rakhmon បារម្ភខា្លចថា ប្រជាជនតាហ្ស៊ីគីស្ថានត្រូវក្រុមជីហាត អ៊ីស្លាមជ្រុលនិយម ឬក្រុមតាលីបង់នៅអាហ្វហ្កានីស្ថានអូសទាញឲ្យទៅប្រព្រឹត្តអំពើភេរវកម្មនៅទឹកដីបរទេស។ ករណីបែបនេះធ្លាប់កើតមានកន្លងមក នៅពេលអាជ្ញាធររុស្ស៊ីចាប់បានជនជាតិតាហ្ស៊ីគីស្ថានដែលត្រូវសង្ស័យថា ជាអ្នកលួចដាក់បំផ្ទុះគ្រាប់បែកសម្លាប់មេយោធារុស្ស៊ី។ ចង់ឬមិនចង់ នយោបាយកម្រិតចំនួនឈ្មោះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនមានតែឈ្មោះតាហ្ស៊ីគីស្ថានអាចប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសអាស៊ីកណ្តាលមួយនេះ។ ត្រូវដឹងថា ផ្ទុយពីឈ្មោះនៅប្រទេសលោកខាងលិច ឈ្មោះនៅតាហ្ស៊ីគីស្ថានតែងមានភ្ជាប់ដោយនិមិត្តរូប អត្ថន័យជាប់ជានិច្ច។ ឈ្មោះនីមួយៗ គឺមានអត្ថន័យពិសេស ខុសប្លែកៗគ្នា ទៅតាមស្ថានការណ៍ ថ្ងៃ ទីកន្លែង និងបំណងប្រាថ្នារបស់ឪពុកម្តាយ។ ដោយរំលឹក អួតសរសើរប្រវត្តិសាស្រ្តដ៏រុងរឿងរបស់តាហ្ស៊ីគីស្ថាន ដែលធ្លាប់មានប្រៀបទៅលើក្រុមអ៊ីស្លាមកាលពីអតីតកាល ប្រធានាធិបតីតាហ្ស៊ីគីស្ថានបាននិយាយដោយមិនលាក់លៀមថា មុនដំបូងគេបង្អស់ គឺលោកត្រូវមានមោទនភាពជាជនជាតិតាហ្ស៊ីគីស្ថានសិន បន្ទាប់មកចាំនិយាយអំពីសាសនាអ៊ីស្លាម។ មិនត្រឹមរឹតបន្តឹងមិនឲ្យប្រជាជនដាក់ឈ្មោះអ៊ីស្លាមមួយចំនួន ប្រធានាធិបតីនៅបានដាក់កម្រិតមិនឲ្យគេមានឈ្មោះដែលកន្ទុយពាក្យរុស្ស៊ី ov។ លោកប្រធានាធិបតី Emomali Rakhmon មានក្តីប្រាថ្នាចង់បន្សាបឥទ្ធិពលរុស្ស៊ីនៅក្នុងទឹកដីតាហ្ស៊ីគីស្ថានដែលធ្លាប់ស្ថិតក្រោមចំណុះរបស់សហភាពសូវៀត។ ប៉ុន្តែ ដោយមើលទៅលើទីតាំងភូមិសាស្រ្តនយោបាយ ការពឹងផ្អែកសេដ្ឋកិច្ច តាហ្ស៊ីគីស្ថានមិនងាយនឹងដោះខ្លួនរួចចេញពីឥទ្ធិពលរបស់រុស្ស៊ី។ ប្រជាជនតាហ្ស៊ីគីស្ថានជាច្រើនម៉ឺននាក់ចេញទៅធ្វើការនៅទឹកដីរុស្ស៊ីដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនៅក្នុងស្រុក។ពួកគេមួយចំនួននិយាយថា ពួកគេមានមោទនភាព និងចង់ក្លាយជាអ្នកជាតិនិយម ស្នេហាជាតិ ប៉ុន្តែ ការលុបពាក្យ ov ដើម្បីឲ្យឈ្មោះរបស់គេលែងមានលក្ខណៈរុស្ស៊ីនឹងអាចធ្វើឲ្យពួកគេងាយប្រឈមនឹងការរើសអើង រហូតត្រូវបាត់បង់ការងារ គ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារក្នុងប្រទេស។ នៅទីបំផុត ឆ្នាំងបាយនៅតែ សំខាន់ជាងឈ្មោះ និងមោទនភាព ស្នេហាជាតិ៕
Embed this episode
Ready to play
តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិនចង់លើកតម្កើងឈ្មោះនិង វប្បធម៌បរទេស
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.