EPISODE · May 13, 2026
តើក្រោយពេលចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?
from ទស្សនៈព្រឹត្តិការណ៍ពិភពលោក · host RFI ខេមរភាសា / Khmer
លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់នៃឆាកនយោបាយថៃ ដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល៤ខែ ដើម្បីអនុវត្តទោសឲ្យបានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបានការអភ័យឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោលរបស់លោកថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពលលើនយោបាយថៃទៀត ឬយ៉ាងណា? ថ្ងៃចន្ទទី១១ឧសភា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានដើរចេញពីទ្វាររបងមន្ទីរឃុំឃាំងក្លងព្រែម ក្នុងទឹកមុខញញឹមរីករាយ។ លោកត្រូវបានសមាជិកក្រុមគ្រួសារ កូនៗចៅៗមកទទួលស្វាគមន៍ មុននឹងដើរទៅធ្វើគារវកិច្ចគោរពភ្លេងជាតិនិងទង់ជាតិថៃ។ បន្ទាប់មកទៀត លោកទទួលផ្កានិងចាប់ដៃជាមួយមនុស្សម្នាច្រើននាក់ អ្នកខ្លះពាក់អាវក្រហម ដែលពណ៌នយោបាយនៃគណបក្សភឿថៃរបស់ក្រុមគ្រួសារស៊ីណាវ៉ាត្រ។ គួររំលឹកថា លោកថាក់ស៊ីន ត្រូវបានតុលាការកំពូលថៃសម្រេចសេចក្តីកាលពីខែកញ្ញាឆ្នាំ២០២៥ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ បន្ទាប់ពីបានរកឃើញថាលោកមិនបានអនុវត្តទោសឲ្យបានត្រឹមត្រូវ។ ជាប់បានតែ៨ខែ នៅពេលនេះ លោកថាក់ស៊ីនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយត្រូវឃុំខ្លួនក្នុងផ្ទះរយៈពេល៤ខែ។ គួរកត់សំគាល់ដែរថា នេះមិនមែនជាលើកទី១ទេ ដែលលោកថាក់ស៊ីន ទទួលបានការអនុគ្រោះជាពិសេសពីប្រព័ន្ធតុលាការថៃ។ ក្រោយនិរទេសខ្លួនរយៈពេល១៥ឆ្នាំ លោកថាក់ស៊ីនបានត្រឡប់ចូលស្រុកវិញ កាលពីខែសីហា ឆ្នាំ២០២៣ ហើយត្រូវប្រឈមមុខនឹងសវនាការតុលាការជាបន្តបន្ទាប់ រហូតមានការសម្រេចទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ក៏ប៉ុន្តែ ក្រោយការចរចាជាមួយក្រុមនយោបាយអភិររក្សនិយម ដែលស្និទ្ធនឹងយោធាថៃ ព្រមទាំងស្ថាប័នព្រះមហាក្សត្រ ទោសរបស់លោកថាក់ស៊ីន ត្រូវបានព្រះរាជាថៃសម្រាលពី១០ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ ជាងនេះទៀត លោកថាក់ស៊ីន ត្រូវបានគេយកទៅដាក់នៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យនគរបាលថៃ ដោយអះអាងថាលោកមានវ័យចំណាស់ សុខភាពមិនមាំទាំ។ តែទីបំផុត នៅដើមខែកញ្ញា ឆ្នាំទៅម៉ិញ តុលាការកំពូលថ្ងៃ ក៏បានលុបចោលវិធានការនេះវិញ ដោយតម្រូវឲ្យគេយកលោកមកដាក់ឃុំ ក្នុងមន្ទីរឃុំឃាំងដូចទណ្ឌិតដ៏ទៃទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នមានអាយុ៧៦ឆ្នាំ លោកថាក់ស៊ីននៅតែបន្តមានប្រជាប្រិយភាព និងឥទ្ធិពលនៅលើឆាកនយោបាយថៃ។ ការដោះលែងឲ្យលោក ឃុំខ្លួននៅផ្ទះបែបនេះ កំពុងតែធ្វើឲ្យមានចម្ងល់ចោទសួរ ថាតើលោកមហាសេដ្ឋីរូបនេះ បានទទួលការអនុគ្រោះពិសេសអ្វីទៀតហើយ ហើយតាមរយៈការចរចាននយោបាយបែបណា។ សំណួរមួយទៀតនោះ គឺថាតើលោកថាក់ស៊ីន នឹងប្រលូកក្នុងនយោបាយវិញដែរឬទេ? ឆ្លើយទៅកាន់អ្នកកាសែតកាលពីថ្ងៃចន្ទទី១១ឧសភា លោកថាក់ស៊ីន បានបង្ហើសំដីថាលោកចាស់ហើយ ភ្លេចភ្លាំងច្រើនណាស់ លោកលែងចងចាំអ្វីទៀតហើយ ព្រោះលោកមានជម្ងឺអាល់ហ្សៃម៉ឺ (Alzheimer)។ លោកស្រីភែថងថាន បុត្រីសំណព្វរបស់លោកថាក់ស៊ីនវិញ ដែលបានចូលទៅជួបឪពុកក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ បានថ្លែងប្រាប់អ្នកកាសែតថាក្នុងពេលជួបគ្នា លោកស្រីនិយាយតែពីរឿងក្រុមគ្រួសារផ្ទាល់ខ្លួនប៉ុណ្ណោះ មិនបាននិយាយអំពីបញ្ហានយោបាយឡើយ។ គួររំលឹកដែរថា លោកអានុធិន ឆានវីរៈគូន នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ក៏ធ្លាប់ជាមនុស្សម្នាក់ស្និទ្ធស្នាលនឹងលោកថាក់ស៊ីនដែរ។ ជាមហាសេដ្ឋីដូចគ្នា លោកអានុធិន ឆានវីរៈគូន បានរៀនសូត្រពីរបៀបធ្វើនយោបាយរបស់លោកថាក់ស៊ីន។ តែទន្ទឹមនឹងនេះ លោកអានុធិនបានបន្តរក្សាចំណងសម្ព័ន្ធភាពជាមួយក្រុមអភិរក្សនិយម ក្រុមយោធាថៃដែលស្និទ្ធនឹងព្រះបរមរាជវាំង។ នេះគឺជាយុទ្ធសាស្ត្រ បែបសំយោគ ដែលបានអនុញ្ញាតឲ្យលោកអនុធិនឈរជើងរាំងមាំ។ កាលពីថ្ងៃទី៩ឧសភា លោកអានុធិន បានប្រាប់អ្នកកាសែតថា លោកនៅតែគោរពលោកថាក់ស៊ីន ព្រោះលោកធ្លាប់ធ្វើការក្រោមបង្គាប់អស់រយៈពេលជាង២០ឆ្នាំ។ លោកអានុធិនអះអាងថា ទំនាក់ទំនងរវាងលោកនិងលោកថាក់ស៊ីន គឺបន្តស្និទ្ធស្នាលដូចសមាជិកគ្រួសារតែមួយ។ យ៉ាងណាក៏ដោយ គេមិនជឿថា នៅពីក្រោយភាពស្និទ្ធស្នាលលក្ខណៈបុគ្គលរវាងលោកអានុធិន ជាមួយក្រុមគ្រួសារលោកថាក់ស៊ីននេះ គឺវាមិនពាក់ព័ន្ធដល់រឿងនយោបាយនោះ។ បក្សភឿថៃ និងបក្សភូមិចៃថៃ ធ្លាប់ចាប់ដៃគ្នាច្រើនដងរួចមកហើយ ដើម្បីរារាំងបក្សកាវក្លៃ (Move Forward)បក្សប្រឆាំងវ័យក្មេងដ៏មានប្រជាប្រិយភាព មិនឲ្យដឹកនាំរដ្ឋាភិបាលបាន។ ក្រោយត្រូវគេរំលាយចោល បក្សកាវក្លៃ បានកែប្រែឈ្មោះថ្មី ឈ្មោះថា បក្សប្រាឆាឈុន។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ជីវិតរបស់បក្សប្រាឆាឈុន ក៏កំពុងតែប្រឈមគ្រោះថ្នាក់សាជាថ្មី បន្ទាប់ពីមានពាក្យបណ្តឹងកាលពីចុងខែមេសា ទាមទារផ្តន្ទាទោសសមាជិកសភារបស់បក្សនេះចំនួន៤៤រូប ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ក្នុងចំណោមអ្នកដែលអាចត្រូវគេដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត គឺមានលោក ណាតថៈភុង រឿងបញ្ញាវុធ និងលោកស្រី ស្រីកាន់យ៉ាង តានសាគុណ ដែលអ្នកទាំង២នេះ គឺជាក្បាលម៉ាស៊ីនសំខាន់បំផុតរបស់បក្សប្រាឆាឈុន។ អ្នកវិភាគខ្លះ លើកឡើងថា បក្សភឿថៃមិនអាចក្លាយត្រឡប់មកជាបក្សដ៏សំខាន់ក្នុងឆាកនយោបាយថៃបានទេ ប្រសិនបើនៅតែមានបក្សប្រាឆាឈុន។ ដូច្នេះអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើន នៅពេលបក្សប្រាឆាឈុនដួលរលំ ឬត្រូវគេរំលាយចោល គឺបក្សភឿថៃរបស់គ្រួសារលោកថាក់ស៊ីននេះឯង។ តែយ៉ាងណាក៏ដោយ លោក វ៉ាន់វិចិត្រ ប៊ុនព្រង សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ Rainsit បានលើកឡើងថា លោកថាក់ស៊ីន មិនព្រមចូលនិវត្តន៍ ហើយនៅលូកដៃចេញមុខចាត់ចែងបក្សភឿថៃ នោះវាមិនមែនជារឿងល្អទេសម្រាប់បក្សនេះទៅថ្ងៃអនាគត៕
Embed this episode
Ready to play
តើក្រោយពេលចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា?
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.