EPISODE · Mar 19, 2026
តើនឹងមានផលវិបាកអ្វីខ្លះ ក្រោយការវាយប្រហារទៅលើទីតាំងផលិតប្រេងនិងឧស្ម័ននៅតំបន់ឈូងសមុទ្រពែក្ស?
from ទស្សនៈព្រឹត្តិការណ៍ពិភពលោក · host RFI ខេមរភាសា / Khmer
សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃវត្ថុធាតុដើមថាមពល។ ថ្ងៃពុធទី១៨មីនា សង្គ្រាមនៅមជ្ឈិមបូព៌ា បានឆេះរាល ឈានចូលចំណុចថ្មីមួយទៀតដ៏គ្រោះថ្នាក់។ អ៊ីស្រាអែលបានបើកការវាយប្រហារ ទៅលើអណ្តូងឧស្ម័នដ៏ធំបំផុតរបស់អ៊ីរ៉ង់ ឲ្យឆេះសន្ធោសន្ធៅ។ ជាការសងសឹកវិញ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ឧស្ម័នរបស់កាតា។ គួរកត់សំគាល់ថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមកនៅថ្ងៃទី២៨កុម្ភៈ ការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក បានសំដៅភាគច្រើនលើសលុប ទៅលើសមត្ថភាពការពារខ្លួនរបស់អ៊ីរ៉ង់ ដែលមានដូចជាទីតាំងឃ្លាំងគ្រាប់មីស៊ីល ប្រព័ន្ធបាញ់បង្ហោះមីស៊ីល នាវាចម្បាំង និងនាវាមុជទឹកជាដើម។ អ៊ីស្រាអែលបានវាយប្រហារផងដែរ ទៅលើទីតាំងស្តុកប្រេងរបស់អ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ បានវាយប្រហារភាគច្រើនលើសលុប ទៅលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសំដៅទៅលើទីតាំងឃ្លាំងស្តុកផលិតផលប្រេងនិងឧស្ម័ន។ តែនៅយប់ថ្ងៃពុធទី១៨មីនា អ៊ីរ៉ង់បានសម្រេចវាយប្រហារ លើទីតាំងចម្រាញ់ឧស្ម័នដ៏ធំបំផុតរបស់កាតា ឈ្មោះ Ras Laffan។ ក្រុមហ៊ុន Qatar Energy បានឲ្យដឹងថា ស្ថានីយ៍ឧស្ម័ន Ras Laffan បានរងការខូចខាតធ្ងន់ធ្ងរ។ ថ្ងៃដដែលនេះដែរ នៅកូវ៉េតវិញ រោងចក្រចម្រាញ់ប្រេងចំនួន២កន្លែង របស់ Kuwait National Petroleum Company ក៏បានរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ដែរ។ នៅអារ៉ាប៊ីសាអូឌីត រោងចក្រចម្រាញ់ប្រេងនិងឧស្ម័ន របស់ក្រុមហ៊ុន Aramco-ExxonMobil ក៏បានក្លាយជាងផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីរ៉ង់ដែរ តែត្រូវប្រព័ន្ធខែលមីស៊ីលទប់ជាប់។ សូមបញ្ជាក់ថា ស្ថានីយឧស្ម័ន Ras Laffan របស់កាតា ដែលរងការខូចខាតធ្ងន់ធ្ងរ គឺជាមជ្ឈមណ្ឌលបំលែងឧស្ម័នធម្មជាតិ ឲ្យទៅជាឧស្ម័នធម្មជាតិរាវ ដែលពាក្យកាត់ហៅថា GNL/ LNG ដ៏ធំជាងគេបង្អស់នៃពិភពលោក។ កាតាគឺជាប្រទេសធំជាងគេទី២បន្ទាប់ពីសហរដ្ឋអាមេរិក ដែលផលិតឧស្ម័នធម្មជាតិរាវច្រើនជាងគេ។ បញ្ហានេះ កំពុងបង្កឲ្យមានការភ័យបារម្ភថា សង្គ្រាមឧស្ម័នអាចនឹងផ្ទុះឡើង។ អ្នកវិភាគទីផ្សារផ្គត់ផ្គង់វត្ថុធាតុដើមថាមពល កំពុងតែបារម្ភថា សង្គ្រាមនេះកំពុងតែឈានជើងចូលក្នុងសង្គ្រាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នៅឆ្នាំ២០២៥ Qatar Energy បាននាំចេញឧស្ម័នធម្មជាតិរាវ ចំនួនជាង៨០លានតោន ដោយដឹកចេញតាមច្រកសមុទ្រអកមូហ្សទាំងអស់។ ទំហំនាំចេញរបស់កាតានេះ គឺស្មើនឹង២០% នៃតម្រូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវទូទាំងពិភពលោក។ ឧស្ម័នធម្មជាតិរាវរបស់កាតា មួយចំណែកគឺនាំចេញទៅអឺរ៉ុប និងមួយចំណែកធំទៀត ប្រមាណ៨០% នាំចេញទៅកាន់ប្រទេសអាស៊ីធំៗ ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងប៉ាគីស្ថានជាដើម។ ច្រកសមុទ្រអកមូហ្ស បិទខ្ទប់ជិត៣សប្តាហ៍មកនេះ គឺជាបញ្ហាធំមួយដែលរាំងខ្ទប់ការដឹកជញ្ជូនប្រេងនិងឧស្ម័នរួចទៅហើយ។ តែបញ្ហានេះ គេអាចដោះស្រាយបានឆាប់ៗ ប្រសិនបើស្ថានការណ៍សន្តិសុខនៅតំបន់នេះ ត្រលប់មករកភាពប្រក្រតីវិញ។ ក៏ប៉ុន្តែ ការវាយប្រហារធ្វើឲ្យខូចខាតហេដ្ឋរចនាសម្ព័ន្ធផលិតកម្ម អណ្តូងប្រេងអណ្តូងឧស្ម័ន ព្រមទាំងរោងចក្រចម្រាញ់ គឺវាជារឿងធ្ងន់ធ្ងរមួយកម្រិតទៀត។ មានន័យថា ទោះសង្គ្រាមចប់ ច្រកសមុទ្រអកមូហ្សបើកឡើងវិញ ក៏ការផលិតប្រេងនិងឧស្ម័ន មិនអាចដំណើរការដូចដើមវិញបានភ្លាមៗដែរ ព្រោះបណ្តាញផលិតកម្មត្រូវខូចខាត។ ពោលគឺគេត្រូវការពេលវេលាយូរខែ ឬអាចដល់ឆ្នាំ ដើម្បីរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ឲ្យល្អឡើងវិញ។ ដូច្នេះ ទំហំលទ្ធភាពផ្គត់ផ្គង់វត្ថុធាតុដើមថាមពល ប្រេង ឧស្ម័ន និងសារធាតុគីមីធ្វើពីប្រេងកាតផ្សេង នឹងត្រូវតែធ្លាក់ចុះ ធ្វើឲ្យទីផ្សារបន្តរងសំពាធ។ យ៉ាងណាមិញ គ្រាន់តែស្ថានីយ៍ឧស្ម័នដ៏ធំបំផុតរបស់កាតា ត្រូវភ្លើងឆាបឆេះភ្លាម ព្រឹកថ្ងៃទី១៩មីនា តម្លៃឧស្ម័នបានស្ទុះហក់ឡើង ដល់ទៅ៣៥% មុននឹងធ្លាក់ចុះមកវិញបន្តិច ត្រឹម២៨%។ ផ្អែកតាមទីផ្សារ TTF ស្តង់ដារអឺរ៉ុប ព្រឹកថ្ងៃទី១៩មីនា ហាងឆេងឧស្ម័នមានតម្លៃ ៧០អឺរ៉ូ ក្នុងមួយម៉េហ្កាវ៉ាតទឺ។ ប្រសិនបើបញ្ហានេះកាន់តែធ្ងន់ នោះវានឹងរុញអត្រាតម្លៃចរន្តអគ្គិសនីនៅអឺរ៉ុប ឲ្យឡើងកាន់តែថ្លៃ។ ទំនោរនេះ ក៏មិនខុសគ្នាដែរ បើនិយាយពីតំម្លៃប្រេងកាត។ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៩មីនា ប្រេងឆៅបានឡើងថ្លៃ៦% ខ្ទង់ ១១៤ដុល្លារក្នុងមួយធុងបារីល។ អ្នកជំនាញរបស់ EnergyScan បានលើកឡើងថា វិបត្តិតម្លៃថាមពលថ្លៃខ្លាំង ហាក់កំពុងតែចាក់គ្រឹះនៅជាប់ បន្តយូរខែទៅមុខ។ ជាងនេះទៀត អ៊ីរ៉ង់បានគំរាមវាយកម្ទេច ទីតាំងផលិតប្រេងនិងឧស្ម័នធំៗចំនួន៥ទីតាំងទៀត នៅអារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម។ នេះបើផ្អែកតាម មជ្ឈមណ្ឌលប្រឹក្សាយោបល់ Rystad Energy។ ក្នុងករណីមានការវាយប្រហារថ្មីទៀតលើទីតាំងទាំងនេះ តម្លៃប្រេងអាចនឹងឡើងថែម១០ដុល្លារទៀត។ គិតត្រឹមពេលនេះ បណ្តាប្រទេសផលិតប្រេងនិងឧស្ម័ននៅតំបន់ឈូងសមុទ្រពែក្ស បានកាត់បន្ថយសង្វាក់ផលិតកម្ម ឬខ្លះបានបិទទាំងស្រុងតែម្តង ដោយសារតែគ្មានទីតាំងស្តុង និងគ្មានលទ្ធភាពដឹកបញ្ជូនចេញ៕
Embed this episode
Ready to play
តើនឹងមានផលវិបាកអ្វីខ្លះ ក្រោយការវាយប្រហារទៅលើទីតាំងផលិតប្រេងនិងឧស្ម័ននៅតំបន់ឈូងសមុទ្រពែក្ស?
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.