EPISODE · Apr 10, 2026
តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាចបញ្ចុះបញ្ចូលឲ្យអាមេរិកនិងអ៊ីរ៉ង់ផ្អាកសង្រ្គាម និងចូលតុចរចា?
from ទស្សនៈព្រឹត្តិការណ៍ពិភពលោក · host RFI ខេមរភាសា / Khmer
បើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់? ដោយបញ្ចុះបញ្ចូលឲ្យភាគីជម្លោះ អាមេរិក និងអ៊ីរ៉ង់យល់ព្រមឈប់ប្រយុទ្ធគ្នា រយៈពេល២សប្តាហ៍ និងចូលខ្លួនជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដើម្បីចរចាឈានទៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅដើមបូព៌ា ប៉ាគីស្ថានបានបង្ហាញឲ្យគេឃើញពីតួនាទីដ៏សំខាន់ និងសមត្ថភាពមិនប្រកែកបានរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ តាំងពីដំបូងទីនៃសង្រ្គាមប្រយុទ្ធគ្នារវាងអាមេរិក អ៊ីរ៉ង់ ប៉ាគីស្ថានបានសុំខ្លួនធ្វើជាអន្តរការី ជួយសម្របសម្រួលឲ្យភាគីជម្លោះបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ សូម្បីតែនៅថ្ងៃអង្គារទី ៧មេសា ថ្ងៃចប់ឱសានវាទរបស់លោកត្រាំ ដែលសន្យាវាយកម្ទេចអរិយធម៌របស់អ៊ីរ៉ង់ឲ្យរលាយសាបសូន្យ បើសិនអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រអកមូហ្ស ប៉ាគីស្ថានបានធ្វើយុទ្ធនាការការទូត ដើម្បីបញ្ចុះបញ្ចូលគ្រប់ភាគី រហូតដល់នាទីចុងក្រោយ។ ជាក់ស្តែង នៅតែ ៩០នាទីមុនចប់ឱសានវាទរបស់លោកត្រាំ ប៉ាគីស្ថានបានសម្រេចជោគជ័យ តាំងប្រផិតប្រផើយ ដោយបានបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអាមេរិក និងអ៊ីរ៉ង់យល់ព្រមធ្វើបទឈប់បាញ់បណ្តោះអាសន្ន បានខ្នះខ្នែង ប្រឹងប្រែងរហូតដល់ទីបញ្ចប់។ ទោះបទឈប់បាញ់អាមេរិក និងអ៊ីរ៉ង់ផុយស្រួយ និងអាចដួលរលំគ្រប់ពេលវេលា ព្រោះភាគីជម្លោះទាំងពីរនៅតែបន្តឆ្លើយឆ្លងសំដីគំរាមគ្នាទៅវិញទៅមក តែវត្តមានរបស់គណៈប្រតិភូអាមេរិក និងអ្នកតំណាងអ៊ីរ៉ង់នៅរដ្ឋធានី អ៊ីស្លាម៉ាបាដជាជោគជ័យគួរឲ្យកត់សំគាល់មួយរបស់ប៉ាគីស្ថាន។ ប៉ាគីស្ថានអាចសម្រេចបាននូវបេសកកម្មមួយដ៏ស្មុគស្មាញ ដែលគេគិតថា ប៉ាគីស្ថានមិនងាយនឹងធ្វើបាន។ ដូច្នេះ មានកត្តាអ្វីខ្លះដែលធ្វើឲ្យប៉ាគីស្ថានអាចសម្រេចការងារដ៏លំបាកមួយនេះ? ប្រៀបធៀបនឹងតួកគី អូម៉ង់ ដែលធ្លាប់ស្នើសុំចូលខ្លួនជាអន្តរការី ប៉ាគីស្ថានមានលក្ខណៈសម្បត្តិល្អជាងគេ ព្រោះតែជំហរអព្យាក្រឹត្យរបស់ប៉ាគីស្ថាន។ ប៉ាគីស្ថានចុះសម្រុងជាមួយគ្រប់ភាគីជម្លោះ ទាំងអាមេរិក និងអ៊ីរ៉ង់។ ចំពោះអ៊ីរ៉ង់ ប៉ាគីស្ថានជាប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នាប្រវែងជាង៩០០គីឡូម៉ែត្រ។ ប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នាយ៉ាងស៊ីជម្រៅ ទាំងផ្នែកប្រវត្តិសាស្រ្ត វប្បធម៌ និងសាសនា។ អ៊ីរ៉ង់ជាប្រទេសដំបូងគេដែលបានប្រកាសទទួលស្គាល់ប៉ាគីស្ថាននៅក្រោយប្រកាសឯករាជ្យនៅឆ្នាំ១៩៤៧។ ដូចគ្នាដែរ ប៉ាគីស្ថានបានចេញមុខទទួលស្គាល់របបអ៊ីស្លាមអ៊ីរ៉ង់ នៅក្រោយបដិវត្តន៍ផ្តួលរំលំរាជានិយមនៅអ៊ីរ៉ង់នៅឆ្នាំ ១៩៧៩។ ក្រៅតែពីជាអតិថិជនទិញប្រេងសំខាន់មួយរបស់អ៊ីរ៉ង់ ប៉ាគីស្ថានជាប្រទេសទី២បន្ទាប់ពីអ៊ីរ៉ង់ ដែលមានសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊្ហីអ៊ីត រស់នៅច្រើនជាងគេ។ ម្យ៉ាង ស្ថានទូតប៉ាគីស្ថាននៅវ៉ាស៊ីនតោនក៏ដើរតួជាអ្នកតំណាងប្រយោជន៍ឲ្យអ៊ីរ៉ង់ដែរ ព្រោះថា ទាំងអាមេរិក និងអ៊ីរ៉ង់គ្មានស្ថានទូតរវាងគ្នា ចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ ចំណុចចុងក្រោយដែលធ្វើឲ្យអ៊ីរ៉ង់កាន់តែជឿទុកចិត្តលើទំនាក់ទំនង ជិតស្និទ្ធរបស់ប៉ាគីស្ថាន គឺ ការផ្ទុះបាតុកម្មរបស់ប្រជាជនប៉ាគីស្ថានប្រឆាំងនឹងអាមេរិក នៅបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបាញ់សម្លាប់ប្រមុខសាសនាអ៊ីរ៉ង់ លោកអាលី ខាមេណី កាលពីចុងខែ កុម្ភៈ។ បន្ថែមពីលើទំនាក់ទំនងជិតស្និទ្ធផ្ទាល់ខ្លួនជាមួយអ៊ីរ៉ង់ ប៉ាគីស្ថានអាចបញ្ចុះបញ្ចូលឲ្យអ៊ីរ៉ង់ទទួលបទឈប់បាញ់ និងយល់ព្រមចូលតុចរចាជាមួយអាមេរិក ក៏មកពីមានជំនួយ អន្តរាគមន៍របស់ចិនដែលជាអតិថិជនទិញប្រេងធំជាងគេរបស់អ៊ីរ៉ង់ ហើយក៏ជាមិត្តលក់អាវុធឲ្យប៉ាគីស្ថាន។ នៅខែមីនាកន្លងទៅ នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានធ្វើដំណើរទៅប៉េកាំងដើម្បីស្វែងរកការគាំទ្រ និងការធានាពីចិន ទៅតាមការទាមទារចង់បានរបស់អ៊ីរ៉ង់។ ចិនក៏បានចេញមុខប្រកាសគាំទ្រតួនាទីប៉ាគីស្ថាន ក្នុងនាមជាអ្នកសម្របសម្រួលក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក។ ក្រៅពីចិន ប៉ាគីស្ថានបានស្វែងរកការគាំទ្រពីអារ៉ាប៊ី សាអូឌីតមួយទៀត ដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់អាមេរិក។ ធ្លាក់ខ្លួនរងគ្រោះព្រោះតែការវាយប្រហាររបស់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងទឹកដីរបស់ខ្លួន អារ៉ាប៊ី សាអូឌីត បានចូលរួមជាមួយ ចិន តួកគី អេហ្ស៊ីប និងកាតាដែលជាមិត្តរបស់អ៊ីរ៉ង់ ដើម្បីលើកស្ទួយប៉ាគីស្ថានឲ្យធ្វើជាអន្តរការី ជួយសម្របសម្រួលឲ្យអាមេរិក និងអ៊ីរ៉ង់ចូលតុចរចា។ ក្រៅពីមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ រហូតដល់អ៊ីរ៉ង់ទុកចិត្ត ជឿតាមការបញ្ចុះបញ្ចូលឲ្យសុខចិត្តទទួលយកបទឈប់បាញ់ជាមួយអាមេរិក ប៉ាគីស្ថានក៏ជាមិត្ត និងមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ ទោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាប់ឡើងចុះ កាលពីអតីតកាល ជាពិសេសនៅពេលអាមេរិកចោទប្រកាន់អ៊ីស្លាម៉ាបាដលាក់មេភេរវនិយម អាល់កៃដា ប៉ាគីស្ថានក្រោមអាណត្តិដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Shehbah Sharif បានខិតចូលទៅជិតស្និទ្ធនឹងអាមេរិកសាជាថ្មី។ កាលពីពេលថ្មីៗ នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានធ្វើដំណើរទៅវ៉ាស៊ីនតោនដើម្បីចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតក្រុមប្រឹក្សាសន្តិភាពផ្តួចផ្តើមដោយលោកត្រាំ។ អ្វីដែលសំខាន់ គឺ គេសង្កេតឃើញ លោកត្រាំចូលចិត្តសេនាប្រមុខប៉ាគីស្ថានលោកAsim Munir ជាងគេ។ មេទ័ពប៉ាគីស្ថានរូបនេះ ធ្លាប់បានលើកសរសើរថា ជាមេដឹកនាំមានទស្សនៈវិស័យវែងឆ្ងាយ និងចង់ឲ្យគេផ្តល់រង្វាន់ណូបែលសន្តិភាពដល់លោកត្រាំទៀតផង ព្រោះថា លោកត្រាំជាអ្នកជួយអន្តរាគមន៍បិទបញ្ចប់សង្រ្គាមដែលប៉ាគីស្ថាននិងឥណ្ឌាបានផ្ទុះដាក់គ្នាកាលពីខែឧសភា ឆ្នាំ២០២៥។ ទំនាក់ទំនងផ្ទាល់ខ្លួនបានធ្វើឲ្យលោកត្រាំវាយតម្លៃថា ប៉ាគីស្ថានជាប្រទេសដែលស្គាល់អ៊ីរ៉ង់ច្បាស់ជាងអ្នកណាៗទាំងអស់។ ដោយចូលខ្លួនមកចង់ដោះស្រាយជម្លោះរវាងគូបដិបក្ខដែលមានចរឹតរឹងរូស រៀងៗខ្លួន ដូចជាអាមេរិក និងអ៊ីរ៉ង់ ក្តីសង្ឃឹមរបស់ប៉ាគីស្ថានអាចមានស្តួចស្តើង។ ទោះអនាគតកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ានៅមិនទាន់ច្បាស់ ប៉ុន្តែ ប៉ាគីស្ថានបានសម្រេចចិត្តហក់ចូលមកសម្របសម្រួល ព្រោះថា បើជោគជ័យ នោះប៉ាគីស្ថានមិនត្រឹម ទទួលបានមុខមាត់ កិត្តិយស ប៉ុន្តែ ប៉ាគីស្ថានបានជួយបិទបញ្ចប់សង្រ្គាមដើម្បីស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។ ប៉ាគីស្ថានផ្ទាល់នឹងទទួលបានប្រយោជន៍ ព្រោះត្រូវលែងត្រដរខ្យល់ ដោយសារវិបត្តិសេដ្ឋកិច្ច វិបត្តិប្រេងឥន្ធនៈឡើងថ្លៃតទៅទៀត៕
Embed this episode
Ready to play
តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាចបញ្ចុះបញ្ចូលឲ្យអាមេរិកនិងអ៊ីរ៉ង់ផ្អាកសង្រ្គាម និងចូលតុចរចា?
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.